អានតួអត្ថបទ
កូរ៉េខាងជើង-ម៉ាឡេស៊ី

ម៉ាឡេស៊ី និង​កូរ៉េខាងជើង​ចរចា​ត្រូវគ្នា​ដើម្បី​ដោះដូរ​សាកសព​គីម ជុងណាម

រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​សម្រេច នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រគល់​សាកសព គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន ទៅ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​វិញ។ ការបញ្ជូន​សាកសព​គីម ជុងណាម​ទៅ​កូរ៉េខាងជើង ធ្វើឡើង​ព្រមគ្នា​នឹង​ការដោះលែង​ជនជាតិ​ម៉ាឡេស៊ី ៩​នាក់ ដែល​ត្រូវ​ជាប់ឃាំង​ដោយ​អាជ្ញាធរ​កូរ៉េខាងជើង នៅ​ទីក្រុង​ព្យុងយ៉ាង តាំង​ពីកើតមាន​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

បុរស​ដែល​គេ​ជឿថា ជា​គីម ជុងណាម​បាន​ចុះ​ពី​រថយន្ត​នៅ​ព្រលាន​យន្តហោះ នៅ​ទីក្រុង​តូក្យូ​ឆ្នាំ ២០០១
បុរស​ដែល​គេ​ជឿថា ជា​គីម ជុងណាម​បាន​ចុះ​ពី​រថយន្ត​នៅ​ព្រលាន​យន្តហោះ នៅ​ទីក្រុង​តូក្យូ​ឆ្នាំ ២០០១ ©TOSHIFUMI KITAMURA / AFP
ផ្សាយពាណិជ្ជកម្ម

ម៉ាឡេស៊ី និង​កូរ៉េខាងជើង​បាន​បិទបញ្ចប់​វិបត្តិ​ការទូត ដែល​ផ្ទុះកើត​ឡើង ដោយសារ​ឃាតកម្ម​ទៅលើ​គីម ជុងណាម បងប្រុស​ម្តាយទីទៃ របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន។ នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់​បានបញ្ជាក់​ថា សាកសព គីម ជុងណាម ដែល​បាន​ស្លាប់​ដោយសារ​អាវុធ​គីមី VX នៅ​ព្រលាន​យន្តហោះ​គូឡាឡាំពួរ នៅ​ថ្ងៃ​ទី ១៣​កុម្ភៈ ត្រូវ​បញ្ជូន​ទៅ​កូរ៉េខាងជើង។

 
តាម​អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reurters នៅ​ទន្ទឹម​នឹង​ការប្រកាស​របស់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី គេ​ឃើញ​រថយន្ត​ដែល​ទំនង​ដឹកសាកសព​លោក​គីម ជុងណាម​បាន​បើក​ចេញ​ពី​កន្លែង​ទុកសាកសព នៅ​មន្ទីរពេទ្យ​គូឡាឡាំពួរ​សំដៅ​យន្តហោះ ដែល​មាន​ទិសដៅ ទៅ​ប្រទេស​ចិន។

សាកសព​របស់​គីម ជុងណាម​ត្រូវ​បាន​បញ្ជូន​ទៅកូរ៉េខាងជើង ទៅតាម​ការស្នើសុំ​របស់​គ្រួសារ​សព។ នេះ​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​បន្ថែមថា ក្នុង​ពេល​ជាមួយ​គ្នានេះ ជនជាតិ​ម៉ាឡេស៊ី ៩​នាក់ ដែល​នៅ​ជាប់គាំង នៅ​ទីក្រុង​ព្យុងយ៉ាង ដោយសារ​តែ​វិបត្តិ​ការទូត ម៉ាឡេស៊ី និង​កូរ៉េខាងជើង នឹង​អាច​ត្រលប់​ចូល​ម៉ាឡេស៊ី​វិញ នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ។ សម្រាប់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី នៅ​បន្ទាប់ពីនេះ ជនជាតិ​កូរ៉េខាងជើង ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​ម៉ាឡេស៊ី ត្រូវ​បាន​គេ​បើកសេរីភាព​ឲ្យ​ត្រលប់​ទៅ​កូរ៉េខាងជើង​វិញ ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA បាន​បញ្ជាក់​ដំណឹង​បញ្ជូន​សាកសព​ជនជាតិ​កូរ៉េខាងជើង ទៅ​ទីក្រុង​ព្យុងយ៉ាង ប៉ុន្តែ មិន​បាន​និយាយ​ថា ជា​សាកសព​របស់​លោក​គីម ជុងណាម​នោះទេ។ រហូតមកដល់​ថ្ងៃនេះ រដ្ឋាភិបាល​កូរ៉េខាងជើង បាន​បដិសេធ​មិន​ទទួលស្គាល់ ការស៊ើបអង្កេត និងការសន្និដ្ឋាន របស់​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ថា ជនជាតិ​កូរ៉េខាងជើង ដែល​ត្រូវ​គេ​សម្លាប់​នៅ​ព្រលាន​យន្តហោះ គូឡាឡាំពួរ ជា​គីម ជុងណាម។

នៅ​ក្រោយ​ឃាតកម្ម កើតឡើង​នៅ​ខែ​កុម្ភៈ ម៉ាឡេស៊ី ធ្លាប់​បាន​បដិសេធ​មិន​បញ្ជូន​ភ្លាម សាកសព​ទៅតាម​ការទាមទារ​របស់​កូរ៉េខាងជើង។ ម៉ាឡេស៊ី​បាន​ធ្វើ​កោសល្យវិច្ច័យ និង​បាន​បញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះថា ជា​គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន។តាម​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ការស៊ើបអង្កេត​លើ​ឃាតកម្ម​នៅតែ​បន្តមាន​នៅ​ម៉ាឡេស៊ី ជាទី ដែល​ប៉ូលិស​នៅ​បន្ត​ស្វែងរក ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងជើង ៧​នាក់ ដែល​គេ​សង្ស័យថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ការលប​ធ្វើ​ឃាតកម្ម​លើ​គីម ជុងណាម។

សូមបញ្ជាក់ថា នៅ​ពីរថ្ងៃ​ក្រោយ​ឃាតកម្ម​សម្លាប់​គីម ជុងណាម នៅ​ព្រលាន​យន្តហោះ ស្ត្រី​ពីរ​នាក់ ជា​វៀតណាម និង​ឥណ្ឌូណេស៊ី​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន និង​ត្រូវ​បាន​តុលាការ​ម៉ាឡេស៊ី ចោទប្រកាន់​ពី​បទ​ធ្វើ​ឃាត​ទៅលើ​គីម ជុងណាម ក្នុង​ពេល​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង ទម្លាក់​កំហុស​ទៅលើ​ចារកិច្ច​កូរ៉េខាងជើង ក្រោម​ការបញ្ជារ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ