អានតួអត្ថបទ
បារាំង-ចិន

ចិន​បាន​អំពាវនាវ​បារាំង​ឲ្យ​ធានា​សន្តិសុខ និង​សិទ្ធិ​របស់​ជនជាតិចិន​រស់​ក្នុង​ទឹកដី​បារាំង

នៅ​ថ្ងៃ​អង្គារ ទី២៨ មីនា រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការ​ដែល​ប៉ូលិស​បារាំង​បាន​បាញ់​សម្លាប់​បុរស​ជនជាតិ​ចិន​មា្នក់​អាយុ ៥៦ឆ្នាំ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៦ មីនា។ ចិន​បាន​សុំ​ការ​បំភ្លឺ​ពី​រដ្ឋាភិបាល​បារាំង ព្រម​ទាំង​អំពាវនាវ​ឲ្យ​ធានា​សន្តិសុខ និង​សិទ្ធិ​របស់​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​បារាំង។ សូម​ជម្រាប​ជូន​ថា​ក្រោយ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​រូប​បុរស​ជនជាតិ​ចិន ប្រជាជន​អាស៊ី ពិសេស​ជនជាតិ​ចិន​រស់​ក្នុង​ទីក្រុង​ប៉ារីស​បាន​នាំ​គ្នា​ដង្ហែក្បួន​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស។ ពិធី​ដង្ហែ​ក្បួន​បាន​បណ្តាល​ឲ្យ​ផ្ទុះ​អំពើហិង្សា​ដោយ​មាន​ការ​ដុតឡាន និង​ការ​ចាប់ខ្លួន​បាតុករ​ចំនួន ៣៥នាក់។

លោកស្រី Hua Chunying អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន
លោកស្រី Hua Chunying អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន DR 中文网络照片
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​កោះហៅ​ឯកអគ្គកុងស៊ុល​បារាំង​ប្រចាំ​ទីក្រុង​ប៉េកាំង​ទៅ​សួរ​នាំ បន្ទាប់​មក អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​លោកស្រី​ហួរ ជុនយីង​បាន​ទាមទារ​ឲ្យ​បារាំង​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ និង​ធានា​សន្តិសុខ ព្រម​ទាំង​សិទ្ធិ​របស់​ជនជាតិ​ចិន​ទាំង​អស់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង។ ទន្ទឹម​គ្នា​នេះ លោកស្រី​ហួរ ជុនយីង​ក៏​បាន​អំពាវនាវ​ពលរដ្ឋ​ចិន​ទាំង​អស់​ដែល​រស់​ក្នុង​ទឹកដី​បារាំង​ឲ្យ​សម្តែង​កំហឹង​របស់​ខ្លួន​ដោយ​សន្តិវិធី និង​ដោយ​ហេតុផល​ត្រឹមត្រូវ។

ប្រតិកម្ម​របស់​ចិន​ពេល​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​មាន​ផ្ទុះ​អំពើហិង្សា​នៅ​ក្នុង​ក្បួន​បាតុកម្ម​របស់​សហគមន៍​ចិន​ក្នុង​ទីក្រុង​ប៉ារីស​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី២៧ មីនា។ នៅ​ក្នុង​ក្បួន​បាតុកម្ម​នោះ ក្រុម​បាតុករ​បាន​ដុត​ឡាន​ប៉ូលិស​មួយ​គ្រឿង រថយន្ត​ចំនួន ៣គ្រឿង ហើយ​កម្លាំង​ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​បាតុករ​ចំនួន ៣៥នាក់។ បាតុកម្ម​របស់​សហគមន៍​ចិន គឺ​ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ ៥៦ឆ្នាំ​រស់ក្នុង​ទីក្រុង​ប៉ារីស​សង្កាត់​ទី១៩ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៦ មីនា។

ចម្លើយ​ពី​រដ្ឋាភិបាល​បារាំង​តប​នឹង​ប្រតិកម្ម​របស់​ចិន​វិញ ក្រសួង​ការបរទេស​បារាំង​បាន​បញ្ជាក់​ថា សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ចិន​រស់ក្នុង​ទឹកដី​បារាំង​ជា​អាទិភាពទី១ របស់​រដ្ឋាភិបាល​បារាំង។ សូម​ជម្រាប​ជូន​ថា​មក​ទល់​ពេល​នេះ មាន​ព័ត៌មាន​ពីរ​ផ្ទុយ​គ្នា​ដែល​បញ្ជាក់​ពី​ការ​ដែល​ប៉ូលិស​ដក​កាំភ្លើង​បាញ់​សម្លាប់​រូប​បុរស​ជនជាតិ​ចិន។ តាម​ព័ត៌មាន​ពី​ប៉ូលិស បុរស​រូប​នោះ​បាន​យក​កន្ត្រៃ​ចាក់​លើ​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម ៣នាក់​ដែល​ទៅ​គោះ​ទ្វារ​គេហដ្ឋាន​របស់​គាត់​ដែល​កំពុង​មាន​ជម្លោះ​ក្នុង​គ្រួសារ ហើយ​ពេល​នោះ ប៉ូលិស​រួម​ការងារ​ក៏​បាន​ដក​កាំភ្លើង​បាញ់​លើ​រូប​បុរស​ជនជាតិ​ចិន។

តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​បដិសេធ និង​អះអាង​ថា គ្មាន​ទង្វើ​ហិង្សា​ណា​មួយ​លើ​ប៉ូលិស​ទេ តែ​ប៉ូលិស​បាន​ដក​កាំភ្លើង​បាញ់​ឆៅៗ​តែ​ម្តង។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​បារាំង​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​រឿង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ