អានតួអត្ថបទ
បារាំង-ចិន

ប្រជាជន​បារាំង​នៅ​សៀងហៃ ត្រូវបាន​​អំពាវនាវ​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន

ស្ថានទូត​បារាំង​ប្រចាំ​នៅក្រុង​ប៉េកាំង តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០​មីនា ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង រស់នៅ​ក្នុង​ប្រទេស​ចិន ឲ្យ​ប្រុងប្រយ័ត្ន​ខ្លួន បន្ទាប់​ពី​មាន​ជនជាតិ​បារាំង​ម្នាក់​ត្រូវអំពើ​ហិង្សា នៅ​ទី​ក្រុង​សៀងហៃ កាលពី​ថ្ងៃ​ពុធ។ ប៉ូលិស​ចិន​បាន​ចាប់ខ្លួន​ជនដៃដល់ ដែល​ប៉ូលិស​វាយតម្លៃ​ថា មាន​ជម្ងឺ​ផ្លូវចិត្ត។

ទីក្រុង​សៀងហៃ​នាពេល​រាត្រី
ទីក្រុង​សៀងហៃ​នាពេល​រាត្រី REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ប្រកាស ដែល​គេ​ឃើញ​មាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិបសៃតិ៍​ស្ថានទូត​បារាំង ប្រចាំ​ប៉េកាំង ជនជាតិ​បារាំង​ម្នាក់ ត្រូវ​បាន​ជនជាតិ​ចិន​ចាក់​ឲ្យ​របួស នៅ​ថ្ងៃ​ពុធ នៅ​ក្នុង​ទីក្រុង​សៀងហៃ។ នៅក្នុង​សេចក្តី​ប្រកាស ស្ថានទូត​បារាំង​មិន​បាន​បង្ហាញ​អត្តសញ្ញាណ និង​ស្ថានភាព​របស់​អ្នករបួស។ នៅ​ល្ងាច​ថ្ងៃ​សុក្រ ប៉ូលិស​ចិន​បាន​អះអាងថា ជនជាតិ​បរទេស​ម្នាក់​រងរបួស​ស្រាល ត្រង់ក ចំណែក ជនសង្ស័យ ក្នុង​វ័យ ២៧​ឆ្នាំ ដែល​មាន​ជម្ងឺ​ផ្លូវចិត្ត បាន​ប្រើ​កាំបិត​កោរពុកមាត់ វាយប្រហារ​ទៅលើ​ជនបរទេស ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន។

 
នៅក្នុង​សេចក្តី​ថ្លែងការណ៍ ស្ថានទូត​បារាំង​បាន​អំពាវនាវ​ឲ្យ​ជនជាតិ​បារាំង រស់នៅ​ស្រុក​ចិន ប្រយ័ត្នប្រយែង​ខ្លួន និង​ថា រដ្ឋាភិបាល​បារាំង​បាន​ជូនដំណឹង​ជាបន្តបន្ទាប់​ទៅ​អាជ្ញាធរ​ចិន ដើម្បី​រំលឹក​ថា សន្តិសុខ សុវត្ថិភាព​របស់​ជនជាតិ​បារាំង​នៅ​ចិន ជា​អាទិភាព​ចំបង​របស់​រដ្ឋាភិបាល​បារាំង។

គេ​មិន​ដឹងថា តើ​ករណី​ចាក់​ជនជាតិ​បារាំង​ឲ្យ​របួស​នៅ​ថ្ងៃពុធ មាន​ជាប់ទាក់ទង​នឹង​ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន នៅ​ទីក្រុង​ប៉ារីស​ដែរ​ឬយ៉ាងណា​នោះទេ។ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍នេះ ប៉េកាំង​បាន​ទាមទារ​ជាលើក​ទី១ ឲ្យ​រដ្ឋាភិបាល​បារាំង ​ធ្វើការ​ស៊ើបអង្កេត និង​ធានា​សន្តិសុខ​ឲ្យ​សហគមន៍​ជនជាតិ​ចិន នៅ​បារាំង ពោល គឺ​បន្ទាប់​ពី​បុរស​ជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ប៉ូលិស​បារាំង បាញ់​សម្លាប់ ក្នុង​ស្ថានភាព​មួយ​មិន​ច្បាស់លាស់ នៅ​ទីក្រុង​ប៉ារីស។ ហេតុការណ៍​នេះ​បាន​ជំរុញ​ឲ្យ​សហគមន៍​ជនជាតិ​ចិន​ធ្វើ​បាតុកម្ម ប្រឆាំង​ប៉ូលិស។ ការប៉ះទង្គិច​គ្នា រវាង​បាតុករ​ចិន និង​ប៉ូលិស​បារាំង បាន​បណ្តាល​ឲ្យ​បាតុករ​៣៥នាក់ ត្រូវ​ចាប់ខ្លួន នៅ​ថ្ងៃ​ចន្ទ។ ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន នៅ​ប៉ារីស​ត្រូវ​បាន​ចុះផ្សាយ​យ៉ាងព្រោងព្រាត នៅ​តាម​កាសែត និង​ក្នុង​បណ្តាញ​សង្គម រហូត​ដល់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ខ្លះ​បាន​អំពាវនាវ​ឲ្យ​គេ​ធ្វើ​ពហិកា មិន​ទិញ​ទំនិញ​បារាំង​ថែមទៀត។

បាតុកម្ម​របស់​សហគមន៍​ជនជាតិ​ចិន កើតមាន​ដោយ​កម្រ​បំផុត​នៅ​បារាំង។ ចំណែក​ការវាយប្រហារ​ទៅលើ​ជនជាតិ​ស្បែកស នៅ​ប្រទេស​ចិន ក៏​ជារឿង​កម្រ​ណាស់ដែរ។ នៅ​ទីក្រុង​សៀងហៃ មាន​ជនជាតិ​បារាំង ប្រមាណ​១២ ០០០​នាក់ បាន​ចុះឈ្មោះ​នៅ​កុងស៊ុល ប៉ុន្តែ អាជ្ញាធរ​បារាំង​វាយតម្លៃថា មាន​ប្រជាជន​បារាំង ច្រើនជាងនេះ​ដល់​ទៅ​ជិត ២ម៉ឺននាក់ ដែល​ធ្វើការ និង​រស់នៅ​ទីក្រុង​សៀងហៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ