អានតួអត្ថបទ
ហ្វីលីពីន-មជ្ឈិមបូព៌ា

ទស្សនកិច្ច​មួយជុំ​តំបន់​ឈូងសមុទ្រពែក្ស​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ

លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រពែក្ស​រយៈពេល ១សប្តាហ៍​នៅ​ក្នុង​៣ ប្រទេស គឺ​អារ៉ាប៊ីសាអូឌីត បារ៉ែន និង​ប្រទេស​កាតា។ បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត លោក​ឌុយទែរតេ​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ទឹកដី​បារ៉ែន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មេសា និង​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កាតា​នា​ថ្ងៃ​សុក្រ ទី១៤ មេសា។ វត្តមាន​របស់​លោក​ឌុយទែរតេ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ទាំង ៣ បាន​ទទួល​ស្វាគមន៍​យ៉ាង​រ៉ាក់ទាក់​ពី​ពលករ​ហ្វីលីពីន​ប្រមាណ​ជា ១លាននាក់។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ និង​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន ថ្ងៃទី១១ មេសា ២០១៧
លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ និង​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន ថ្ងៃទី១១ មេសា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ជម្រើស​ទៅ​កាន់​ប្រទេស​អារ៉ាប់​ទាំង ៣ គឺ​អារ៉ាប៊ីសាអូឌីត បារ៉ែន និង​កាតា​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​ឌុយទែរតេ​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ មិន​ចែដន្យ​ព្រោះ​ទី១ មាន​ពលករ​ហ្វីលីពីន​ដល់​ទៅ​លាននាក់​កំពុង​ធ្វើ​ការ​រក​លុយ​នៅ​ទីនោះ និង​ទី២ ពលករ​ហ្វីលីពីន​ភាគ​ច្រើន​នៅ​ទីនោះ​បាន​បោះឆ្នោត​គាំទ្រ​លោក​ឌុយទែរតេ​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦។ ពលករ​ហ្វីលីពីន​នៅ​បរទេស​បាន​គាំទ្រ​នយោបាយ​របស់​លោក​ឌុយទែរតេ ពិសេស​នយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញាន និង​យល់​ឃើញ​ថា លោក​ឌុយទែរតេ​ពិត​ជា​មាន​ឆន្ទៈ​នយោបាយ​ដើម្បី​ប្រទេសជាតិ​ពិតប្រាកដ​មែន។

គួរ​ជម្រាប​ជូន​ថា មាន​ហេតុផល​ចំនួន ៣ ដែល​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​សម្រុក​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស ពិសេស​ក្នុង​ប្រទេស​អារ៉ាប់ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត បារ៉ែន កាតា អេមីរ៉ាអារ៉ាប់រួម ឬ​មួយ​ក៏​កូវ៉ែត ទី១ សម្បូរ​ការងារ​ធ្វើ ទី២ ប្រាក់ខែ​ខ្ពស់ និង​ទី៣ មាន​សន្តិសុខ​ល្អ។ ជាក់ស្តែង​នៅ​អារ៉ាប៊ីសាអូឌីត មាន​ពលករ​ហ្វីលីពីន​ជាង ៧៥ម៉ឺននាក់ មាន​ជាង ៣០ម៉ឺននាក់​នៅ​ក្នុង​ប្រទេស​បារ៉ែន និង​កាតា និង​មាន​ប្រមាណ​ជា ៨៥ម៉ឺននាក់​នៅ​ក្នុង​ប្រទេស​អេមីរ៉ាអារ៉ាប់រួម និង​កូវ៉ែត។

នៅ​អារ៉ាប៊ីសាអូឌីត​ក៏​ដូច​ជា​នៅ​បារ៉ែន និង​ក៏​ដូច​ជា​នៅ​កាតា លោក​ឌុយតែរតេ​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ហ្វីលីពីន​ដើម្បី​សួរ​សុខទុក្ខ និង​ចង់​ដឹង​ពី​ជីវភាព ការ​រស់នៅ និង​បញ្ហា​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ តែ​បញ្ហា​ប្រឈម​ដែល​លោក​ឌុយទែរតេ​បាន​ជួប គឺ​ជីវិត​កាន់​តែ​លំបាក​របស់​ពលរដ្ឋ​ហ្វីលីពីន​ប្រមាណ​ជា ៥ ០០០នាក់​រស់​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ តាំង​ពី​តម្លែប្រេងឆៅ​ធ្លាក់​ថ្លៃ​មក ពួក​គេ​នៅ​មិន​ទាន់​បាន​បើក​ប្រាក់ខែ និង​កំពុង​ប្រឈម​ការ​ជម្លៀស​ចេញ​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត។

ជា​ទូទៅ ពលករ​ហ្វីលីពីន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ខ្លះ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ពី ៣ ទៅ ៤ដង​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​កំណើត ដូច​យ៉ាង​អ្នកកាត់សក់​នៅ​ក្នុង​ប្រទេស​កាតា​ទទួល​បាន​ប្រាក់ខែ​ជាង ១ ០០០ដុល្លារ​ទល់​នឹង​ជាង ១៨០ដុល្លារ​នៅ​ហ្វីលីពីន។ តែ​ទន្ទឹម​គ្នា​នេះ មាន​ពលករ​ហ្វីលីពីន​ខ្លះ​ដែល​បម្រើការ​ក្នុង​ផ្ទះ​ត្រូវ​បាន​គេ​ប្រើ​ជាង​ខ្ញុំកញ្ជះដាច់ថ្លៃ​ទៅ​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ពលករ​ហ្វីលីពីន​ភាគច្រើន​មិន​ញញើត​នឹង​និយាយ​ថា បើ​ឲ្យ​ពួក​គេ​ជ្រើសរើស​កន្លែង​រស់នៅ គឺ​មាន​តែ​ស្រុកកំណើត​ខ្លួន​ទេ​ដែល​រស់នៅ​ស្រួល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ