អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវជន

មន្ទីរពេទ្យ​យោធា​ក្រុង​កាប៊ូល​ត្រូវ​រង​ការវាយប្រហារ​នៅព្រឹកមិញ​ដោយ​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​​​​​​

នៅ​អាហ្វហ្កានីស្ថាន ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​ក្នុង​សម្លៀក​បំពាក់​​បន្លំ​ជា​គ្រូពេទ្យ បាន​បើក​ការ​វាយប្រហារ​តាំង​ពី​ព្រលឹម​ស្រាងៗ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ​លើ​មន្ទីរពេទ្យ​យោធា​មួយ​នៅ​ទីក្រុង​កាប៊ូល​ជិត​គ្នា​នឹង​ស្ថានទូត​អាមេរិក។ពួក​ភេរវជន បាន​ប្រឈម​មុខ​ជាមួយ​កង​កម្លាំង​សន្តិសុខ​ដែល​​អាជ្ញាធរ បាន​បញ្ជូន​ជាបន្ទាន់​ទៅ​កាន់​កន្លែង​កើត​ហេតុ។ យោងតាមតួលេខចុងក្រោយ​របស់​ក្រសួង​សុខាភិបាល មានអ្នកស្លាប់យ៉ាងតិច​៣០នាក់​ដែលភាគច្រើន​ជាអ្នកជម្ងឺ​ គ្រូពេទ្យ​និង​គិលានុប្បដ្ឋាកក៏ព្រមទាំង​អ្នករង​របួសជាង​៦០នាក់។ 

កងកម្លាំងអាហ្វហ្កានីស្ថាន​កំពុងស្ថិតនៅលើដំបូលមន្ទីរពេទ្យ​យោធា​នៅក្រុងកាប៊ូល​ថ្ងៃពុធ​​៨​​មីនា​​ប្រឈម​​តទល់​នឹង​​ការវាយប្រហារ​​ពី​សំណាក់​​ក្រុម​​ប្រដាប់​​អាវុធ​​​ដែល​ប្រកាសថា​ជា​​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​​​​
កងកម្លាំងអាហ្វហ្កានីស្ថាន​កំពុងស្ថិតនៅលើដំបូលមន្ទីរពេទ្យ​យោធា​នៅក្រុងកាប៊ូល​ថ្ងៃពុធ​​៨​​មីនា​​ប្រឈម​​តទល់​នឹង​​ការវាយប្រហារ​​ពី​សំណាក់​​ក្រុម​​ប្រដាប់​​អាវុធ​​​ដែល​ប្រកាសថា​ជា​​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​​​​ REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​បាន​ចាប់​ផ្តើម​នៅ​ខណៈ​ពេល​ដែល​ភេរវជន​អត្តឃាត​មួយ​រូប បាន​បំផ្ទុះ​​គ្រាប់​បែក​​ដែល​ពាក់​ជាប់​ខ្លួន​នៅ​ពី​ខាង​ក្រោយ​មន្ទីរពេទ្យ​យោធា​ដែល​មាន​គ្រែ​អ្នក​ជម្ងឺ​ចំនួន​៤០០​កន្លែង។ ភេរវជន​ចំនួន​៣​នាក់​បាន​នាំគ្នា​សម្រុក​ចូល​ទៅ​ក្នុង​អគារ​ពេទ្យ​ជាមួយ​នឹង​អាវុធ​ស្វ័យប្រវត្តិ​​និង​គ្រាប់បែក​ដៃ-នេះ​បើយោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខជាតិ។


ពួក​ភេរវជន បាន​រត់​សំដៅ​ទៅ​ជាន់​លើ​បំផុត​នៃ​អគារ​ពេទ្យ​​ដើម្បី​ធ្វើ​ជាទីតាំង​បើក​ការ​វាយ​ប្រហារ​​ប្រឈម​តទល់ ជាមួយ​កង​កម្លាំងសន្តិសុខ​ពិសេស​អាហ្វហ្កានីស្ថាន​ដែល​ត្រូវ​បាន​បញ្ជូន​​ជា​បន្ទាន់​ទៅ​កាន់​កន្លែង​កើត​ហេតុណ៍។ នៅ​ខណៈ​ការ​ប្រឈម​មុខ​គ្នា​កំពុង​តែ​នៅ​បន្ត នោះ គេ​បាន​ឮ​សូរ​ការ​​ផ្ទុះ​លើក​ទី​ពីរ​ទៀត​​នៅ​ក្នុង​មន្ទីរពេទ្យ។

យោងតាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ នៅ​ក្នុងការ​វាយប្រហារ​តទល់​គ្នា​នេះ ពួក​ភេរវជន​មាន​ស្លាប់​ម្នាក់ ហើយ​ពីរ​នាក់​ទៀត​កំពុង​តែ​នៅ​​លាក់​ខ្លួន​ក្នុង​មន្ទីរពេទ្យ។​ចំណែកខាងទាហាន​វិញ មាន​ស្លាប់​ម្នាក់​និង​៣​នាក់​ទៀត​ត្រូវ​រង​របួស។

ចំណែក លោក​Ashraf Ghani​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​វិញ​​ បាន​ផ្អាក​សន្ទរកថា​របស់លោក​ថ្លែង​នៅ​ឱកាស​ទិវា​នារី​អន្តរជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ថ្លែង​ប្រាប់​ថា ការ​វាយប្រហារ​របស់​ពួក​​ភេរវជន​កំពុង​តែ​នៅ​បន្ត។

ជា​ការ​វាយប្រហារ​ដែល​នៅ​ពុំទាន់​មាន​ចលនា​ណា​មួយ​ប្រកាស​ជា​ស្នាដៃ​របស់​ពួក​គេ​នៅឡើយ​ទេ តែ​អ្នកនាំពាក្យ​របស់​​ពួក​អ៊ីស្លាម​តាលីបង់​ បាន​បញ្ជាក់​ថា ពួក​គេ​ពុំ​បាន​ដឹង​ពីព័ត៌មាន​នេះ​ឡើយ​។​

គួរ​រំលឹក​ថា កាលពី​មួយ​សប្តាហ៍​មុន មាន​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​ប្រឆាំង​ទៅ​លើ​ស្នងការ​ប៉ូលីស​មួយ​និង​អគារ​នៃ​សេវា​ស៊ើបការសម្ងាត់​អាហ្វហ្កានីស្ថាន។ ការ​វាយប្រហារ​កាល​​នោះ ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​​នៅ​ក្រុង​កាប៊ូល។​ជា​ការ​វាយប្រហារ​ដែល​ពួក​តាលីបង់​​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​គេ​ដើម្បី​បណ្តេញ​ជន​បរទេស​ចេញ​ពី​ប្រទេស​និង​ប៉ុនប៉ង​ធ្វើការ​ទម្លាក់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​​ដែល​គាំទ្រ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន។

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ​ការ​វាយប្រហារ​នៅ​មន្ទីរពេទ្យ​យោធា​អាហ្វហ្កានីស្ថាន បាន​ចប់​សព្វគ្រប់​ហើយ​ក្រោយ​ពី​ប្រយុទ្ធ​តទល់គ្នា​អស់​រយៈ ៦​ម៉ោង​រួច​មក​ហើយ​ពួក​ភេរវជន​បាន​ស្លាប់​ទាំង​អស់​-នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន​​ជូន​ដល់​ទីភ្នាក់ព័តមាន​បារាំង AFP៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ