អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​វាយ​ស៊ីរី កំពុង​ជំរុញ​ចិន​ឈឺក្បាល​ជាមួយ​កូរ៉េខាង​ជើងឬ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយធ្វើ​ខ្លួន​ជា​បង​ធំ ហ៊ាន​ថា ហ៊ាន​ធ្វើ​ ហ៊ាន​ប្រើ​កម្លាំង​បាយ រដ្ឋបាល​អាមេរិក​របស់​លោក​ ដូណាល់ ត្រាំ កំពុង​ធ្វើ​ឱ្យ​ចិន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​ចិន​​រស់​ក្នុង​ភាព​សង្ស័យ​។ សង្ស័យ​ខ្លាច​ក្រែង​វ៉ាស៊ីនតោន​ ប្រើ​វិធី​​តែ​មួយ​ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​​របស់​គីម ជុងអ៊ុន ហ៊ាន​បង្ក​ហេតុ​ជា​ថ្មី​ទៀត។ ហេតុ​អ្វី​បាន​ជា​ចិន​ត្រូវ​ឡេឡាជាងគេ ?

លោក Donald Trump និង​លោក​  Xi Jinping នៅ Florida ថ្ងៃទី ៧ មេសា ២០១៧
លោក Donald Trump និង​លោក​ Xi Jinping នៅ Florida ថ្ងៃទី ៧ មេសា ២០១៧ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

គេត្រូវ​តាមដាន​ឱ្យ​ជាប់​ស្ថាន​ការណ៍​ក្នុង​រយៈ​ពេល​ពី​រ​បី​ថ្ងៃ​ទៀត​ខាង​មុខ ថា​តើ​កូរ៉េខាង​ជើង នឹង​បញ្ចេញ​សកម្មភាព​យ៉ាងណា ? ព្រោះ​តាម​ទម្លាប់​ របប​ព្យុងយ៉ាង​តែង​ផ្គើន​​ដាក់​ចក្រពត្តិ​អាមេរិក​ និង​​កូរ៉េខាងត្បូង​ជា​បង​ប្អូន​​គូ​សត្រូវគ្នា ចំពោះសមយុទ្ធប្រចាំ​ឆ្នាំ​ធ្វើ​ឡើង​ ​ជា​រៀង​រាល់​ខែ​មេសា​។ សមយុទ្ធ​ក្នុង​ទឹក​ផង លើ​គោកផង ខ្លះ​ស្ថិត​នៅ​ចម្ងាយតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពីបន្ទាត់​​ព្រំ​ដែន​ពុះ​ចែក​កូរ៉េខាង​ទាំង​ពីរ។ កាលពី​ឆ្នាំទៅ កូរ៉េខាង​ជើង​ ប្រទេច​ជេរ​សេអ៊ូល និង​វ៉ាស៊ីនតោន ជាមួយ​នឹង​ការ​បាញ់​មីស៊ីល​ប៉ាលីស្ទិក​៧​គ្រាប់។

ចុះ​ឆ្នាំ​នេះ ? ក្រោយ​ការ​បាញ់​មីស៊ីល​ដោយ​ភ្ញាក់ផ្អើលរបស់​អាមេរិក​លើ​ស៊ីរី​មក បរិយាកាស​​ពិត​ជា​មិន​ដូចមុន​ទៀត​ឡើយ ! តើ​គីម ជុងអ៊ុន នឹង​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ដូចម្តេច ? ដើម្បី​អប​អរ​ថ្ងៃ​ខួប​កំណើត​ជីតា​ ជា​បិតា​របប​កុម្មុយនិស្ត និង​សង​សឹក​ការ​ធ្វើ​សមយុទ្ធ តើ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​នឹង​ហ៊ាន​បញ្ចេញ​ទង្វើ​បង្ក​ហេតុ​ថ្មី​ទៀត​​ ​​ ដើម្បី​បាន​ទទួល​​ទណ្ឌកម្ម​បន្ថែម ឬ​ដើម្បី​បាន​ទទួល​​ថ្មោង​ពី​​អាមេរិកឬ ? ដូច​អ្វី​ដែល​ ព្យុងយ៉ាង​បាន​ធ្វើ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​​បាន​បាញ់​មីស៊ីល​ស្វាគមន៍ ក្នុង​ថ្ងៃ​​​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ និង​ក្នុង​ពេល​ដែល​លោក ដូណាល់ ត្រាំ ហៀប​នឹង​ទទួល​ជួប​​ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង។

អាមេរិក​អាច​លេង​មួយ​ផាំង​​​លើ​ស៊ីរី រឿង​អី​អត់​ហ៊ាន​លេង​ជាមួយ​អាស៊ី ! សម្រាប់​អ្នក​វិភាគ សេចក្តី​សម្រេច​របស់​​រដ្ឋាបាល​លោក​ដូណាល់ ត្រាំ វាយ​ស៊ីរី ប្រៀប​ដូច​ជា​ព្រួយ​មួយ​បាញ់​បាន​សត្វ​ពីរ ! ជា​​សារ​មួយ​ចង់​ព្រមាន​ ផ្ញើ​ទៅ​ចិន​​និង​កូរ៉េខាង​ជើង​តែ​ម្តង។ លោក ត្រាំ​ ​ជា​ប្រធានាធិបតី​​ដែល​ពិបាក​ស្មាន​ និង​ដែល​មិន​ញញើត​នឹង​ប្រើ​អាវុធ​មីស៊ីល​ ! ​ចរិក​បែប​នេះ​ពិត​ណាស់ ថា​បាន​ធ្វើ​ឱ្យ​ចិន​ភ័យ​ខ្លាច ព្រោះ​ពី​មុន​មក នៅ​ចំពោះ​មុខ​មហា​អំណាច​​មាន​ហេតុផល ដូច​យ៉ាង​លោកអូបាម៉ា និង​លោក អាបេ នៅ​ជប៉ុន ​ចិន​តែង​មាន​​អារម្មណ៍​ថា​ជា​អ្នក​ញាក់​ខ្សែ​ល្បែង​ជា​និច្ច។

តើ​កូរ៉េខាង​ជើង អាច​ជា​ចំណុច​ដៅ​ថ្មី​របស់​អាមេរិកឬ​ ? គ្មាន​ទេ​ចម្លើយ​ពិត ប៉ុន្តែ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​បាន​ប្រាប់​រួច​ហើយ​ តាំង​ពី​ខែ​មីនា​ មក​ថា​ជម្រើស​យោធា​បាន​លា​ដាក់​លើ​តុ​ហើយ ! នយោបាយ​អត់​ធ្មត់​របស់អាមេរិក​សម័យ​លោក​អូបាមា បាន​បិទ​បញ្ចប់​ហើយ ! ជម្លោះ​យោធា​ជា​សេណារីយោ​មួយ​ ប្រសិន​បើ​ព្យុងយ៉ាង​ហ៊ាន​ដំឡើង​កំរិត​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​ខ្លួន​។ អាមេរិក​មិន​ទុក​ពេល​ឱ្យ​កូរ៉េខាង​ជើងក្អេង​ក្អាង​​សម្រេច​កម្មវិធី​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​បាញ់​ដល់​អាមេរិក​បាន​ឡើយ។

ប៉ុន្តែ​ខុស​ពី​នៅ​ស៊ីរី អាមេរិក​​ពិបាក​រក​លេស​បន្ទាន់សម្រាប់​​វាយប្រហារ​ និងធ្វើ​អន្តរាគមន៍​ណាស់។ ការ​វាយ​ជា​កិច្ច​ការពារ​ ជា​ជម្រើស​ដ៏​គ្រោះ​ថ្នាក់​ និង​ស្មុគស្មាញ​បំផុត។ បើ​ដៅ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ នឹង​អាច​មាន​ផ្ទុះ​មហន្តរាយ​អាតូមិក។ អាមេរិក​អាច​ដៅ​លើ​មូល​ដ្ឋាន​ បង្ហោះ​មីស៊ីល​ តែ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ មិន​យល់​ស្រប​ទេ ព្រោះ​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​កូរ៉េខាង​ជើង​អាច​តបត​វិញ​ វាយ​លើ​កូរ៉េខាង​ត្បូង និង​ជប៉ុន ដែល​សុទ្ធ​តែ​មាន​ប្រជាជន​រស់​នៅ​ច្រើន​កកកុញ។ មីស៊ីល​ពាំក្បាល​គីមី អាច​បង្ក​ហមន្តរាយធំធេង​ណាស់។ ព្យុងយ៉ាង​ទំនង​ជា​មាន​ពង្រាយ​មីស៊ីល​នៅ​ពេញ​ផ្ទៃ​ប្រទេស ហើយ​ជើង​ទម្រ​បាញ់​ អាច​បង្ហោះ​ចេញ​ពី​យានយន្ត​​ធ្វើ​បំលាស់​ទី​បាន​ទៀត ដែល​រិត​ពិបាក​កម្ចាត់។

​ដូច្នេះ​ហើយ​បាន​ជា​កូរ៉េខាង​ត្បូង និង​ជប៉ុន​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​មិន​ចង់​ឃើញ​អាមេរិក​វាយ​ព្យុងយ៉ាង​ទេ។ ជាពិសេស​​ចិន ! ចិន​ក៏​មិន​ចង់​ឃើញ​ដែរ ប៉ុន្តែ​តើ​លោកស៊ី ជីនពីង មាន​ប្រតិកម្ម​យ៉ាងណា ? ព្យុងយ៉ាង​និង​ប៉េកាំង​ជា​បងប្អូន​មាន​មនោគមន៍​នយោបាយ​ដូច​គ្នា ! ចិន​និង​កូរ៉េខាង​ជើង​បាន​ចង​ភ្ជាប់​គ្នា​ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៦១​ ចែង​ឱ្យ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​មាន​នរណា​រង​ការ​វាយប្រហារ។

ចិន​រង្គាស​ចិត្ត​ណាស់​ដែរ​នៅ​ពេល​ឃើញ​កូរ៉េខាង​ជើង​សាកល្បង​មីស៊ីល តែ​មិន​ដល់​ថ្នាក់​ត្រូវ​ប្រថុយ​ប្រថាន​​នឹង​គ្រោះ​បាត់​បង់​កូរ៉េខាង​ជើង​ ឱ្យ​អាមេរិក​គ្រប់គ្រងឧបទ្វីប​ទាំង​មូល​ឡើយ។ ប៉ុន្តែ​ពេល​នេះ នៅ​ស្ងៀម​ក៏​លែង​កើត ខ្លាច​​អាមេរិក​របស់​លោកត្រាំ​ ​ធ្វើ​សកម្មភាព​ម្នាក់​ឯង។

ហេតុ​ដូច្នេះ​ហើយ​បាន​ប៉េកាំង​​មិន​បង្អង់​នឹង​បញ្ចូន​បេសកកជន​ពិសេស​ទៅ​សេអ៊ូល​ ដោយ​បាន​ព្រម​ព្រៀង​សន្យា​បញ្ចេញ​សកម្មភាព​ខ្លាំងរួម​គ្នា​​ប្រឆាំង​​កូរ៉េខាង​ជើង​។ នាវាដឹក​ជញ្ជូន​រ៉ែ​ធ្យូងថ្មពី​កូរ៉េខាង​ជើង ទៅកាន់​ចិន​ត្រូវ​បាន​ច្រាន​ត្រលប់​ទៅ​វិញ​ដែរ ! សង្ឃឹម​ថា​ទង្វើ​ចិន​លើក​នេះ​អាច​​ទប់​កុំ​ឱ្យ​អាមេរិក​របស់​លោក​ត្រាំ ច្រលោត​ ធ្វើ​សកម្មភាព​ភ្ញាក់ផ្អើល​ ដូច​ករណី​ស៊ីរី​បាន។ ប៉ុន្តែ​តើ​​ព្យុងយ៉ាងរបស់​គីម ជុងអ៊ុន នឹង​ស្តាប់​ចិន​ដូច​មុន​ទៀត​ឬ​យ៉ាង​ណា ?  នៅ​ថ្ងៃ​នេះ​កូរ៉េខាង​ជើង បាន​ប្រកាស​យ៉ាង​ច្បាស់ៗ ថា​ព្យុងយ៉ាង​ត្រៀម​ធ្វើ​សង្គ្រាម​តាម​ដែល​អាមេរិក​ចង់​បាន។ កូរ៉េខាង​ជើង​បាន​អញ្ជើញ​អ្នក​កាសែតរួច​ហើយ​ នៅ​ថ្ងៃ​ទី​១៥​មេសា តើ​ដើម្បី​មកស្តាប់​​សន្និសីទ ឬ​ដើម្បី​បង្អួត​ការ​បាញ់​មីស៊ីល​ឬ​នុយក្លេអ៊ែរ ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ