អានតួអត្ថបទ

លោក ឌុយទែរតេ ៖ គេ​មិន​អាច​ប្រឆាំង​ចិន​ក្នុង​នយោបាយ​វាតទឹក​ដី​ក្នុង​សមុទ្ទ​ខាង​ត្បូង

មិន​អាច ឬ​មិន​ចង់ ? បុរស​ខ្លាំង​ហ្វីលីពីន លោក ឌុយទែរតេ បាន​អះអាង​នៅ​ថ្ងៃអាទិត្យ​ទី ១៩​មីនា ថា​ហ្វីលីពីន​​គ្មាន​លទ្ធភាព​អ្វី​​នឹង​ហាមឃាត់​​ចិន​ មិន​ឱ្យ​សាង​សង់ស្ថានីយ៍ នៅ​លើ​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក ក្បែរ​ឆ្នេរ​ហ្វីលីពីន ក្នុង​ផ្ទៃ​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជាប់​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​​ជា​ច្រើន​នោះ​បាន​ឡើយ។

តំបន់​ប្រជុំ​កូនកោះ  Scarborough ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដណ្តើម​ត្រួតត្រា​​ដោយ​ចិន​នៅឆ្នាំ​២០១២
តំបន់​ប្រជុំ​កូនកោះ Scarborough ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដណ្តើម​ត្រួតត្រា​​ដោយ​ចិន​នៅឆ្នាំ​២០១២ Wikimedia Commons / NASA
ផ្សាយពាណិជ្ជកម្ម

ជា​ប្រតិកម្ម​ទៅ​នឹង​ព័ត៌មាន​ផ្តល់​ដោយ​អភិបាល​ក្រុង​​ Sansha ក្រុង​ថ្មី​របស់​ហ្វីលីពីន​នៅ​ក្បាលប្រជុំ​កោះ​ប៉ារ៉ាសែល ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ថា​ចិន​កំពុង​គិត​ប្រុង​សាង​សង់​ស្ថានីយ៍​បរិស្ថាន​ មួយ​លើ​តំបន់​ប្រជុំ​កូន​កោះ​ Scarborough លោក​ប្រធានាធិបតី​ ឌុយទែរតេ បានសារភាព​ថា​ លោក​មិន​អាច​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​បាន​ឡើយ ! ព្រោះ​ជា​សង្គ្រាម​ដែល​ហ្វីលីពីន​​ជា​អ្នក​ចាញ់ អស់​ទ័ព អស់​ប៉ូលិស និង​អស់ជាតិ។ ​

 
សម្រាប់​លោក​ ឌុយទែរតេ ហ្វីលីពីន​មិន​អាច​ហាមឃាត់​ចិន​មិន​ឱ្យ​ធ្វើ​អ្វី​មួយ​លើ​ប្រជុំ​កូន​កោះ​នោះ​បាន​ឡើយ តែ​លោក​សន្យា​ថា​នឹង​ទៅ​និយាយ​ជាមួយ​ចិន ​ឱ្យទុក​ផ្លូវ​សម្រាប់​​ហ្វីលីពីន​ចេញ​ចូល​ក្នុង​ដែន​ទឹក​នោះ និង​មិន​បង្អាក់​សកម្ម​ភាព​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន។

ប៉េកាំង​បាន​សាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​យោធាកំពង់​ផែ ផ្លូវ​ចុះ​យន្តហោះ នៅ​លើ​កោះ និង​កូន​កោះ​សប្បនិម្មិត​ជា​ច្រើន​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ជាប់​ជម្លោះ។ ប្រសិន​បើ​ចិន ពិត​ជា​ត្រូវ​សាង​សង់​ស្ថានីយ៍​នៅ​លើ​កោះ​ស្កាបូរ៉ូងទៀត នោះ​មាន​ន័យ​ថា​ចិន​ពិត​ជា​គ្រប់គ្រងយោធា​​បាន​ទាំង​ស្រុង​នៅ​ក្នុង​តំបន់។

ប្រជុំ​កូនកោះ​Scarborough ដែល​ដណ្តើម​ត្រួត​ត្រាដោយ​ចិន នៅ​ឆ្នាំ​២០១២ ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​២៣០​គីឡូម៉ែត្រ​ពី​កោះ​ Luçon កោះ​មេ​របស់​ប្រទេស​ហ្វីលីពីន ជា​តំបន់​នេសាទ​ដ៏​សម្បូរ​បែប​ផ្នែក​មច្ឆាជាតិ​របស់​ពលរដ្ឋ​ហ្វីលីពីន និង​ស្ថិត​នៅ​ចម្ងាយណាស់​ពី​ប្រទេស​ចិន ដែនដី​កោះ​របស់​ចិន​ជិត​ជាង​គេ​គឺ​កោះ​ហៃណាន់ ក្នុង​ចម្ងាយដល់​ទៅ​​​៦៥០​គីឡូម៉ែត្រ។

ប្រមុខ​ដឹកនាំ​ហ្វីលីពីន​មុន គឺ​លោក​អាំគីណូ បាន​ធ្លាប់​ប្រឹង​ការពារ​បូរណភាព​ដែន​ដី​នេះ មួយ​ដុំ​នេះ​ខ្លាំង​ណាស់ ដោយ​បាន​ឈ្លោះ​តវាជាមួយ​ចិន ប្តឹង​ដល់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ។ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦ តុលាការ​បាន​កាត់​ក្តី​ឱ្យ​ហ្វីលីពីន​ឈ្នះ ចាត់​ទុក​ទង្វើ​ក្រសោប​ដែន​ទឹក​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ថា​ខុស​ច្បាប់។ ប៉ុន្តែ​តាំង​ពី​​លោក ឌុយទែរតេ បាន​ជាប់​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​មក ហ្វីលីពីន​បាន​ប្តូរ​ទិស​នយោបាយ​​ការបរទេស​ទាំង​ស្រុង ជា​ពិសេស​ក្នុង​ជម្លោះ​សមុទ្ទ​ចិន​ខាង​ត្បូង ដោយងាក​ទៅ​ស្រវ៉ា​អោប​ចិន​ បែរ​ខ្នង​ឱ្យ​អាមេរិក​ទៅ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ