អានតួអត្ថបទ
ចិន

ទ្រព្យសម្បត្តិ​សរុប​របស់​សមាជិក​សភា​ចិន​មាន​តម្លៃ​ស្មើ​GDP​របស់​​ប្រទេស​អឺរុបមួយ

មហាសេដ្ឋី​ចិន ជាង​១០០​នាក់ ដែល​ម្នាក់ៗ​មាន​ទ្រព្យសម្បត្តិ ច្រើន​ជាង​១ពាន់​លាន​ដុល្លារ ជា​សមាជិក​របស់​សភាសភា​ចិន។ តាម​ការចុះផ្សាយ​របស់​ទស្សនាវដ្តី​Hurun របស់​ចិន នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ទ្រព្យសម្បត្តិ​បូករួមគ្នា​របស់​មហាសេដ្ឋី​ចិន ជាង ២០០​នាក់ មាន​តម្លៃ​ប្រមាណ ៥០០​ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេសមួយ ដូចជា​បែលហ្ស៊ិក ស៊ុយអែត ឬ​ប៉ូឡូញ​ជា​ដើម។ ការចុះផ្សាយ​របស់​ទស្សនាវដ្តី​ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន ត្រៀមបើក​កិច្ចប្រជុំ​សភា ប្រចាំ​ឆ្នាំ នៅ​ថ្ងៃអាទិត្យ​ស្អែក។

ថ្នាក់ដឹកនាំ​បក្ស​ចិន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​សន្និសីទ​ពិគ្រោះយោបល់​របស់​ប្រជាជន​ចិន នៅថ្ងៃ​សុក្រទិ​៣​មីនា ២០១៧
ថ្នាក់ដឹកនាំ​បក្ស​ចិន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​សន្និសីទ​ពិគ្រោះយោបល់​របស់​ប្រជាជន​ចិន នៅថ្ងៃ​សុក្រទិ​៣​មីនា ២០១៧ ©Greg Baker / AFP
ផ្សាយពាណិជ្ជកម្ម

សភាចិន​មាន​អ្នកធ្វើ​ច្បាប់ ប្រមាណ​២០០​នាក់ ដែល​មាន​ទ្រព្យសម្បត្តិ​សរុប​៥០០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ការចុះផ្សាយ​របស់​ទស្សនាវដ្តី​ចិន Hurun នៅ​ថ្ងៃ​សុក្រ នៅ​ក្នុង​ចំណោម​មហាសេដ្ឋី ចិន ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​២៩០​លាន​ដុល្លារ អាមេរិក មាន​មហាសេដ្ឋី ជាង​១០០​នាក់ ជា​សមាជិក​របស់​សភា ចំណែក​៩៧នាក់​ផ្សេងទៀត ជា​សមាជិក​របស់​សន្និសីទ​ពិគ្រោះ​នយោបាយ​ប្រជាជន​ចិន ដែល​ប្រមូលផ្តុំ​ដោយ​ថ្នាក់​ដឹកនាំ​ធំ​របស់​បក្ស​កុម្មុយនិស្ត​ចិន។

 
តាម​ការស្រង់ស្ថិតិ​របស់​ទស្សនាវដ្តី ទ្រព្យសម្បត្តិ​បូករួមគ្នា​របស់​សមាជិក​សភា ដែល​ជា​មហាសេដ្ឋី​នេះ មាន​តម្លៃ​ជាង ៥០០​ពាន់​លាន​ដុល្លារ ស្មើ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប ប្រចាំ​ឆ្នាំ​របស់​ប្រទេស​មួយ ដូចជា បែលហ្ស៊ិក ឬ​ប៉ូឡូញ​ជា​ដើម។

ទស្សនាវដ្តី​Hurun បាន​ចេញផ្សាយ​របាយការណ៍ រកឃើញ​របស់ខ្លួន នៅ​ចំ​ពេល​ដែល​សភា​ចិន​កំពុង​ត្រៀម​រៀបចំ​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​អាទិត្យ ដែល​នៅក្នុងនោះ មាន​ការចូលរួម​ពី​គណៈប្រតិភូ​ចិន​ជាង​៥ពាន់នាក់។ យ៉ាងណាក៏ដោយ របាយការណ៍ របស់​Hurun ដែល​មានទីតាំង​ក្នុង​ក្រុង​សៀងហៃ​បាន​បង្ហាញថា សមាជិក​សភា​ដែល​មាន​ទ្រព្យសម្បត្តិ​រាប់រយ​លាន​ដុល្លារ ភាគច្រើន​គឺ​ក្រុមអ្នកធ្វើ​ជំនួញ ប៉ុន្តែ មិនមែន ជាអ្នកធ្វើ​នយោបាយ​ចាស់​ឆ្នាំ​នោះទេ។

នៅ​ឆ្នាំ ២០០២ រដ្ឋាភិបាល​ចិន ដែល​ចង់​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ចិន បាន​ទាក់ទាញ បញ្ចូល​ក្រុមអ្នកជំនួញ ឲ្យ​ទទួល​សមាជិកភាព​របស់​សភាចិន។ តំណែង​ដែល​ក្រុមពាណិជ្ជករ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ចិន​ទទួល​យក ដើម្បី​សំដែង​ពីភាព​ស្មោះត្រង់​ជូន​បក្ស។ ការចូលរួម​របស់​ក្រុមអ្នកជំនួញ ក្នុង​ស្ថាប័ន​និតិប្រតិបត្តិ បាន​ជួយ​អូសទាញ​សេដ្ឋកិច្ច​ចិន មកដល់​ចំណាត់ថ្នាក់​លេខ២ ក្នុង​ពិភពលោក។ ប៉ុន្តែ ជាមួយគ្នានោះ គេ​រកឃើញថា វា​ក៏​បានអនុញ្ញាត​ផងដែរ បើកផ្លូវ​ឲ្យ​អ្នកជំនួញ​ចិន​កាន់តែ​មាន​ទ្រព្យសម្បត្តិ​ច្រើនឡើង។ តាម​ទស្សនាវដ្តី អ្នកជំនួញ​ដែល​ជា​សមាជិក​សភា​ជាង ១០០​នាក់ បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន ប្រមាណ ៦៤% ចាប់តាំង​ពី​ឆ្នាំ ២០១៣​មក។

កិច្ចប្រជុំ​សភា​ប្រចាំ​ឆ្នាំ ឆ្នាំនេះ នឹង​ផ្តោតទៅលើ​ការកាត់​បន្ថយ​ភាពក្រីក្រ ហើយ​និង​ការជំរុញ​ឲ្យ​មាន​ការរីកចំរើន ក្នុង​សង្គម។ ផែនការ​ដែលលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ចាត់ទុកថា អាទិភាព​សម្រាប់​ចិន ដែល​កំពុង​ប្រឈម​នឹង​គម្លាត​កាន់តែ​ធំ រវាង​អ្នកមាន ហើយ​និង​អ្នកក្រ។ លោក​ស៊ី ជីនពីងធ្លាប់​បាន​សន្យា​ជួយ​ស្រង់​ប្រជាជន​ចិន​ជាង ៤៥លាន​នាក់ ឲ្យ​រួចផុត​ពី​ភាពក្រីក្រ ឲ្យ​បាន​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ នៅក្នុង​អាណត្តិ​របស់​លោក គេ​ឃើញ​ចំនួនអ្នកនយោបាយ កាន់តែច្រើន បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ ប្រាក់​ពាន់ លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ