អាមេរិកមិនទទួលយកសំណើចិន ដែលចង់ដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ
ចុះផ្សាយនៅថ្ងៃ៖
អាមេរិក នៅថ្ងៃពុធទី ៨មីនា បានរុញច្រានចោលសំណើរបស់ទីក្រុងប៉េកាំង ដែលបានស្នើឲ្យអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធា ជាថ្នូរនឹងការផ្អាកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ អាមេរិកបានបង្ហាញជំហរយ៉ាងដូច្នេះ នៅក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ ដែលផ្តោតទៅលើការបាញ់មីស៊ីល របស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
អាមេរិកបដិសេធសំណើរបស់ចិន ប៉ុន្តែ នៅតែបើកទ្វារឲ្យមានការចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោក Mark Toner និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley អាមេរិកមិនអាចទទួលយកសំណើរបស់ចិន ដោយសារថា ឥរិយាបថរបស់កូរ៉េខាងជើង ជាពិសេស មេដឹកនាំ គីម ជុងអ៊ុន មិនមែនជាមនុស្សដែលមានហេតុផល និងការគិតច្បាស់លាស់នោះទេ។
សម្រាប់អាមេរិក សមយុទ្ធអាមេរិក ជាមួយ និងកូរ៉េខាងត្បូង ហើយនិងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជារឿងពីរដាច់ដោយឡែកពីគ្នា។ សមយុទ្ធរបស់អាមេរិកជាមួយ កូរ៉េខាងត្បូង តែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ ដូច្នេះ គេមិនអាចទាមទារឲ្យអាមេរិក ត្រូវបញ្ឈប់នៅពេលនេះបានទេ។
នៅថ្ងៃពុធ នៅប៉ុន្មានម៉ោងមុនកិច្ចប្រជុំស្តីពីកូរ៉េខាងជើង នៅក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យីបានលើកសំណើមួយ ដែលនៅក្នុងនោះ កូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ ជាថ្នូរមកវិញ អាមេរិកក៏ត្រូវបញ្ឈប់សមយុទ្ធយោធាដែលអាមេរិកចាប់ធ្វើជាមួយកូរ៉េខាងត្បូង តាំងពីទី១មីនា។
កូរ៉េខាងជើងនៅខែមករា ឆ្នាំ ២០១៥ ធ្លាប់បានស្នើ ម្តងថា ខ្លួនសុខចិត្តផ្អាកការបាញ់សាកល្បងនុយក្លេអ៊ែរ បើសិនអាមេរិក និងកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធយោធា។ ប៉ុន្តែ អាមេរិកនិងកូរ៉េខាងត្បូងបានបដិសេធ មិនទទួលយកសំណើរបស់កូរ៉េខាងជើង
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សា សន្តិសុខ និងថា តាមពិតទៅ កូរ៉េខាងជើង បានបាញ់មីស៊ីល នៅថ្ងៃចន្ទ ក៏ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធអាមេរិក និងកូរ៉េខាងត្បូង។ សម្រាប់ទីក្រុងព្យុងយ៉ាង គឺសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ដែលជំរុញកូរ៉េខាងជើង ជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដើម្បីការពារខ្លួន។
យកលេសការពាររៀងៗខ្លួន
ដោយសារតែខ្លាចកូរ៉េខាងជើង មានអំណាចនុយក្លេអ៊ែរ និងធ្វើសង្រ្គាម លេបយកកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ទើបអាមេរិកពង្រឹងចំណងយោធាជាមួយ កូរ៉េខាងត្បូង។ នៅក្រោយកូរ៉េខាងជើងចេះតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល បាលីស្ទីក អាមេរិក និងកូរ៉េខាងត្បូងបានបង្កើនចំនួនយោធារបស់ខ្លួន នៅក្នុងសមយុទ្ធ ដែលចេះតែរីកមាឌ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ដូចឆ្នាំ ២០១៦ សមយុទ្ធនៅឆ្នាំនេះ មានការចូលរួមពីកងទ័ពកូរ៉េខាងត្បូង ជិត៣សែននាក់ ហើយនិងកងទ័ពអាមេរិក ជិត ២ម៉ឺននាក់។ ចាប់តាំងពីដាក់ទ័ពរបស់ខ្លួន ប្រចាំការ នៅកូរ៉េខាងត្បូង នៅក្រោយ ចប់សង្រ្គាមកូរ៉េ នៅឆ្នាំ ១៩៥៣ អាមេរិកតែងតែធ្វើសមយុទ្ធជារៀងរាល់ឆ្នាំ ជាមួយកូរ៉េខាងត្បូង។ គោលដៅ គឺដើម្បីការពារកូរ៉េខាងត្បូង នៅថ្ងៃណាមួយ ដែលមានការវាយប្រហារពីកូរ៉េខាងជើង។
កូរ៉េខាងជើងវិញ ដោយយកហេតុផលថា ខ្លាចអាមេរិក និងកូរ៉េខាងត្បូងរួមដៃ គំរាមសន្តិសុខ និងធ្វើសមយុទ្ធរួមគ្នា ដើម្បីត្រៀមវាយលុកលើខ្លួននោះ រឹតតែជំរុញ កម្មវិធី ស្រាវជ្រាវ និងផលិតអាវុធនុយក្លេអ៊េរ និងមីស៊ីលបាលីស្ទីក។
ក្នុងក្រសែភ្នែកអាមេរិក ទោះជាគ្មានសមយុទ្ធប្រចាំឆ្នាំ នៅកូរ៉េខាងត្បូង ក៏កូរ៉េខាងជើងនៅតែឆ្លៀត ឱកាសអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដើម្បី អាចក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរ។
ចិនកាន់តែក្រហល់ក្រហាយដោយសារវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង?
នៅក្នុងសន្និសីទកាសែត ថ្ងៃម្សិលមិញ លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនបាននិយាយថា វិបត្តិនៅកូរ៉េពេលនេះ កំពុងបោះជំហានលឿនស្លេវ ទៅមុខ ដោយភាគីជម្លោះ ម្ខាងៗ គ្មានចេតនាចង់ជៀសគ្នា នោះទេ។ សម្រាប់អ្នកជំនាញ វិបត្តិនៅកូរ៉េនៅពេលនេះ កក្រើករញ្ជួយ និងបោះជំហានលឿនទៅមុខ ដោយសារហេតុផលសំខាន់មួយចំនួន។
ទីមួយ អាមេរិក ក្រោមអាណត្តិរបស់លោកដូណាល់ ត្រាំ (ប្រធានាធិបតីដ៏ឆេវឆាវ) រឹតតែបង្កើន និងជំរុញសហប្រតិបត្តិការយោធា កាន់តែខ្លាំង ជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលរដ្ឋាភិបាលអាមេរិក នៅថ្ងៃអង្គារបានសន្យាចេញមុខការពារ នៅក្រោយកូរ៉េខាងជើងបាញ់មីស៊ីល។ នៅក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA មីស៊ីលចម្ងាយមធ្យមដែលខ្លួនបាញ់ និងធ្លាក់នៅសមុទ្រជប៉ុន នៅថ្ងៃចន្ទ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌបាញ់សាកល្បង សម្រាប់ត្រៀមវាយប្រហារលើគោលដៅ មូលដ្ឋានទ័ពអាមេរិក នៅក្នុងទឹកដីជប៉ុន។
ទី២ គឺវិបត្តិ រកាំរកូសរវាងចិន និងកូរ៉េខាងជើង នៅក្រោយឃាតកម្មលើគីម ជុងអ៊ុន បងប្រុស ម្តាយទីទៃរបស់មេដឹកនាំគីម ជុងអ៊ុន។ ចិនមិនសប្បាយចិត្ត ដែលគីម ជុងណាម ដែលស្ថិតនៅក្រោមការការពាររបស់ខ្លួន បែរត្រូវគេលួចសម្លាប់ ហើយដែលកូរ៉េខាងជើង ត្រូវគេចង្អុលមុខចោទប្រកាន់ថា ជាអ្នកនៅពីក្រោយឃាតកម្មលើគីម ជុងណាម។
ទី៣ទៀត ចិនចាប់ផ្តើមឈឺឆ្អាលកាន់តែខ្លាំង និងសុខចិត្តចេញមុខថ្កោលទោស កូរ៉េខាងជើង ដែលខ្លួនធ្លាប់តែកាពារ ក៏ដើម្បី ចង់សុំឲ្យអាមេរិក ឈប់មានគំនិតតាំងទីប្រព័ន្ធខែលមីស៊ីល នៅកូរ៉េខាងត្បូង។ គេវាយតម្លៃថា រដ្ឋមន្រ្តីការបរទេសចិន ចេញមុខស្នើដោះស្រាយវិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើងនៅថ្ងៃម្សិលមិញ គឺនៅក្រោយកាសែតចុះផ្សាយថា សម្ភារៈមួយចំនួន សម្រាប់ការដំឡើងប្រព័ន្ធខែលមីស៊ីលTHAAD ត្រូវបានអាមេរិកបញ្ជូនទៅដល់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ អាមេរិក និងកូរ៉េខាងត្បូងព្រមព្រៀងនឹងដំឡើងប្រព័ន្ធខែលមីស៊ីល ឲ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ។ អាមេរិកបានអះអាងថា ប្រព័ន្ធ ខែលមីស៊ីល THAAD នឹងប្រើសម្រាប់ការពារ ទប់ស្កាត់បាញ់បំផ្លាញមីស៊ីលកូរ៉េខាងជើង ដែលបាញ់សំដៅ កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ ទីក្រុងប៉េកាំងវិញ ប្រឆាំងនឹងការតាំងទីប្រព័ន្ធខែលមីស៊ីលអាមេរិក នៅកូរ៉េខាងត្បូង ដែលចិនចាត់ទុកលេសរបស់អាមេរិកសម្រាប់ប្រើតាមដាន យកការណ៍សម្ងាត់ពីសកម្មភាពយោធា របស់ចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ