អានតួអត្ថបទ
រដ្ឋធម្មនុញ្ញ​ថៃ

ព្រះមហាក្សត្រ​ថៃ​ឡាយព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី

ការបំផ្ទុះ​គ្រាប់បែក និង​ការដុត​បំផ្លាញ​សម្បត្តិ​សាធារណៈ បាន​កើត​មាន​ផ្ទួនៗ​គ្នា ជាង​២០កន្លែង នៅ​ព្រឹក​ថ្ងៃ​សុក្រទី ៧​មេសា នៅ​ខេត្ត​ចំនួន ៣ ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ។ តាម​ប៉ូលិស​ថៃ អំពើ​ហិង្សា នៅ​តំបន់​ភាគខាងត្បូង​ថៃ នៅ​ថ្ងៃនេះ មិន​បាន​សម្លាប់​ជីវិត​មនុស្ស​ម្នាក់ណាឡើយ។ អំពើហិង្សា​នៅ​ភាគខាងត្បូង ដែល​ជា​សំបុក​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ធ្វើឡើង នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រះមហាក្សត្រ​ថៃ បាន​ឡាយ​ព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​ថៃ ស្គាល់​សាជាថ្មី​លទ្ធិប្រជាធិបតេយ្យ។

ព្រះមហាក្សត្រថៃ​វិជ្ជរ៉ា ឡុងកន​ប្រគល់រដ្ឋធម្មនុញ្ញ​ដែល​ព្រះអង្គ​ឡាយ​ព្រះហស្តលេខារួចហើយ​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ​ចាន់អូចា នៅថ្ងៃ​ទី ៦​មេសា ២០១៧
ព្រះមហាក្សត្រថៃ​វិជ្ជរ៉ា ឡុងកន​ប្រគល់រដ្ឋធម្មនុញ្ញ​ដែល​ព្រះអង្គ​ឡាយ​ព្រះហស្តលេខារួចហើយ​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ​ចាន់អូចា នៅថ្ងៃ​ទី ៦​មេសា ២០១៧ ©royal thai bureau / AFP
ផ្សាយពាណិជ្ជកម្ម

ព្រះមហាវិជ្ជរ៉ា ឡុងកន ព្រះមហាក្សត្រ​ថៃ​ថ្មី នៅ​ថ្ងៃ​ម្សិលមិញ ទើប​បាន​ឡាយ​ព្រះហស្តលេខា​លើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ចងក្រង ស្នើឡើង​ដោយ​រដ្ឋាភិបាល​យោធា​របស់​លោក​នាយករដ្ឋមន្រ្តី ចាន់ អូចា។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹង​ចូល​ទៅ​ជំនួស​រដ្ឋធម្មនុញ្ញ ដែល​បង្កើត​ឡើង​ដោយ​បណ្តោះអាសន្ន​របស់​របបសឹក​ថៃ។ តាម​សុន្ទរកថា​របស់​រាជវាំង ដែល​អាន​ដោយ​មន្រ្តី​រាជវាំង រដ្ឋធម្មនុញ្ញ​មាន​គោលដៅ​កម្ចាត់​ឲ្យ​អស់​ពី​ប្រទេស នូវ​អំពើ​ពុករលួយ ការបំពាន​អំណាច ហើយ​រារាំង​មិន​ឲ្យ​អ្នកនយោបាយ​ពុករលួយ ចូលកាន់​អំណាច។

 
តាម​អ្នកជំនាញ​ជាច្រើន រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ថៃ មាន​គោលដៅ បិទខ្ទប់ រារាំង​មិន​ឲ្យ​ត្រកូល គ្រួសារ​របស់លោក​ថាក់ស៊ីន ត្រលប់​មក​ប្រលូក​ក្នុង​ឆាក​នយោបាយ​ថៃ​សា​ជាថ្មី។ ចាប់តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន នៅ​ឆ្នាំ ២០០៦ ប្រទេស​ថៃ បាន​ស្គាល់​វិបត្តិនយោបាយ និង​ការបែកបាក់​គ្នា ក្នុង​ចំណោម​ប្រជាជន​ថៃ។ គ្រួសារ​របស់​លោក​ថាក់ស៊ីន មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​លើ​ប្រជាកសិករ​ក្រីក្រ រស់នៅ​ភាគខាងជើង​ប្រទេស​ថៃ ប៉ុន្តែ នៅទីក្រុង​បាងកក ត្រកូល​ស៊ីណាវ៉ាត​របស់​លោក​ថាក់ស៊ីន​ត្រូវ​គេ​ចោទ​ថា ជា​ជនពុករលួយ បក្សពួក និង​រំលោភអំណាច ដើម្បី ប្រយោជន៍​គ្រួសារ​មួយក្តាប់​តូច។

នៅ​ជិត​បីឆ្នាំ ក្រោយ រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ចេញមក​ពី​ការបោះឆ្នោត របស់​លោកស្រី យីងឡាក់ របបសឹក​ថៃ​បាន​សម្រេច​បង្កើត​បាន​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ពួកគេ​សង្ឃឹមថា នឹង​ជួយ​ឲ្យ​ប្រទេស​ថៃ ជៀសផុត​ពី​វិបត្តិ​ជាប់គាំង​នយោបាយ ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ សម្រាប់​ក្រុមអ្នកប្រឆាំង ក្រុមយោធា​បាន​សរសេរ​ចងក្រង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​ផ្តល់​អំណាច​ច្រើន​ដល់​ក្រុមយោធា ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ។ តាម​ច្បាប់​មួយ នៃ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី រដ្ឋាភិបាល​យោធា​អស់អាណត្តិ​របស់​លោក​ប្រាយុទ្ធ ចាន់ អូចា មាន​សិទ្ធិ​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ថៃ។ ព្រឹទ្ធសភា ដែល​ជា​អ្នក​សម្រេច​ចុងក្រោយ លើ​ការជ្រើសតាំង បេក្ខជន​នាយករដ្ឋមន្រ្តី។

នៅ​ប្រទេស​ថៃ នៅក្រោម​ការដឹកនាំ​របស់​របបសឹក គណបក្ស​នយោបាយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព។ ការបោះឆ្នោត​ប្រជាធិបតេយ្យ​ជា​អ្វី​ដែល​ក្រុម​អ្នកនយោបាយ​ទន្ទឹង​រង់ចាំ​ពី​រដ្ឋធម្មនុញ្ញ​ថ្មី។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ថ្មី មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់​នៃ​ការរៀបចំ​បោះឆ្នោត​ថ្មីនោះទេ។ គេ​គ្រាន់​តែ​សរសេរ​ថា គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ ឆ្នាំ ២០១៨ មុន​នឹង​អាច​រៀបចំ​ការបោះឆ្នោត។

រដ្ឋធម្មនុញ្ញ​ថៃ ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​ការបោះឆ្នោត​ប្រជាមតិ នៅ​ខែ​សីហា​ឆ្នាំមុន ត្រូវ​បាន​គេ​កែប្រែ​ជាច្រើន​លើក ទៅតាម​ការទាមទារ​របស់​ព្រះរាជវាំង។ នៅ​ដើម​ឆ្នាំនេះ ព្រះមហាក្សត្រ​វិជ្ជរ៉ា ឡុងកន បាន​បញ្ជា​(ដែល​មិនធ្លាប់​មាន នៅក្នុង​ប្រវត្តិ​ព្រះរាជវាំង)​ឲ្យ​មាន​ការកែប្រែ​លើ​មាត្រា​មួយចំនួន នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​មាន​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត។ ពោល​គឺ​ព្រះមហាក្សត្រ​មិនចាំបាច់​ត្រូវ​តែងតាំង អ្នកតំណាង នៅពេល​ព្រះអង្គ​មិន​ស្ថិតនៅ​ក្នុង​ប្រទេស​នោះទេ។ ព្រះមហាវិជ្ជរ៉ា​ឡុងកន ដែល​ទើប​ស្នង​តំណែង​ពី​ព្រះបិតា ភូមិបុល ដែល​ចូល​ទីវង្គត នៅ​ខែ តុលា​ឆ្នាំមុន ចំណាយ​ពេល​ច្រើន នៅ​បរទេស ជាពិសេស​ប្រទេស​អាល្លឺម៉ង់ ជាទី​ដែល​ព្រះអង្គ​មាន​បុត្រា កំពុង​ទទួល​ការសិក្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ