អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ប្រធានាធិបតី​ខ្ទាត​ចេញ​ពី​តំណែង​ជា​ស្ថាពរ កូរ៉េខាង​ត្បូង​​ត្រៀម​បោះឆ្នោត​មុន​អាណត្តិ លើ​ផ្ទៃ​នៃ​ភាព​ប្រេះឆា

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​មន្ទិល​ហើយ ! តុលាការ​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​រដ្ឋ ​បាន​ ​អារកាត់​សេចក្តី​ នៅ​ថ្ងៃ​សុក្រ​ទី១០​ មីនា ទម្លាក់​លោកស្រី ប៉ាក់ គុនហេ ចេញ​ពី​តំណែង​ប្រធានាធិបតី ដូច​អ្វី​ដែល​សភា​បាន​អនុម័ត​កាលពី​ថ្ងៃទី ៩ ធ្នូ ២០១៦។ សេចក្តី​សម្រេច​ជា​ឯកច្ឆ័ន្ទ​របស់​ចៅក្រម នឹង​ត្រូវ​មាន​សុពលភាព​ភ្លាម ! ​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ និ​ងអស់​​អភ័យ​ឯកសិទ្ធិ​ លោកស្រី​ បាក់ គុនហេ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ។ ការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​ថ្មី មុន​កាលកំណត់​នឹង​ប្រព្រឹត្ត​ទៅ​នៅរវាង​ពីរ​ខែ​ទៀត។

តុលាការ​ធម្មនុញ្ញ​សម្រេច​ទម្លាក់​លោកស្រី Park Geun-hyeពី​អំណាច​ប្រធានាធិបតី​កូរ៉េខាង​ត្បូង
តុលាការ​ធម្មនុញ្ញ​សម្រេច​ទម្លាក់​លោកស្រី Park Geun-hyeពី​អំណាច​ប្រធានាធិបតី​កូរ៉េខាង​ត្បូង REUTERS/Lee Jae-Won/File Photo
ផ្សាយពាណិជ្ជកម្ម

ជា​សេចក្តី​សម្រេច​ ជា​ប្រវត្តិសាស្ត្រ ! និង​ជា​លើក​ទី​មួយ​បង្អស់​ក្នុង​ប្រវត្តិ​កូរ៉េខាង​ត្បូង សម័យ​ប្រជាធិបតេយ្យ ដែល​ប្រធានាធិបតី​ប្រសូត​ចេញ​ពីការ​បោះឆ្នោត ត្រូវ​តុលាការ​បណ្តេញ​ចេញ​ពី​តំណែង ! ដោយ​សេចក្តី​សម្រេច​ចិត្ត​​​ជា​ឯកច្ឆ័ន្ទ​របស់​​ចៅក្រម​ទាំង​៨​រូប​ ថា​ លោកស្រី​ប៉ាក់ គុនហេ បាន​រំលោភ​ច្បាប់ រំលោភ​​រដ្ឋ​ធម្មនុញ្ញ ដោយ​បាន​បណ្តោយ​ឱ្យ​មិត្តជំនិត​ចូល​លូក​លាន់​ក្នុង​កិច្ចការប្រទេស​ជាតិ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។​

តើ​លោកស្រី ប៉ាក់ គុនហេ នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?

“ជា​ការ​រំលោភ​ ដ៏​ធ្ងន់ធ្ងរ និង​មិន​អាចអនុគ្រោះ​បាន​ឡើយ” ៖ លោកស្រី​ បាន​ក្បត់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​សេចក្តី​សន្និដ្ឋាន​បញ្ចប់​របស់​តុលាការ។ ធ្លាប់មក​​រស់​នៅក្នុង​វិមាន​ប្រធានាធិបតី ពណ៌​ខៀវ តាំង​ពី​អាយុ​៩​ឆ្នាំ ជាមួយ​ឪពុកដែល​​ជា​ប្រធានាធិបតី​ផ្តាច់ការ​កូរ៉េខាង​ត្បូង​រហូត​ដល់​ឆ្នាំ​១៩៧៩ និង​ដែល​ទើប​ត្រលប់​ចូល​វិមាន​ប្រធានាធិបតី​​ជា​ថ្មីម្នាក់ឯង កាលពី​ឆ្នាំ​២០១២​ លោកស្រី ប៉ាក់ គុនហេ ត្រូវ​ចាកចេញ​ដោយ​គ្មាន​បង្អង់​មួយ​នាទី ពី​វិមានដ៏​ប្រណិត​មួយ​នេះ​ និង​ត្រូវ​បាត់​បង់​ភ្លាម​មួយ​រំពេច​ រាល់​គ្រប់​អំណាច​និង​អភ័យឯកសិទ្ធិ​គ្រប់យ៉ាង រាប់​ទាំង​អភ័យ​ឯកសិទ្ធិ​ដែល​ការពារ​លោកស្រី​ក្នុង​រឿង​ព្រហ្មទណ្ឌ​ ត្រលប់​ទៅ​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញវិញ។
 

តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​សម្រេច​ទម្លាក់​លោកស្រី ប៉ាក់ គុនហេ ថ្ងៃទី ១០ មីនា ២០១៧
តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​សម្រេច​ទម្លាក់​លោកស្រី ប៉ាក់ គុនហេ ថ្ងៃទី ១០ មីនា ២០១៧ REUTERS/Ahn Young-joon/Pool

លោកស្រី​ ប៉ាក់ ក៏​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​ តាម​រយៈ​សកម្មភាព​​របស់​មិត្ត​ជំនិត។ តាំ​ង​ពី​ផ្ទុះ​រឿង​អាស្រូវ​មក លោកស្រី​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​អង្កេត​ទេ ! ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ លោកស្រី គ្មាន​ជម្រើស​ទៀត​ឡើយ ! នៅ​ពេល​ចាក​ចេញ​ពី​វិមាន​ប្រធានាធិបតី ហើយ​បើ​មិន​ចូល​ខ្លួន​ទៅ​ប៉ូលិស​សួរ​ចម្លើយ​ទេ លោកស្រី​នឹង​ត្រូវ​រង​ដីការ​តាម​ចាប់​ខ្លួន​ហើយ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មុន​ក៏​ធ្លាប់​ជាប់​រឿង​អាស្រូវ​ពុករលួយ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​ដែរ ក្នុង​នោះ​មាន​ប្រធានាធិបតី​ពីរ​នាក់ធ្លាប់​បាន​ជាប់​ពន្ធនាគារ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ឯ​ចំណែកអតីត​​ប្រធានាធិបតីRoh Moo-Hyun បានសម្លាប់​ខ្លួន​នៅ​ពេល​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រឆាំងនឹង​លោក​និង​គ្រួសារ។

កូរ៉េខាង​ត្បូង​ កំពុង​ធ្លាក់​ក្នុង​ភាព​ប្រេះឆា ?

​សេចក្តី​សម្រេច​ចិត្ត​ ដែល​កូរ៉េខាងត្បូងទាំង​មូល​រង់ចាំ​អស់​ពេល​​៩១​ថ្ងៃមក​ហើយ ត្រូវ​បាន​ប្រកាសផ្សាយ​បន្ត​​​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍។ ហើយ​ក្នុង​ខណៈនោះ​ សេអ៊ូល​ បានក្លាយ​ជា​ទីបញ្ជាការ​ដ្ឋាន ! រថយន្ត​ប៉ូលិល និង​ប៉ូលិសជាង​២​ម៉ឺន​​នាក់ បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ព្រោះ​សកម្មជន​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​ លោកស្រី ប៉ាក់ គុនហេ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ។ ម្ខាង​ដើម្បី​អបអរ​ ម្ខាង​ដើម្បី​សម្តែង​កំហឹង​​ថា​មាន​ការ​ផ្សំ​គំនិត​ផ្តួល​ទម្លាក់​លោកស្រី​ប្រធានាធិបតី។ អំពើ​ហិង្សា​វាយប្រតប់​លើ​​ប៉ូលិស​ និង​អ្នកកាសែត​​បាន​ផ្ទុះ​ឡើង។ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ដោយ​សារ​មូលហេតុ​អ្វី​ទេ។

តាម​ការពិត​រឿង​អាស្រូវ​ពុក​រលួយ​ ដែល​កំពុង​កើត​ឡើង​ប៉ះពាល់​ដល់​លោកស្រី ប៉ាក់ គុនហេ ​បាន​ជីក​ខួង​​ឱ្យ​សង្គម​មាន​ការ​ប្រេះឆា អស់​ជា​ច្រើន​ខែ​មក​ហើយ ហើយ​សេចក្តី​សម្រេច​តុលាការ ទំនង​ជា​មិន​អាច​ធ្វើ​ឱ្យ​រលប់​បាន​ឡើយ។ ថ្វី​បើ​មាន​ពលរដ្ឋ​កូរ៉េខាង​ត្បូង មួយ​ភាគ​ធំ និង​បក្ស​ប្រឆាំង​​រីក​រាយ​ចង់​ទម្លាក់​លោកស្រី ប៉ាក់​គុនហេ មែន តែលោកស្រី នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រង្វង់​ពលរដ្ឋ​វ័យ​ចំណាស់ និង​អភិរក្ស។

សកម្មជន​គាំទ្រ​លោកស្រី ប៉ាក់ គុនហេ កំពុង​រន្ធត់​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​បាន​ឮ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដោយ​គ្រោង​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​ផង។ ខ្លះ​បាន​ស្រែក​ថា​​មិន​យល់​ស្រប​តាម​​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញទេ ខ្លះ​បាន​ហ៊ាន​ដល់​ទៅ​​គំរាមកំហែង​ចៅក្រម​ទៀត។ ​

សកម្មជន​គាំទ្រ​លោកស្រី​ Park Geun-hye ស្រែក​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ
សកម្មជន​គាំទ្រ​លោកស្រី​ Park Geun-hye ស្រែក​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ Lim Se-young/Yonhap

 
សកម្មជន​គាំទ្រ​ទាំង​នោះ នៅ​តែ​រក្សា​អនុស្សាវរីយ៍​ល្អ នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​របស់​កូរ៉េ​ខាង​ត្បូង ក្រោម​ការ​គ្រប់គ្រងផ្តាច់ការ​​របស់​លោក ប៉ាក់ ជុងអ៊ី Park Chung-Hee ឪពុក​លោកស្រី​ប៉ាក់ គុនហេ។ នៅ​សម័យ​នោះ ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​ជ្រើ​សរើសសហការ​ និង​ផ្តល់​ការ​អនុគ្រោះ​ខ្លាំង​ដល់​​ក្រុមហ៊ុន​ឧស្សាហកម្មធំ មាន​ជាអាទិ៍​ក្រុមហ៊ុន​សាំស៊ុង ហ៊ីហាន់ដាយ ... ដើម្បី​ពន្លឿន​​កំណើន​សេដ្ឋកិច្ច។ ជា​លទ្ធផល​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី កូរ៉េខាង​ត្បូង​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ក្រីក្រ​បំផុត ទៅ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងក្លា។

ប៉ុន្តែ​ ទំនាក់ទំនង​រដ្ឋ​និង​​ ក្រុមហ៊ុនឧស្សាហកម្ម​ តែង​ឈាន​ដល់​រឿង​អាស្រូវ​ពុករលួយ ​ដែល​បញ្ជាក់​ថា​កូរ៉េខាងត្បូង​ត្រូវ​ការ​ធ្វើ​កំណែទម្រង់។  ជាក់ស្តែង​ករណី​លោកស្រី​ ប៉ាក់ គុនហេនេះ ក្រៅអំពី​លោកស្រី​អស់​អំណាច អគ្គនាយករង​គ្រប់គ្រង​ក្រុមហ៊ុន​យក្ស​ដ៏ល្បី​ល្បាញ​សាំស៊ុង ក៏​ស្ថិត​នៅ​ក្រោយ​ចំរឹង​ដែក​ ព្រោះ​សំណុំ​រឿង​តែ​មួយ។  

កូរ៉េ​ខាង​ត្បូង ​បោះឆ្នោត​ប្រធានាធិបតី ក្នុង​បរិបទ​តំបន់​តានតឹង

តាំង​ពី​សភាទម្លាក់​លោកស្រី ប៉ាក់ គុនហេ​ នៅ​ខែ​ធ្នូ​មក គឺ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​ប្រទេស​ក្នុង​នាម​ជា​ប្រធានាធិបតី​ស្តីទី។ ហើយ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការធម្មនុញ្ញ​ថ្ងៃ​នេះ ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មុន​អាណត្តិ។

បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៩​ឧសភា​ខាង​មុខ និងក្នុង​បរិបទ​ដ៏​តាន​តឹង ៖ តាន​តឹង​ជាមួយ​កូរ៉េខាង​ជើង ដែលទើប​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី- តាន​តឹង​ជាមួយ​ចិន ក្រោយ​ពី​វ៉ាស៊ីនតោន​និង​សេអ៊ូល​បាន​សម្រេច​ដាក់​ពង្រាយ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល នៅ​កូរ៉េខាង​ត្បូង។

អ្នក​ដែល​មាន​ប្រជាប្រិយភាព​លេច​ធ្លោ​ខ្លាំង​ក្នុងការ​ស្ទង់​មតិ គឺលោក មូន ជៃអ៊ីន (៣៦%) ​បេក្ខ​ជន​មក​ពី​បក្ស​​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង និង​ដែល​ធ្លាប់​ចាញ់​​លោកស្រី​ប៉ាក់ គុនហេ ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០១២។

ឯ​ចំណែក​បក្ស​អភិរក្ស​​របស់​លោកស្រី​ប៉ាក់ គុនហេ ហាក់​ដូច​ជា​ខ្វះ​មេកើយ​តំណាង​ខ្លាំង​ណាស់ នៅ​ពេល​ដែល​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​មិន​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​មក។ លោក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្តី​ទី​  Hwang Kyo-Ahn បាន​ទទួល​ប្រជាប្រិយភាព​លំដាប់​ទីពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ