ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

ស្រ្តី​ក្នុង ៥០ប្រទេស​ចុះ​ផ្លូវ​ដង្ហែ​ក្បួនកូដកម្ម​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា

ស្រ្តី​ក្នុង ៥០ប្រទេស​ចុះ​ផ្លូវ​ដង្ហែ​ក្បួនកូដកម្ម​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា
 
ថ្ងៃ​ទី៨ មីនា ជា​ទិវាសិទ្ធិ​នារី​អន្តរជាតិ RFI

ថ្ងៃ​ពុធ ទី៨ មីនា​នេះ ជា​ទិវាសិទ្ធិនារី​អន្តរជាតិ។ នា​ឱកាស​នេះ ក្រុម​អង្គការ និង​សមាគម​ការពារ​សិទ្ធិស្រ្តី​លើ​លោក​បាន​សហការណ៍​គ្នា​រៀបចំ​ឲ្យ​មាន​ក្បួន​កូដកម្មសកល​នៅ​ក្នុង ៥០ប្រទេស និង​ក្នុង​ថ្ងៃ​តែ​មួយ​ក្រោម​ប្រធានបទ​ថា « មួយ​ថ្ងៃ​គ្មាន​ស្រ្តី »។ នេះ​ជា​លើកទី១ ដែល​កូដកម្មសកល​របស់​ស្រ្តី​បាន​រៀបចំ​ឲ្យ​មាន​ឡើង​នៅ​ក្នុង​ថ្ងៃ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ។

កម្មវត្ថុ​នៃ​កូដកម្ម​សកល​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​គ្រប់​អំពើ​ហិង្សា និង​ការ​រើសអើង​លើ​ស្រ្តី​រាប់​តាំង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រហូត​ដល់​ការ​រើសអើង​នៅ​ក្នុង​ការងារ។

កម្មវត្ថុ​នៃ​ការ​រៀបចំ​ឲ្យ​មាន​កូដកម្មសកល​របស់​ស្រ្តី​នៅ​ក្នុង ៥០ប្រទេស​នា​ថ្ងៃ​ទិវាសិទ្ធិនារី​អន្តរជាតិ ៨ មីនា​ថ្ងៃ​នេះ គឺ​ចង់​សម្តែង​មតិ​ប្រឆាំង​នឹង​អំពើហិង្សា និង​ការ​រើសអើង​គ្រប់​ប្រភេទ​ដែល​ស្រ្តី​បាន​ទទួល​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​សង្គម និង​ក្នុង​គ្រួសារ។ ទន្ទឹម​គ្នា​នេះ ក្បួនកូដកម្មសកល​របស់​ស្រ្តី​ថ្ងៃ​នេះ​ក៏​ចង់​កន្ត្រាក់​អារម្មណ៍​ពិភពលោក​ឲ្យ​យល់​ពី​តម្លៃ​របស់​ស្រ្តី​នៅ​ក្នុង​សង្គម និង​លើក​ដំកើង​សិទ្ធិស្រ្តី​នៅ​ក្នុង​សង្គម​ការងារ ក៏​ដូច​ជា​នៅ​ក្នុង​សង្គម​គ្រួសារ។

« ប្រសិន​បើ​ជីវិត​របស់​ស្រ្តី​គ្មាន​ន័យ​អ្វី​សោះ ចូរ​អស់​លោក​ធ្វើ​អ្វីៗ​តែ​ឯង​ចុះ » « សាមគ្គី​ជា​អាវុធ » ទាំង​នេះ​សុទ្ធសឹង​ជា​ពាក្យ​ស្លោក​ដែល​មាន​សរសេរ​នៅ​លើ​បដា​ក្នុង​ក្បួន​កូដកម្មសកល។ សូម​បញ្ជាក់​ជូន​ថា ប្រទេស​ទាំង ៥០ ដែល​បាន​ចូលរួម​នឹង​ក្បួន​កូដកម្មសកល​របស់​ស្រ្តី​ថ្ងៃ​នេះ រួម​មាន បារាំង អាមេរិក អេស្បាញ រស្ស៊ី តួកគី កូរ៉េខាងត្បូង ថៃ ឬ​មួយ​កម្ពុជា​ជា​ដើម។ នៅ​ក្នុង​ប្រទេស​បារាំង ស្រ្តី​ត្រូវ​បាន​ក្រុម​សមាគម​ស្រ្តី និង​ក្រុម​សហជីព​អញ្ជើញ​ឲ្យ​ឈប់​ធ្វើ​ការងារ​នៅ​ម៉ោង ៣ និង ៤០នាទី​រសៀល​ដោយ​គេ​យល់​ថា ស្រ្តី​ដែល​ធ្វើ​ការងារ​ដូច​នឹង​ការងារ​បុរស តែ​បែរ​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​បុរស​ចំនួន ២៦%។
 
គំនិត​ផ្តួចផ្តើម​ចេញ​ពី​ប្រទេស​ប៉ូឡូញ
 
អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ប្រទេស​ប៉ូឡូញ បន្ទាប់​ពី​ស្រ្តី​ប៉ូឡូញ​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃទី៣ តុលា ឆ្នាំ ២០១៦ ប្រឆាំង​នឹង​ច្បាប់​ហាម​មិន​ឲ្យ​រំលូតកូន។ ក្នុង​ថ្ងៃ​នោះ មាន​ស្រ្តី​ប៉ូឡូញ​ជា​ច្រើន​ពាន់នាក់​ក្នុង​សម្លៀកបំពាក់​ពណ៌ខ្មៅ​បាន​សម្រេច​ដង្ហែរ​ក្បួន​បាតុកម្ម​ក្នុង​ទីក្រុង​វ៉ាសូវី​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ដែល​ហាម​ស្រ្តី​មិន​ឲ្យ​រលូតកូន។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​នៅ​កូរ៉េខាងត្បូង ស្រ្តី​ជនជាតិ​កូរ៉េ​ក៏​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​គាំទ្រ​ការ​ទាមទារ​របស់​ស្រ្តី​ប៉ូឡូញ។ បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃទី១៩ តុលា ឆ្នាំ ២០១៦ ស្រ្តី​ជា​ច្រើន​ម៉ឺន​នាក់​មាន​សម្លៀកបំពាក់​ពណ៌ខ្មៅ​នៅ​សឹង​ទូទាំង​ទ្វីប​អាមេរិកឡាទីន​បាន​ចំឡង​តាម​ស្រ្តី​នៅ​ប៉ូឡូញ និង​កូរ៉េ​ដើម្បី​ប្រឆាំង​នឹង​អំពើហិង្សា​លើ​ស្រ្តី។
 
ចាប់​តាំង​ពី​ពេល​នោះ​មក គំនិត​រៀបចំ​ឲ្យ​មាន​ក្បួនកូដកម្មសកល​របស់​ស្រ្តី​ចំ​ថ្ងៃទិវា​សិទ្ធិស្រ្តី​អន្តរជាតិ ៨ មីនា​ក៏​បាន​ចាប់​កំណើត​ឡើង​ជា​លើក​ទី១ នៅ​ក្នុង ៥០ប្រទេស​ក្នុង​ឆ្នាំ ២០១៧ នេះ និង​អាច​មាន​ប្រទេស​ផ្សេង​ទៀត​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត។ ចំណែក​ទាក់ទង​នឹង​កម្មវិធី ឬ​ប្រធានបទ​ត្រូវ​បាន​គេ​ទុក​សិទ្ធិ​ឲ្យ​សមាគម ឬ​អង្គការ​ក្នុង​ប្រទេស​នីមួយៗ​ជា​អ្នក​រៀបចំ​ដោយ​ខ្លួន​ឯង​ដោយ​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ។
 
សូម​ជម្រាប​ជូន​ថា កូដកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ​របស់​ស្រ្តី​បាន​កើត​មាន​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្លង់​កាល​ពី​ថ្ងៃទី២៤ តុលា ឆ្នាំ ១៩៧៥។ កាល​ណោះ មាន​ស្រ្តី​អ៊ីស្លង់​ចន្លោះ​ពី ៩០ ទៅ ៩៥% បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការងារ​ទ្វេ​របស់​ស្រ្តី គឺ​ការងារ​រក​លុយ​ចិញ្ចឹម​គ្រួសា​ផង និង​ការងារ​ផ្ទះ​ផង។
 
គម្លាត​រវាង​សិទ្ធិនារី និង​បុរស​កំពុង​បន្ត​មាន
 
ស្ថានភាព​សិទ្ធិនារី​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​នៅ​បន្ត​មាន​គម្លាត ទោះ​បី​
ជា​ច្បាប់​បាន​ចែង​ពី​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស និង​ស្រ្តី​ក៏​ដោយ។ គម្លាត​រវាង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​គ្រួសារ សិទ្ធិ​ក្នុង​ការ​ទទួល​ប្រាក់ខែ​ឲ្យ​ស្មើ​នឹង​បុរស។ បន្ទាប់​មក នៅ​មាន​គម្លាត​សិទ្ធិ​រវាង​ស្រ្តី និង​ស្រ្តី​រស់នៅ​អឺរ៉ុប នៅ​អាស៊ី នៅ​មជ្ឈិមបូព៌ា ឬ​មួយ​នៅ​ក្នុង​ទ្វីប​អាមេរិក។ ជាក់ស្តែង​ទាក់ទង​នឹង​សិទ្ធិ​រំលូតកូន មាន​តែ ៥៧ប្រទេស​ក្នុង​លោក​ដែល​ស្រ្តី​មាន​សិទ្ធិរំលូតកូន​ដោយ​គ្មាន​លក្ខខណ្ឌ។ ចំណែក​នៅ​ក្នុង​ប្រទេស​ផ្សេង គឺ​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​គ្រូពេទ្យ​ម្នាក់ ឬ​ពីរ​នាក់ ឬ​មួយ​ក៏​ក្នុង​ករណី​ដែល​ស្រ្តី​រូប​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ងគ្រោះ​ថ្នាក់​ដល់​ជីវិត។
 
និយាយ​ពី​ប្រាក់ខែ ទោះ​បី​ជា​អឺរ៉ុប​បាន​គោរព​គោលការណ៍​ស្មើភាព​គ្នា​រវាង​បុរស និង​ស្រ្តី​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា គម្លាត​ប្រាក់ខែ​រវាង​បុរស និង​ស្រ្តី​នៅ​មាន​ច្រើន ទោះ​បី​ជា​ស្រ្តី​មាន​សមត្ថភាព និង​ធ្វើ​ការងារ​ដូច​គ្នា​នឹង​ការងារ​បុរស​ក៏​ដោយ។ នៅ​ក្នុង​ប្រទេស​បារាំង គឺ​ទើប​តែ​ពី​ឆ្នាំ ១៩៦៥ មក​ទេ​ដែល​ស្រ្តី​មាន​សិទ្ធិ​បើក​គណនី​ផ្ទាល់ខ្លួន ឬ​មួយ​ក៏​ធ្វើ​ការងារ​អ្វី​មួយ​ដោយ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​ស្វាមី។ នៅ​ក្នុង​ប្រទេស​ផ្សេង ពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា ស្រ្តី​បន្ត​ចំណុះ​ឲ្យ​បុរស និង​ធ្វើ​អ្វីៗ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ប្តី​ជា​មុន​សិន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    សិទ្ធិ​នារី​អន្តរជាតិ៖ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លើក​កម្ពស់​តម្លៃ​ស្រ្តី

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    កម្ពុជា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​មិន​ដែល​ខក​ខាន តែ​ក្រោម​រូបភាព​ពីរ​ផ្សេង​គ្នា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​ដូណាល់ ត្រាំ ជ្រើសរើស​ចៅក្រម​​ដែលធ្លាប់​​ប្រឆាំង​នឹង​ការពន្យារ​កំណើត

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    បាតុករ​រាប់លាន​នាក់ ក្នុង​ពិភពលោក ចូល​រួម​ក្នុង​ក្បួន​ស្រ្តី​ដើម្បី​ប្រឆាំងលោក​​ដូណាល់ ត្រាំ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ