អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកព្រមាន​​ចាត់ការ​លើ​កូរ៉េខាង​ជើង ជាឯកតោភាគី​ ដោយមិន​បាច់​ពឹង​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ធ្លាប់​បាន​ព្រលយ​ពាក្យ​ជា​ញយ​ដង​មក​ហើយ ថា​នឹង​មិន​បណ្តោយ​ឱ្យ​កូរ៉េខាង​ជើង បន្ត​គំរាម​កំហែង​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​ទៀត​ទេ។ យប់​មិញ នៅ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​សារព័ត៌មាន​Financial Times លោក​ត្រាំ​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ជា​ស្រេច​នឹង​ចាត់ការលើ​កូរ៉េខាង​ជើង ជា​ឯកតោភាគី​​តែ​ម្តង ទោះ​បី​ជា​ចិន​មិន​ចូល​រួម​ជា​មួយ​ក៏​ដោយ។ តើ​នេះ​ជា​វិធី​សាស្ត្រ​ដាក់​សម្ពាធ​លើ​ចិន​ឬ​យ៉ាង​ណា ព្រោះ​ថា​នៅ​ព្រហស្បតិ៍-សុក្រ​​​សប្តាហ៍​នេះ​ លោកត្រាំ​ត្រូវ​ទទួល​ជួបលោក ស៊ី ជីនពីង ​ប្រធានាធិបតី​ចិនផង។

រូបថត​បង្ហាញ​ពីការ​បាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង កាលពី​ខែ​កក្កដា​២០១៦
រូបថត​បង្ហាញ​ពីការ​បាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង កាលពី​ខែ​កក្កដា​២០១៦ KNS / KCNA / AFP
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក​ បាន​ប្រកាស​ថា​នឹង​ចាត់​វិធានការ លើ​កម្មវិធី​នុយក្លេអ៊ែរកូរ៉េខាង​ជើង​​ ជា​ឯកតោភាគី ដោយ​គ្មាន​ចិន។តាម​វិធីណា​នោះ លោកដូណាល់ ត្រាំ​ មិន​បាន​​លម្អិត​ឱ្យ​ដឹង​ទេ ! លោក​ប្រធានាធិបតី​អាមេរិក​ ដែល​តែង​សន្យា​មិន​អត់​អោន​ឱ្យ​កូរ៉េខាង​ជើង​នោះ បាន​ត្រឹម​គូស​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា បើ​ចិនមិន​ព្រម​ចាត់ការ​លើ​កូរ៉េខាង​ជើង អាមេរិក​ជា​អ្នក​ធ្វើ ! គឺ​ធ្វើ​តែ​ម្នាក់ឯង ! ​សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ ស្រេច​បាច់​ទាំង​ស្រុង​ហើយ នឹង​ចាត់​វិធានការ​ប្រឆាំង​កូរ៉េខាង​ជើង ជា​ឯកតោភាគី ដោយ​មិន​ខ្វល់​ថា​​មាន ឬ​គ្មាន​​ជំនួយ​ពី​ចិនទេ។

លោកត្រាំ​​ដាក់​សម្ពាធ​លើ​ចិន

សម្រាប់​លោក​ត្រាំ ចិន​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​របប​ព្យុងយ៉ាង! ហើយ​ចិន​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ថា​តើ​គួរ​ជួយ​អាមេរិក​ឬ​អត់ ក្នុង​ការ​ចាត់​វិធានការ​លើ​របប​ព្យុងយ៉ាង។ បើ​ចិន​មិន​ជួយ​ នោះនឹង​គ្មាន​នរណា​ម្នាក់​អាច​ទទួល​ផល​ល្អ​ឡើយ ប៉ុន្តែ​​ប្រសិន​បើ​ចិន​ព្រមចូល​​ជួយចាត់ការកូរ៉េខាងជើង​ នោះ​ជា​ជម្រើសល្អ​សម្រាប់​ចិន ! ប៉េកាំងនឹង​បាន​ទទួល​មគ្គទទួល​ផល។

តើ​ល្អ​យ៉ាង​ម៉េច ? ចំពោះ​​លោក​ត្រាំ ដែល​ជា​មហាសេដ្ឋី មាន​បាន​ដោយ​សារ​ជំនួញ​ បើ​ចិន​ព្រម​ជួយ​អាមេរិក នោះ​ចិន​នឹង​បាន​រង្វាន់ ! រង្វាន់​ដែល​គ្មាន​អ្វី​ក្រៅ​អំពី​ពាណិជ្ជកម្ម ! អ្វីៗ​វិល​ជុំ​វិញ​តែ​ពាណិជ្ជកម្ម​មួយ​មុខ​ប៉ុណ្ណោះ !

លោក ត្រាំ មិន​បាន​លម្អិត​អ្វី​​ទាំង​អស់ ! លោក​កំពុង​តែ​បង្ហាញ​អំពី​ឆន្ទៈ​ដាច់ខាត និង​ភាព​ម៉ឺងម៉ាត់​របស់​លោក​ ចំពោះ​សំណុំ​រឿង​នុយក្លេអ៊ែរកូរ៉េខាង​ជើង ដាក់​ចិន​ ដាក់​ប្រធានាធិបតី​ចិន ដែល​នឹង​ត្រូវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ព្រហស្បតិ៍និង​សុក្រ​​សប្តាហ៍​នេះ។ ​

ប្រធានាធិបតី​ចិន លោក​ Xi Jinping  និង​សមភាគី​អាមេរិក លោក​ Donald Trump.
ប្រធានាធិបតី​ចិន លោក​ Xi Jinping និង​សមភាគី​អាមេរិក លោក​ Donald Trump. REUTERS/Toby Melville/Lucas Jackson/File Photos

ជំនួប​ដ៏​លំបាក​រវាងលោកស៊ីជិនពីង និង​លោក ដូណាល់ ត្រាំ

ជំនួបមួយ​ទល់​នឹង​មួយ​ ​រវាង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​លោក ដូណាល់ ត្រាំ ជា​លើក​ដំបូង ជា​ជំនួប​ដ៏​មហា​សែន​សំខាន់ ព្រោះ​ជា​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​​ទាំង​ពីរ​ ត្រូវ​ចង​ក្រង​ស្ពាន​មេត្រី និង​រឹត​ចំណង​ទំនាក់ទំនង​ទ្វេភាគី។​ ប៉ុន្តែ​ជំនួប​នេះបែរ​ជា​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​តាន​​​តឹង​​​ខ្លាំង ទៅ​វិញ​។

ហើយ​គឺ​លោកដូណាល់ ត្រាំ ផ្ទាល់ ជា​​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ការទូត និង​​បាន​ទទួល​ស្គាល់​ត្រង់ៗ​ថា ជំនួប​ជាមួយលោកស៊ី ជីនពីង នៅ​ចុង​សប្តាហ៍នេះ ជា​ជំនួប​ដ៏​លំបាក ព្រោះ​មហា​អំណាច​​សេដ្ឋកិច្ច​ទាំង​ពីរ​​ត្រូវ​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ពាណិជ្ជកម្ម​ផង និងពិសេស​​ត្រូវ​ដោះស្រាយ​សំណុំរឿង​ដ៏​សំខាន់​ខ្លាំង​មួយ​ទៀត ស្តីពី​ចំណាត់ការ​ទប់​ស្កាត់កម្មវិធី​​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។

ឯកអគ្គរដ្ឋ​ទូតអាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​រួច​ហើយ​ដែរ​កាលពី​ម្សិលមិញ ថា សហរដ្ឋ​អាមេរិក​ពិត​ជា​ចង់​ដាក់​សម្ពាធ​លើ​ចិន ដើម្បី​ឱ្យ​ប្រទេស​មហាអំណាច​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។ កម្មវិធី​នុយក្លេអ៊ែរ​ព្យុងយ៉ាង ដែល​បើ​តាម​របាយការណ៍​សន្តិសុខ​​ជាតិ​ ថា​មាន​លក្ខណៈ​គំរាម​កំហែង​ខ្លាំង ! កូរ៉េខាង​ជើង​ពិត​ជា​នឹង​អាច​មាន​លទ្ធភាព​បាញ់​​មីស៊ីល​ ពាំក្បាល​នុយក្លេអ៊ែរ ​ដល់​ដែនដី​អាមេរិក​បាន នៅ​រវាង​ឆ្នាំ​២០២១ ពោល​គឺ​នៅ​ចុង​អាណត្តិ​របស់​លោក​ត្រាំ​តែ​ម្តង។
​ប្រទេស​តែ​មួយ​គត់​​ដែល​អាច​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាង​ជើង​គឺ​ចិន។ គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ ! ថា​ចិន​ត្រូវ​ចេញ​មុខ​ចាត់ការ​។ ត្រឹម​ប្រកាស​ផ្អាក​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េខាង​ជើង ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ។ សហគមន៍​អន្តរជាតិ​ចង់​ឃើញ​ចិន​ បញ្ចេញ​សកម្មភាព​ច្បាស់​លាស់ និង​ខ្លាំង​ដាក់​ព្យុងយ៉ាង។ ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ត្រូវ​តែ​ប្រើ​គ្រប់​វិធី​សាស្ត្រ​ ដាក់​សម្ពាធ​លើ​ចិន។

​អាមេរិក​ពិត​ជា​នឹងអាច​ប្រើកម្លាំង​យោធា វាយ​ព្រមានកូរ៉េខាង​ជើង​មែនឬ ?

សេតវិមាន បាន​សិក្សា​ចប់​សព្វគ្រប់​ហើយ អំពី​វិធានការ​ដែល​ត្រូវ​ប្រើ​ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ក្តិសម​បំផុត ទៅ​នឹងភាព​ងងើល​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​បាលីស្ទិក​របស់​ព្យុងយ៉ាង។ ចំណាត់ការ​លើ​ផ្នែក​សេដ្ឋកិច្ច​និង​យោធា ពិត​ជា​មាន​ចែង​ក្នុង​ទិសដៅ​របស់​រដ្ឋាបាល​លោក​ត្រាំ​មែន ប៉ុន្តែ​បើ​តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ រដ្ឋាបាល​អាមេរិក​ថ្មី​នេះ ផ្អៀង​ទៅ​រក​ដាក់​​ទណ្ឌកម្ម​បន្ថែម​ និង​ដាក់​គំនាប​ខ្លាំង​លើ​ចិន​ឱ្យ​ចេះ​មើលការ​ខុស​ត្រូវ​របប​ព្យុងយ៉ាងសិន។

តាមការ​ពិត​ តាំ​ងពី​ បាន​ឡើង​​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកមក លោក​ត្រាំតែង​បង្ហើរ​សា​រ​អំពី​លទ្ធភាព​ប្រើ​កម្លាំង​យោធា​វាយ​កូរ៉េខាង​ជើង ប្រសិន​បើ​ព្យុងយ៉ាង​មិន​ព្រម​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ។ កាល​ពី​ខែ​មីនា លោក ត្រាំ បាន​គូស​បញ្ជាក់​ថា ត្រៀម​បញ្ចេញ​គ្រប់​មធ្យោបាយ​យោធា​ដែល​អាមេរិក​មាន ដើម្បី​បំផ្លាញ​​មីស៊ីស​បាលីស្ទិកកូរ៉េខាង​ជើង​វិញ​។
ដំណោះស្រាយ​យោធា​នេះ លា​ត្រដាង​លើ​តុ​ស្រេច​តាំង​ពី​យូរ​មក​ហើយ​ ! នេះ​បើ​ការ​រំលឹក​របស់​អតីត​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​សម័យ​លោក​អូបាម៉ា។

កាលពី​ឆ្នាំ​១៩៩៤​ អាមេរិក​ធ្លាប់​បាន​សិក្សា​ផែនការ​ចង់​វាយប្រហារ​កូរ៉េខាង​ជើង ដើម្បី​ជា​កិច្ច​ការពារ​ម្តង​ហើយ តែ​មិន​បាន​ប្រើ។ ហើយ​ផែនការ​នេះ ត្រូវ​បាន​រក្សា​ទុក និង​នៅ​តែ​ជា​ជម្រើស​មួយ​របស់​អាមេរិកជានិច្ច។ ជម្រើស​ចុងក្រោយ សម្រាប់​ដាក់​សម្ពាធ​លើ​ចិន។ ចិន​ដែល​សំងំ​ធ្វើ​មិនដឹង​មិន​ឮ​រហូត​មក រហូត​បណ្តោយ​ឱ្យ​ព្យុងយ៉ាង​មុជ​បាន​ជ្រៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ ក៏​ព្រោះ​តែ​ចិន​ខ្លាច​របប​នេះ​ដួល​រលំ ! បើ​ព្យុងយ៉ាង​រលំ នោះ​កូរ៉េ​នឹង​រួប​រួម​គ្នា​ ហើយ​អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​សេអ៊ូល​នឹង​បាន​មក​នៅ​កៀក​ជាប់​ព្រំដែន​ចិន​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ