ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

ចិន៖ ការផ្តន្ទាទោស​លើ​ក្រុមមេធាវី​ការពារ​សិទ្ធិមនុស្ស ជា​ការបោះជំហាន​ដ៏សំខាន់

media  
Zhou Qiang, President of China's Supreme People's Court, gives a speech during the third plenary session of the National People's Congress (NPC) at the Great Hall of the People, in Beijing, China, March 12, 2017. © REUTERS/Tyrone Siu

សំណុំរឿង​ពុករលួយ​នៅ​តុលាការ​ចិន​បាន​កើនឡើង​មួយភាគបី នៅ​ឆ្នាំ ២០១៦។ នេះ​បើតាម​ការប្រកាស​របស់​ប្រធាន​តុលាការ​កំពូល ចិន នៅ​ថ្ងៃ​អាទិត្យ​នេះ។ នៅក្នុង​បទ​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ ប្រធាន​តុលាការ​កំពូល​ចិន​បាន​អួតសរសើរ​ផងដែរ ពី​ការផ្តន្ទាទោស​ទៅលើ​ក្រុមមេធាវី ការពារ​សិទ្ធិមនុស្ស ដែល​លោក​បាន​ចាត់ទុក ជា​ការសម្រេច​បាន​ដ៏ជោគជ័យ​របស់​តុលាការ​ចិន។

ទៅតាម​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​លោក​បង្ហាញ​ឡើង​នៅក្នុង​ការប្រជុំ​សភា ពេញអង្គ​នៅ​ថ្ងៃ​អាទិត្យនេះ ប្រធាន​តុលាការ​កំពូល លោក​Zhou Qiang បាន​និយាយ​ថា សំណុំរឿង​ពុករលួយ ដែលតុលាការ​ចិន​បើក​សវនការ​ជំនុំជម្រះ បាន​កើនឡើង ពី​៣៤ ០០០ ទៅ ៤៥ ០០០ ករណី នៅ​ឆ្នាំ ២០១៦ ដែលនៅក្នុង​នោះ មាន​ជាប់​ពាក់ព័ន្ធ​មនុស្ស​ជាង ៦ ៣០០០​នាក់។

 

តាម​ប្រធាន​តុលាការ​កំពូល ក្នុង​រយៈពេល​ពេញមួយឆ្នាំ តុលាការ​កំពូល​ប្រជាជន​ចិន បាន​ជំនុំជម្រះ​សំណុំរឿង​ពុករលួយ ជាង ២៣ ០០០ ក្នុង​ពេល​ដែល​តុលាការ​នៅ​ថ្នាក់​មូលដ្ឋាន បាន​កាត់ក្តី​រឿងពុករលួយ ដល់​ទៅ​ជាង​១លាន​ករណី។ ការផ្តន្ទាទោស​វិញ​គឺ​មាន ដល់​ទៅ ៩៩,៩២ភាគរយ មាន​ន័យថា មនុស្ស​ដែល​ត្រូវ​នាំ​ខ្លួន​ចូល​តុលាការ​សឹង​ទាំង​អស់​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ទោស លើកលែង​​តែ​​មនុស្ស​​ជាង​១ពាន់​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​តុលាការ​រកឃើញ​ថា ជា​មនុស្ស​ស្អាតស្អំ នៅក្រោយ​សវនការ​ជំនុំជម្រះ​រឿង​ពុករលួយ

 

ប្រឈម​នឹង​ការកើនឡើង​នៃ​អំពើពុករលួយ​ក្នុង​ជួរថ្នាក់​បក្ស និង​រដ្ឋាភិបាល លោក​ស៊ី ជីនពីង នៅ​ពេល​ចូល​កាន់តំណែង ជា​ប្រធានាធិបតី​ចិន នៅឆ្នាំ ២០១២ បាន​ផ្តើម​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ គ្រប់ជាន់ថ្នាក់។ ជាលទ្ធផល មនុស្ស​ជាង ១លាន​នាក់ ដែលនៅក្នុង​នោះ ភាគច្រើន​ជា​មន្រ្តីរដ្ឋការ និង​សមាជិក​បក្ស​កុម្មុយនិស្ត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស។

 

នៅក្នុង​បទបង្ហាញ​របាយការណ៍​នៅ​ថ្ងៃ​អាទិត្យ ប្រធាន​តុលាការ​កំពូល​ចិន អបអរ ចាត់ទុក ការផ្តន្ទាទោស​ដល់​ក្រុមមេធាវី ការពារ​សិទ្ធិមនុស្ស​ថា ជា​ការបោះ​ជំហាន​មួយ ដ៏​សំខាន់​របស់​តុលាការ​ចិន នៅ​ឆ្នាំ ២០១៦។ ជាញឹកញយ ក្រុមសកម្មជន និង​មេធាវី​ការពារ​សិទ្ធិមនុស្ស ត្រូវ​បាន​អាជ្ញាធរ​ចិន​ចោទប្រកាន់​ថា បាន​រួមដៃ​ជាមួយ អង្គការ​បរទេស​ដើម្បី​អូសទាញ​ឲ្យ​មាន​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល។ ពួកគេ​ទាំងនោះ ភាគច្រើន​ត្រូវ​បានចាប់ខ្លួន និង​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស ពី​បទ​ធ្វើ​សកម្មភាព ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

 

នៅ​ឆ្នាំមុន លោក​Zhou Shifeng មេធាវី​ការពារ​សិទ្ធិមនុស្ស​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ៧ឆ្នាំ ពីបទ​ធ្វើ​វិទ្ធង្សនា។ អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អ្នកជំនាញ​បាន​បរិហារ​រិះគន់​ការសម្រេច​របស់តុលាការ​ដែល​គេ​ចោទថា ជាឧបករណ៍​នយោបាយ​របស់​រដ្ឋាភិបាល​ចិន ដែល​ចង់​បិទខ្ទប់ មាត់​អ្នកដែល​ហ៊ាន​ងើប​រិះគន់​រដ្ឋាភិបាល ព្រោះថា លោក​មេធាវី​Zhou Shifeng ត្រូវ​តុលាការ​ចោទប្រកាន់ ក៏​ដោយសារ​តែ​លោក​បាន​ចេញមុខ ជួយ​ការពារ​ក្តី​ឲ្យក្រុម​តស៊ូមតិ ហើយ​និង​ជនរងគ្រោះ​ដោយសារ​ការរំលោភ​ផ្លូវភេទ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ