អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន-អារ៉ាប៊ីសាអូឌីត៖​លោកស៊ី ជីនពីង​ក្រាល​ព្រំក្រហម​ទទួល​ស្តេច​សាលម៉ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មីនា​នេះ មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន។ តាំង​ពី​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ២០១៥ នេះ​ជា​លើកទី១ ដែល​ព្រះអង្គ​បាន​ដាក់​ជើង​ជាន់​ទឹកដី​ចិន តែ​នេះ​ជា​ទស្សនកិច្ច​លើក​ទី២ របស់​ស្តេចអារ៉ាប៊ីសាអូឌីត​នៅ​ចិន តាំង​ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​រីយ៉ាដ​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ក្នុង​ឆ្នាំ ១៩៩០។ ព្រះរាជ្យ​ទស្សនកិច្ច​របស់​ស្តេច​សាលម៉ាន​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រេងឆៅ​របស់​អារ៉ាប៊ីសាអូឌីត និង​ចំ​ពេល​ដែល​ចិន​កំពុង​ព្យាយាម​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

ស្តេច​អារ៉ាប៊ីសាអូឌី សាលម៉ាន និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង ថ្ងៃទី១៦ មីនា ២០១៧ ក្នុង​ទីក្រុង​ប៉េកាំង
ស្តេច​អារ៉ាប៊ីសាអូឌី សាលម៉ាន និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង ថ្ងៃទី១៦ មីនា ២០១៧ ក្នុង​ទីក្រុង​ប៉េកាំង Reuters
ផ្សាយពាណិជ្ជកម្ម

រវាង​តម្រូវការ​ប្រេងឆៅ​របស់​អារ៉ាប៊ីសាអូឌីត និង​ចង់​ពង្រឹង​តួនាទី​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ចិន​ចង់​បាន​ទាំង​ពីរ ពោល​ចង់​បន្ត​ក្លាយ​ជា​អតិថិជន​ទិញ​ប្រេងឆៅ​អារ៉ាប៊ីសាអូឌីត​លំដាប់ទី១ និង​ចង់​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឲ្យ​វិបត្តិ​មួយ​ចំនួន​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ តែ​បើ​និយាយ​ពី​អាទិភាព​ទី១ របស់​ចិន គឺ​តម្រូវការ​ប្រេងឆៅ​របស់​អារ៉ាប៊ីសាអូឌីត​ដើម្បី​យក​ទៅ​ចិញ្ចឹមបំប៉ន​កំណើន​សេដ្ឋកិច្ច។ នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ទទួល​បាន​សិទ្ធិ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​បើក​ទ្វារ​វិមានប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​ជា​និមិត្តរូប​តំណាង​ឲ្យ​អំណាច​កុម្មុយនិស្ត​ដើម្បី​ទទួល​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​យ៉ាង​អធិកអធម។

អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​ទី១ ក្នុង​លោក ចំណែក​ចិន​ជា​ប្រទេស​ទិញ​ប្រេងឆៅ​ទី១ ក្នុង​លោក ហើយ​ចិន​បាន​ទិញ​ប្រេងឆៅ​ពី​អារ៉ាប៊ីសាអូឌីត​ច្រើន​ជាង​គេ។ ថ្មីៗ​នេះ និង​ដើម្បី​បង្ហាញ​ចេញ​នូវ​និមិត្តរូប​នៃ​វត្តមាន​មហាអំណាច​សេដ្ឋកិច្ច​ចិន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ទីក្រុង​ប៉េកាំង និង​ទីក្រុង​រីយ៉ាដ​បាន​បើក​សម្ពោធ​រួម​គ្នា​នូវ​ស្ថានីយ៍បូមប្រេង​មួយ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។ ជា​រៀងរាល់​ឆ្នាំ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អារ៉ាប៊ីសាអូឌីត​មាន​ទឹកប្រាក់​មិន​តិច​ជាង ៦៥ ០០លានអឺរ៉ូ​ទេ។ ក្រៅ​ពី​ត្រូវ​ការ​ប្រេងឆៅ​របស់​អារ៉ាប៊ីសាអូឌីត ចិន​ក៏​ត្រូវ​ការ​ ការ​ជួយគាំទ្រ​ពី​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​ដើម្បី​ពង្រីក និង​ពង្រឹង​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​នៅ​ចិន

មុន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មីនា​នេះ ស្តេច​សាលម៉ាន​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីបអាស៊ី​តាំង​ពី​ចុង​ខែ​កុម្ភៈ​ដោយ​បាន​ឆ្លង​កាត់​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ជប៉ុន។ គោលដៅ​សំខាន់​របស់​ព្រះអង្គ​មាន​ពីរ ទី១ ស្វែង​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ការ​លក់​ប្រេងឆៅ និង​ទី២ ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅ​អាស៊ី។ ការ​ធ្វើ​យ៉ាង​នេះ​មក​ទីក្រុង​រីយ៉ាដ​មាន​អារម្មណ៍ និង​សម្គាល់​ឃើញ​ថា អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​ជា​ប្រវត្តិសាស្រ្ត​លែង​យក​ចិត្ត​ដាក់​ចំពោះ​ខ្លួន និង​ថែម​ទាំង​បាន​ងាក​ទៅ​រាប់អាន​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ និង​គូប្រជែង​នៅ​ក្នុង​តំបន់។

ទាក់ទង​នឹង​ជម្រើស​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ការ​លក់​ប្រេងឆៅ​ក៏​ដោយសារ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃប្រេងឆៅ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក​ដែល​បាន​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់​ចុះ​យ៉ាង​គំហុក។ តាម​ពិត​ទៅ ទីក្រុង​រីយ៉ាដ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់​សេដ្ឋកិចុ្ច​ក្នុង​ឆ្នាំ ២០១៦ ក្រោម​ឈ្មោះ​ថា « ចក្ខុវិស័យ​ឆ្នាំ ២០៣០ »។ តាម​រយៈ​ចក្ខុវិស័យ​មួយ​នេះ អារ៉ាប៊ីសាអូឌីត​ចង់​ឲ្យ​ធនាគារ និង​ក្រុមហ៊ុន​នៅ​អាស៊ី​ដាក់​ទុន​វិនិយោគ​ទៅ​ក្នុង​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​វិស័យ​ថាមពល។

ចិន​ប្រើ​នយោបាយ​ការបរទេស​ឆ្លាតវៃ

ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត ២ខែ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ នា​ឱកាស​នោះ លោក​ស៊ី ជីនពីង​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​នោះ ក៏​មាន​អារ៉ាប៊ីសាអូឌីត ហើយ​ក៏​បាន​ជួប​សន្ទនា​ជាមួយ​ស្តេច​សាលម៉ាន។ កំណត់​សម្គាល់​មួយ​ទៀត លោក​ស៊ី ជីនពីង​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៥៥ ០០០លានដុល្លារ​ដោយ​ចែក​ជា ៤ករណី​រួម​មាន គម្រោង​ឧស្សាហកម្ម​នៅ​មជ្ឈិមបូព៌ា បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ថាមពល បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ផ្សេងៗ និង​ប្រាក់វិនិយោគ​រួម​រវាង​ចិន​ជាមួយ​ប្រទេស​កាតា និង​អេមីរ៉ាអារ៉ាប់រួម។

ចិន​ចង់​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ពីរ​ប្រទេស តែ​ក៏​មិន​ចង់​បាត់​ផលប្រយោជន៍​ជាមួយ​ប្រទេស​ណា​មួយ​ដែរ។ ចិន​បាន​ប្រើ​នយោបាយ​ការបរទេស​ឆ្លាតវៃ​ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់ ៣ ទី១ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទី២ ការ​គោរព​អធិបតេយ្យភាព​ដែនដី និង​ទី៣ មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នក​ដទៃ។ ជាក់ស្តែង​នៅ​ក្នុង​ជម្លោះ​ការទូត​ថ្មីៗ​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត ចិន​ដែល​ទទួល​បាន​ប្រយោជន៍​ទាំង​សងខាង​មិន​ល្ងង់​ទៅ​កាន់​ជើង​អ៊ីរ៉ង់ ជាន់​ពន្លិច​អារ៉ាប៊ីសាអូឌីត ឬ​ទៅ​កាន់​ជើង​អារ៉ាប៊ីសាអូឌីត ជាន់​ពន្លិច​អ៊ីរ៉ង់​ទេ។

ចិន​គ្រាន់​តែ​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំង​ពីរ​ចេះ​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ យុទ្ធសាស្រ្ត​របស់​ចិន​គឺ​មិន​ធ្វើ​ឲ្យ​ភាគី​ណា​មួយ​អាក់អន់​ស្រពន់​ចិត្ត​នឹង​ខ្លួន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ