អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៦​ឆ្នាំ​ក្រោយ​គ្រោះថ្នាក់​នុយក្លេអ៊ែរ រដ្ឋាភិបាល​ជប៉ុន​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រលប់ទៅ​រស់នៅ ហ្វូគូស្ហ៊ីម៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍​នេះ​រំលឹក​ខួប​៦​ឆ្នាំ នៃ​គ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ាដែល​បណ្តាល​មក​ពី​គ្រោះរញ្ជួយដី រលកយក្ស​ស៊ូណាមី។ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ហើយ​និង​ព្រះរាជបុត្រ អាគីស៊្ហីណូ តំណាងអធិរាជ​ជប៉ុន ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ នៅ​រដ្ឋធានី​តូក្យូ ចំណែក​ប្រជាជន​ជប៉ុន​ផ្សេងទៀត បាន​ទៅ​គោរព​ព្រលឹង​បងប្អូន​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ហ្វូគូស្ហ៊ីម៉ា។

ឪពុកម្តាយ​កូន​ឈរ​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​រលក​យក្ស​ស៊ូណាមី នៅ​ស្រុក​Arahama
ឪពុកម្តាយ​កូន​ឈរ​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​រលក​យក្ស​ស៊ូណាមី នៅ​ស្រុក​Arahama © Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​នេះ ខែ​នេះ កាលពី​៦​ឆ្នាំមុន ជប៉ុន​បានជួប​រងគ្រោះ​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី នៅ​ហ្វូគូស្ហ៊ីម៉ា ដែល​ជា​ដើមហេតុ​ចំបង​ធ្វើ​ឲ្យ​ផ្ទុះឆេះ រោងចក្រ​នុយក្លេអ៊ែរ។ មនុស្ស​ប្រមាណ ១ម៉ឺន ៨នាក់ បាន​ស្លាប់ ចំណែក​ប្រជាជន​ជប៉ុន ជាង​១សែននាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី គេចចេញ​ពី​សារធាតុ​វិទ្យុសកម្ម ដែល​ភាយ​ចេញ​ពី​រោងចក្រនុយក្លេអ៊ែរ ដែល​ផ្ទុះឆេះ។

 
៦​ឆ្នាំ​បាន​កន្លងផុតទៅ ប៉ុន្តែ ប្រជាជន​ជប៉ុន ​នៅ​ហ្វូគូស្ហ៊ីម៉ា នៅ​តែដិតដាម ជាប់ជានិច្ច ដោយ​សោកនាដកម្ម ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជិត ២ម៉ឺននាក់។ ប្រជាជន​ជប៉ុន នៅ​ហ្វូគូស្ហ៊ីម៉ា មិនត្រឹមតែ​ឈឺចាប់ ដោយសារ​តែ​បាត់បង់​គ្រួសារ​សាច់ញាតិ ទៅក្នុង​រលកយក្ស​ស៊ូណាមី​តែប៉ុណ្ណោះទេ ប៉ុន្តែ ៦​ឆ្នាំ មកហើយ ដែល​ពួកគេ​ត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក មិន​ច្បាស់លាស់ ដោយសារ​តែ ផ្ទះសម្បែង ដីភូមិ និង​ចំការ​របស់​ពួកគេ ត្រូវ​រងគ្រោះ​មួយជាន់ទៀត ដោយសារ​សារធាតុ វិទ្យុសកម្ម ដែល​សាយភាយ​ចេញ​ពី​រោងចក្រ​ផ្ទុះឆេះ នុយក្លេអ៊ែរ។

អាជ្ញាធរ ជាពិសេស​ក្រុមហ៊ុន​តិបកូ ម្ចាស់​រោងចក្រ​ដែល​ផ្ទុះឆេះ នៅ​ហ្វូគូស្ហ៊ីម៉ា​បាន​ដុតដៅ ដុតជើង បូមបញ្ចូលទឹក ដើម្បី​ទប់កំដៅ ម៉ាស៊ីន​ប្រតិករ កុំ​ឲ្យ​ផ្ទុះឆេះ និង​កំពុង​រៀបចំ​បណ្តើរៗ គម្រោង​រុះរើ​រោងចក្រ​នុយក្លេអ៊ែរ​ទាំងស្រុង ដែល​ត្រូវ​ការពេលវេលា យ៉ាង​តិច ៤០​ឆ្នាំ។ ប៉ុន្តែ នៅ​ខែ​កុម្ភៈ កន្លងទៅ អ្នកតំណាង​ក្រុមហ៊ុន​តិបកូ បាន​លើកឡើង ពី​ចំណុច​គួរ​បារម្ភ​មួយ នោះ​គឺ បណ្តូល​របស់​ម៉ាស៊ីន​ប្រតិករ​មួយ ក្តៅ រលាយ លឿន រហូត​ដល់​គេ​មិនអាច​ប៉ាន់ស្មាន​ដឹង​ថា តើ​វា​នឹង​អាច​ផ្ទុះ បញ្ចេញ​សារធាតុ​វិទ្យុកម្ម​ដែរឬទេ។

ដោយសារ​តែ​ការជម្លៀស​ប្រជាជន ហ្វូគូស្ហ៊ីម៉ា​នៅ​តែ​សំបូរ​ដោយ​ភូមិ​ខ្មោច ដែល​ត្រូវ​គេ​បោះបង់​ចោល ដោយសារ​សារធាតុ​វិទ្យុសកម្ម។ រហូតមកដល់​ថ្ងៃនេះ នៅ​មាន​មនុស្ស​ជាង​១សែននាក់ ដែល​គេ​ជម្លៀសចេញ​ពី​ផ្ទះសម្បែង ក្នុង​តំបន់​ហ្វូគូស្ហ៊ីម៉ា និង​ដែល​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ជំរក​បណ្តោះ​អាសន្ន។ ក្នុង​រយៈពេល ៦​ឆ្នាំមកនេះ រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ហ្វូគូស្ហ៊ីម៉ា​បាន​កសាង​ច្រើន អគារ​រស់នៅ សម្រាប់​ប្រជាជន​ដែល​មាន​ផ្ទះសម្បែង​ត្រូវ​បំផ្លាញ​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី។ ផ្ទះ​ភាគច្រើន ត្រូវ​បាន​កសាង​នៅលើ​ដីទួល។

ទំហំ​ដី ៧៥​ភាគរយ​នៃ​ហ្វូគូស្ហ៊ីម៉ា ដែល​បំផ្លាញ​ដោយ​រលកយក្ស​ស៊ូណាមី ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើងវិញ ដើម្បី កសិកម្ម ហើយ​និង​ឧស្សាហកម្ម។ ប៉ុន្តែ ប្រជាជន​នៅ​ហ្វូគូស្ហ៊ីម៉ា នៅ​តែត្អូញត្អែរ មិន​អាច​លក់​ចេញ​ផលិតផល​របស់ខ្លួន ដោយសារ​តែ​មាន​ការរើសអើង ពី​អ្នកទិញ ដែល​ខ្លាច​មាន​សារធាតុវិទ្យុ​នៅក្នុង​ផលិតផល ផលិត​នៅ​ហ្វូគូស្ហ៊ីម៉ា។ លើសពីនោះ ទេសចរណ៍​នៅ​ហ្វូគូស្ហ៊ីម៉ា បន្ត​ធ្លាក់ចុះ​ដល់​៣៥ភាគរយ។ ថ្មីៗ រដ្ឋាភិបាលជប៉ុន​បានអំពាវនាវ​ឲ្យ​ប្រជាជន​ត្រលប់​ទៅរស់ នៅ​ហ្វូគូស្ហ៊ីម៉ា និង​បាន​ព្រមាន​ថា ប្រាក់ជំនួយរដ្ឋ សម្រាប់​ប្រជាជន​ផ្លាស់ទី នឹង​ត្រូវ​ចប់ នៅ​ត្រឹមចុងខែ​មីនានេះ។

ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ត្រលប់​ទៅ​រស់នៅ​ហ្វូគូស្ហ៊ីម៉ាវិញ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាសថា នឹង​ឈប់​ផ្តល់​ជំនួយ​ថវិកា ដល់​មនុស្ស​ជាង ២៦០០​នាក់ ដែល​បាន​បោះបង់​ចោល​ផ្ទះសម្បែងនៅ​ហ្វូគូស្ហ៊ីម៉ា។ សព្វថ្ងៃនេះ រដ្ឋាភិបាល បាន​ផ្តល់​លុយ​ប្រមាណ ៨០០​អឺរ៉ូ​ក្នុង​ម្នាក់ សម្រាប់​ការជួល​កន្លែង​ស្នាក់នៅ របស់​អ្នកដែល​ដែល​បាន​ចាកចេញ ពី​ហ្វូគូស្ហ៊ីម៉ា។

នៅក្រោយ​ផ្ទុះឆេះ​រោងចក្រ​នុយក្លេអ៊ែរ មាន​មនុស្ស​ជាច្រើន​ពាន់នាក់ ដែល​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បាន​ចាកចេញ ដោយ​ចិត្ត​ឯង ពី​ផ្ទះសម្បែង​ ទៅ​រស់នៅ​ខេត្ត​ផ្សេង នោះ​បើទោះបី​ជា​ផ្ទះ​របស់គេ មិន​ស្ថិតនៅក្នុង​តំបន់​ដែល​រងប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​សារធាតុ​វិទ្យុសកម្ម​ក៏ដោយ។ សព្វថ្ងៃនេះ មាន​តែ​ប្រជាជន​តិចណាស់ ដែលសុខចិត្ត​ត្រលប់​ទៅ​រស់នៅ​ក្នុង​ផ្ទះ​របស់គេ នៅ​ហ្វូគូស្ហ៊ីម៉ា។ ពួកគេ​ភាគច្រើន​ជាមនុស្ស​ចាស់ ចំណែក​មនុស្ស​វ័យក្មេង នៅតែរារែក មិន​ចង់​ត្រលប់​ទៅរស់នៅ​ហ្វូគូស្ហ៊ីម៉ាវិញទេ​ដោយសារ​តែ​គេ​យល់​ឃើញថា សារធាតុ​វិទ្យុសកម្ម​ត្រូវ​បាន​សម្អាត​អស់មែន​នៅ​តាមភូមិ ប៉ុន្តែ ព្រៃ ភ្នំ​នៅ​ជុំ​វិញ ភូមិ នៅ​តែ​មាន​កម្រិត​សារធាតុ​វិទ្យុសកម្ម​ខ្ពស់។ នៅពេល​មាន​ភ្លៀងធ្លាក់ គឺ​សារធាតុ​វិទ្យុសកម្ម​នឹង​ត្រលប់​មកវិញ។ គេ​ខ្លាច​ជាងគេ គឺ​កើត​រោគ​មហារីក ដែល​បណ្តាល​មក​ពី​ការប្រឈម នឹង​សារធាតុ​វិទ្យុសកម្ម។

តាម​តួលេខ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ២០១៦ ដោយ​អាជ្ញាធរ​នៅ​ហ្វូគូស្ហ៊ីម៉ា ចាប់តាំង​ពី​មាន​សារធាតុវិទ្យុ​សកម្ម មាន​មនុស្ស​១៤៤​នាក់ហើយ ដែល​កើត​រោគ​មហារីក​ជា​ផ្លូវការ នៅ​ហ្វូគូស្ហ៊ីម៉ា។

នៅក្រោយ​គ្រោះថ្នាក់​ផ្ទុះឆេះ​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស្ហ៊ីម៉ា​ត្រូវ​បាន​ខ័ណ្ឌចែក​ចេញ​ជា​ច្រើន​តំបន់។ តំបន់​ចំនួន ៧ ដែល​ធ្លាប់​មាន​ប្រជាជន​ជាង ២ម៉ឺននាក់ ត្រូវ​បានគេ ហាម​បិទ មិន​ឲ្យ​ប្រជាជន​ត្រលប់​ចូល​ទៅ​រស់នៅ។ តំបន់​៧​ផ្សេងទៀត ត្រូវ​បានរដ្ឋាភិបាល​បោសសម្អាត​សារធាតុ​វិទ្យុសកម្ម ប៉ុន្តែ គេ​មិនអាច​ទៅរស់នៅ​បាន​ភ្លាម​វិញទេ។ ចំណែក​តំបន់​ចំនួន ១១​ផ្សេងទៀត អាច​ទទួល​ឲ្យ​ប្រជាជន​ត្រលប់​រស់នៅ​វិញ។ សរុបមក គឺ​មាន​តែតំបន់​ចំនួន ៣​ប៉ុណ្ណោះ ដែល គេ​បិទ​ហាម​រហូត មិន​ឲ្យ​មាន​មនុស្ស​រស់នៅ ដោយសារ​តែ​កម្រិតខ្ពស់​នៃ​សារធាតុ​វិទ្យុសកម្ម។ គឺ​ក្នុង​តំបន់​ដែល​គេ​បាន​បន្សាប មិន​ឲ្យ​មាន​សារធាតុ​វិទ្យុសកម្ម ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាជន​ត្រលប់​ទៅ​រស់នៅ​វិញ។

រដ្ឋាភិបាល​ជប៉ុន​ចង់​បិទបញ្ចប់​វិបត្តិ​នុយក្លេអ៊ែរហ្វូគូស្ហ៊ីម៉ា
សម្រាប់គណៈកម្មាធិការ​ដើម្បី​ជនរងគ្រោះ ការផ្តាច់​ជំនួយ​ដល់​ប្រជាជន​ដែល​មិនព្រម​ត្រលប់​ទៅ​រស់នៅ​ហ្វូគូស្ហ៊ីម៉ា នឹង​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​មួយជាន់ ដោយសារ​តែ​គ្មាន​ផ្ទះសម្បែង​ត្រឹមត្រូវ ដោយសារ​តែ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ត្រូវធ្លាក់​ខ្លួន​រស់នៅ​ក្រីក្រ​កាន់​តែខ្លាំង​ថែមទៀត។

រដ្ឋាភិបាល​ដែល​ជំនះ ចង់​ជំរុញ​ឲ្យ​ប្រជាជន​ត្រលប់​ទៅ​រស់នៅ​ហ្វូគូស្ហ៊ីម៉ា ពីព្រោះ​រដ្ឋាភិបាល​ជប៉ុន​មិន​ចង់​ឲ្យ​ហ្វូគូស្ហ៊ីម៉ា ក្លាយ​ជាទី​ក្រុង​ខ្មោច ដូច​ឆែណូប៊ីល នៅ​អ៊ុយក្រែន។ រដ្ឋាភិបាល​ជប៉ុន​ចង់​បិទបញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា ដើម្បី​ហេតុផល​ពីរ។ គឺ​ទីមួយ ដើម្បី​ហេតុផល​នុយក្លេអ៊ែរ។ រដ្ឋាភិបាល​ចង់​បង្ហាញ​ថា គេ​នៅ​តែ​អាច​ជំនះ ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ។ ដើម្បីប្រយោជន៍​សេដ្ឋកិច្ច រដ្ឋាភិបាល​របស់​លោក​អាបេ ដែល​គាំទ្រ ថាមពល​នុយក្លេអ៊ែរ ចង់​ឲ្យ​គេ​ដាក់​ដំណើរការ​ឡើងវិញ រោងចក្រ​នុយក្លេអ៊ែរ ដែល​បិទ​នៅ ក្រោយ​គ្រោះថ្នាក់ ផ្ទុះឆេះ​រោងចក្រ​នៅ​ហ្វូគូស្ហ៊ីម៉ា។ ហេតុផល​ទី ២ គឺ ជប៉ុន​ត្រូវ​ទទួល​កីឡា​អូឡាំពិក នៅ​ឆ្នាំ ២០២០។ ដោយ​ធ្វើ​ឲ្យ​អ្វីៗ​ក្លាយ​ជាធម្មតា គ្មាន​បញ្ហា​សារធាតុ​វិទ្យុសកម្ម ហ្វូគូស្ហ៊ីម៉ា ជប៉ុន​ចង់​បង្ហាញ​ដល់​ជនបរទេស​ថា ជប៉ុន មាន​សុវត្ថិភាព គ្មាន​សារធាតុវិទ្យុសកម្ម ដែល​គ្រោះថ្នាក់​ដល់​អ្នកដែល​​ចូលរួម​ក្នុង​ការប្រកួត​កីឡាឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ