អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា​បោះជំហានស្ទុយៗ​ទៅរក​លទ្ធិប្រជាធិបតេយ្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី ១ មេសា ២០១៧​នេះ មាន​ការ​បោះឆ្នោត​សភា​មួយ​ភាគ​នៅ​ប្រទេស​ភូមា ដើម្បី​បំពេញ​អាសនៈ​ដែល​នៅ​ទំនេរ ! នេះ​ជា​លើកទី​មួយ​ហើយ ដែល​បណ្តា​ជន​ភូមា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​បោះឆ្នោត​ជា​ថ្មី បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៥​ដែល​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី បានទទួល​ជោគជ័យ​ភ្លូកទឹក​ភ្លូកដី។ ប៉ុន្តែ​មួយ​ឆ្នាំគត់​​ក្រោយការ​ចូល​កាន់​តំណែង​ដឹកនាំ​ប្រទេស​ ​រដ្ឋាភិបាល​ស៊ីវិលភូមា​​​ដំបូងបង្អស់ ​គិត​ចាប់​ពី​ឆ្នាំ​១៩៦៧​មក ត្រូវ​ប្រឈម​នឹង​ការ​អត់ធ្មត់ ការ​មិន​សប្បាយ​ខ្លាំងឡើងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ។ តើ​​ភូមា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​ ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​មាន​តុល្យការ​យ៉ាងណា ?

លោកស្រី អ៊ុង សានស៊ូជី នៅ​ក្នុង​សភា នា​ទីក្រុង​ Naypidaw
លោកស្រី អ៊ុង សានស៊ូជី នៅ​ក្នុង​សភា នា​ទីក្រុង​ Naypidaw REUTETS/Soe Zeya Tun/File Photo
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ថ្ងៃ​នេះ ជា​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ចំនួន ១៩​ អាសនៈ ដើម្បី​មក​បំពេញ​កៅ​អី​​ទំនេរ​នៅ​ក្នុង​រដ្ឋ​សភា​ជាតិនិង​តំបន់ ព្រោះ​តែ​​សមាជិក​សភា​ខ្លះ បានចេញ​​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ជូរ​រដ្ឋាភិបាល ហើយ​អាសនៈ​មួយ​ចំនួន​ទៀត សល់​ទំនេរ​តាំងពី​ឆ្នាំ​២០១៥​មក ដោយ​ហេតុ​តែ​អស្ថិរភាព​នយោបាយ ពុំ​អាច​ធ្វើ​ការ​បោះឆ្នោត​បាន​ក្នុង​សម័យ​បោះឆ្នោត​ជាតិ។

មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ចាប់​ផ្តើម​មក​តម្រង់ជួរ នៅ​តាមការិយាល័យ​បោះឆ្នោត​ នៅ​ទីក្រុង​រ៉ង់ហ្គូន តែ​គេ​សង្កេត​ឃើញ​មាន​អ្នក​អវត្តមាន​ច្រើន​ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។ ហើយ​​នៅ​តំបន់ខ្លះ ដូច​យ៉ាង រដ្ឋ Shan ភាគ​ខាង​ជើង​ប្រទេស គណបក្ស​កាន់​អំណាច​អាច​មាន​ការ​លំបាក​ខ្លាំង​យក​ឈ្នះ។ ​

បោះឆ្នោត​ជា​វិញ្ញាសាវាយតម្លៃ

ជាមួយ​នឹង​អាសនៈ​ចំនួន​តែ​១៩​យ៉ាងដូច្នេះ ការ​បោះឆ្នោត​នេះ​គ្មាន​លក្ខណៈ​គំរាម​កំហែង​ ឬ​ជះ​ផលវិបាក​អ្វី​ដល់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសាងស៊ូជី ក្នុង​ការ​ដឹកនាំ​ប្រទេស​ឡើយ ! ប៉ុន្តែ​លទ្ធផល​ឆ្នោត​ថ្ងៃ​នេះ ជា​កំរិត​រង្វាស់​ បង្ហាញអំពី​អារម្មណ៍​របស់​សាធារណជន​ចំពោះ​រដ្ឋាភិបាល និង​ចំពោះ​លោកស្រី អ៊ុងសានស៊ូជី ថា​តើ​លោកស្រី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព នៅ​តែ​ជា​​តំណាង​លទ្ធិប្រជាធិបតេយ្យ​ឬ​យ៉ាងណា  ?!

ចម្លើយ​នឹង​ផ្តល់​ជូន​តាម​រយៈ​សន្លឹក​ឆ្នោត តែ​​អ្វី​ដែល​ប្រាកដ​​ជាងគេ គឺ​ពេល​នេះ រដ្ឋាភិបាល​មិន​អាច​​បំពេញ​​ចិត្ត​ និងឆ្លើយ​តប​​សេចក្តី​រង់ចាំដ៏​ធំ​​របស់​ពលរដ្ឋបាន​ទេ !

​​ភាពតានតឹង​ក្នុង​ជម្លោះ​ជាតិពិន្ធុ

​លោកស្រី អ៊ុងសានស៊ូជី ធ្លាប់​បាន​ប្រកាស​សន្យាថា​ការ​​ស្វែង​រក​ដំណោះស្រាយ​​ឱ្យ​ជម្លោះ​ជាតិ​ពន្ធុ​ ថា​អាទិភាព​ ចំបង​ចាំបាច់​បំផុត​​របស់​រដ្ឋាភិបាល ! ប៉ុន្តែ​ តាំង​ពី​៦​ខែ​មក ភូមា​បាន​វិល​វល់​ខ្លាំង​ក្នុង​វិបត្តិ​នេះ ដោយ​រាប់​ឃើញ​មាន​ជនបំលាស់​ទី និង​ជន​ភៀស​ខ្លួន​ថ្មី​ដល់​ទី ១៤​ម៉ឺ​ន​នាក់​បន្ថែម​ទៀត។

ជនជាតិ​ភាគ​តិច​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា បាន​នាំ​គ្នា​រត់​គេច​ពី​ប្រតិបត្តិការ​សន្តិសុខ​យោធា​ នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស ទៅ​បង់​ក្លាដែល រួច​បាន​ធ្វើ​ការ​បរិហារ​ទង្វើ​អមនុស្សធម៌​របស់​ទាហាន​ភូមា។ តំណាង​របស់​អង្គការ​សប្រជាជាតិ​ជា​ច្រើន​នាក់ បាន​ប្រើ​ដល់​ទៅ​ពាក្យ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទៀត​ផង។ ហើយ​លោកស្រី​អ៊ុងសានស៊ូជីវិញ មិន​ដែល​បាន​ចុះ​ទៅ​មើល​ហេតុការណ៍​ក្នុង​តំបន់​នោះ​ម្តង​ណាសោះ ព្រមទាំង​បាន​បិទ​ខ្ទប់​​ជំនួយ​មនុស្សធម៌​សម្រាប់​តំបន់​នោះ និង​បដិសេធ​ជា​និច្ច​ថា​គ្មាន​ការ​រំលោភ​សិទ្ធ​មនុស្ស​ទេ។ ទើប​បាន​ជា​ប្រជាពលរដ្ឋ​ខក​ចិត្ត​ និង​ចោទ​ប្រកាន់​ថា​លោកស្រី​បាន​សហការ​យ៉ាង​ល្អិត​ល្មួត​ជាមួយ​ពួក​យោធា​ ដែល​ធ្លាប់​ដឹកនាំ​ត្រួតត្រា​ប្រទេស​អស់​ជាង​កន្លះ​​សតវត្សរ៍។

លោកស្រីទីប្រឹក្សា​រដ្ឋ ​មិន​ប្រឆាំង​នឹង​នយោបាយ​​​​​​​បង្ក្រាប​របស់​ក្រុម​ឧត្តមសេនីយ៍ តែ​ចម្លែក​បែរ​ជា​ប្រឆាំង​មិន​ឱ្យ​អង្គការ​សហប្រជាជាតិ​បញ្ចូន​គណៈកម្មការអង្កេត​ឯករាជ្យ​ទៅ​វែក​រកការពិត​ ទៅ​វិញ។

ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យឺត​ជាងការ​គ្រោង​ទុក

កំណែទម្រង់​សេដ្ឋកិច្ច​ ក៏​ពិបាក​ចាប់​ផ្តើម។ កំណើន​សេដ្ឋកិច្ច​ បាន​ស្គាល់​ការ​បន្ថយ​ល្បឿន​ បន្តិច​កាលពី​ឆ្នាំ​ទៅ។ ពោល​គឺ​មិន​បាន​លឿន​ដូច​ការ​គ្រោង​ទុក​ទេ !
កម្មវិធី​សេដ្ឋកិច្ច​របស់​លោកស្រី​អ៊ុងសានស៊ូជី មាន​កម្មវត្ថុ​បង្កើន​ទីផ្សារ​ការងារ វិនិយោគ​បរទេស អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្លូវថ្នល់​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ត្រូវ​ធ្វើ​តាម​វិធី​ និង​មធ្យោបាយ​ណា​ទេ។

នយោបាយសន្យា​​ប្រគល់​ដី​ធ្លី ដែល​របប​សឹក​បាន​រឹប​អូស​ ដល់​ប្រជាពលរដ្ឋ​នៅជនបទ កសិករ​ដើម្បី​លើក​តម្កើត​ជីវភាព​និង​សេដ្ឋកិច្ច ​នៅតែ​រង់ចាំ​ជានិច្ច​។ សូម្បី​តែ​សេរីភាព​ផ្នែក​សារព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ របស់​រដ្ឋាភិបាល​លោកស្រីអ៊ុងសានស៊ូជី គ្មាន​សន្ទុះ​ស្វាហាប់​លើស​រដ្ឋាភិបាល​យោធា​ពី​ឆ្នាំ​២០១១-២០១៦​ដែរ។ ការ​ឃាត់​ខ្លួនអ្នក​​នយោបាយ បង្ក្រាប​អ្នក​ប្រឆាំង​នៅ​មាន​ជា​បន្ត ...

​កំណែទម្រង់ប្រទេស​ត្រូវការ​ពេលវេលា

គណបក្ស​របស់​លោកស្រី​អ៊ុងសានស៊ូជី ដែល​បាន​ឈ្នះ​ឆ្នោតសភា​យ៉ាង​ត្រចះត្រចង់ បាន​បង្កើត​រដ្ឋាភិបាល និង​ចូល​ដឹកនាំ​ប្រទេស ក្នុង​នាម​ជា​រដ្ឋាភិបាល​ស៊ីវិល ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត កាលពី​ថ្ងៃទី ១ខែ​មេសា​ឆ្នាំ​២០១៦ប៉ុណ្ណោះ។ ពោល​គឺ​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​ភូមា​ទើប​មាន​អាយុ​បាន​មួយ​ឆ្នាំ​គត់។ រដ្ឋាភិបាល​ផ្ទាល់​បាន​ទទួល​ស្គាល់​ថា​មាន​ការយឺតយ៉ាវ តែមួយ​ឆ្នាំ​ជា​រយៈ​ពេល​ដ៏​ខ្លី​ណាស់​សម្រាប់ប្តូរ​រូបភាព​​ប្រទេស​មួយ ដែល​ធ្លាប់​ស្ថិត​ក្រោម​អំណាច​ផ្តាច់ការ​ជាង​កន្លះ​សតវត្សរ៍នោះ។ ហើយ​ម្យ៉ាង​ទៀត សូម​កុំ​ភ្លេច​ថា នៅ​ភូមា ​យោធា​នៅ​តែ​​កាន់​ក្រសួង​សំខាន់ៗ និង​មាន​​អាសនៈ​ចំនួន​២៥%​នៅ​សភា ព្រមទាំងមានសិទ្ធិ​​បោះឆ្នោត​ប្រឆាំង​វេតូ​ទៀត លើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ