ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
អាស៊ី

កិច្ច​​ពិភាក្សា​​រវាង​​រុស្សី​​និង​​ជប៉ុន​​​នៅ​តូក្យូ​​​​​​នៅ​លើ​​​​​បញ្ហាសន្តិសុខ ​​​កូរ៉េ​​ខាង​ជើង​និង​​​​​ បញ្ហា​កោះ​គួរីល​​

media រដ្ឋមន្ត្រីការបរទេសជប៉ុន លោក​ Fumio Kishida REUTERS/Chris Wattie

នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ចន្ទ​ទី​២០​មីនា​នេះ​​ រដ្ឋមន្ត្រី​​ការបរទេស​និង​ការពារជាតិ​ជប៉ុន ជាមួយ​សមភាគី​រុស្ស៊ី បាន​ធ្វើការ​ពិភាក្សា​រួម​គ្នា​នៅ​ក្នុង​ទីក្រុង​តូក្យូ​​ដោយផ្តោតទៅលើ​​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក បញ្ហា​កូរ៉េ​ខាង​ជើង​និង​បញ្ហា​ជម្លោះ​កោះគួរីល។​

 

នៅ​មុខ​អ្នកសាព័តមាន​មុន​ពេល​​ជួប​ពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី លោក Sergueï Lavrov ​​នា​ថ្ងៃ​ចន្ទ​២០​មីនា​នេះ ក្នុងទីក្រុងតួក្យូ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Fumio Kishida បានថ្លែង​បញ្ជាក់​ប្រាប់​ថា ជប៉ុន​និង​រុស្ស៊ី ​ពិភាក្សា​ជាមួយគ្នា​នៅ​លើ​​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក ​បញ្ហា​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទីក​កូរ៉េ​ខាង​ជើង​ក៏​ព្រម​ទាំង​បញ្ហា​ជម្លោះ​កោះ​គូរីល​។​

នៅលើ​បញ្ហា​កូរ៉េ​ខាង​ជើ់ង​ ទីក្រុង​តូក្យូ ​សម្តែងការ​ព្រួយបារម្ភ​ពីព្រោះ​របប​ព្យុងយ៉ាង​ បាន​អភិវឌ្ឈន៍​មីស៊ីល​​កាន់តែ​ច្រើន​ឡើង​ៗ​។ ទន្ទឹមនេះ ​មីស៊ីល​ខ្លះៗ ត្រូវ​បាន​កូរ៉េ​ខាង​ជើង ​បាញ់​​ធ្លាក់​នៅ​ក្បែរ​ទីឆ្នេរ​សមុទ្រ​ជប៉ុន​​ចាប់តាំង​ពី​ឆ្នាំ​មុន។
 
កាល​ពី​២​សប្តាហ៍​មុននេះដែរ​ ​កូរ៉េ​ខាង​ជើង​ បាន​បាញ់​ផ្លោង​​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​សំដៅ​ទៅ​លើ​ទីប្រជុំកោះ​ជប៉ុន។ ក្នុង​ចំណោម​នោះ ​មីស៊ីល​៣​គ្រាប់ បាន​ធ្លាក់​នៅ​កណ្តាល​សមុទ្រ​ត្រង់​ទីក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន​ជាទី​ដែល​មាន​ប្រជាជន​រស់​នៅ​ចំនួន ២ ម៉ឺន​៩០០០​នាក់។ ​
 
ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី​ ដោយ​មិន​ពោល​ចំ​ឈ្មោះ​កូរ៉េ​ខាង​ជើង ​បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ពិភពលោក​និង​បញ្ហា​តំបន់​។ បញ្ហា​ទាំង​នេះ ដែល​ប្រមុខ​ការទូត​រុស្ស៊ី អះអាង​ថា​ មាន​ចំនួន​កាន់តែ​ច្រើន ​ក៏​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​នា​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​ជប៉ុន​និង​រុស្ស៊ី​។​
 
បន្ទាប់មក រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​និង​រុស្ស៊ី បាន​ចូល​រួម​កិច្ច​ពិភាក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​និង​រុស្ស៊ី​នៅ​ក្នុង​កិច្ច​ពិភាក្សា​នា​ឈុត​ទី​ពីរ​។ កិច្ច​ពិភាក្សា​បែប​នេះ ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​​២០១៣​មក​ម្ល៉េះ។
 
ម្យ៉ាងទៀត​​នៅ​ក្នុង​របៀប​វាវៈ​នៃ​កិច្ចពិភាក្សា​រវាង​រុស្ស៊ី​និង​ជប៉ុន​ ក៏​មាន​​បញ្ហា​​ជម្លោះ​ដែន​កោះ​គួរីល​ដែរ។ ​តំបន់​កោះគូរីល​ខាង​ត្បូង​ដែល​ជប៉ុន​ហៅ​ឈ្មោះ​ថា​”ដែនដី​ខាង​ជើង”  ជា​​ជម្លោះ​ដ៏​យូរលង់​​មក​ហើយ​​រវាង​ទីក្រុង​មូស្គូ​និង​តូក្យូ​ចាប់តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២​មកម្ល៉េះ ពោល​​គឺ​​តាំង​​ពី​​៧០​​ឆ្នាំ​​កន្លង​​មក​​ហើយ​។
​​
នៅ​ក្នុង​​ជម្លោះ​កោះ​គួរីល លោកស្រី​ Inada រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​រុស្ស៊ី​លោក Choïgu  បាន​គូស​បញ្ជាក់​ថា"​ភាគី​ជប៉ុន​និង​រុស្ស៊ី"​បាន​ប្តោះ​ប្តូរ​​​​គ្នា នូវ​ ការ​យល់ឃើញ​​​ដែល​ប្រកបទៅ​ដោយ​ភាព​ស្មោះ​ត្រង់​និង​សុចរិត​នៅ​លើ​ប្រធានបទ​ដែល​​ទាក់ទង​នឹង​បញ្ហា​នយោបាយ​ការពារជាតិ​និង​​តំបន់​​ដែល​​នាបច្ចុប្បន្នកាលកំពុងតែ​គ្រប​ដណ្តប់​​ដោយ​ស្ថានការណ៍​កូរ៉េ​ខាង​ជើង។​
 
យោងតាមទីភ្នាក់ងារ​សាព័ត៌មាន​ជប៉ុន Kyodo  រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ បាន​សម្តែង​ការ​ព្រួយបារម្ភ​​ចំពោះ​វត្តមាន​​យោធា​រុស្ស៊ី​ដែល​​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រជុំកោះ​ជាប់​ជម្លោះ​​ជាមួយ​រុស្ស៊ី​នេះ។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​អះអាង​ថា ដែន​​កោះ​គូរីល​​នេះ គឺ​ជា​ដែនដី​របស់​ជប៉ុន​ដោយ​​​បាន​សម្តែង​សេចក្តី​សោកស្តាយ ​ពីព្រោះ​យោងតាមយោបល់​របស់​លោកស្រី​រដ្ឋមន្ត្រីការពារជាតិជប៉ុន វត្តមាន​​​យោធា​របស់​រុស្សី​នៅ​លើ​កោះ​គួរីលនេះ​ គឺ​​ជា​​ជំហរ​ប្រឆាំងមួយរបស់រុស្ស៊ី​ទល់​នឹង​ជប៉ុន។
 
នៅលើ​បញ្ហា​កោះគូរីល​នេះ​ដែរ ក្រសួង​ការបរទេស​រុស្ស៊ី​វិញ កាលពីចុងខែឧសភាកន្លងទៅ បាន​​ជូនដំណឹងប្រាប់ថា រុស្ស៊ី​បានចាត់វិធានការណ៍ពុំធ្លាប់មានឡើយ​ដើម្បី​ធ្វើការ​ពង្រឹង​មួលដ្ឋាន​​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ​Arctique និង​នៅ​លើ​កោះគូរីល​ផង​ដែរ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ