អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់​ឃុំខ្លួន​និស្សិត​ចិន ដែល​សង្ស័យ​ធ្វើ​ចារកម្ម​ឲ្យ​ទីក្រុង​ប៉េកាំង

រដ្ឋអាជ្ញា​តៃវ៉ាន់ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​សម្រេច​ឃុំខ្លួន​និស្សិត​ចិនម្នាក់ ដែល​ជាប់​សង្ស័យថា បាន​លួច​យកការណ៍​សម្ងាត់​ឲ្យ​រដ្ឋាភិបាល​ចិន។ ដំណឹង​នេះ​កើត​មាន​នៅ​តែ​មួយ​ថ្ងៃ​ក្រោយ ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​តៃវ៉ាន់​បាន​ព្រមាន​ពី​ការកើនឡើង​នៃ​សកម្មភាព​ធ្វើ​ចារកម្ម​របស់​ទីក្រុង​ប៉េកាំង​មក​លើ​កោះតៃវ៉ាន់។

©AFP
ផ្សាយពាណិជ្ជកម្ម

ករណី​ចាប់ឃុំ​ខ្លួន​និស្សិត​ចិន ក្នុង​បទសង្ស័យ ធ្វើ​ចារកម្ម​ឲ្យ​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់ ដែល​ល្អក់កករ​រួចហើយ នោះ រឹតតែ​ធ្លាក់​ដុនដាប​ថែមទៀត។ នៅ​ថ្ងៃ​សុក្រ រដ្ឋអាជ្ញា​តៃវ៉ាន់ បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​ឃាត់ខ្លួន​និស្សិត​ចិនម្នាក់ ដែល​គេ​សង្ស័យ​ថា បាន​ព្យាយាម​រើសបញ្ចូល ទិញ​ទឹកចិត្ត មន្រ្តី​ក្រសួង​ការបរទេស​តៃវ៉ាន់ ម្នាក់ ដើម្បី​ចង់​បាន​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល​តៃវ៉ាន់។

 
តាម​កាសែត​ក្នុង​ស្រុក​តៃវ៉ាន់ ជនសង្ស័យ​ជា​និស្សិត​ជនជាតិ​ចិន មក​ពី​ខេត្ត​លីវនីង ដែល​ទើប​បាន​ទទួល​បរិញ្ញាប័ត្រ នៅ​សកលវិទ្យាល័យ​តៃវ៉ាន់។ តាម​អ្នកនាំពាក្យ​របស់​រដ្ឋអាជ្ញា​តៃវ៉ាន់ គេ​ចាប់ឃុំ​ខ្លួន​និស្សិត​ចិន ដើម្បី​ស៊ើបអង្កេត​ឲ្យ​ដឹងថា តើ​និស្សិតចិន​មាន​បាន​រំលោភ ច្បាប់ សន្តិសុខ​ជាតិ​តៃវ៉ាន់​ដែរឬទេ។

ការចាប់ខ្លួន​និស្សិត​ចិន ក្នុង​បទ​សង្ស័យ​ប្រព្រឹត្ត​ចារកម្ម កើតមាន​នៅក្នុង​កាលៈទេសៈ​ដែល​តៃវ៉ាន់​កំពុង​កើត​ការសង្ស័យ​កាន់​តែខ្លាំង​ថា រដ្ឋអំណាច​ចិន កំពុង​បង្កើន​សកម្មភាព​យកការណ៍​សម្ងាត់​ពី​កោះតៃវ៉ាន់។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​ការិយាល័យ​សន្តិសុខ​ជាតិ​តៃវ៉ាន់​ទើប​តែ​បាន​និយាយ​ប្រាប់​សភា​តៃវ៉ាន់​ពី​ការកើនឡើង​នៃ​សកម្មភាព​ចារកម្ម​របស់​ទីក្រុង​ប៉េកាំង​លើ​កោះតៃវ៉ាន់។ រដ្ឋអំណាច​ចិន នៅ​មិនទាន់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងណា​ពីការចាប់ឃុំខ្លួន​និស្សិត​ចិន នៅ​តៃវ៉ាន់​នោះទេ។

នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​អាជ្ញាធរ​តៃវ៉ាន់​ចាប់​បាន​មនុស្ស​ដែល​យកការណ៍​ពី​រដ្ឋតៃវ៉ាន់ ឲ្យ​ប្រទេស​ចិន។ កាលពី​ខែ​កញ្ញា​ឆ្នាំមុន តុលាការ​តៃវ៉ាន់ បាន​កាត់ទោស​មន្រ្តី​ចារកិច្ច​តៃវ៉ាន់ ម្នាក់​ឲ្យ​ជាប់គុក ១៨​ឆ្នាំ ពី​បទ​លួច​ធ្វើការ​ឲ្យ​​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន។ ចិន និង​តៃវ៉ាន់ បាន​តានតឹង​នឹង​គ្នា ចាប់តាំង​ពី​លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ជាតិនិយម ដែល​មាននិន្នាការ​ចង់​បាន​ឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ បាន​ឈ្នះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​តៃវ៉ាន់ នៅ​ខែ​ឧសភា​ឆ្នាំមុន។ ចិន ដែល​ចាត់ទុក​កោះតៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន បានគំរាម​រួចហើយ ថា នឹង​ប្រើ​មីស៊ីល វាយប្រហារ​យក​កោះតៃវ៉ាន់ នៅ​ថ្ងៃ​ណា​ដែល​តៃវ៉ាន់ ហ៊ាន​ប្រកាស​ទាមទារ​ឯករាជ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ