អានតួអត្ថបទ

ហ្វីលីពីន ៖ រដ្ឋាភិបាល​និង​​ឧទ្ទាម​មៅ​និយម​ត្រលប់​ចូលតុ​ចរចា​វិញ​ នៅ​ហូឡង់

ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ពួក​ឧទ្ទាម​កុម្មុយនិស្ត​ម៉ៅ​និយម នឹង​ចាប់​បើក​​​​​​ឡើង​វិញ ដោយ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ចន្ទ​ទី ៣​មេសា​ នៅ​ប្រទេស​ហូឡង់ មិនមែន​នៅ​ក្រុង​អូស្លូ ប្រទេស​ន័រវែស ដូច​ការ​គ្រោង​ទុក​ដំបូង​នោះ​ឡើយ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ប្រទេស​អន្តរការី ន័រវែស។

លោក​ប្រធានាធិបតី​ហ្វីលីពីន ដាក់​លក្ខខណ្ឌ​ដាច់​ខាត​ឱ្យ​ពួក​ឧទ្ទាម​ម៉ៅ​និយម​ឈប់​បាញ់ ទើប​ចូល​ចរចា
លោក​ប្រធានាធិបតី​ហ្វីលីពីន ដាក់​លក្ខខណ្ឌ​ដាច់​ខាត​ឱ្យ​ពួក​ឧទ្ទាម​ម៉ៅ​និយម​ឈប់​បាញ់ ទើប​ចូល​ចរចា REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

តំណាង​រដ្ឋាភិបាល​ហ្វីលីពីន និង​តំណាង​ពួកឧទ្ទាម​បាន​ផ្តើម​ធ្វើ​ការ​ជាមួយ​គ្នា​លើ​គម្រោង​​ពិភាក្សា តែ​​ជំនួប​ចរចា​ជា​ផ្លូវការ​ ដំបូង​ឡើយ​គ្រោងប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ តែ​​ត្រូវលើក​ទៅធ្វើ​​នៅ​ថ្ងៃចន្ទវិញ នៅ​ប្រទេស​ហូឡង់ ក្នុង​ក្រុង​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​មេ​ដឹកនាំ​ចរចា​ម៉ៅនិយម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិ​ន័រវេស ដែល​ជា​អន្តរការី។

ជំនួប​លើក​នេះ អាច​រាប់​បាន​ថា​ជា​លើក​ទី​បួន ដែល​ក្រុង​ម៉ានីល និង​ក្រុម​ឧទ្ទាម​ម៉ៅ​និយម​​ សុខ​ចិត្ត​ចូល​អង្គុយ​ចរចា​គ្នា។ ក្នុង​រយៈ​ពេល​៣០​ឆ្នាំមក​នេះ ​មាន​ជំនួប​ម្តងម្កាល​ដែរ តែ​ទើប​ត្រូវ​បាន​ផ្តល់​សន្ទុះ​ជា​ថ្មី នៅ​ពេល​លោក​ឌុយទែរតេ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន។

ការ​សន្តិភាព​ជាមួយ​ចលនា​ឧទ្ទាម​ម៉ៅនិយម​ជា​អាទិភាព​ចំបង​មួយ​របស់​លោក​ឌុយទែរតេ។ ប៉ុន្តែ មាន​លក្ខខណ្ឌ​ចាំបាច់​​ដែលលោក​​ប្រធានាធិបតីបាន​រំលឹក​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​នេះ មុន​នឹង​ឈាន​ដល់​ចរចា គឺ​ពួក​ឧទ្ទាម​ត្រូវ​គោរព​បទ​ឈប់​បាញ់ បញ្ឈប់​សកម្មភាព​ចាប់​ជំរិតយក​លុយ ដុត​បំផ្លាញ​ និង​ត្រូវ​ដោះលែង​​អ្នក​ទោស​ជា​ប៉ូលិស​ជា​យោធា​ទាំងអស់។ លោក​ ឌុយទែរតេ បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ការ​ទាមទារ​​សុំ​ទឹក​ដី​របស់​ពួក​កុម្មុយនិស្ត​ទេ។

ពួក​ឧទ្ទាម​កុម្មុយនិស្ត​​ហ្វីលីពីន ​ចង់​រំលំ​រដ្ឋាភិបាល​មូលធនក្រុង​​ម៉ានីលដែល​ដឹកនាំ​ប្រទេស​ឱ្យ​មានគម្លាត​ខ្លាំង​រវាង​អ្នក​មាន​និង​អ្នក​ក្រ តាំង​ពី​ឆ្នាំ​១៩៦៨​មក។ ហើយ​បាន​ប្រភព​យោធា​ហ្វីលីពីន ជម្លោះ​ប្រដាប់​អាវុធ​បង្ក​ឡើង​ក្រុម​ឧទ្ទាម​នេះ បាន​បង្ក​ឱ្យ​បាត់​បង់​ជីវិត​មនុស្ស​អស់ ៣០០០០​នាក់។

កាលពី​ខែ​សីហា​២០១៦ រដ្ឋាភិបាល​ក្រុងម៉ានីល និងពួក​ឧទ្ទាម​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​មួយ នៅ​ក្រុង​អូស្លូ។​ ប៉ុន្តែ​ជំនួប​នោះ​ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​វិញ នៅ​ខែ​កុម្ភៈ នៅ​ពេល​ពួក​ឧទ្ទាម​ម៉ៅ​បាន​បាញ់​សម្លាប់​ទាហាន​ជាតិ​បួន​នាក់។ ហើយ​នៅ​ដើម​ខែ​មីនា លោក​ឌុយទែរតេ​បាន​បញ្ជា​ឱ្យ​ប៉ូលិស​និង​ទាហាន​បង្កើន​ការ​វាយសង្គ្រប់​លើ​ពួក​ឧទ្ទាម​នោះ​ជា​ការ​សង​សឹក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ