អានតួអត្ថបទ
តៃវ៉ាន់-ចិន

តៃវ៉ាន់​ព្រមាន​វាយប្រហារ​ចិន​ដោយ​ប្រើ​គ្រាប់មីស៊ីល

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មីនា តៃវ៉ាន់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​លើក​ទី១ ពី​លទ្ធភាព​វាយប្រហារ​ចិនដីគោក​ដោយ​បាញ់ផ្លោង​គ្រាប់មីស៊ីល។ សេចក្តី​ប្រកាស​ព្រមាន​របៀប​នេះ​របស់​តៃវ៉ាន់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ Feng Shih-kuan នៅ​ក្នុង​ឱកាស​បង្ហាញ​របាយការណ៍​ស្តីពី​វិស័យ​ការពារជាតិ។ សូម​ជម្រាប​ជូន​ថា ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម និង​ព្រមាន​វាយប្រហារ បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ។

លោក Feng Shih-kuan រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់
លោក Feng Shih-kuan រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​តៃវ៉ាន់ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នា​ឱកាស​បង្ហាញ​របាយការណ៍​ស្តីពី​វិស័យ​ការពារជាតិ​នៅ​ក្នុង​រដ្ឋសភា​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ Feng Shih-kuan បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​ឥត​រារែក​ថា តៃវ៉ាន់​អាច​វាយប្រហារ​ចិន​ដោយ​បាញ់​គ្រាប់មីស៊ីល។ ពាក្យ​សម្តី​របស់​លោក Feng Shih-kuan ដូច​នេះ គឺ​ជា​ការ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​ចង់​ដឹង​ថា តើ​តៃវ៉ាន់​មាន​លទ្ធភាព​បាញ់​លើ​ចិន​ដីគោក ឬ​អត់។ នៅ​ក្នុង​អតីតកាល ក្រសួង​ការពារជាតិ​តែវ៉ាន់​ធ្លាប់​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ផលិត​គ្រាប់មីស៊ីល​បាញ់​បាន​ចម្ងាយ​ឆា្ងយ តែ​មិន​ដែល​បាន​ប្រកាស​ជា​សាធារណៈ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​គ្រាប់មីស៊ីល​នោះ​ទេ។

ក្រៅ​ពី​ប្រាប់​ឲ្យ​ដឹង​ពី​គ្រាប់មីស៊ីល​ដែល​អាច​បាញ់​បាន​ចម្ងាយ​ជាង ១ ៥០០គីឡូម៉ែត្រ របាយការណ៍​របស់​ក្រសួង​ការពារជាតិ​ក៏​បាន​សន្យា​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​យោធា​ដ៏​ប្រសើរ​សម្រាប់​តៃវ៉ាន់។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន របាយការណ៍​បាន​សរសេរ​ថា « បើ​សត្រូវ​ព្យាយាម​ឈ្លានពាន​យើង យើង​នឹង​កម្ទេច​ឲ្យ​ចុះ​ខ្សោយ​ដោយ​វាយប្រហារ​សំដៅ​លើ​ពួក​ទាហាន​ដល់​មូលដ្ឋាន​នៅ​គ្រប់​សមរភូមិ​របស់​វា​តែ​ម្តង »។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​ក៏​បាន​បន្ថែម​ដោយ​សង្ឃឹម​ថា ថវិកា​យោធា​សម្រាប់​ឆ្នាំ ២០១៨ នឹង​កើន​បន្ថែម ៣% ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​កើន​តែ ២%។

ការ​ប្រកាស​ព្រមាន​របស់​តៃវ៉ាន់​របៀប​នេះ​ប្រហែល​មិន​បាន​ធ្វើ​ឲ្យ​ចិន​ព្រឺរោម​ទេ ព្រោះ​ថា ចិន​មាន​ដាក់​តាំង​គ្រាប់មីស៊ីល​ជាង ១ ៥០០ដើម​បែរ​កាណុង​លើ​កោះ​តៃវ៉ាន់ និង​មាន​ចំនួន​ទ័ព​ប្រមាណ​ជា ២លាន ៣សែននាក់។ រីឯ​តៃវ៉ាន់​វិញ មាន​ចំនួន​ទ័ព​តែ ២០០ ០០០នាក់​ប៉ុណ្ណោះ ពោលមិន​ស្មើ​នឹង​មួយ​កងពលធំ​របស់​ចិន​ផង ហើយ​ជា​ទូទៅ តៃវ៉ាន់​អាង​អាមេរិក​ដែល​ជា​អ្នក​លក់​អាវុធ​ឲ្យ​ខ្លួន។ សូម​ជម្រាប​ជូន​ថា តាំង​ពី​លោកស្រី Tsai Ing-wen ឡើង​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​មក កម្តៅ​ការទូត​រវាង​ប៉េកាំង និង​តៃប៉ិក​បាន​ឡើង​ក្តៅ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ចិន​កាត់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ព្រម​ទាំង​បង្កើន​សមយុទ្ធ​នៅ​ក្បែរ​កោះតៃវ៉ាន់។

គួរ​រម្លឹក​ឡើង​វិញ​ថា តាំង​ពី​ឆ្នាំ ១៩៤៩ មក​ម្ល៉េះ​ដែល​តៃវ៉ាន់​បាន​ផ្តាច់ខ្លួន​ចេញ​ពី​ចិន​ដីគោក តែ​ជានិច្ចកាល ចិន​តែងតែ​ចាត់​ទុក​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ខ្លួន និង​ព្រមាន​វាយប្រហារ ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ