អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បន្ទាប់​ពី​អាមេរិក​បាន​វាយប្រហារ​ស៊ីរី និង​អាហ្វហ្កានីស្ថាន តើ​ដល់​វេន​កូរ៉េខាងជើង​ហើយ​ឬ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​វាយប្រហារ​លើ​ប្រទេស​ស៊ីរី និង​អាហ្វហ្កានីស្ថាន​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​មិន​បាន​បំភ្លេច​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ។ លោក​ត្រាំ​បាន​បញ្ជាក់​ជា​ថ្មី​ដោយ​ព្រមាន​ចំៗ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មេសា​ថា កូរ៉េខាងជើង​ជា​បញ្ហា​ដែល​អាមេរិក​ត្រូវ​ដោះស្រាយ​ដោយ​មាន ឬ​គ្មាន​ជំនួយ​ពី​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិនលេច​របស់​របប​ក្រុង​ព្យុងយ៉ាង។ តែ​ការ​ព្រមាន​ជា​ថ្មី​របស់​លោក​ត្រាំ​ក៏​បាន​ទទួល​ការ​ព្រមាន​តប​វិញ​ពី​ចិន និង​កូរ៉េខាងជើង​នា​ថ្ងៃ​សុក្រ ទី១៤ មេសា​នេះ។

​លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ
​លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​មិន​អាច​និយាយ​បាន​ទេ​ថា តើ​កូរ៉េខាងជើង​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​លោក​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ ឬ​អត់ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​លើកទី១​ដែល​គេ​មិន​អាច​ទាយ​ដឹង​មុន​ពី​បំណង​ពិត​របស់​លោក។ រហូត​មក​ដល់​ពេល​នេះ លោក​ត្រាំ​បាន​ធ្វើ​អ្វី​ដែល​គាត់​មិន​ធ្លាប់​បាន​និយាយ ហើយ​មិន​បាន​ធ្វើ​អ្វី​ដែល​គាត់​ធ្លាប់​បាន​និយាយ។ នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត លោក​ត្រាំ​បាន​និយាយ​ច្រើន​ណាស់​ពី​គោលជំហរ និង​ពី​ឆន្ទៈ​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​ជាប់​ឆ្នោត តែ​ដល់​ពេល​ទទួល​បាន​អំណាច លោក​ត្រាំ​បែរ​ជា​បាន​ធ្វើ​ផ្ទុយ​ទៅ​វិញ ពោល​ផ្លាស់ប្តូរ​ជំហរ​សឹង​តែ ១៨០អង្សារ។

តើ​មាន​នរណា​ម្នាក់​នឹក​ស្មាន​ទេ​ថា លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​វាយប្រហារ​ស៊ីរី ក្រោយ​ពី​របប​ស៊ីរី​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល?។ តើ​មាន​នរណា​ម្នាក់​ជឿ​ថា លោក​ត្រាំ​ហ៊ាន​ដល់​ទៅ​ប្រើ​មេគ្រាប់បែក​ទម្លាក់​លើ​ទឹកដី​ប្រទេស​អាហ្វហ្កានីស្ថាន​ដោយសារ​តែ​មាន​ទាហាន​អាមេរិក​ម្នាក់​បាត់បង់​ជីវិត​នៅ​ទីនោះ?។ ដូច្នេះ​រឿង​អី​ដែល​ថា លោក​ត្រាំ​មិន​ហ៊ាន​វាយប្រហារ​លើ​កូរ៉េខាងជើង​នោះ?។ លោក​ត្រាំ​បាន​រម្លឹក​ដោយ​ព្រមាន​ជា​ថ្មី​នៅ​ក្រោយ​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​ថា កូរ៉េខាងជើង​ជា​បញ្ហា​ដែល​អាមេរិក​ត្រូវ​ដោះស្រាយ​ទោះ​បី​មាន ឬ​គ្មាន​ចិន​ក្តី។

តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ជម្រៅ​នៃ​បញ្ហា និង​បរិបទ​ភូមិសាស្រ្ត​នយោបាយ​នៅ​កូរ៉េខាងជើង គឺ​ខុស​គ្នា​ស្រឡះ​នៅ​ស៊ីរី ឬ​មួយ​នៅ​អាហ្វហ្កានីស្ថាន។ លោក​ត្រាំ​វាយប្រហារ​ស៊ីរី​ដោយសារ​របប​ក្រុង​ដាម៉ាស​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល ហើយ​វាយប្រហារ​អាហ្វហ្កានីស្ថាន​ព្រោះ​ជា​កន្លែង​លាក់ខ្លួន​របស់​ពួក​ភេរវជន និង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ចំណែក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​រឿង​ស្មុគស្មាញ និង​សាំញាំ​ដែល​គេ​មិន​ដោះស្រាយ​តាម​មេគ្រាប់បែក ឬ​គ្រាប់មីស៊ីល​បាន​ទេ។

តើ​លោក​ដូណាល់ ត្រាំ​ហ៊ាន ឬ​មិន​ហ៊ាន​វាយប្រហារ​កូរ៉េខាងជើង?

អ្វី​ដែល​គេ​ដឹង​មក​ទល់​ពេល​នេះ​គឺ​ថា អាមេរិក​បាន​បញ្ជូន​នាវា​ដឹកយន្តហោះ​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ដោយ​អម​ជាមួយ​នូវ​នាវា​បាញ់​គ្រាប់មីស៊ីល​ចំនួន ៣គ្រឿង។ នាវា​ដឹកយន្តហោះ​ចម្បាំង​នោះ​អាច​ផ្ទុក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ពី ៧០ ទៅ ៨០គ្រឿង។ បន្ទាប់​មក ក៏​មាន​ការ​បញ្ជូន​នាវាមុជទឹក​បន្ថែម​ទៀត ហើយ​នៅ​ថ្ងៃ​សុក្រ ទី១៤ មេសា ទីប្រឹក្សា​ម្នាក់​ទទួល​បន្ទុក​នយោបាយ​ការបរទេស​របស់​សេតវិមាន​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អាមេរិក​កំពុង​សិក្សា​ផ្លូវយោធា​ចំពោះ​កូរ៉េខាងជើង។

តាម​រូប​ទីប្រឹក្សា​ដដែល អាមេរិក​កំពុង​រង់ចាំ​មើល​ថា តើ​របប​ក្រុង​ព្យុងយ៉ាង​ហ៊ាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​ដែល ឬ​ទេ។ តាម​សម្តី​របស់​ទីប្រឹក្សា​អាមេរិក​ដូច​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា អាមេរិក​អាច​នឹង​វាយប្រហារ​កូរ៉េខាងជើង ប្រសិន​បើ​មនុស្សខ្លាំង​លោក​គីម ជុនអ៊ុន​ហ៊ាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីលអន្តរទ្វីប​មែន។ « ជាមួយ​នឹង​របប​ក្រុង​ព្យុងយ៉ាង សំណួរ​មិនមែន​សួរ​ដោយ​ចង់​ដឹង​ថា តើ​នឹង​កើត​មាន​ឬ​អត់​ទេ តែ​ត្រូវ​សួរ​ថា នៅ​ពេល​ណា » នេះ​ជា​ការ​សម្តី​របស់​រូប​ទីប្រឹក្សា​អាមេរិក​នៅ​សេតវិមាន​ទទួល​បន្ទុក​នយោបាយ​ការបរទេស។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​ជា​មាន​ការ​ព្រមាន​ជា​ថ្មី​ក្តី ក៏​លោក​ដូណាល់ ត្រាំ​នៅ​បន្ត​ប្រើ​ធម៌ក្តៅ និង​ធម៌ត្រជាក់ ព្រម​ទាំង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ចំពោះ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ នេះ​ក៏​ដោយសារ​លោក​ត្រាំ​ញញើត​ចិន​ដែល​ជា​ខ្នងបង្អែក​ដ៏​មាំ​របស់​កូរ៉េខាងជើង។ អ៊ីចឹង​ហើយ​បាន​ជា​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter ថា លោក​មាន​ជំនឿ​ទុក​ចិត្ត​ថា ចិន​ពិត​ជា​ដោះស្រាយ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ​បាន​ល្អ​ណាស់ មុន​នឹង​បន្ថែម​ជា​ថ្មី​ថា បើ​ចិន​មិន​រវីរវល់ អាមេរិក​នឹង​ចាត់​វិធានការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

បើ​សង្រ្គាម​នៅ​ឧបទ្វីប​កូរ៉េ​ផ្ទុះ​ឡើង តើ​អ្នក​ណា​ខាត និង​អ្នក​ណា​ចំណេញ?

បើ​ពិនិត្យ​ជា​ទូទៅ អត់​មាន​អ្នក​ចំណេញ​ទេ គឺ​មាន​តែ​អ្នក​ខាត ហើយ​អ្នក​ខាត​ពិតប្រាកដ​មិនមែន​កូរ៉េខាងជើង​ទេ តែ​មហាអំណាច​អាមេរិក និង​មហាយ័ក្ស​ចិន ព្រោះថា​ចង់ ឬ​មិន​ចង់​ចង់ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​និង​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រយោល។ វ៉ាស៊ីតោន​បាន​យល់​ច្បាស់​ណាស់​ថា ខ្លួន​ពិត​ជា​មិន​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ខាងជើង​ដោយ​គ្មាន​ជំនួយ​ពី​ចិន​បាន​ទេ ហើយ​ក៏​មិន​អាច​ប្រើ​កម្លាំងបាយ​ជា​ឯកតោភាគី​បាន​ដែរ។ រីឯ​ប៉េកាំង​ក៏​យល់​ច្បាស់​ថា មាន​តែ​ខ្លួន​ទេ​ដែល​អាច​និយាយ​ជាមួយ​កូរ៉េខាងជើង​បាន ហើយ​គឺ​មាន​តែ​ខ្លួន​ម្នាក់​គត់​ដែល​កូរ៉េខាងជើង​ស្តាប់។

តែ​នៅ​ចំពោះ​មុខ គេ​សង្កេត​ឃើញ​មាន​តែ​ការ​ដំឡើង​សាច់ដុំ​ដាក់​គ្នា រួម​ទាំង​ការ​វាយប្រហារ​គ្នា​ដោយ​សង្រ្គាម​ពាក្យសម្តី​រវាង​អាមេរិក និង​ចិន រួម​ទាំង​រវាង​កូរ៉េខាងជើង និង​អាមេរិក។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​យល់​ឃើញ​ថា អាមេរិក​កំពុង​លូក​ដៃ​ចូល​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​ជា​ចំណុចក្តៅ​មួយ​នៃ​ពិភពលោក​នាំ​ឲ្យ​មាន​ការ​ផ្ទុះសង្រ្គាម​នុយក្លែអ៊ែរ​គំរាមកំហែង​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​ពិភពលោក។ រីឯ​ចិន​វិញ លោក​ប្រមុខ​ការទូត​វ៉ាង យី​បាន​ព្រមាន​ត្រង់ៗ​ថា សង្រ្គាម​នៅ​ឧបទ្វីបកូរ៉េ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល និង​ថា នរណា​ក៏​ដោយ​ដែល​បញ្ឆេះ​សង្រ្គាម​នេះ នឹង​ទទួល​ខុស​ត្រូវ​នូវ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត។

ដោយ​មិន​បាន​និយាយ​ចំៗ​លើ​ការ​ព្រមាន​របស់​លោក​ដូណាល់ ត្រាំ លោក​វ៉ាង យី​បាន​ព្រមាន​បក​វិញ​ដោយ​បញ្ឈិតបញ្ឈៀង​ថា បើ​សង្រ្គាម​ផ្ទុះ​នៅ​ឧបទ្វីប​កូរ៉េ​មែន នោះ​គ្មាន​នរណា​ម្នាក់​អាច​ទាយ​ទុក​ពី​លទ្ធផល ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ឈ្នះ​នៅ​ក្នុង​សង្រ្គាម​នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​វ៉ាង យី​បាន​បញ្ជាក់​ថា ចិន​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុង​ព្យុងយ៉ាង​តែង​ប្រឆាំង​ជានិច្ច​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ដែល​មាន​គោលដៅ​យោធា​របស់​កូរ៉េខាងជើង និង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​គួរ​តែ​មាន​ភាព​អត់ធ្មត់ និង​បន្ត​ដោះស្រាយ​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ