អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ហៅ​រុស្ស៊ី​ជួយ​បន្ធូរ​ស្ថានការណ៍ក្នុង​ឧបទ្វីប​កូរ៉េ​ខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ចម្លើយ​តប​​​នឹង​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ចាត់ការ​លើ​កូរ៉េខាង​ជើង លោក គីម​ ជុងអ៊ុន ប្រមុខ​ដឹកនាំ​របប​កុម្មុយនិស្ត​​ព្យុងយ៉ាងដ៏​ក្មេង​ខ្ចី បាន​ប្រកាស​ក្តែងៗតែ​ម្តង​មុន​នឹង​បញ្ចេញ​ក្បួន​ព្យុហយត្រា​យោធា​បង្អួត​ពិភពលោក ថា​ កូរ៉េខាង​ជើង​ ​ត្រៀម​ជា​ស្រេច​នឹង​ធ្វើ​សង្គ្រាម​​​នុយក្លេអ៊ែរ តប​នឹង​ការ​វាយប្រហារ​ពី​ក្រៅ ! ម្ខាង​​គំហកទៅ ម្ខាង​ស្រែក​តប ប្រឈម​នឹង​ភាព​តាន​តឹង​បែប​នេះ ​ចិន​ដែល​សម្ព័ន្ធ​តែ​មួយ​គត់​របស់​ព្យុងយ៉ាង និង​ដែល​ហាក់​ដូច​ជា​លែង​សូវ​មាន​ទឹក​មាត់​និយាយ​ជាមួយ​កូរ៉េខាង​ជើង​បាន​អំពាវនាវហៅ​រុស្ស៊ី​ ​ឱ្យ​ចូល​ជួយ​​ ក្រែង​អាច​បន្ថយ​សម្ពាធ​ក្នុង​ឧបទ្វីបបាន​ខ្លះ។

មីស៊ីលអន្តរទ្វីប​ «Pukkuksong» បង្ហាញ​ក្នុង​ក្បួន​ព្យុហយាត្រា​ថ្ងៃទី ១៥ មេសា ២០១៧
មីស៊ីលអន្តរទ្វីប​ «Pukkuksong» បង្ហាញ​ក្នុង​ក្បួន​ព្យុហយាត្រា​ថ្ងៃទី ១៥ មេសា ២០១៧ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

តាំង​តែ​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែល​ពិភពលោក​ទាំង​មូល នាំ​គ្នា​ព្រួយ​បារម្ភ​ ខ្លាច​មាន​ការ​ផ្ទុះ​​សង្គ្រាម​នុយក្លេអ៊ែរ នៅ​ឧបទ្វី​បកូរ៉េ ព្រោះ​​អាមេរិក បាន​បញ្ជូន​នាវា​មុជ​ទឹក នាវា​ចម្បាំង ទៅ​​ទីនោះ ឯ​ព្យុងយ៉ាង​ដ៏​បាន​ស្រែក​តប​វិញ​ថា​ត្រៀម​ធ្វើសង្គ្រាម​គ្រប់បែប​យ៉ាង​​ប្រឆាំង​នឹង​ការ​ឈ្លានពាន​អាមេរិក ហើយ​បានប្រកូកប្រកាស​ហៅអ្នក​សារព័ត៌មាន​ទាំង​ឡាយ​ឱ្យ​មក​តាម​ដាន​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ​ នៅ​ថ្ងៃ​ទី ១៥​មេសា​ ! ព្រឹត្តិការណ៍​ដ៏​មហាអស្ចារ្យ​ដែល​បើគិត​មក​ទល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ គឺមាន​ត្រឹម​តែ​ជា​​ការ​ដង្ហែក្បួន​ព្យុហយាត្រ​យោធា​ដ៏​សម្បើម​ប៉ុណ្ណោះ មិន​មែន​ជា​ការ​​បាញ់​សាកល្បង​មីស៊ីល​ឬ​នុយក្លេអ៊ែរ ដូច​គ្រប់គ្នា​សង្ស័យ​ឡើយ !

កូរ៉េខាង​ជើង​បង្អួត​សព្វាវុធ​ ក្នុង​ថ្ងៃ​ខួប​បិតា​កុម្មុយនិស្ត​ គីម អ៊ីលស៊ុង

មួយ​សប្តាហ៍​មក​ហើយ​ដែល​​មាន​សញ្ញា​ជាច្រើន​​នាំ​ឱ្យគិត​ដល់​បញ្ហា​នេះ ៖  ក្នុង​ខណៈ​ដែល​អាមេរិករបស់​លោក​ត្រាំដ៏​ពិបាក​ស្មាន បាន​​ចេញមុខ​ប្រើ​ធម៌ក្តៅ ​ចង្អុលមុខ​កូរ៉េខាងជើងថា​ដល់​​វេន​អាមេរិក​​ចាត់ការលើ​ប្រទេស​នេះ​ !​ ​កង​នាវា​ចម្បាំង នាវា​មុជ​ទឹកក៏​កំពុង​រំកិល​ទៅ​ជិត​ដល់​តំបន់​ឧបទ្វីប។ កូរ៉េខាង​ជើង​របស់​គីម ជុងអ៊ុន បាន​ជំទាល​តប​វិញ​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ធ្វើស​ង្គ្រាម​នុយក្លេអ៊ែរ តាម​ដែល​អាមេរិក​ចង់បាន។ ជាង​នេះ​ទៅ​ទៀត មាន​​ប្រភព​​ជា​ច្រើន​បង្ហាញ​ថា​កូរ៉េខាង​ជើង​កំពុង​ត្រៀម​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៦។ អាជ្ញាធរ​ព្យុងយ៉ាង ក៏​បាន​ប្រកាស​អាសន្ន​​ប្រាប់​ពលរដ្ឋ​ខ្លួន ហើយ​​​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្យុងយ៉ាង​បាន​ប្រកូកប្រកាស​ហៅ​អ្នក​សារព័ត៌មាន​ឱ្យ​មក​តាមដាន​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ​មួយ​នៅ​ថ្ងៃ​ទី ១៥ មេសា។ តើ​មិន​ឱ្យ​គិត​ថា​នឹង​មាន​​ព្រឹត្តិការណ៍​បាញ់​មីស៊ីល​ឬ​នុយក្លេអ៊ែរ​ ម្តេច​នឹង​កើត ?!

​ថ្ងៃ​១៥​មេសា ជា​ថ្ងៃ​បុណ្យ​ធំ សម្រាប់​ពលរដ្ឋ​កូរ៉េខាង​ជើង ព្រោះ​​ជា​ថ្ងៃ​ខួប​កំណើតបិតា​កុម្មុយនិស្ត គីម អ៊ីលស៊ុង ដែល​ត្រូវ​ជា​ជីតារបស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​បច្ចុប្បន្ន។ កន្លង​មក កូរ៉េខាង​ជើងតែង​ជ្រើស​រើស​យកឱកាស​នេះ សម្រាប់​សម្ញែង​មហិទ្ធិរិទ្ធ​យោធា​របស់ខ្លួន​ ផ្គើន​ពិភពលោក តាម​រយៈ​ការ​បាញ់​មីស៊ីល ឬ​នុយក្លេអ៊ែរ។

​ប៉ុន្តែ​ការ​ស្មាន​របស់​ពិភពលោក​មិន​ប្រាកដ​ថា​ខុស​ទេ ! ព្រោះ​ថ្វី​បើ​គ្មាន​ហេតុការណ៍​អ្វី​កើត​ឡើង​នៅ​ពេល​នេះ ម៉ោង​នេះ​មែន តែ​នរណា​ទៅ​ដឹង​ថា​នឹង​មាន​រឿង​អ្វីកើត​ឡើង​នៅមួយ​ម៉ោង​ទៀត ឬ​​ថ្ងៃ​ស្អែក​ ឬ​ខាន​ស្អែក។ ការ​បាញ់​សាកល្បង​មីស៊ីល​ឬ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​កន្លង​មក មិនមែន​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​និង​ចំ​ម៉ោង​នៃខួប​ណា​មួយ​ឡើយ។ ដូច្នេះ​ការ​តាមដាន​និង​ប្រុង​ប្រយ័ត្នគួរ​តែ​​ត្រូវ​​រក្សា​បន្តបន្តិច​ទៀត​សិន។

​ចិន​ អំពាវនាវ​ហៅ​​រុស្ស៊ី​ឱ្យ​មក​ជួយ

ពេញ​មួយ​សប្តាហ៍​មក​នេះ គ្មាន​ថ្ងៃ​ណា​មួយ​ដែល​លោក​ដូណាល់ ត្រាំ មិន​បញ្ចេញ​ពាក្យ​គំរាម​ទាក់ទង​នឹង​កូរ៉េខាង​ជើង​ទេ ! ទន្ទឹម​នឹង​ការចាត់​ទុក​កូរ៉េខាង​ជើង ជា​បញ្ហា ត្រូវ​ដោះស្រាយ​ លោកដូណាល់ត្រាំ ក៏​បាន​ដាក់​សម្ពា​ធ​លើ​ចិន​ខ្លាំងឡើងៗ ថា​ចិន​នឹង​មើល​ការ​ខុស​ត្រូវ​ព្យុងយ៉ាង​បាន​ល្អ តែ​បើ​មិន​បាន​គឺ​អាមេរិក​ជា​អ្នក​ចាត់ការ​ម្នាក់ឯង​ក៏​បាន។

សម្ពាធ​​នេះ បាន​ធ្វើ​ឱ្យ​ចិន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ជាង​ពេលណាៗ​ទាំង​អស់ ! ​ម្ខាង​ព្យុងយ៉ាង​របស់​ គីម ជុងអ៊ុន ប្រៀប​ដូច​ជា​ក្មេង​ទំនើង​មិន​ស្តាប់​ឪពុកម្តាយ ម្ខាង​អាមេរិក​ជាមនុស្ស​ចាស់​​ចេះ​តែ​សំឡុត ដែល​អាច​ធ្វើ​ឱ្យ​ជម្លោះ​អាច​ផ្ទុះ​ជា​សង្គ្រាម​បាន​គ្រប់​វិនាទី។ ដូច្នេះ​ហើយ​បាន​ជា​ចិន​ត្រូវ​រក​អ្នក​ទី​បី​ម្នាក់​ទៀត ឱ្យ​មក​ជួយ​។ នោះ​គឺ​រុស្ស៊ី !

រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ទូរស័ព្ទ​ទៅ​សមភាគី​រុស្ស៊ី ថា​ប្រទេស​ទាំង​ពីរ ត្រូវ​តែ​សហការ​គ្នា​ ដើម្បី​បញ្ចុះ​កម្តៅ​ក្នុង​ឧបទ្វីប ឱ្យ​បាន​កាន់​តែលឿន។ ចិន​និង​រុស្ស៊ី​ត្រូវ​តែរួម​ដៃ​គ្នា​លើក​ចិត្ត​ឱ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ចូល​ចរចា​គ្នា។ ពោល​គឺ​ការ​ចរចា​៦​ភាគី អាមេរិក​ជប៉ុន​រុស្ស៊ី​ ចិន​និង​កូរ៉េ​ទាំងពីរ ដែល​ជាប់​គាំង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចិន​បាន​បើក​ចំហ​បេះ​ដូង ប្រកាស​ថា​ត្រៀម​ធ្វើ​កិច្ចសហប្រតិបត្តិការ​ស្អិត​ល្មួត​​ជាមួយ​រុស្ស៊ី​ ដើម្បី​ទប់ស្កាត់​សង្គ្រាម និងភាព​ជ្រួល​ច្របល់​​ក្នុង​ឧបទ្វីប ​ជា​តំណាង​ផលប្រយោជន៍​រួម​​របស់​រុស្ស៊ី​និង​ចិន។

​​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ ផ្អាក​ជើង​ហោះហើរ​ ពីប៉េកាំង ​ទៅ​ព្យុងយ៉ាង 

ក្នុង​ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​តាន​តឹង​ មិន​ថា​តើ​ជា​ការ​ចៃដន្យ​ឬ​យ៉ាងណា​ទេ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ បាន​ប្រកាស​ផ្អាក​ការ​ហោះហើរ​ពី​ប៉េកាំង ទៅ​ព្យុងយ៉ាង។ ក្រុមហ៊ុន​បាន​ចាប់​រកស៊ី​ ភ្ជាប់​ការដឹក​អ្នក​ដំណើរ​ទៅ​កូរ៉េខាង​ជើង តាំង​ពី​ឆ្នាំ ២០០៨​មក និង​ធ្វើ​ការ​ហោះហើរ បី​ដង​ក្នុង​មួយ​សប្តាហ៍ (ចន្ទ​ ពុធ សុក្រ​)។​ ការ​ហោះហើរ​នេះ ត្រូវ​ផ្អាក​ចាប់​ពី​ថ្ងៃ​សុក្រ​ទី ១៤​មេសា​មក និង​ ធ្វើ​ឡើង​ចំពោះ​តែ​ជើងខ្លះ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​លុប​ចោល​ទាំង​ស្រុង​ទេ។ នេះ​បើ​បាន​ការ​គូស​បញ្ជាក់​របស់​ក្រុមហ៊ុន។

​ការផ្អាក​ហោះហើរ​ ពី​ប៉េកាំង​ទៅ​ព្យុងយ៉ាង​ ក៏​ធ្លាប់​កើត​មាន​ជាញយ​ដង​ដែរ​ ពី​មុនមក​នៅ​ពេល​​ពុំ​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ