ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT

ហូត​តំណែង​ប្រធានាធិបតី​ ជា​មេរៀន​នៃ​ការ​ឃុបឃិតគ្នា​​រវាង​អ្នក​នយោបាយ​និង​ឧស្សាហកម្ម ?

ហូត​តំណែង​ប្រធានាធិបតី​ ជា​មេរៀន​នៃ​ការ​ឃុបឃិតគ្នា​​រវាង​អ្នក​នយោបាយ​និង​ឧស្សាហកម្ម ? លោកស្រី​ Park Geun-hye ពេល​ចាក​ចេញ​ពី​វិមាន​ប្រធានាធិបតី នាទីក្រុង​សេអ៊ូល ថ្ងៃទី ១២​មីនា ២០១៧ Seo Myeong-gon/Yonhap via REUTERS

    លោកស្រី ប៉ាក់ គុនហេ បាន​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ប្រសូត​ចេញ​ពី​បោះឆ្នោតដំបូង​គេ​បង្អស់ ដែល​ត្រូវ​ដក​ហូត​តំណែង​ដោយ​តុលាការ ! អស់​អភ័យឯកសិទ្ធ ក្លាយ​ជា​ជនសាមញ្ញា ថ្ងៃ​នេះ​លោកស្រី ទំនង​ជា​ត្រូវ​បាន​តុលាការ​​កោះ​ហៅ​មក​សួរ​ចម្លើយ​ ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ថ្នាក់​ជាតិ។ រឿង​អាស្រូវ​ បាន​នឹង​កំពុង​អង្រួញ​ប្រព័ន្ធ​កាន់​អំណាច​ ដែល​ឈរ​លើ​ទន្ទល់​នៃ​ឃុបឃិត​គ្នារវាង​អ្នក​​​នយោបាយ​និង​ក្រុមហ៊ុនឧស្សាហកម្ម។ ​​ប្រធានាធិបតីក៏​​ធ្លាក់​អំពី​អំណាច និង​កូន​​​ថៅកែ​ក្រុមហ៊ុន​យក្ស​សាំស៊ុង ក៏​ជាប់​ពន្ធនាគារ ក្នុង​ពេល​ទន្ទឹម​គ្នា​ ! ជាមួយ​រឿង​អាស្រូវ​បែប​នេះ តើ​​កូរ៉េខាង​ត្បូង នឹង​មាន​សំណាងអាច​ធ្វើ​ការ​​សើរើ​ និង ​ប្តូរ​ផ្លាស់ឬ ?

    ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​កូរ៉េខាង​ត្បូង​ កំពុង​បោះជំហាន​ចូល​ក្នុង​ភាព​ចាស់​ទុំ។ ក្រោម​គំនាប​នៃ​បាតកម្ម​ដោយ​សន្តិវិធី​ ផ្ទុះ​ឡើង​នៅពេល​ឮ​រឿង​អាស្រូវពុក​រលួយ​ និង​ភាព​ធ្វេសប្រហែស​ឱ្យ​មិត្ត​សម្លាញ់​ចូល​ជ្រៀត​ជ្រែក​កិច្ចការ​រដ្ឋ​ តុលាការ​កូរ៉េខាងត្បូង​បាន​បង្ហាញ​ខ្លួន​ជា​អ្នក​មាន​ឯករាជ្យ​ពេញ​លេញ។ សភា និង​តុលាការ​ធម្មនុញ្ញ​បាន​ទម្លាក់​លោកស្រី ប៉ាក់ គុនហេ ​ពី​តំណែង បន្ត​ដោយ​ការ​ចាប់​ខ្លួន​​អគ្គនាយក​រង​ក្រុមហ៊ុន​សាំស៊ុងលោក Lee Jae-Yong ពី​បទពុក​រលួយ !

    កើត​ឡើង​ក្នុងគម្លាត​គ្នា​តែ​មួយ​​ខែ ហេតុការណ៍​ពីរ​នេះ បាន​ច្របាច់​អង្រួន ប្រព័ន្ធ​កាន់​អំណាច​កូរ៉េខាង​ត្បូង ដែល​មាន​ការ​ឃុបឃិត​គ្នា​ជា​រហូតមក​រវាងអ្នក​នយោបាយ​និង​អ្នក​ឧស្សាហកម្ម។ ប្រព័ន្ធ​នេះ​ត្រូ​វ​បាន​ឪពុក​លោកស្រី​ប៉ាក់​គុនហេ នាំ​មក​ដាំ​ដុះ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​តាំ​ងពី​ទសវត្សរ៍​ឆ្នាំ​១៩៦១​មក​ រហូត​នាំ​ប្រទេស​​ឱ្យ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤​ប្រចាំ​អាស៊ី តែ​ក៏​បាន​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាចរង​ទុក្ខ​ស្ទើរ​មិន​អាច​ទទួល​យក​បាន​នៅ​ថ្ងៃ​នេះ។​

    ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម​ជាប់​ចោទ ប្រធានាធិបតីអស់​អំណាច​​​អាច​នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដែរ​ កូរ៉េខាង​ត្បូង​ពិត​ជា​មាន​ឆន្ទៈចង់​ផ្តាច់​មរតក​ដឹកនាំ​បន្សល់​ទុក​ដោយ អតីត​ប្រធានាធិបតី​លោក ប៉ាក់ ជុងអ៊ី ហើយ។ នេះ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​នយោបាយ​នៅ​ក្រុង​សេអ៊ូល។ លោកស្រី ប៉ាកី គុនហេ ជា​កូន​ស្រី របស់ប៉ាក់ ជុងអ៊ី ជា​តំណាង​របប​ចាស់ដែល​ភ្លេច​គិត​ថា​ប្រទេស​បាន​​ប្តូរ​ផ្លាស់​ហើយ !
     
    ក្រោយ​ពី​បានធ្វើ​រដ្ឋ​ប្រហារ​ឡើង​កាន់​អំណាច​ នៅ​ឆ្នាំ​១៩៦១ ឧត្តមសេនីយ៍​ប៉ាក់ ជុងអ៊ី បាន​ត្រួសត្រាយ​នយោបាយ​ឧស្សាហកម្ម​ គិត​គូរ​ខ្លាំង​ដល់​​ក្រុម​ហ៊ុន​វិនិយោគ​និង​គាប​សហជីព។ សន្ទុះ​​​ក្លាយ​​ជា​អធិរាជ​ឧស្សាហកម្ម​ប្រចាំ​តំបន់បាន​ដាស់​ពួក​អ្នក​អភិរក្ស​ជំនាន់​មុន​ឱ្យ​ងើប​​​​មក​ទម្លាក់​លោកស្រី​ប៉ាក់​ គុនហេ ​ជាកូន​ស្រី។​ ម្យ៉ាង​ទៀត​មនុស្សជំនាន់​ក្រោយ និង​ជំនាន់​ជាមួយ​ នៅ​ចង​ចាំ​តែ​អនុស្សាវរីយ៍​អាក្រក់ ថា​លោក ប៉ាក់ ជុងអ៊ី ជា​មេ​ដឹកនាំ​ផ្តាច់ការ​ បង្ក្រាប​ធ្វើ​បាប​បក្ស​ប្រឆាំង។ លោក ប៉ាក់ ជុងអ៊ី ត្រូវ​បានភ្នាក់ងារ​សំងាត់​ខ្លួន​ឯង​លប​ធ្វើ​ឃាត ឧត្តមសេនីយ៍​ផ្តាច់ការ មួយ​ទៀត​បានឡើង​បន្ត និង​ប្រើ​អំពើ​ហិង្សា​សាបព្រោះ​ការ​កាប់​សម្លាប់ ​... ​ដំបៅ​នេះ​មិន​ទាន់​ជា​សះ​ស្បើយ​ទេ​ក្នុង​ព្រលឹង​ជាតិ។
     
    របប​ផ្តាច់ការ​បាន​រលត់​នៅ​ឆ្នាំ​នៅ​១៩៨៧ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​ឬស ប៉ុន្តែ​ការ​ដឹកនាំ​​នយោបាយដោយ​ត្រូវរ៉ូវ​ជាមួយ​​អ្នក​​ឧស្សាហកម្ម មិនត្រូវ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង​ទេ ! ប្រធានាធិបតី​កូរ៉េ ពី​ឆ្នាំ​១៩៩៨-២០០៣ និង​ពី​២០០៣-២០០៨ ដែល​ជាអ្នក​ចម្រើន​និយម​ ក៏​គេច​មិន​ផុត​ពី​និន្នការ​នយោបាយ​ស៊ុមគ្រលំ​ជាមួយ​ឧស្សាហកម្ម​នេះ​ដែរ។
     
    ក្រុមហ៊ុន​ឧស្សាហកម្មដែល​បាន​ទទួល​ភាព​អនុគ្រោះពិសេស​​ពី​រដ្ឋាភិបាល តែង​ផ្តល់​ជា​សំណង​ឱ្យ​អ្នក​នយោបាយ​វិញ ជាប្រាក់​​ជំនួយ​មូលនិធិ។ មាន​អ្នក​ដឹកនាំ​ប្រទេស​ជា​ច្រើនរូប​ណាស់ ដែល​​​ជាប់​អង្កេត​ពី​បទ​គេច​ពន្ធ​ឬ​ពុក​រលួយ​ តែតែង​​បាន​ការ​អភ័យ​ទោស​ពី​ប្រធានាធិបតី។ លោកស្រី​ប៉ាក់ គុនហេ ក៏​ធ្លាប់លាង​ទោស​ឱ្យ​ប្រធានក្រុមហ៊ុន​ឧស្សាហកម្មធំៗ ដូចជា SL CJ ដែរ​កាល​នៅ​កាន់​អំណាច។ នេះ​ស​បញ្ជាក់​ឱ្យឃើញ​ថា​ អំពី​ពុក​រលួយ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ។​​
     
    ចុះ​បើ​ពេល​នេះ ប្រធានាធិបតី​ខ្លួន​ឯង​ត្រូវ​ជាប់​ចោទ​ដែរ ? តើ​នរណា​ជួយនរណា ? នេះ​ពិត​ជា​ដូច​សុភាសិត​បូរាណ​ដែល​ថា ទឹក​អាចបណ្តែត​នាវា​ឱ្យ​ទៅមុខ តែ​ក៏​អាច​ពន្លិច​នៅ​នឹង​កន្លែង​បាន​ដែរ ! ​កាំបិត​កំពុងតែ​ចិត​ដង​ឯង ! ដល់​វេលា​ដែល​កូរ៉េខាង​ត្បូង​ត្រូវ​បង្កើត​ប្រជាធិបតេយ្យ​ដោយ​ពិតៗ​ហើយ ! នេះ​ជា​សំដី​របស់​បេក្ខជន​ប្រធានាធិបតី​​បក្ស​ប្រឆាំង​ឆ្វេង​និយម​ លោក លី ជែម្យ៉ុង។
     
    មិន​ថា​បេក្ខជនឆ្វេង​និយម​នេះ​ដែល​​ មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ​កូរ៉េខាង​ត្បូង ឬ​បេក្ខជន​ណា​ផ្សេង​ទេ ពួកគេ​ត្រូវ​តែ​បង្ខំ​ចិត្ត​ត្រូវ​តែ​អនុគ្រោះដល់​អ្នក​ឧស្សាហកម្ម ព្រោះ​​ក្រុមហ៊ុន​ឧស្សាហកម្ម​កូរ៉េខាង​ត្បូង ​មាន​ឈ្មោះ​បោះសំឡេង​និង​ជា​តំណាងភាព​ល្បី​រន្ទឺ​របស់​​កូរ៉េខាង​ត្បូង​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​ត្រូវ​គិត​ថា ឥទ្ធិពល​និង​ការ​ត្រូវ​រ៉ូវ​ជាមួយ​អំណាច​នយោបាយ​របស់​ក្រុមឧស្សាហកម្ម​ គឺ​ជា​បន្ទុកមួយ មិនមែន​ជា​គុណ​ប្រយោជន៍​​ដែល​រដ្ឋាភិបាល​អង្គុយស្ងៀម​ចាំ​ទាញ​យក​ឡើយ។
     
    អ្នក​នយោបាយ​ត្រូវ​យល់​អំពី​ការ​ប្តូរ​ផ្លាស់​នេះ​ប្រសិន​បើ​ចង់​មាន​អភិបាល​កិច្ច​ល្អ​ប្រសើរ។ ហើយ​វិបត្តិ​នៅ​កូរ៉េខាង​ត្បូង​ពេល​នេះ គឺ​ឱកាស​និង​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​ប្តូរផ្លាស់ ប៉ុន្តែ​សំណាង​នេះ​អាច​សម្រេច​បាន​ល្គិក​ណា​តែ​បេក្ខជន​ប្រធានាធិបតី​ចេះ​ធ្វើ​ឱ្យ​មាន​ការ​ប្តូរផ្លាស់ និង​ចេះដាក់មាន​​ដំណើរការ៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • កូរ៉េខាងត្បូង

      ប៉ាក់ គុនហេ៖ ការពិត​នឹង​លាតត្រដាង​ឡើង នៅ​ថ្ងៃ​ណាមួយ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ​ប្រធានាធិបតី​ខ្ទាត​ចេញ​ពី​តំណែង​ជា​ស្ថាពរ កូរ៉េខាង​ត្បូង​​ត្រៀម​បោះឆ្នោត​មុន​អាណត្តិ លើ​ផ្ទៃ​នៃ​ភាព​ប្រេះឆា

      ស្វែងយល់បន្ថែម

    • កូរ៉េខាង​ត្បូង ៖ អគ្គនាយករង​​សាំស៊ុង ជាប់​ចោទ​ពុករលួយ ជា​ផ្លូវការ

      ស្វែងយល់បន្ថែម

    • កូរ៉េខាងត្បូង

      កូរ៉េខាងត្បូង៖​តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung ក្នុង​រឿង​ពុករលួយ

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ