អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរ​កូរ៉េខាងជើង ៖ ដូច​មេ​ដឹកនាំ​មុនៗ ​លោកត្រាំ ​​រំពឹង​លើ​ចិន​ទៅ​បំបត់​ព្យុងយ៉ាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

វ៉ាស៊ីនតោន​នឹង​ធ្វើការ​រួម​គ្នា​ជាមួយ​សម្ព័ន្ធម្តិត​និង​ចិន ​ដើម្បី​ដាក់​គំនាប​សេដ្ឋកិច្ច​និង​ការទូត​លើកូរ៉េខាង​ជើង តែ​អាមេរិក​នឹងកិន​ក្រញេច​ភ្លាម​​បើសិន​ព្យុងយ៉ាង​ហ៊ាន​​ធ្វើ​ការ​វាយប្រហារ​ណា​មួយ។ នេះ​ជា​ប្រសាសន៍​លោក​ Mike Pence អនុប្រធានាធិបតី​អាមេរិក​​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែនៅ​ក្នុង​ការ​ពិត​ជាក់​ស្តែង អាមេរិក​របស់​លោក ត្រាំ ក៏​មិន​ខុស​ពី​ប្រធានាធិបតី​មុន គឺ​ពឹង​ចិន​ ឱ្យ​ដោះស្រាយ​វិបត្តិនេះ។ ​​កងនាវា​ចម្បាំងនាវាផ្ទុកយន្តហោះជា​ច្រើនគ្រឿង​ ​​ដែល​រដ្ឋបាល​លោក​ត្រាំ បាន​ដាក់​បញ្ជា​ឱ្យ​ចេញ​ដំណើរ​ទៅ​ឧបទ្វីប​កូរ៉េ កាលពី​សប្តាហ៍​មុន ដើម្បី​ជាការឆ្លើយតប​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង ​មិនបានធ្វើ​ដំណើរ​ទៅ​ឧបទ្វីប​កូរ៉េ​នោះទេ តែបាន​បន្ត​ដំណើរ​ទៅ​​អូស្រ្តាលី​។

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ ទើប​ចេញដំណើរ​ឆ្ពោះ​ទៅ​ឧបទ្វីប​កូរ៉េ
នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ ទើប​ចេញដំណើរ​ឆ្ពោះ​ទៅ​ឧបទ្វីប​កូរ៉េ AFP/US Navy/MC2 Sean M. Castellano
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ លោក​ដូណាល់ ត្រាំ​បាន​ចេញ​បញ្ជា​ឱ្យ​កង​នាវា​ចម្បាំង នាវា​ផ្ទុកយន្តហោះ​ជា​ច្រើន​គ្រឿង ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី​ ដើម្បី​ធ្វើ​សមយុទ្ធ​ ឱ្យ​ប្តូរ​ទិស​ទៅ​តំបន់​ឧបកូរ៉េ​​វិញ​។ ខាង​យោធា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ថា​បាន​ទទួល​បញ្ជា​​ហើយ។ នៅ​ថ្ងៃ​អង្គារ​ទី ១១​មេសា រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ក៏​បាន​ថ្លែង​ប្រកាស​ថា​ កងនាវា​ចម្បាំង​កំពុង​ធ្វើ​ដំណើរ​ទៅ​តំបន់​ប៉ាស៊ីហ្វិក។ ឯ​សមយុទ្ធ​ជាមួយ​អូស្ត្រាលី ក៏​ត្រូវ​បានលុប​ចោល​។  

ប៉ុន្តែតាមការ​ពិត ​កង​នាវា​ទាំង​នោះ​នៅ​តែ​បន្ត​ដំណើរ​ទៅ​អូស្ត្រាលី​ដដែល។ នៅ​ពេល​ដែល​កូរ៉េខាង​ជើង​កំពុង​ហ៊ឺហា​ធ្វើ​ព្យុហយាត្រា​បង្អួត​មីស៊ីល យ៉ាង​គគ្រឹកគគ្រេង នៅ​ថ្ងៃ​សៅរ៍ និង​បាន​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី កាលពី​ថ្ងៃ​អាទិត្យទី ១៦​មេសា​នោះ កងនាវាចម្បាំង​នាវា​ផ្ទុក​នុយក្លេអ៊ែរ​អាមេរិកនោះ​ ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ​ពី​តំបន់​ឧបទ្វីប​កូរ៉េ ពោល​គឺ​ទើបឆ្លង​​ទៅដល់​មហា​សមុទ្ទ​ឥណ្ឌា​តែ​ប៉ុណ្ណោះ។

មេ​បញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បំភ្លឺ​កាលពី​ថ្ងៃអង្គារ ថា​ក្រុមនាវា​បាន​ឆ្លៀត​ចូល​ធ្វើ​សមយុទ្ធ​ខ្លី​មួយ​ជាមួយ​អូស្ត្រាលី រួច​​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ខាង​លិច ដូច​ការ​បញ្ជា ដោយ​គ្រាន់​តែ​លុប​ចោល​ការ​ចូល​ចត​ក្នុង​ផែ​មួយ​របស់​អូស្ត្រាលី​ប៉ុណ្ណោះ។

ពីរភាគ​បីនៃ​កងទ័ព​ជើង​ទឹក​អាមេរិក​ផ្តុំ​នៅ​​អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ​២០២០

សម្រាប់​អ្នក​វិភាគ ក៏​ដូច​ជា​សម្រាប់​ក្រសែ​ភ្នែក​មនុស្ស​ទូទៅ កាលណា​តែ​ចេញ​បញ្ជា​ មាន​សេចក្តី​ថ្លែងការណ៍​ផ្លូវការ ​ពី​សេតវិមាន​ហើយ តែ​សកម្មភាព​យោធា​តែ​ជា​យឺតយ៉ាវ​មិន​ធ្វើ​តាម​ភ្លាម គឺ​ពិត​ជា​ងាយ​រង​ការ​រិះគន់​ខ្លាំង​ណាស់ ព្រោះ​ទង្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​រដ្ឋបាល​លោកត្រាំ ឬ​អាច​និយាយ​បែប​ផ្សេង​ថា មក​ពី​យោធា​គ្មាន​ជំនឿ​លើ​រដ្ឋបាល​ក៏​ថា​បាន។

ជាពិសេស​គឺ​កូរ៉េខាង​ជើង​ផ្ទាល់​តែ​ម្តង ដែល​រឹត​តែ​បាន​ចិត្ត ហ៊ាន​ទាំង​បាញ់​មីស៊ីល មិន​ចាញ់​សំឡុត​ (ទោះបី​ជា​ការ​បាញ់​សាកល្បង​នោះ​ត្រូវ​បរាជ័យក៏​ដោយ​) ហើយ​ឥលូវ​ព្យុងយ៉ាង​ដែល​ងងើល​ស្រាប់ អាច​ចាត់​ទុក​​ជា​ការ​សំឡុត​របស់​លោកត្រាំ ថា​ជា​សំឡុត​ខ្យល់ ! គ្មាន​ការ​ព្រមាន​តប​ នាវាចម្បាំង​នាវា​ផ្ទុយ​នុយក្លេអ៊ែរ​នៅ​ឆ្ងាយ​មួយ​មេឃ​ពី​ឧបទ្វីប ធ្វើ​អ្វី​កូរ៉េខាង​ជើង​មិន​កើត។

ប៉ុន្តែ​អំណរ​នេះ​មិន​វែង​ទេ ! គ្រាន់​តែ​យឺតបន្តិច​ មិនមែន​មិន​ស្តាប់​បញ្ជា​ឯណា ?! ​កងនាវា​ចម្បាំង និង​នាវា​ផ្ទុក​អាវុធ​មួយកង​ធំ​នេះ បាន​និង​កំពុង​បត់​ចង្កូត​មក​កាន់​មហា​សមុទ្ទ​ប៉ាស៊ីហ្វីក មក​នៅ​ឈរ​ជើង​ក្បែរ​​ឧបទ្វីប​កូរ៉េ​ហើយ។ ហើយ​បើ​គេ​ជឿ​លើ​ប្រសាសន៍​របស់​លោក​ អនុប្រធានាធិបតី​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន អាមេរិក​នឹង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​​និង​ចិន ដើម្បី​ដាក់​សម្ពាធ​សេដ្ឋកិច្ច​និង​ការទូត​លើ​កូរ៉េខាង​ជើង ហើយ​នឹង​កម្ទេច​របប​នេះ បើ​ហ៊ាន​ធ្វើ​វាយប្រហារណា​មួយ​ ពីព្រោះ​ ពីពេល​នេះ​ដល់​ឆ្នាំ​២០២០​ អាមេរិក​នឹង​ពង្រឹង​វត្តមាន​យោធា​​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឱ្យ​បាន​កាន់​តែ​ច្រើន ក្នុង​កំរិត​ប្រមាណ​ជា ពីរភាគបី​នៃ​កង​កម្លាំង​ទ័ព​ជើង​ទឹក​អាមេរិក ដោយ​មាន​ជប៉ុន​ជា​អ្នក​ដើរ​តួនាទី​សំខាន់​  និង​ជា​អ្នក​ទទួល​ត្រូវ​ចម្បង​​ក្នុង​កិច្ចសហប្រតិបត្តិការយោធា​នេះ។ ជាមួយ​នឹង​វត្តមាន​យោធា​បែបនេះ អាមេរិក​ថែម​ទាំង​អាច​ការពារ​សេរីភាព​នៃ​ចរាចរណ៍​ផ្លូវ​ទឹក និង​សេរីភាព​នៃការ​ហោះហើរ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ទៀត។

លោក​ Donald Trump និង​លោក  Xi Jinping ថ្ងៃទី ៦​មេសា ២០១៧
លោក​ Donald Trump និង​លោក Xi Jinping ថ្ងៃទី ៦​មេសា ២០១៧ Reuters/Carlos Barria

ត្រាំ​ដើរ​តាមគន្លង​ចាស់ ​ពឹង​ចិន​ឱ្យ​ទៅ​លត់​កូរ៉េខាង​ជើង​

ក្រោយ​ពី​បាន​បញ្ចេញ​សាច់​ដុំ ប្រើ​ពាក្យ​គំរាម​ខ្លាំងៗ ដាក់​កូរ៉េខាង​ជើង អស់​ជា​ច្រើន​ថ្ងៃ ជាប់ៗគ្នា ប្រធានាធិបតី​អាមេរិកបែរ​ជាងាក​ត្រលប់​មក​រក​ផ្ទុកផ្តាក់​ចិន​ ឱ្យ​ទៅ​ដាក់​សម្ពាធ​លើ​របប​ព្យុងយ៉ាង ដូច​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​ធ្វើ​មែន។ អាមេរិក​ប្រកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្អិត​ល្មួតជាមួយ​​​ចិន ដើម្បី​បំរើ​ប្រយោជន៍ « រួម”។

​​មេ​ដឹកនាំ​ជាន់​ខ្ពស់​អាមេរិក និង​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​លើក​ឡើង​ជា​ញយ​ដង ថា​ចិន​អ្នក​ជិតខាង​ដ៏​​មាន​អំណាច​មួយ​នេះ អាច​មាន​ឥទ្ធិពល​គ្រប់គ្រាន់ នឹង​ដាក់​គំនាប​សេដ្ឋកិច្ច និង​នយោបាយ​លើ​របប​ព្យុងយ៉ាង​ឱ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​បាន។ ប៉េកាំង​ទៀត​សោត​ ក៏​ធ្លាប់​បាន​សន្យារួចហើយ​ថា​នឹង​ទៅ​ព្រមាន​កូរ៉េខាង​ជើង។ ​ក្រុម​អ្នក​ជំនាញ មើល​មិន​ឃើញ​អំពីមូលហេតុ​សមស្រប​ណា​មួយ​ដែល​ជំរុញ​ឱ្យ​ចិន​គោរព​ពាក្យ​សន្យា​នោះ​សោះ។

​ប៉ុន្តែ​សេតវិមាន​ទំនង​​ជា​រក​ឃើញ​អ្វីមួយ​​ច្រកចេញ​ល្អ​ ពី​នយោបាយ​​ ​ខោក​ផង​អង្អែល​ផង​។
​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទៅ​កាន់​អ្នក​សារព័ត៌មាន សម្តែង​ការ​គោរព​ចំពោះ​លោក​ប្រធានាធិបតី​ចិន​ស៊ីជិនពីង និង​សរសើរ​ បញ្ចើចបញ្ចាល ចិន​ ដែល​បាន​ចាប់​ផ្តើម​បញ្ឈប់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េខាង​ជើង។ ហើយ​សង្ឃឹម​ថា​ប៉េកាំង​នឹង​បញ្ឈប់​ការ​នាំ​ចូល​ប្រទេស​ពី​ប្រទេស​ទៀត។

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ប៉ាស៊ីហ្វិក បាន​អះអាង​ថា​អាមេរិក​មាន​កត្តា​ច្បាស់​លាស់​ជា​ច្រើន​ដែល​បញ្ជាក់​បាន​ចិន​អាច​ធ្វើ​ឱ្យ​កូរ៉េខាង​ជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​បាន គ្រាន់​តែ​ពេល​នេះវា​ដូច​ជា​ឆាប់​បន្តិច​ប៉ុណ្ណោះ។ ត្រូ​វទុក​ពេល​ឱ្យ​ចិន​បើ​គំនាប​សេដ្ឋកិច្ច​ដាក់​លើ​ព្យុងយ៉ាង​សិន។ បើ​ចិន​ធ្វើ​មិន​បាន​សម្រេច​ នោះ​ទើប​សហរដ្ឋ​អាមេរិក​ចាត់ការម្នាក់ឯង​​លើ​កូរ៉េខាង​ជើង ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ