ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT

បារាំង​ប្រទេស​អស្ថិរភាព​សម្រាប់​ក្រសែ​ភ្នែក​សហគមចិន ?

បារាំង​ប្រទេស​អស្ថិរភាព​សម្រាប់​ក្រសែ​ភ្នែក​សហគមចិន ?
 
សមាជិក​សមាគមន៍​ចិន ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ារីស ថ្ងៃទី ២ មេសា ២០១៧ © Reuters

ខុស​ពី​ជំនាន់​ឪពុកម្តាយ ដែល​មាន​ទម្លាប់​រស់​ដោយ​ស្ងប់​ស្ងាត់ មិន​សូវ​ចេញ​មុខ​​​ចេញ​មាត់ ចាត់​ទុក​ខ្លួន​ឯង​ជា​បរទេស​រស់​លើ​ទឹក​ដី​គេ យុវជន​បារាំង​ដើមកំណើត​ចិន​ ជំនាន់​ក្រោយ​ វ័យ​ក្មេង បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ ចូល​សង្គម​ បាន​នាំ​គ្នា​បញ្ចេញ​សំឡេង ប្រមូល​ផ្តុំ​គ្នា​ម្តង​ហើយ​ម្តង​ទៀត​ ធ្វើ​បាតុកម្ម​កណ្តាល​ក្រុង​ប៉ារីស ដើម្បី​បរិហារ​អំពី​អស្ថិរភាព​​ក្នុង​សហគមន៍​ ក្រោយ​ពីមាន​ហេតុការណ៍​ស្លាប់​​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ក្នុង​ផ្ទះ ពេល​ប្រទូសរាយ​ជាមួយ​​ប៉ូលិស​។​

ប៉ូលិស​បាន​បើក​​​អង្កេត​ហើយ ! តែសហគមន៍​ចិន​នៅ​បារាំង​ នៅ​តែមិន​អស់​ចិត្ត ​ ចំពោះ​ហេតុការណ៍​នគរបាល​សម្លាប់​បុរស​ជនជាតិ​ចិន​អាយុ​៥៦​ឆ្នាំ នៅ​ក្នុង​ផ្ទះ និង​នៅ​ចំពោះ​មុខ​កូនៗ ដែល​ភាគី​ម្ខាងៗ​បក​ស្រាយ​​បញ្ច្រាស​គ្នា និង​ផ្តើមប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ស្ទើរ​រាល់​ល្ងាច ព្រមទាំង​ផ្តើម​បញ្ចេញ​សំឡេង ធ្វើ​​បដិវត្តិ​គំនិត ចោទ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​គ្មាន​ប្រតិកម្ម​ផ្លូវការ​ពី​រដ្ឋាភិបាល​បារាំង​សោះ​យ៉ាង​ដូច្នេះ ? គឺ​ផ្ទុយ​ស្រឡះ​អំពី​ហេតុការណ៍​ប៉ូលិស​បារាំង​បង្ក្រាប​យុវជន​ស្បែក​ខ្មៅ​ឱ្យ​រង​របួស ប្រធានាធិបតី​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​មន្ទីរ​ពេទ្យ !

 
កំហឹង​របស់​សហគមន៍​អាស៊ី​នេះ​​ក៏​បាន​រាល​ដាល​យ៉ាង​លឿន​និង​រហ័ស​​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត ចេញ​ជា​ញត្តិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​និង​ការ​ពិត​ជូនជន​រងគ្រោះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​ពី​ប្រទេស​ចិន ទាមទារ​ឱ្យ​បារាំង​ការពារ​សន្តិសុខ​ និង​សិទ្ធិ​ពលរដ្ឋ​ចិន​រស់​នៅ​បារាំង។ សម្រាប់​ចិន ហេតុការណ៍​មរណៈ​នេះ ជា​ឧទាហរណ៍ថ្មី​មួយ​ ​ដែល​មក​ពង្រឹងបន្ថែមអារម្មណ៍​ធ្លាប់​គិត​របស់​ពួក​គេ ថា​​​បារាំងមាន​កង្វះ​​សន្តិសុខ​។
 
ជាការ​ពិត ! នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាជន​ចិន​រស់​នៅ​ក្នុង​ប្រទេស​បារាំង ឬ​ជា​ទេសចរ​មក​លេង​បារាំង មាន​អារម្មណ៍​ខ្លាច​អសន្តិសុខ​​ទាក់​ទង​នឹង​ភេរវកម្ម​ផង ខ្លាចអំពើ​ពាល​ផង និង​ភាព​ធូរ​រលុង​នៃ​តុលាការ​បារាំង​ទៀត។ ទេសចរ​ចិន​ ងាយ​រង​គ្រោះ​ចោរ​ឆក់ទូរស័ព្ទ​ ចោរ​លូកហៅបៅ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ រទេះភ្លើង​ក្រោមដី ... ជាង​នៅ​ក្រុង​ប៉េកាំង​ឬ​សៀងហៃឆ្ងាយ​ណាស់ ! ​ល្បី​ខាង​​មាន​លុយ ជា​អ្នក​មាន​ ទេសចរ​ចិន​បានក្លាយ​ជា​ស៊ីប​របស់​ជនល្មើស​ ជាពិសេស​នៅ​ប៉ារីស នៅ​តាមមជ្ឈមណ្ឌល​​ទេសចរណ៍​ ...
 
ចំណែក​​អ្នក​រស់​នៅ​បារាំង ឬពលរដ្ឋ​បារាំងដើម​កំណើត​ចិន​ ​ដែល​ជា​សហគមន៍​ជនជាតិ​​ចូល​ចិត្ត​សំងំ​ មិន​សូវ​ចេញ​មុខ​ ក៏​ច្រើន​រងទុក្ខ​ដោយ​កង្វះ​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​ពី​អាជ្ញាធរ​ដែរ។ ខុស​ពី​នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​អង់គ្លេស ដែល​សហគមន៍​ចិន​មាន​តំណាង​ជាន់​ខ្ពស់​ត្រឹម​ត្រូវ នៅ​ប្រទេស​បារាំង សហគមន៍​គ្មាន​អ្នក​តំណាង​ច្បាស់លាស់​ទេ។ នៅ​ឆ្នាំ​២០១០ សហគមន៍​ចិន​មាន​គ្នា​ប្រមាណ​ជា ៣០​ម៉ឺន​នាក់ បច្ចុប្បន្ន​ប្រហែល​ឡើង​ដល់​៦០​ម៉ឺន​​នាក់ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​រស់​នៅ​ក្រុង​​និង​តំបន់​ជុំវិញ​ប៉ារីស។ ពោល​គឺ​ជា​​​​សហគមន៍​ថ្មីថ្មោង។
 
ជនជាតិ​ចិន​បានចាប់​មក​ដល់​​បារាំង ​ នា​ទសវត្សរ៍ឆ្នាំ​១៩៧០-៨០។ ពលរដ្ឋ​​ជំនាន់​ដំបូង​​បង្អស់នេះ​ បាន​ជ្រើសរើស​​រស់​មិន​ចេញ​មុខ​មិន​ចេញ​មាត់​ឬ​ខ្លះ​រស់​ក្នុង​ភាព​លាក់​បាំង​ខុស​ច្បាប់​ផង។ ពួក​គេ​ក៏​ជាចំណុច​ដៅ​​របស់ក្រុម​​ជន​ពាល​។ ជនពាល​ដែល​ជួន​ជា​ក្មេង​មិនទាន់​ពេញ​វ័យ។ ប៉ុន្តែ​ដោយ​មាន​ទម្លាប់​ បាក់​ស្បាត​ខ្លាច​ប៉ូលិស​ ពួក​គេ​សុខ​ចិត្ត​សំងំ​បៀម​ភ័យ​ មិន​ចូល​ទៅ​ចិត្ត​ទៅ​ប្តឹង​ផ្តល់​អាជ្ញាធរ​អ្វី​ទាំង​អស់។ នៅ​ឆ្នាំ​២០០៧ បើ​តាម​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា សហគមន៍​ជនជាតិនៅ​ប្រទេស​បារាំង​ចំនួន​៩០%​ ធ្លាប់​បានរង​គ្រោះ​​ពី​ការ​​បំពារ​បំពាន​​យ៉ាងណាស់​ក៏​ម្តង​ដែរ​ក្នុង​មួយឆ្នាំ។ ហើយ​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ធ្មេញ​ភ្នែក​ធ្វើ​មិន​ឃើញ​តែ​រហូត​មក។
 
​ចាប់​ពី​ឆ្នាំ​២០០០​មក ក្មេង​ជំនាន់​ក្រោយ​បានរុញ​ចាស់​ជំនាន់​មុនឱ្យ​បញ្ចេញ​សកម្មភាព។ បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​ ២០១០ បាន​ដាស់​សតិ​​សាលា​ក្រុង​ ឱ្យ​គិត​គូរ​ការ​ពារ​សន្តិសុខ​ជូន​សហគមន៍​ចិន ឬ​សហគមន៍​អាស៊ី​​​​។ ស្ថានភាព​បាន​ប្រសើរ​បន្តិច​នៅ​ប៉ារីស ប៉ុន្តែ​បញ្ហា​នៅ​ចោទ​ខ្លាំង​ដដែល​នៅ​តំបន់​ជាយ​ក្រុង​ប៉ារីស ដែល​មាន​បណ្តុំ​សហគមន៍​ចិន​ដ៏​ធំ​ផ្តុំ​រក​ស៊ី​បោះ​ដុំ​នៅ​ទី​នោះ ស្ទើរ​មើល​មិន​ដឹង​ថា​ជា​ប្រទេស​បារាំង​ទេ។
 
មើល​ទៅ​ហាក់​ដូច​ជា​មានបង្កប់​​​គំនិត​រើង​អើង​ពូជចិន​មួយ​ក្រុម​នេះ​យ៉ាង​ដូច្នោះ។ សូម្បី​តែ​ក្នុង​រង្វង់​សមាគមន៍​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​មួយ​ចំនួន​ ក៏​ពួកគេ​មាន​មើល​សហគមន៍​ចិន​ក្នុង​ក្រសែ​ភ្នែក​ប្រកាន់​ដែរ ពីព្រោះ​ថា​ជនជាតិ​ចិន​ច្រើន​តែ​ជាអ្នក​រក​ស៊ី។ មក​ពី​ប្រទេស​កុម្មុយនិស្ត​មែន តែពួក​ត្រូវ​បាន​ចាត់​ទុក​ជា​ពួក​មូលធន​និយម ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ ជា​អ្នក​មាន​ប្រៀប ដែល​មិន​សក្តិសម​នឹង​ទទួល​បាន​ការ​ការពារ​ទេ។ និយាយ​ឱ្យ​ចំ​ គឺ​មក​ពី​ភាព​ច្រណែន​ បូក​ផ្សំ​នឹង​មនោគមវិជ្ជា​ស្អប់​បរទេស​ទៀត បារាំង​​ក៏​ទល់​ភ្នែក​ចាំ​មើល​តែ​ម្តង​ទៅ !
 
ប៉ុន្តែ​ជនជាតិ​ចិន​​បច្ចុប្បន្ននេះ​ខុស​ពី​ជំនាន់​មុន រស់​នៅ​បារាំង​មែន​តែមាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ប៉េកាំង ដែល​មាន​ទំងន់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ ​ការ​មើល​ស្រាល​សន្តិសុខ​​ បាន​ជះ​ផល​អវិជ្ជមាន​ដល់​កិច្ចការ​រកស៊ី​និង​ទំនាក់​ទំនង​ចិន-បារាំង។ ទេសចរ​ចិន​មក​ប្រទេស​បារាំង​បាន​ធ្លាក់​ចុះអស់​២៧%​នៅ​ឆ្នាំ​២០១៦ (១,៦​លាន​នាក់ ទល់​នឹង​២,២​លាន​នាក់​នៅ​ឆ្នាំ​២០១៥)។ កម្មវត្ថុ​ចង់​ទាក់​ទាញ​ទេស​ចរចិន​ឱ្យ​៥​លាន​នាក់​នៅ​ឆ្នាំ​២០២០​ ទំនង​ជា​មិន​អាច​សម្រេច​បាន​ទេ ប្រសិន​បើ​បញ្ហា​អសន្តិសុខ​នៅ​តែ​ញាំញី។ មិន​ថាទេសចរ ​ជា​​ជនជាតិ​សាសន៍​ចិន ចាម អាស៊ី អឺរ៉ុប​ទេ ពលរដ្ឋ​បារាំង​និង​អ្នក​រស់​នៅ​បារាំង​ទាំង​អស់​ត្រូវ​ការ​រស់​ក្នុង​ ​សន្តិសុខ មាន​មោទនភាព​នឹងបារាំង​ល្បី​ខាង​មាន​​សេរីភាព សមភាព​ សាមគ្គី​។ បញ្ចប់​គំនិត​ប្រកែ​ប្រកាន់​គ្នា​ រើស​អើ​ង រកយុត្តិធម៌​ឱ្យ​ពលរដ្ឋ​ស្មើ​គ្នា ពង្រឹង​សន្តិសុខ​ពេញ​លេញ​ទើប​ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធិភាព៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង-ចិន

    ប្រជាជន​បារាំង​នៅ​សៀងហៃ ត្រូវបាន​​អំពាវនាវ​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន

    ស្វែងយល់បន្ថែម

  • បារាំង-ចិន

    ចិន​បាន​អំពាវនាវ​បារាំង​ឲ្យ​ធានា​សន្តិសុខ និង​សិទ្ធិ​របស់​ជនជាតិចិន​រស់​ក្នុង​ទឹកដី​បារាំង

    ស្វែងយល់បន្ថែម

  • បារាំង-ចិន-វិនិយោគ

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​នៅ​ប៉េកាំង​​លើក​ពី​​បញ្ហា​​ឧបសគ្គ​​នានា​​នៅ​​ក្នុង​​ការ​​​​វិនិយោគ​​បរទេស​​

    ស្វែងយល់បន្ថែម

  • ចិន-បារាំង

    លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង​ស្នើ​ឲ្យ​ចិន​បើក​ទីផ្សារ​បន្ថែម​សម្រាប់​ផលិតផល​បារាំង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ