អានតួអត្ថបទ

ឥណ្ឌូណេស៊ី ៖ អភិបាល​ក្រុង​ហ្សាការតាផុត​អាណត្តិ​កាន់​សាសនា​គ្រិស្ត​ចាញ់​ឆ្នោត​ទល់​នឹង​គូប្រជែង​អ្នក​អ៊ីស្លាម

លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា ហៅ​ លោក អាហុក អភិបាល​ក្រុង​ហ្សាការតាផុត​អាណត្តិ អ្នក​កាន់​គ្រិស្តសាសនា ដែល​ជាប់​រឿង​អាស្រូវ​នៅ​តុលាការ ពីបទ​បាន​ជេរ​សាសនា​អ៊ីស្លាម បាន​ចាញ់​ឆ្នោត​ជា​ស្ថាពរ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​ជុំ​ទីពីរ​នៅ​ថ្ងៃពុធ​នេះ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ តែ​៤២% ទល់​នឹង​៥៨%​សម្រាប់​បេក្ខជន​ជា​គូប្រជែង លោក អានី បាស្វេដាន Anies Baswedan កាន់​សាសនា​អ៊ីស្លាម និង​ជា​អតីត​រដ្ឋមន្ត្រីក្រសួង​អប់រំ។ នេះ​បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន​។

លោក​ Basuki “Ahok” អភិបាល​ក្រុង​ហ្សាការតា​ផុត​អាណត្តិ​ ចាញ់​ឆ្នោត​គូប្រជែង​ជា​អ្នក​អ៊ីស្លាម
លោក​ Basuki “Ahok” អភិបាល​ក្រុង​ហ្សាការតា​ផុត​អាណត្តិ​ ចាញ់​ឆ្នោត​គូប្រជែង​ជា​អ្នក​អ៊ីស្លាម © Reuters
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅដើម​​ខែ​ឧសភា ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា លោក អានី បាស្វេដាន មិនទាន់​​បង្ហាញ​អំណរ​នឹង​ជោគជ័យ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ​បេក្ខជន​ ​ លោក អាហុក អភិបាល​ក្រុង​ផុត​អាណត្តិដែលធ្លាប់​​មាន​ប្រជាប្រិយភាព​ខ្លាំងកន្លង​មក​​ បានព្រលយ​មាត់​​ទទួល​ស្គាល់​បរាជ័យ​ហើយ។

កាលពី​នៅ​ជុំទី​មួយ លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា ហៅ​លោក អាហុក ដើម​កំណើត​ចិន កាន់​សាសនា​គ្រិស្ត បាន​ឈ្នះ​ឆ្នោត​នាំ​មុខ​គេ ក្នុង​សំឡេង​៤៣% ទល់​នឹង​បេក្ខជន​ អានី បាស្វេដាន កាន់​សាសនា​អ៊ីស្លាម ៤០% និង​បេក្ខ​ជន​អាហ្គូ យូដូយូណូ កាន់​សាសនា​អ៊ីស្លាម​ដែរ ១៧%។ ប៉ុន្តែ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទីពីរ ដែល​ជាជុំ​ផ្តាច់​ព័ត្រ លោក អាហុក បែរ​ជា​ត្រូវ​ចាញ់​ដាច់​ យ៉ាង​ដំណំ​ទៅ​វិញ។
 

លោក  Anies Baswedan អនាគត​អភិបាល​ក្រុង​ហ្សាការតា
លោក Anies Baswedan អនាគត​អភិបាល​ក្រុង​ហ្សាការតា © Reuters

​​​ទោះ​មាន​ស្នាដៃ​ការងារ​ល្អ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ក្នុង​វិស័យ​សាធារណៈ និង​បាន​ធ្វើ​​កំណែទម្រង់​ជា​ច្រើន​សម្រាប់​ក្រុង​ហ្សាការតា​ក្តី ក៏​លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា អភិបាល​ក្រុង​ផុត​អាណត្តិ​មិន​កាន់​សាសនាអ៊ីស្លាម​ដំបូង​គេ​រូប​នេះ មិន​អាច​ធន់​នឹង​ចរន្តគាំទ្រ​សាសនា​ ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម (២២៥​លាននាក់) ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​បាន​ឡើយ។

ការ​បោះឆ្នោតដែល​​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​តាន​តឹង​សាសនា​បំផុត ព្រោះ​បាន​រំលេច​ឱ្យ​ឃើញ​ឥទ្ធិពល​របស់​អ្នក​អភិរក្ស​និង​ចរន្ត​ជ្រុល​និយមអ៊ីស្លាម​ ដែល​ចេះ​ឆ្លៀត​ឱកាស​ប្រើ​សាសនា​ជា​ប្រយោជន៍​នយោបាយ។ បាតុកម្ម​ជា​ច្រើន បាន​រៀប​ចំ​ឡើង​​ជា​ទ្រង់ទ្រាយ​ធំ ប្រឆាំង​នឹង​បេក្ខជន​អភិបាល​ក្រុង​អ្នក​គ្រិស្តសាសនា ដោយ​ចោទ​ប្រកាន់​ថា​បាន​ប្រមាថ​អ៊ីស្លាម។

ក្នុង​ថ្ងៃ​បោះឆ្នោត នៅក្រុង​ហ្សាការតា​ថ្ងៃ​ពុធ​នេះ​ដែលមានពលរដ្ឋ​ចូល​រួម​ជាង ៧​លាន​នាក់​បន្តិច រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំង​ជាង​៦​ម៉ឺន​នាក់ ដើម្បីការពារ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ ក្រែង​មាន​ការជ្រុល​ជ្រួល​អ្វី​កើត​ឡើង។
ការ​បោះឆ្នោត​នេះ ក៏​ជា​សង្វៀង​ប្រកួត​ចរន្ត​នយោបាយ​ជាតិ​ដែរ ព្រោះ​ ​អភិបាល​ក្រុង​ហ្សាការតា ជា​​តួនាទីដ៏​មាន​ឥទ្ធិពល​និង​ជា​ទម្រ​នាំ​ឆ្ពោះ​ទៅ​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ