អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​៖ការ​​​ប្រយុទ្ធ​​ប្រឆាំង​​​ទល់​​នឹង​​​អំពើ​​ពុករលួយ​​​គឺ​​ជា​​​មុខ​​របរ​​​មួយ​​​ប្រកប​​​ដោយ​​​គ្រោះថ្នាក់​​​បំផុត​​

នៅ​​​​​​ឥណ្ឌូណេស៊ី ​អ្នកស៊ើបអង្កេត​ប្រឆាំង​​អំពើ​ពុករលួយ​មួយ​រូប ត្រូវ​បាន​ជន​ឈ្លានពាន​ពីរ​រូប​ដែល​​​ជិះ​ម៉ូតូបាន​​​វាយប្រហារ​​ដោយ​​ជះ​​ទឹក​​អាស៊ីដ​​ទៅ​​លើ​​មុខ​​មាត់​របស់​​​គាត់​​​នៅ​​​ទីក្រុង​Jarkarta។ ​អំពើ​​​ឈ្លានពាន​​បែប​​នេះ នៅ​តែ​​ត្រូវ​​​បាន​​​ប្រព្រឹត្ត​ឡើង​ជា​ទូទៅ​​​និង​​​ប្រហែល​​ជា​មាន​​ជាប់​​ទាក់ទង​​​នឹង​​សំណុំរឿង​​ពុករលួយ​​​​​របស់​ថ្នាក់ដឹកនាំ​​នយោបាយ​ជាន់​ខ្ពស់​នៅ​ក្នុង​​ប្រទេស។​​​ ​​​ក្នុង​​ចំណោម​បណ្តា​ប្រទេស​ចំនួន​១៧៦​ ឥណ្ឌូណេស៊ី​ ​ជា​​ប្រទេស​​ជាប់​​លេខ​​​៩០​​នៅ​​ក្នុង​​​ចំណោម​​បណ្តា​​ប្រទេស​​ដែល​​ពុក​​រលួយ​​ខ្លាំង​​ជាង​​គេ-នេះ​​បើ​​យោង​​តាម​​អង្គការ​​តម្លាភាព​​ក្រៅ​​​រដ្ឋាភិបាល​​ឈ្មោះ Transparency International ។

លោក ​Baswedan ​អ្នក​ស៊ើបអង្កេត​​​​ប្រឆាំង​​អំពើ​​ពុករលួយ​​​​ បាន​​រង​​គ្រោះថ្នាក់​​នៅ​​ក្នុង​ពេល​បំពេញ​មុខងារ​​​​ដោយ​ការ​វាយប្រហារទឹកអាស៊ីដ​​
លោក ​Baswedan ​អ្នក​ស៊ើបអង្កេត​​​​ប្រឆាំង​​អំពើ​​ពុករលួយ​​​​ បាន​​រង​​គ្រោះថ្នាក់​​នៅ​​ក្នុង​ពេល​បំពេញ​មុខងារ​​​​ដោយ​ការ​វាយប្រហារទឹកអាស៊ីដ​​ Antara Foto/Aprillio Akbar/via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​​ការ​វាយប្រហារ​ដោយ​ជះ​ទឹក​អាស៊ីដ​ប្រឆាំង​ទៅ​លើ​អ្នកស៊ើបអង្កេត​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មេសា​នៅ​ក្នុង​ទីក្រុង​Jarkarta មក​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Widodo  បាន​ប្រតិកម្ម​បរិហារ​​ថាជា អំពើ​ដ៏​សាហាវ​យង់ឃ្នង​​និង​​​បាន​​​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា។ លោក  Widodo  ​ជា​ឥស្សរជន​នយោបាយ​មួយ​រូប​ដែល​មាន​ឆន្ទះ​​មុៈមុត​​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ទល់​នឹង​អំពើ​ពុករលួយ។ អំពើពុករលួយ​​ដែល​​កំពុង​​តែ​​រីក​រាល​ដាល​​​​ខ្លាំង​​នៅ​​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី។


គួររំលឹកថា អ្នក​ស៊ើបអង្កេត​ដែល​រង​ការ​វាយប្រហារ​ដោយ​​ទឹក​អាស៊ីត​នៅ​ក្នុង​ទីក្រុង Jarkarta​ ធ្លាប់​​បាន​ធ្វើការស៊ើបអង្កេត​​ជាអាទិ៍​នៅ​លើ​សំណុំរឿង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាត់​លុយ​ចំនួន ១៦០​លាន​អឺរ៉ូ​ ពី​បេឡា​រដ្ឋ។

ដោយឡែក លោក​ Busyro Muqoddas ​ដែល​ជា​អតីត​ប្រធាន​​គណកម្មការ​ប្រឆាំង​​អំពើ​ពុក​រលួយ​ បាន​ថ្លែង​ពន្យល់​​ប្រាប់​​ថា អំពើ​​ឈ្លានពាន​ដ៏​កាច​សាហាវ​បែប​នេះ ក៏​ពុំមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុម​អ្នកស៊ើបអង្កេត​របស់​​គណៈកម្មការ​ប្រឆាំង​​អំពើពុក​រលួយ​នេះ ​ជា​ចំណុច​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​។ ពីព្រោះ ក្រុម​អ្នកស៊ើបអង្កត តែងតែ​ត្រូវ​បាន​ទទួល​រង​ការ​​គំរាម​កំហែង​បំភិតបំភ័យ​ជានិច្ច​ ឧទ្ទាហរណ៍​រថយន្ត​របស់​សមាជិក​គណកម្មការ​ម្នាក់ ត្រូវ​រង​ការ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​ហើយ​ផ្ទះ​របស់​គាត់ ក៏​ត្រូវ​គេគប់​ចោល​ពងមាន់​ស្អុយ​ដាក់​ទៀត។​ ចំណែក​អ្នកស៊ើបអង្កេត​ម្នាក់​ទៀត ត្រូវ​បាន​​រថយន្ត​មួយ​គ្រឿង​បើក​បុក​នៅ​ក្បែរ​​ការិយាល័យ​​នៃ​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយដែរ ជាហេតុ​បណ្តាល​ឲ្យ​អ្នកស៊ើប​អង្កេត​​នោះ​​បាក់​ជើង។

ទាក់ទង​នឹង​បញ្ហា​របស់​អ្នកស៊ើបអង្កេត​ដែល​ទើប​បាន​ទទួល​រង​ការ​ជះទឹកអាស៊ីដ​នៅទីក្រុង​Jarkarta កាលពី​ថ្ងៃ​អង្គារ​ទី​១១​មេសា ​គាត់​ធ្លាប់​ទទួលរង​ការ​ប៉ុនប៉ង​​បំភិត​បំភ័យ​អស់​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​នៅ​ខណៈពេល​ដែល​គាត់កំពុង​ធ្វើការ​ស៊ើបអង្កេត​នៅ​លើ​សំណុំ​រឿង​​​ពុករលួយ​ផ្សេងៗ​ទៀត​ដូចជា​សំណុំរឿង​មូលប្បទានប័ត្រ​សំរាប់​វ៉ាកង​​ឬ​ក៏​សំណុំរឿង​​ពុក​រលួយ​​ពាក់ព័ន្ធ​ជាមួយ​ប៉ូលីស។​

សរុបទៅ យោង​តាម​អតីត​ប្រធាន​គណៈកម្មការ​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​ដដែល​​គេ​​ពុំ​មាន​​ការ​​សង្ស័យ​​​ឡើយ​​​ដែល​​​ថា​​មនុស្ស​​ដ៏​​សំខាន់​ៗ​ ដូច​​យ៉ាង​​អ្នក​កិច្ចការ​​ជំនួញ​ធំៗ​ ​អ្នក​​នយោបាយ​​​ឬ​​ក៏​​មន្ត្រី​​ជាន់​​ខ្ពស់​​នានា​​នោះ​ ​​​មាន​​​​ជាប់​ពាក់ព័ន្ធ​​នៅ​​ក្នុង​​សំណុំរឿង​​ពុករលួយ​​ទាំង​​នោះ​​ហើយ​ ទើប​​បាន​​ជា​​​មាន​​កើត​​ឡើង​​នូវ​​ការ​វា​យ​ប្រហារ​យ៉ាង​​ថោក​ទាប​​ខាង​​លើ​​នេះ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ