អានតួអត្ថបទ

អាមេរិក​នឹង​ពង្រាយ​យន្តហោះ​ដ្រូន​មីស៊ីល​​​នៅ​កូរ៉េខាង​ត្បូង

បន្ទាប់​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីលប្រឆាំង​មីស៊ីល​នៅកូរ៉េខាង​ត្បូង ដែល​​បាន​បញ្ឆេះ​កំហឹង​ប៉េកាំង​យ៉ាង​ខ្លាំង​មក នៅ​យប់​មិញ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​ថា​នឹង​ដាក់​ពង្រាយ​ដ្រូនមីស៊ីល Gray Eagle MQ-1C នៅ​កូរ៉េខាង​ត្បូង​ទៀត។ គម្រោង​បំពាក់​​​ដ្រូន​​ឱ្យ​កងពល​​ថ្មើរ​ជើង​នេះ ប្រព្រឹត្ត​​ទៅ​ក្នុង​បរិបទ​​នៃ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំងឡើងៗ​​ចំពោះ​ការ​គំរាម​កំហែង​មីស៊ីល​និង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។

ដ្រូន​មីស៊ីល MQ-1C Gray Eagle ដែល​អាមេរិក​ត្រៀម​យកទៅ​បំពាក់​ឱ្យកូួរ៉េខាង​ត្បូង
ដ្រូន​មីស៊ីល MQ-1C Gray Eagle ដែល​អាមេរិក​ត្រៀម​យកទៅ​បំពាក់​ឱ្យកូួរ៉េខាង​ត្បូង AFP PHOTO/HANDOUT/US ARMY /1st Lt. Jason Sweeney
ផ្សាយពាណិជ្ជកម្ម

មន្ទីរ​ប៉ង់តាហ្គោន បាន​លម្អិត​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​​ដ្រូន​មីស៊ីល​ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រឹង​ជា​ទូទៅ​ សមត្ថភាព​ដ្រូន​របស់យោធា​​អាមេរិក នៃ​កង​ពល​ជើង​គោក​ នៅ​គ្រប់​ទិសទី លើ​ពិភពលោក។ ការ​បញ្ជូន​ដ្រូន​ទៅ​កូរ៉េខាង​ត្បូង មិន​ជា​ករណី​​ដាច់​ដោយ​ឡែក​តែ​មួយ​គត់​ឡើយ ! នេះ​បើ​តាមការអះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក លោក Jeff Davis។

នៅ​ថ្ងៃ​ខាង​មុខ គ្រប់​កងពល​ទ័ព​ថ្មើរជើង​អាមេរិក​នឹង​ត្រូវ​មាន​រាប់ឃើញ​កង​ពល​ដ្រូន​មួយ​ក្រុម​ផង។ ដ្រូន​Gray Eagle MQ-1C ជា​ប្រភេទ​ដ្រូន​ប្រមាញ់​ដ៏​ល្បីល្បាញ​​របស់​អាំមេរិក មាន​បំពាក់​ទៅ​ដោយ​ប្រដាប់​ចាប់​សញ្ញា​ជា​ច្រើន និង​អាច​ផ្ទុក​មីស៊ីល​ដល់​ទៅ​បួន​គ្រាប់​ដែល​អាច​បាញ់​ចំ​ទិស​ដៅ​នៅ​លើ​ដី​បាន។

កង​ពល​ដ្រូន​មានកម្លាំង​១២៨​នាក់ តែ​ចំនួន​ដ្រូន​​បញ្ជា​ពី​ចម្ងាយ​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ឡើយ។ បើ​តាម​ក្បួន​ មួយ​កងៗ​អាច​មាន​ដ្រូន​ចំនួន​ប្រមាណ​១២​គ្រឿង ប៉ុន្តែ​មូលដ្ឋាន​យោធាអាមេរិក​​នៅកូរ៉េខាង​ត្បូងដែល​មាន​កម្លាំង​ទ័ព​ឈរ​ជើង​ប្រចាំ​ការ​ចំនួន ប្រមាណ​ ២៨០០០​នាក់​​ អាច​មាន​ដ្រូន​តែ​ប្រមាណ​ពី ពីរ​ទៅ​បី​គ្រឿង​ប៉ុណ្ណោះ។ ដ្រូន​ទាំង​នោះ​នឹង​បញ្ជូន​ទៅ​នៅ​ដើម​ឆ្នាំ​ក្រោយ។

ថ្វីដ្បិត​តែ ការ​បំពាក់​​ដ្រូន​ឱ្យ​​កងពល​ថ្មើរ​ជើង​អាមេរិក​​ ជា​ចំណែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​យោធា​អាមេរិក​ជា​ទូទៅ​ក្តី តែ​ជម្រើស​បញ្ជូន​ទៅ​បំពាក់​ក្នុង​ទឹក​ដី​កូរ៉េខាង​ត្បូង ដ៏​ឆាប់ៗ​នេះ ជា​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិក ដែល​​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​​ចំពោះ​កម្មវិធី​មីស៊ីល​ប៉ាលីស្ទិក​​និង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​។

នៅ​ឆ្នាំ​២០១៦​ ព្យុងយ៉ាង​បាន​សាក​ល្បង​នុយក្លេអ៊ែរ​ពីរ​លើក និង​បាន​បាញ់​មីស៊ីល​ជា​បន្ត​បន្ទាប់​ នៅ​ឆ្នាំ​នេះ ដែល​បញ្ជាក់​ថាកូរ៉េខាង​ជើង​​បាន​អភិវឌ្ឍន៍​យ៉ាង​លឿន​រហ័ស​ក្នុង​កម្មវត្ថុ​មាន​អាវុធ​នុយក្លេអ៊ែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ