ស្រ្តីក្នុង ៥០ប្រទេសចុះផ្លូវដង្ហែក្បួនកូដកម្មក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
ថ្ងៃពុធ ទី៨ មីនានេះ ជាទិវាសិទ្ធិនារីអន្តរជាតិ។ នាឱកាសនេះ ក្រុមអង្គការ និងសមាគមការពារសិទ្ធិស្រ្តីលើលោកបានសហការណ៍គ្នារៀបចំឲ្យមានក្បួនកូដកម្មសកលនៅក្នុង ៥០ប្រទេស និងក្នុងថ្ងៃតែមួយក្រោមប្រធានបទថា « មួយថ្ងៃគ្មានស្រ្តី »។ នេះជាលើកទី១ ដែលកូដកម្មសកលរបស់ស្រ្តីបានរៀបចំឲ្យមានឡើងនៅក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ កម្មវត្ថុនៃកូដកម្មសកលនេះ គឺដើម្បីប្រឆាំងនឹងគ្រប់អំពើហិង្សា និងការរើសអើងលើស្រ្តីរាប់តាំងពីអំពើហិង្សាក្នុងគ្រួសាររហូតដល់ការរើសអើងនៅក្នុងការងារ។
កម្មវត្ថុនៃការរៀបចំឲ្យមានកូដកម្មសកលរបស់ស្រ្តីនៅក្នុង ៥០ប្រទេសនាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាថ្ងៃនេះ គឺចង់សម្តែងមតិប្រឆាំងនឹងអំពើហិង្សា និងការរើសអើងគ្រប់ប្រភេទដែលស្រ្តីបានទទួលនៅក្នុងជីវិតប្រចាំថ្ងៃក្នុងសង្គម និងក្នុងគ្រួសារ។ ទន្ទឹមគ្នានេះ ក្បួនកូដកម្មសកលរបស់ស្រ្តីថ្ងៃនេះក៏ចង់កន្ត្រាក់អារម្មណ៍ពិភពលោកឲ្យយល់ពីតម្លៃរបស់ស្រ្តីនៅក្នុងសង្គម និងលើកដំកើងសិទ្ធិស្រ្តីនៅក្នុងសង្គមការងារ ក៏ដូចជានៅក្នុងសង្គមគ្រួសារ។
« ប្រសិនបើជីវិតរបស់ស្រ្តីគ្មានន័យអ្វីសោះ ចូរអស់លោកធ្វើអ្វីៗតែឯងចុះ » « សាមគ្គីជាអាវុធ » ទាំងនេះសុទ្ធសឹងជាពាក្យស្លោកដែលមានសរសេរនៅលើបដាក្នុងក្បួនកូដកម្មសកល។ សូមបញ្ជាក់ជូនថា ប្រទេសទាំង ៥០ ដែលបានចូលរួមនឹងក្បួនកូដកម្មសកលរបស់ស្រ្តីថ្ងៃនេះ រួមមាន បារាំង អាមេរិក អេស្បាញ រស្ស៊ី តួកគី កូរ៉េខាងត្បូង ថៃ ឬមួយកម្ពុជាជាដើម។ នៅក្នុងប្រទេសបារាំង ស្រ្តីត្រូវបានក្រុមសមាគមស្រ្តី និងក្រុមសហជីពអញ្ជើញឲ្យឈប់ធ្វើការងារនៅម៉ោង ៣ និង ៤០នាទីរសៀលដោយគេយល់ថា ស្រ្តីដែលធ្វើការងារដូចនឹងការងារបុរស តែបែរទទួលបានប្រាក់ខែតិចជាងបុរសចំនួន ២៦%។
គំនិតផ្តួចផ្តើមចេញពីប្រទេសប៉ូឡូញ
អ្វីៗបានផ្តើមចេញពីប្រទេសប៉ូឡូញ បន្ទាប់ពីស្រ្តីប៉ូឡូញបានចុះផ្លូវធ្វើបាតុកម្មក្នុងថ្ងៃទី៣ តុលា ឆ្នាំ ២០១៦ ប្រឆាំងនឹងច្បាប់ហាមមិនឲ្យរំលូតកូន។ ក្នុងថ្ងៃនោះ មានស្រ្តីប៉ូឡូញជាច្រើនពាន់នាក់ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបានសម្រេចដង្ហែរក្បួនបាតុកម្មក្នុងទីក្រុងវ៉ាសូវីប្រឆាំងនឹងគម្រោងច្បាប់ដែលហាមស្រ្តីមិនឲ្យរលូតកូន។ ប៉ុន្មានថ្ងៃក្រោយមកនៅកូរ៉េខាងត្បូង ស្រ្តីជនជាតិកូរ៉េក៏បានចុះផ្លូវធ្វើបាតុកម្មគាំទ្រការទាមទាររបស់ស្រ្តីប៉ូឡូញ។ បន្ទាប់មកទៀតក្នុងថ្ងៃទី១៩ តុលា ឆ្នាំ ២០១៦ ស្រ្តីជាច្រើនម៉ឺននាក់មានសម្លៀកបំពាក់ពណ៌ខ្មៅនៅសឹងទូទាំងទ្វីបអាមេរិកឡាទីនបានចំឡងតាមស្រ្តីនៅប៉ូឡូញ និងកូរ៉េដើម្បីប្រឆាំងនឹងអំពើហិង្សាលើស្រ្តី។
ចាប់តាំងពីពេលនោះមក គំនិតរៀបចំឲ្យមានក្បួនកូដកម្មសកលរបស់ស្រ្តីចំថ្ងៃទិវាសិទ្ធិស្រ្តីអន្តរជាតិ ៨ មីនាក៏បានចាប់កំណើតឡើងជាលើកទី១ នៅក្នុង ៥០ប្រទេសក្នុងឆ្នាំ ២០១៧ នេះ និងអាចមានប្រទេសផ្សេងទៀតនាឆ្នាំបន្តបន្ទាប់ទៀត។ ចំណែកទាក់ទងនឹងកម្មវិធី ឬប្រធានបទត្រូវបានគេទុកសិទ្ធិឲ្យសមាគម ឬអង្គការក្នុងប្រទេសនីមួយៗជាអ្នករៀបចំដោយខ្លួនឯងដោយផ្អែកលើស្ថានការណ៍ជាក់ស្តែងរបស់ប្រទេសនីមួយៗ។
សូមជម្រាបជូនថា កូដកម្មក្រោមទ្រង់ទ្រាយធំរបស់ស្រ្តីបានកើតមានដំបូងនៅក្នុងប្រទេសអ៊ីស្លង់កាលពីថ្ងៃទី២៤ តុលា ឆ្នាំ ១៩៧៥។ កាលណោះ មានស្រ្តីអ៊ីស្លង់ចន្លោះពី ៩០ ទៅ ៩៥% បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងការងារទ្វេរបស់ស្រ្តី គឺការងាររកលុយចិញ្ចឹមគ្រួសាផង និងការងារផ្ទះផង។
គម្លាតរវាងសិទ្ធិនារី និងបុរសកំពុងបន្តមាន
ស្ថានភាពសិទ្ធិនារីក្នុងលោកនាពេលបច្ចុប្បន្ននៅបន្តមានគម្លាត ទោះបី
ជាច្បាប់បានចែងពីសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក៏ដោយ។ គម្លាតរវាងសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការសម្រេចចិត្តនៅក្នុងគ្រួសារ សិទ្ធិក្នុងការទទួលប្រាក់ខែឲ្យស្មើនឹងបុរស។ បន្ទាប់មក នៅមានគម្លាតសិទ្ធិរវាងស្រ្តី និងស្រ្តីរស់នៅអឺរ៉ុប នៅអាស៊ី នៅមជ្ឈិមបូព៌ា ឬមួយនៅក្នុងទ្វីបអាមេរិក។ ជាក់ស្តែងទាក់ទងនឹងសិទ្ធិរំលូតកូន មានតែ ៥៧ប្រទេសក្នុងលោកដែលស្រ្តីមានសិទ្ធិរំលូតកូនដោយគ្មានលក្ខខណ្ឌ។ ចំណែកនៅក្នុងប្រទេសផ្សេង គឺត្រូវតែមានការយល់ព្រមពីគ្រូពេទ្យម្នាក់ ឬពីរនាក់ ឬមួយក៏ក្នុងករណីដែលស្រ្តីរូបនោះស្ថិតក្នុងស្ថានភាពងគ្រោះថ្នាក់ដល់ជីវិត។
និយាយពីប្រាក់ខែ ទោះបីជាអឺរ៉ុបបានគោរពគោលការណ៍ស្មើភាពគ្នារវាងបុរស និងស្រ្តីក៏ដោយ ក៏គេសង្កេតឃើញថា គម្លាតប្រាក់ខែរវាងបុរស និងស្រ្តីនៅមានច្រើន ទោះបីជាស្រ្តីមានសមត្ថភាព និងធ្វើការងារដូចគ្នានឹងការងារបុរសក៏ដោយ។ នៅក្នុងប្រទេសបារាំង គឺទើបតែពីឆ្នាំ ១៩៦៥ មកទេដែលស្រ្តីមានសិទ្ធិបើកគណនីផ្ទាល់ខ្លួន ឬមួយក៏ធ្វើការងារអ្វីមួយដោយមិនចាំបាច់សុំការអនុញ្ញាតពីស្វាមី។ នៅក្នុងប្រទេសផ្សេង ពិសេសនៅតំបន់មជ្ឈិមបូព៌ា ស្រ្តីបន្តចំណុះឲ្យបុរស និងធ្វើអ្វីៗត្រូវតែសុំការអនុញ្ញាតពីប្តីជាមុនសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ