អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូងបង្កើន​​កំរិត​​អាសន្ន ខណៈ​ដែល​​​ចិន​ប្រមូល​ផ្តុំ​ទ័ព​នៅ​ព្រំដែន​កូរ៉េខាងជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​បន្តិច​បាន​ពីរ​បី​ថ្ងៃ ស្ថានភាព​ក្នុង​ឧបទ្វី​កូរ៉េ ហាក់​កំពុង​ចាប់​ប៉ោង​តឹង​ជា​ថ្មី !​ ក្នុង​ខណៈ​ដែល​អាមេរិក​បាន​ប្រកាស​ថា​ កង​នាវា​ផ្ទុក​យន្តហោះ​ និង​នាវា​ចម្បាំង Carl Vinson នឹង​ទៅ​ដល់​ឧបទ្វីប​កូរ៉េ នៅក្នុង​ពេល​ឆាប់ៗ ​យោធា​ចិន​មានសកម្មភាពខុស​ប្រក្រតី ឯ​កូរ៉េខាង​ត្បូងវិញ បានប្រកាស​​​ពង្រឹង​កំរិត​​​ស្ថានភាព​អាសន្ន​ជា​ថ្មី​បន្ថែម​ទៀត តាំង​ពី​ល្ងាច​​ថ្ងៃ​សុក្រ​ម្សិលមិញមក ដើម្បី​ជា​កិច្ច​ការពារ។ ព្រោះ​នៅ​សប្តាហ៍​ក្រោយ​នេះ បង​ប្អូន​ជា​គូ​សត្រូវ​ខាង​ជើង ត្រូវ​ប្រារព្វពី​ធី​បុណ្យ​ដ៏​សំខាន់​មួយ​ទៀត។ ដូច្នេះ វា​ពិត​ជា​ឱកាស​ថ្មី​មួយ​ទៀត សម្រាប់​របប​ព្យុងយ៉ាង បញ្ចេញ​សាច់​ដុំ​ ​ពោល​គឺ​នឹង​អាច​មាន​ការ​សាក​ល្បង​មីស៊ីល ឬ​ការ​បាញ់​នុយក្លេអ៊ែរជា​លើកទី​៦​ផង។

សហរដ្ឋ​អាមេរិក​សង្កេត​ឃើញ​ទាហាន​ទម្លាក់​គ្រាប់​បែក​ចិន​មាន​សកម្មភាព​ខ្លាំង​ខុស​ប្រក្រតី
សហរដ្ឋ​អាមេរិក​សង្កេត​ឃើញ​ទាហាន​ទម្លាក់​គ្រាប់​បែក​ចិន​មាន​សកម្មភាព​ខ្លាំង​ខុស​ប្រក្រតី REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​ទី ២៥​មេសា ខាង​មុខ​នេះ ព្យុងយ៉ាង​ត្រូវ​ប្រារព្វខួប​៨៥​ឆ្នាំ​នៃ​ការ​បង្កើត​ “កងទ័ព​ប្រជាមានិត​”។ ក្នុង​ឱកាស​បែបនេះ កូរ៉េខាង​ជើង តែង​តែយក​លេស​អបអរ​ថ្ងៃ​បុណ្យ ដើម្បី​បង្ហាញ​អំពី​សមត្ថភាព​យោធា​ និង​នុយក្លេអ៊ែរ​របស់​ខ្លួន តាម​រយៈ​​ការ​បាញ់​សាកល្បង​មីស៊ីល ឬ​បាញ់​សាកល្បង​នុយក្លេអ៊ែរជា​លើក​ទី​៦។

កង​​ទ័ពចិន​មាន​​សកម្មភាព​ខ្លាំង​ខុស​ប្រក្រតី
ប៉ុន្តែ​អាច​មាន​ហេតុ​ផល​សំខាន់​មួយ​ទៀត ដែលមក​ពង្រឹង​សម្មតិកម្ម​របស់កូរ៉េខាង​ត្បូង​ឱ្យ​ពង្រឹង​កំរិត​អាសន្ន គឺ​​សហរដ្ឋ​អាមេរិក​សង្កេតឃើញ​មាន​សកម្មភាព​មិន​ប្រក្រតី​របស់​កងទ័ព​ទម្លាក់​គ្រាប់​បែក​ចិន។ មាន​សកម្មភាព​ប្លែក​យ៉ាង​ដូច្នេះ មាន​ន័យ​ថា​​ទាហាន​ចិន​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ដែរ ? តើ​ជា​ត្រៀម​អាសន្ន​អ្វីទៅ ?!

នៅ​ក្នុង​សន្និសីទ​កាសែតយប់មិញ​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា ទាហាន​ចិន​មាន​សកម្មភាព​ប្លែក​ខ្លាំង​ ខុស​ពី​ទម្លាប់​មែនទែន នារ​យៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ។ លោកត្រាំ​ជឿជាក់​ក្នុង​ចិត្ត​ថា ប្រធានាធិបតី​ចិន ស៊ីជីនពីង ទំនង​ជា​កំពុង​សាកល្បង​​ដាក់​គំនាប​លើ​សម្ព័ន្ធមិត្ត​ជិតខាង​កូរ៉េខាង​ជើង។ ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​យោធា​អាមេរិក​ណា​ម្នាក់​​និយាយ​អំពី​បញ្ហានេះ ឬ​ខ្វល់​ខ្វាយ ឬ​ដឹង​អំពី​មូលហេតុ​ច្បាស់​លាល់​ទាក់ទង​នឹង​ការ​ធ្វើ​សកម្មភាព​ខ្លាំងប្លែក​របស់​ទាហាន​ចិន​ឡើយ។​

ប្រឈម​មុខ​នឹង​ស្ថានការណ៍​បែប​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​មិន​អាច​បិទ​មាត់​ នៅ​ស្ងៀម​បាន​ឡើយ។ ក្រសួង​ការពារ​ជាតិ បាន​ចេញ​មុខ​បដិសេធ​ថា​ ​គ្មាន​ការ​ត្រៀម​អាសន្ន​អ្វី​មួយ​ឡើយ ! ការ​ប្រមូល​ផ្តុំ​កម្លាំង នៅ​តាម​ព្រំដែន​ជាប់​កូរ៉េខាងជើង គឺ​ជា​ការ​ត្រៀម​រៀប​ចំ​ និង​ហាត់​សម​ធម្មតា​​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​គូស​បញ្ជាក់​ជា​ថ្មី ថា​ប្រមុខ​ដឹកនាំ​ស៊ីជីនពីង បាន​ជួប​ពិភាក្សា​ស៊ីជម្រៅ​ស្តីពី​បញ្ហា​កូរ៉េខាង​ជើង ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​​រួច​ហើយ កាល​នៅ​ផ្លរីត។ ការ​ពិភាក្សា​ជាន់​ខ្ពស់​ដែល​ជំរុញ​ឱ្យ​អាមេរិក​បាន​យល់​ច្បាស់​អំពី​ជំហរ​ចិន និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន។

សារព័ត៌មាន​ផ្លូវការ​ចិន​ ជា​ភាសា​អង់គ្លេសងចិនបាន​សរសេរ​ថា មាន​ចំណុច​សង្ឃឹម​ទៅ​បញ្ចុះ​បញ្ចូល​ព្យុងយ៉ាង​​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ ដោយ​មិន​ប្រើ​​កម្លាំង​យោធាបាន។​ លោក ដូណាល់ ត្រាំ​ ដែល​មាន​ទម្លាប់​ប្រើ​សំដី​ខ្លាំងៗ បាន​ព្រមព្រៀង​ត្រៀម​ដោះស្រាយតាម​ផ្លូវ​សន្តិវិធី​ដែរ​ហើយ។ ចិន​ក៏​បានសម្តែង​ការ​រីករាយ​និង​​ឆន្ទៈ​ ចង់​ធ្វើ​ការ​ជាមួយ​អាមេរិក​ដោះស្រាយ​វិបត្តិ​កូរ៉េខាង​ជើង​ហើយ។ នេះ​បើ​តាម​បទ​វិចារណកថា​របស់​កាសែត។
ប៉ុន្តែ​បើប្រសាសន៍​របស់​លោក​អនុប្រធានាធិបតី​អាមេរិក​ នា​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី លោក​នៅតែ​ប្រើ​ពាក្យ​ដដែល​ថា ដំណាក់កាល​​អធន​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​បាន​កន្លង​ផុត​ហើយ។

​រុស្ស៊ី​​​ប្រមូល​ផ្តុំ​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​កូរ៉េខាង​ជើងដែរ ?

នេះ​ជាព័ត៌មាន​​ ផ្តល់​ដោយ​ប្រជាពលរដ្ឋ​រុស្ស៊ី ដែល​អ្នក​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​បន្ត។ ពលរដ្ឋ​រុស្ស៊ី នៅតំបន់​ភាគ​ខាង​កើត​បំផុត​នៃ​ប្រទេស បាន​ឃើញ​ក្បួន​រថយន្ត ដឹក​សម្ភារៈ​យោធា​​សំដៅ​ទៅ​កាន់​ព្រំប្រទល់​កូរ៉េខាង​ជើង​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​វិមាន​ក្រេមឡាំង​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ មាន​ន័យ​ថា​រុស្ស៊ីក៏​​ទំនង​ជា​កំពុង​ត្រៀម​ស្ថានការណ៍​ដែរ ! ព្រោះ​រុស្ស៊ី​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​កូរ៉េខាង​ជើង​។ រុស្ស៊ី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ជាប់​ជានិច្ច។ ​

ឧបទ្វីបធ្លាក់​ក្នុង​ភាព​​​តាន​តឹង​ស្រាប់​ទៅ​ហើយ !​ សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​ អាមេរិក​និង​កូរ៉េខាង​ត្បូង នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨​មេសា ! សម្រាប់​កូរ៉េខាង​ជើង សមយុទ្ធ​នេះ​ជា​ការ​រៀប​ចំសកម្មភាព​ឈ្លានពាន។ កន្លង​មក​គេ​ក៏ធ្លាប់​ឃើញព្យុងយ៉ាង​បាន​បញ្ចេញ​សកម្មភាព​ផ្គើន​តប​វិញ​ខ្លះៗ​ដែរ។ ការ​គំរាម​កំហែង​របស់​​កូរ៉េខាង​ជើង​ត្រៀម​បាញ់​នុយក្លេអ៊ែរ​ជា​លើក​ទី​៦ នៅ​តែមាន​​កំរិត​ខ្ពស់។

តែ​លើក​នេះ​កងនាវា​ផ្ទុក​យន្តហោះ និងនាវា​ចម្បាំង​​នុយក្លេអ៊ែរ​អាមេរិក កំពុង​រំកិល​មក​កាន់​តែ​កៀក​ឧបទ្វីប​កូរ៉េ​ហើយ។ បើ​តាម​សេចក្តី​ប្រកាស​របស់​អនុប្រធានាធិបតី​អាមេរិក ពី​ប្រទេស​អូស្ត្រាលី តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ កងនាវា​ចម្បាំង​អាមេរិក នឹង​ទៅ​ដល់​សមុទ្ទ​ជប៉ុន។ មិន​មែន​នៅ​ឆ្ងាយ​ដូច​ ថ្ងៃ​ដែល​កូរ៉េខាងជើង​បាញ់​មីស៊ីល​បរាជ័យ​ឡើយកាលពី​ថ្ងៃទី ១៦​មេសាទេ។ ដូច្នេះ​ចង់មិន​ចង់ ​ដោយ​ផ្លូវការ​និង​ដោយចំហ ឬ​ដោយ​ស្ងាត់ៗ ប្រទេស​ជិត​ខាង​ជាប់​កូរ៉េខា​ង​ជើង ត្រូវ​តែ​ព្រួយ​បារម្ភ​និង​ត្រៀម​សា្ថនការណ៍​ ! ការពារ​ប្រសើរ​ជាង​ព្យាបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ