អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

អាមេរិក​​​ប្រាប់​​​កូរ៉េ​​ខាង​​ជើង​​ថា​​កុំ​​​​ចង់​​​សាក​​​អោយ​​​សោះ​​​​​ជាមួយ​​​​នឹង​​​​ការ​​ប្តេជ្ញាចិត្ត​​​​របស់​​​​​​​លោក​ Donald Trump

អនុប្រធានាធិបតី​​​អាមេរិក​​​លោក ​Mike Pence​ នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​​ទី​​១៧​​មេសា​​នេះ​បាន​​​ព្រមាន​​​ប្រាប់​​​​កូរ៉េ​​ខាង​ជើ​ង​​​ថា​​​កុំ​​​ចង់​​សាក​​ឲ្យ​​សោះ​​នឹង​​ការ​ប្តេជ្ញាចិត្ត​​របស់​​លោក​ប្រធានាធិបតី​​ Trump​​ ​ថ្វីត្បិត​​​តែ​​​ព្យុងយ៉ាង​​មាន​​កម្មវិធី​​មីស៊ីល​អន្តរទ្វីប​​និង​​នុយក្លេអ៊ែរ​​ក៏​ដោយក្តី​!!។ ជា​​សេចក្តី​​ថ្លែង​​មួយ​​​នៅ​​ពេល​​ដែល​​លោក​ Pence ​​បាន​អញ្ជើញ​ទៅ​​ដល់​​ក្បែរ​​តំបន់​​ព្រំដែន​​រវាង​កូរ៉េខាងត្បូង​ និង​កូរ៉េ​ខាង​ជើង។​ 

អនុប្រធានាធិបតីអាមេរិក លោក  Mike Pence ​ថ្លែង​​ក្នុង​​សន្និសីទ​សាព័តមាន​មួយ​​នៅ​​​ភាគខាងត្បូង​សេអ៊ូល​ថ្ងៃ​ទី​១៧​មេសា​២០១៧​April 17, 2017.
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ​ថ្លែង​​ក្នុង​​សន្និសីទ​សាព័តមាន​មួយ​​នៅ​​​ភាគខាងត្បូង​សេអ៊ូល​ថ្ងៃ​ទី​១៧​មេសា​២០១៧​April 17, 2017. Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នៅ​​ឱកាស​សន្និសីទ​សាព័តមាន​មួយ​នៅ​ទីក្រុង​សេអ៊ូល​ក្នុង​​ប្រទេស​កូរ៉េ​ខាងត្បូង អនុ​ប្រធានាធិបតី​​អាមេរិក​លោក Mike Pence  បាន​ព្រមាន​ប្រាប់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កុំ​​ចង់សាកអោយសោះ​​​នឹង​​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ប្រធានាធិបតី​ដូណាល់ Trump ពីព្រោះ​នយោបាយ​អាមេរិក​សព្វថ្ងៃ​​​វា​ខ្លាំង​ជាង​មុន។ អនុ​ប្រធានាធិបតី​អាមេរិក បាន​គូស​បញ្ជាក់​ទៀត​ថា កាលពី​ អំឡុង ​២​សប្តាហ៍​កន្លង​ទៅ​នេះ ពិភពលោក​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់​​នូវ​​ឥទ្ធិពល​និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ជាអាទិ៍​នៅ​ក្នុង​ប្រតិបត្តិការណ៍​នានា​ដែល​​បាន​ធ្វើឡើង​នៅ​​ស៊ីរី​និង​អាហ្វហ្កានីស្ថាន។​

 
សេចក្តីថ្លែង​របស់​លោក Pence  គឺ​ចង់​​សំដៅ​ទៅ​លើ​​ការ​វាយប្រហារ​ដ៏ខ្លាំងក្លា​​របស់​អាមេរិក​ប្រឆាំង​នឹង​មូលដ្ឋាន​អាកាសចរណ៍​នានា​របស់​របប​ស៊ីរី​និង​ការ​ទម្លាក់ មេគ្រាប់បែក​​ប្រឆាំង​នឹង​ពួក​ជីហាត​អ៊ីស្លាម​នៅ​​អាហ្វហ្កានីស្ថាន។

គួររំលឹកថា លោក Donald Trump ធ្លាប់​បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា​នឹង​លោក​​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​ ហើយ​លោក​ក៏​ធ្លាប់​បាន​ជូន​ដំណឺង​អំពី​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ  Carl Vison ដែល​អម​ដំណើរ​ដោយ​នាវា​បាញ់​មីស៊ីល​៣​គ្រឿង​ ហើយ​បន្ទាប់​មកទៀត លោក​​ក៏​បាន​រំលឹកដែរ​​ពី​នាវា ​Armada ​មួយ​គ្រឿង​ដែល​មាន​ទាំង​នាវា​មុជ​ទឹក​ផង។

ជាបន្ទាន់​ភ្លាម​នោះ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​លេខ​ពីរ​របស់​កូរ៉េ​ខាង​ជើង​វិញ  បាន​ប្រតិកម្ម​​តបត​អាមេរិក​​វិញ​កាល​ពី​ថ្ងៃសៅរ៍​មុន​ដោយ​បាន​អះអាង​ថា​កូរ៉េខាង​ជើងបាន​ត្រៀម​ខ្លួន​ជាស្រេចដែរ​ដើម្បី​​​វាយប្រហារ​តបត​​នឹង​សង្គ្រាម​គ្រប់​ប្រភេទ។

សូមបញ្ជាក់ថា​អនុ​ប្រធានាធិបតី​អាមេរិក បាន​អញ្ជើញ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​និង​អញ្ជើញទៅ​កាន់​តំបន់​ព្រំដែន​អន្តរកូរ៉េ​នៅ​ពេល​ព្រឹក​មិញ​នេះ។ ​នៅ​ទីនោះ ហើយ​ ដែល លោក Pence  បាន​ថ្លែង​បញ្ជាក់​ថា អាមេរិកលែង​មាន​នយោបាយ​អំណត់​អត់​ធ្មត់​​ទៀត​ឡើយ​​នៅ​ចំពោះ​មុខ​របប​ព្យុងយ៉ាង​ ​ហើយ​អាមេរិក​ក៏​នឹង​ប្រឆាំង​ឲ្យ​អស់​​រាល់​​ការ​វាយប្រហារ​​នានា​និង​តបត​វិញ​ ប្រកប​ដោយ​ប្រសិទ្ធិភាព​​​រាល់​ការ​ប្រើប្រាស់​អាវុធ​ធម្មតា​ឬ​ក៏​អាវុធ​​នុយក្លេអ៊ែរ។ ​លើសពីនោះ​លោក  Mike Pence  ថែមទាំង​​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ ឲ្យ​​​បង្កើន​ការ​គាប​សង្កត់​ទៅ​លើ​កូរ៉េខាង​ជើង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត។​​

នៅ​ប្រទេស​ជប៉ុន​វិញ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​អំពាវ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ​សុំ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើការ អត់ធ្មត់​និង​ចៀសវៀង​ការ​ករឿង​បង្កហេតុ​នានា​​ថ្មីៗ​ទៀត​ ដោយ​គោរព​​ទៅ​តាម​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​​ក៏ព្រមទាំង​​បោះបង់ចោល​ដែរ​នូវ​កម្មវិធី​មីស៊ីល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មួយ​ថ្ងៃ​បន្ទាប់ពី​របប​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​​មីស៊ីល​មិន​បាន​ជោគជ័យ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញមក​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ