ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
អាស៊ី

ចិន បិទ​មជ្ឈមណ្ឌល​​ថាមពល​​ធ្យូង​ថ្ម​ចុងក្រោយ​របស់​ខ្លួន​ដើម្បី​បរិស្ថាន

media  
មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​នៅក្បែរ​ទីក្រុង​ប៉េកាំង REUTERS/Jason Lee

មជ្ឈមណ្ឌល​ថាមពល​ដើរដោយ​ធ្យូង​ថ្ម ដ៏​ធំ​ជាងគេ​បង្អស់​ចុងក្រោយ នៅ​ទីក្រុង​ត្រូវ​ផ្អាក​សកម្មភាព​របស់​ខ្លួន​ហើយ ! មាន​ន័យ​ថា ចាប់​ពេល​នេះ​ទៅ ការ​ផ្គត់ផ្គង់​​ថាមពល​អគ្គិសនី​ប្រើប្រាស់​សម្រាប់​ក្រុង​ប៉េកាំង ត្រូវ​រំពឹង​ទាំង​ស្រុង​​ទៅ​លើ​ឧស្ម័ន​ហ្កាស។ នេះ​បើ​តាមសេចក្តី​​ប្រកាស ​របស់​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី នៅ​ថ្ងៃអាទិត្យ​ទី ១៩​មីនា២០១៧។

ការ​បិទ​មជ្ឈមណ្ឌល​ដើរ​ធ្យូង​ថ្ម Hungneng ត្រូវ​បានបង្ហើប​​​ឱ្យ​ដឹង នៅ​ក្នុង​ការ​បើក​មហាសន្និបាត​សភា​​ប្រចាំ​ឆ្នាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​កាល​នោះលោក​​នាយករដ្ឋមន្ត្រី លី ខឺឈាំង បាន​ប្រកាស​សន្យា​នាំផ្ទៃ​មេឃ​ខៀវ​ស្រលះ​ជូន​ប្រជាជន។ ថ្ងៃ​នេះ មជ្ឈមណ្ឌល​ធ្យូងថ្ម​ដ៏​ធំ​ចុង​ក្រោយ ត្រូវ​បញ្ឈប់​សកម្មភាព​មែន។ បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី ប៉េកាំង​ពេល​នេះ​បាន​ក្លាយ​ជា​ក្រុង​ដំបូង​របស់​ចិន ដែល​ប្រើ​ប្រាស់​អគ្គិសនី​ បាន​មក​ពី​ឧស្ម័ន​ធម្មជាតិ​ទាំង​ស្រុង ស្រប​តាម​កម្មវត្ថុដែល​មាន​ចែង​ក្នុងគម្រោង​​ផែនការ​៥​ឆ្នាំ​ របស់​រដ្ឋាភិបាលសម្រេច​កាលពី​ឆ្នាំ​២០១៣។​

ប៉ុន្តែ​សេចក្តី​ប្រកាស​បិទ​មជ្ឈមណ្ឌល​ ធ្លាក់​មក​ជួន​​ចំ​ពេល​ ប៉េកាំង​កំពុង​ផ្តើម​រងគ្រោះ​​ថប់​ខ្យល់​ ជា​ថ្មី ព្រោះ​តែ​មាន​សារធាតុ​ពុល​ខ្លាំង​ក្នុង​បរិយាស។ អាជ្ញាធរ​ក្រុង​ទើប​បាន​ប្រកាស​អាសន្នកំរិត​ទាប​ ជា​ថ្មី​នៅយប់​មិញ។ ផ្សែង​អួរ​អាប់​ក្នុងបរិយាកាស​ បាន​បង្ហាញ​វត្តមាន​ជា​ថ្មី តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ នៅ​ក្នុង​រដ្ឋ​ធានី ហើយ​ស្ថានភាព​នេះ​នឹង​បន្ត​ដុនដាប​នៅ​ថ្ងៃ​សប្តាហ៍​ខាង​មុខ។

 
ចិន​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក តែង​ជួប​ករណី​ថប់​ខ្យល់​ ដោយ​ផ្សែងនិងពពក​ពុល​​ពេញ​បរិយាកាស​ កាន់​តែ​ញយ និង​ក្នុង​រយៈ​ពេល​យូរឡើងៗ។ តាំង​ពី​ថ្ងៃពុធទី ១៥មីនា ថ្ងៃបិទ​មហាសន្និបាត​សភា​ប្រចាំ​ឆ្នាំ​មក​ កំរិត​ធាតុ​ល្អិតឆ្មារៗpm2.5 ក្នុង​ខ្យល់​បាន​ឡើង​ដល់​ទៅ ២០០-៣៣០​ ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់ ពោល​គឺ​១០​ដង​ច្រើន​ជាង​កំរិត​អតិបរមា​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក។
 
ធាតុល្អិត​PM2.5 ដែល​អាច​ស្រូប​ចូល​ដល់​ក្នុង​សួត និង​អាច​ជ្រៀប​ចូល​ក្នុង​ប្រព័ន្ធបង្ហូរ​​ឈាម គឺ​ជា​ភ្នាក់ងារ​បង្កើន​អត្រា​កើត​ជំងឺ​រលាក​ទង​សួត​​រ៉ាំរ៉ៃ មហារីក​សួត និង​ជំងឺ​បេះដូង។ ​ ជាទូទៅ កំរិត​ជាតិ​ពុល​ក្នុង​បរិយាកាស​នៅ​ចិន អាធ​ធ្លាប់​ចុះ​ទាប​ គួរ​ឱ្យ​ចាប់​គត់​សម្គាល់ គឺ​នៅ​ពេល​ណា​តែ​មាន​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ​ធំៗ​តែ​ប៉ុណ្ណោះ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ