អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកផ្តើម​​ពង្រាយ​ខែល​មីស៊ីលប្រឆាំង​មីស៊ីល នៅ​កូរ៉េខាង​ត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​បួនគ្រាប់​ជា​ថ្មី​ កាលពី​ម្សិលមិញរបស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បាន​សម្រេច​ពន្លឿន​សកម្មភាព​​​ពង្រាយ​ខែល​មីស៊ីលប្រឆាំង​មីស៊ីល​​Thaad ដ៏​ចម្រូង​ចម្រាស​នៅ​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង។ យាន​យន្ត​ផ្ទុក​ខែល​មីស៊ីល​ពីរ​គ្រឿង​បាន​ចុះ​ចត​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង​ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោម​ក្រសែភ្នែក​និង​ប្រតិកម្ម​ក្តៅ​ក្រហាយ​បំផុត​របស់​ក្រុង​ប៉េកាំង។ ចិន​បាន​ប្រកាស​ប្តេជ្ញាការពារ​សន្តិសុខ​ជាតិ​យ៉ាង​ដាច់​ខាត។

យាន​ដឹក​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល THAADទៅ​ដល់​មូលដ្ឋាន​យោធា Osan កូរ៉េខាង​ត្បូង ថ្ងៃទី​៧​មីនា ២០១៧
យាន​ដឹក​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល THAADទៅ​ដល់​មូលដ្ឋាន​យោធា Osan កូរ៉េខាង​ត្បូង ថ្ងៃទី​៧​មីនា ២០១៧ USFK/Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បាន​ចាប់​ ពង្រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​Thaad ហើយ​ នៅ​ថ្ងៃ​នេះ នៅ​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង។​

ទង្វើ​បង្ក​ហេតុ​ម្តង​ហើយ​ម្តង​ទៀត​របស់​កូរ៉េខាងជើង អាច​បញ្ជាក់​បាន​ថា​​​អាមេរិក​​បាន​សម្រេច​ចិត្ត​ត្រូវក្នុងការ​ដាក់ពង្រាយ​​ខែល​មីស៊ីល នៅ​កូរ៉េខាង​ត្បូង​។ សកម្មភាព​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ការ​ពន្លឿន​គម្រោង​​​ ដែល​អាមេរិក​និង​កូរ៉េខា​ងត្បូង​បាន​ព្រមព្រៀង​នឹង​រួច​ជា​ច្រើន​ ទៅ​ហើយ​កាលពី​ឆ្នាំ​ទៅប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ជា​ថ្មី​ទៀត នៅ​ថ្ងៃចន្ទ​ទី ៦​មីនា។ សម្រាប់​កូរ៉េខាង​ជើង ការ​សាកល្បង​មីស៊ីល​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​ទ្វេ​ភាគី​រវាង​កូរ៉េខាង​ត្បូង​និង​អាមេរិក ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ នៅ​ថ្ងៃ​នេះ​ ព្យុងយ៉ាង​បាន​ស្រែក​ឡូងៗ​ទៀត ថា​ការ​សាកល្បងម្សិលមិញ ​ជា​ការ​ធ្វើ​លំហាត់​សម ត្រៀម​វាយ​ប្រហារមូលដ្ឋាន​អាមេរិក​នៅ​លើ​ទឹក​ដី​ជប៉ុន​ផង។

​ថ្វីបើ​ជា​ទូទៅ អ្នក​ឯកទេ​សគ្រប់​រូប​សុទ្ធ​តែ​យល់​ថា​កូរ៉េខាង​ជើង បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ច្រើន​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ មីស៊ីលបួន​គ្រាប់​​ដែល​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ សំដៅ​ជប៉ុន មិនមែន​ជា​មីស៊ីល​ប្រភេទ​​ថ្មី ហើយ​ទំនង​ជា​មិនមែន​មីស៊ីល​ប៉ាលីស្ទីក​អន្តរទ្វីប​ឡើយ និង​មាន​តែ​មួយ​គ្រាប់ទេ​ដែល​បាន​សម្រេច​ ទៅ​ធ្លាក់​នៅ​ក្នុង​សមុទ្ទ​ជប៉ុន។ អាច​ជា​មីស៊ីល​រយៈ​ខ្លី (៥០០-៧០០គីឡូម៉ែត្រ) និង​មធ្យម (១៣០០ទៅ ១៥០០គ.ម.) ​ច្រើន​ជាង នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង។ ខ្លី​ឬ​មធ្យម​ដែល​សម​ល្មម​នឹង​វាយ​ដល់​ជប៉ុន។

​ហេតុអ្វី​ចិនប្រឆាំង​នឹង​ការ​ពង្រាយ​ខែលមីស៊ី​ស​នៅកូរ៉េខាង​ត្បូង ?

ខែល​មីស៊ីលប្រឆាំង​នឹង​មីស៊ីល​​​Thaad នេះ ជា​ប្រព័ន្ធ​ខែល​សម្រាប់​ចាប់​និង​បំផ្លាញ​មីស៊ីល​ប៉ាលីស្ទិក​ ដែលត្រូវ​ដាក់​ពង្រាយ​នៅក្នុង​ប្រទេស​កូរ៉េខា​ត្បូង។ ​កម្មវត្ថុ​ជា​ផ្លូវការ​ ​គឺ​ដើម្បី​បង្កើន​សុវត្ថិភាពឱ្យ​​កូរ៉េខាង​ត្បង បន្ថែម​ពី​ខែល​មីស៊ីល​ដែល​មាន​ស្រាប់ និងសម្រាប់​តាមដាន​​ទប់ទល់​នឹង​មីស៊ីស ព្រមទាំង​ការ​គំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង តែ​មួយ​ទេ។ ខែល​មីស៊ីល​នេះ​អាច​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ពីរ​ភាគ​បី។ ប៉ុន្តែ​សូម្បី​តែ​ពលរដ្ឋ​កូរ៉េខាងត្បូង​ក៏មួយ​ភាគ​ធំ​ក៏​មិន​ពេញ​ចិត្ត​ដែរ ដោយ​យល់​ថា​អាច​មាន​គ្រោះ​ថា្នក់​​ចំពោះ​សុខភាព។

ចំណែក​ចិន​ប្រឆាំង​ដាច់​ខាត​នឹង​គម្រោងដាក់​ខែល​មីស៊ីល ព្រោះ​យល់​ថា​ការ​ដាក់​ពង្រាយ​ខែល​មីស៊ីល​បាន​ត្រឹម​តែ​បំប៉ោង​ភាព​តាន​តឹង​យោធា និង​ស្ថានភាព​ទូទៅ​​ក្នុង​ឧបទ្វី​ប​កូរ៉េ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ​ចិន​ខឹង​សម្បារ​ខ្លាំងក៏​ព្រោះ​ប៉េកាំង​ព្រួយ​បារម្ភ​ថា​សន្តិសុខ​ជាតិ​ត្រូវ​រង​ការ​គំរាមកំហែង ដោយ​រ៉ាដា​របស់​ប្រព័ន្ធ​ខែលមីស៊ីល​នេះ អាច​គ្រប​ដណ្តប់​ដល់​ទឹក​ដី​ចិន​មួយ​ភាគធំ។ មាន​ន័យ​ថា​ប្រព័ន្ធ​ខែល​មីស៊ីលប្រឆាំង​មីស៊ីល​របស់​ចិន​ខ្លួន​ឯង នឹង​ត្រូវ​កាត់​បន្ថយ​​ប្រសិទ្ធភាព​។

តាំងពី​ប៉ុន្មាន​​ខែ​មកហើយដែល​ប៉េកាំង​បាន​ចាប់​ផ្តើម​ចាត់​វិធានាការ ប្រឆាំង​​ការ​ដាក់​ពង្រាយ​ខែលមីស៊ីល​ដែល​កូរ៉េខាងត្បូង​យល់​ថា​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ហាង​ទំនិញ​ធំៗ​របស់​កូរ៉េខាង​ត្បូង ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ដាក់​ខែល​មីស៊ីល នៅ​ចិន​ត្រូវ​បានអាជ្ញាធរ​បង្ខំ​ឱ្យ​​បិទ​ទ្វារ​មួយ​ហើយ​មួយ​ទៀត ជា​បន្តបន្ទាប់។ នៅ​ថ្ងៃ​នេះ​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ប្រកាសប្តេជ្ញាការពារ​​សន្តិសុខ​ជាតិ និង​​ព្រមាន​ជា​ថ្មី ថា​​កូរ៉េខាង​ត្បូង​និងអាមេរិកជល់​ក្បាល​គ្នា​ដើរ​ផ្លូវ​ខុស ដោយ​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ថ្ងៃ​ក្រោយ។ សេអ៊ូល​ក៏កំពុង​ត្រៀម​ជា​ស្រេច​នឹង​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ករណី​ដែល​ចិន​ផ្តើមដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ចជា​ផ្លូវការមែន។

ក្រៅ​អំពី​ចិន​ រុស្ស៊ី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោល​ទោសដូច​គ្នា​តាម​រយៈ​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ ថាការ​ដាក់​ខែល​មីស៊ីលកំពុង​នាំ​ឧបទ្វីប​កូរ៉េ​ឱ្យ​ធ្លាក់​ក្នុង​ភាព​ទ័លច្រក។ ចិន​និង​រុស្ស៊ី​ពិត​ជា​មិន​ត្រូវ​ការ​ឃើញ​ អាមេរិក​ពង្រីក​សាច់​ដុំ​នៅ​កៀក​ខ្លួន​ឡើយ។

លោក​ត្រាំ​មាន​នយោបាយ​ចំពោះ​កូរ៉េខាង​ជើង​យ៉ាងណា ?

ពេល​នេះ​ឧបទ្វីប​កូរ៉េ​​​​​ បាន​និ​ងកំពុង​ស្ថិត​ក្នុង​ភាព​​តាន​តឹង​​​​​ខ្លាំង​ណាស់ ! ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​កោះ​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ពុធ​ស្អែក។ ឯ​លោកដូណាល់ ត្រាំ ដែល​ កាលពី​នៅ​ជា​បេក្ខជន​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ​ បាន​ប្រកាស​យ៉ាង​ក្តែងៗ​ថា​ចង់ទៅ​និយាយ​​ជាមួយ​គីមជុងអ៊ុន ដើម្បី​ដោះស្រាយ​វិបត្ត​នុយក្លេអ៊ែរ ប្រសិន​បើ​ចាំ​បាច់  បាន​ទទួលស្គាល់​ថា កូរ៉េខាង​ជើង ជា​បញ្ហា​ដ៏​ធំ ! ប៉ុន្តែ​នៅ​ចំពោះ​មុខ គីមជុងអ៊ុន ប្រមុខ​ដឹកនាំរបស់​ព្យុងយ៉ាង ដែល​​កំពុង​​ជ្រល​រចិត្ត​លោក​ត្រាំ​ តាមរយៈ​ការ​សាកល្បងមីស៊ីល​ឥត​ឈប់យ៉ាង​ដូច្នេះ លោក ត្រាំ​ ពិត​ជា​មិន​ដឹង​ចាប់​ផ្តើម​តាម​ច្រក​ណា​ឡើយ។

នៅ​ពេល​កូរ៉េខាង​ជើង​បាន​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ កាលពី​ខែ​កុម្ភៈ លោក ដូណាល់ ត្រាំ​ បាន​​សន្យា​ថា​នឹង​​តប​វិញ ខ្លាំងៗ ! ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋបាល​ថ្មីថ្មោង​របស់​លោក​ មាន​រឿង​សំខាន់ៗ​ច្រើន​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ផ្ទៃ​ប្រទេស។ មិន​ដឹង​ថា​តើ​លោក​ត្រាំ អាចធ្វើ​អ្វី​បាន​ខ្លះ​ទេ​! រហូត​មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ផែនការ​លម្អិត​របស់​អាមេរិក​ថ្មី​ចំពោះ​​កូរ៉េខាង​ជើង​ឡើយផង។ 

នៅ​យប់​មិញ លោក​ដូណាល់ ត្រាំ​ បានត្រឹម​​​​ទូរស័ព្ទ ទៅ​ប្រធានាធិបតី​ស្តី​ទី​ កូរ៉េខាង​ត្បូង និង​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ដើម្បី​ធានាអះអាងអំពី​ការ​គាំទ្រ​អាមេរិក​ចំពោះ​​ទាំង​ពីរ និង​ពន្លឿន​ការ​ដាក់​ពង្រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល ឱ្យ​បាន​ចប់​សព្វគ្រប់ នៅ​រវាង​ពីរ​ខែទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ