អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចំណោទសួរ នៅក្រោយ​ឪពុក​ផ្សាយ​ផ្ទាល់ សកម្មភាព​សម្លាប់​កូន នៅ​Facebook live

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឪពុក​ជនជាតិ​ថៃ សម្លាប់​កូនស្រី​របស់ខ្លួន និង​ផ្សាយ​ផ្ទាល់ នៅក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក ​Facebook live នៅ​ថ្ងៃ​ចន្ទ ទី ២៤​មេសា បាន​បង្ក​ឲ្យ​មាន​រលក​រិះគន់ និង​ការចោទសួរ​កាន់តែច្រើន​ពី​គ្រោះថ្នាក់​នៃ​ការចាក់ផ្សាយ​ផ្ទាល់ វីដេអូ​នៅលើ​បណ្តាញ​សង្គម។ តើ​ក្រុមហ៊ុន​ Facebook មាន​វិធានការ និង​មធ្យោបាយ​បែបណា ដើម្បី​ទប់ស្កាត់​រូបភាព​ហិង្សា ដូចជា​ការធ្វើ​អត្តឃាត ឬ​ការសម្លាប់​មនុស្ស នៅក្នុង​វីដេអូ​ផ្សាយផ្ទាល់?

បុរស​ម្នាក់​កាន់ទូរស័ព្ទ​នៅមុខ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ហ្វេសប៊ុក
បុរស​ម្នាក់​កាន់ទូរស័ព្ទ​នៅមុខ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ហ្វេសប៊ុក © REUTERS/Dado Ruvic/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ទី ២៤​មេសា នៅ​ភូកេត ប្រទេស​ថៃ បុរស​អាយុ ២០​ឆ្នាំ ម្នាក់ បាន​ថតផ្សាយ​ផ្ទាល់​វីដេអូ សម្លាប់​កូនស្រី​ខ្លួនឯង នៅលើ​Facebook live។ ប្រព័ន្ធផ្សព្វផ្សាយ​របស់​ថៃ ដែល​មាន​តាំង​ពី​ទូរទស្សន៍ និង​កាសែត​បាន​ចាក់ផ្សាយ​ឡើងវិញ រូបភាព​ផ្សាយផ្ទាល់ ចំនួន២ ដែល​នៅក្នុង​នោះ គេ​អាច​ឃើញ​ឪពុក​កំពុង​សម្លាប់​កូនស្រី​ខ្លួនឯង មុន​នឹង​សម្លាប់​ខ្លួនឯង ដែល​បាន​បើតាម​ប៉ូលិស​គឺ​ដោយសារ​ការប្រចណ្ឌ។

 
មុន​នឹង​ត្រូវ​ក្រុមហ៊ុន​ហ្វេសប៊ុក លុបចោល ទៅតាម​ការជូនដំណឹង​របស់​ប៉ូលិស​ថៃ រូបភាព​ផ្សាយ​ផ្ទាល់​ចំនួន២ ដែល​បង្ហាញ​បុរស​សម្លាប់​កូនស្រី អាយុ ១១​ខែ និង​ក្រោយ​មក​សម្លាប់​ខ្លួន​ឯង ត្រូវ​បាន​គេ​ចុចមើល​ជាង ៣សែនដង ក្នុង​រយៈពេល ២៤ម៉ោង។ ហេតុការណ៍​បាន​ធ្វើ​ឲ្យ​គេ​ចោទសួរ​ជាថ្មី​ពី​គ្រោះថ្នាក់​នៃ​ការផ្សាយ​ផ្ទាល់​ Facebook live។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា គេ​រន្ធត់ចិត្ត និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព។ ជាមួយគ្នានោះ ​ក្រៅតែ​ពី​បញ្ជាក់ថា ​រូបភាព​វីដេអូ​ហិង្សា គ្មាន​កន្លែង​របស់វា នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះទេ ក្រុមហ៊ុន​អះអាង​ថា នឹង​ធ្វើការ​ដើម្បី ធានា​បរិស្ថាន បរិយាកាស​សុខដុមរមនា ដល់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។

ឪពុក​ជនជាតិ​ថៃ សម្លាប់​កូនស្រី​ខ្លួនឯង និង​ផ្សាយ​ផ្ទាល់ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​ការសម្លាប់​ខ្លួន ឬ​អត្តឃាត​មនុស្ស ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅក្នុង Facebook live។ នៅ​សប្តាហ៍មុន បុរស​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ផ្សាយ​ផ្ទាល់ សកម្មភាព​របស់ខ្លួន បាញ់​សម្លាប់​អ្នកដំណើរ ម្នាក់ នៅ​រដ្ឋ​អូហៃយូ ក្នុង​ប្រទេស​អាមេរិក។ ប៉ូលិស​ថៃ បាន​លើក​ឡើង​ពី​ការចម្លង​ធ្វើតាម​គ្នា ពោល​គឺ​បុរស​ជាតិថៃ អាច​ធ្វើ​តាម​ជនជាតិ​អាមេរិកាំង​ដែល​បង្ហាញ​ផ្សាយផ្ទាល់ រូបភាព​ដែល​គេ​បាន​សម្លាប់​មនុស្ស​នៅ​លើ​Facebook live។

នៅពេល​បង្កើត​Facebook live នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន​អាមេរិកាំង ហ្វេសប៊ុក​បាន​ផ្សព្វផ្សាយ​ថា អំណើះតទៅ មនុស្ស​គ្រប់គ្នា គឺ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​នឹង​អាច​ផ្សាយផ្ទាល់​វីដេអូ​របស់ខ្លួន មិនថា ព័ត៌មាន ឬ​ដំណើរ​កំសាន្ត​របស់ខ្លួន នៅ​គ្រប់​កន្លែង គ្រប់​ពេលវេលា និង​គ្រប់​ស្ថានភាព ពោល​គឺ​ការផ្សាយ​ព័ត៌មាន ផ្ទាល់ លែង​ជា​របស់​ផ្តាច់មុខ​របស់​ប្រព័ន្ធផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍​ទៀតហើយ។

នៅពេល​បង្កើត​កម្មវិធី​ផ្សាយផ្ទាល់​ Facebook live​នេះ​ឡើង ក្រុមហ៊ុន​គិត​ថា នឹង​ទាក់ទាញ អ្នកប្រើប្រាស់​របស់ខ្លួន​កាន់តែច្រើន ព្រោះថា មនុស្ស​នឹង​សប្បាយ​ត្រេកត្រអាល​នឹង​បច្ចេកវិទ្យាចេញថ្មី។ ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​តូចមួយ គឺ​គេ​អាច​ផ្សាយផ្ទាល់ វីដេអូ គឺ​មិនចាំបាច់​ត្រូវការ​មាន​ម៉ាស៊ីនថត​វិជ្ជាជីវៈ ឬ​ត្រូវ​ក្លាយ​ជា​តារា ទើប​អាចលេច​មុខ​នៅ​លើ​កញ្ចក់​អេក្រង់​នោះ​ទេ។

ប៉ុន្តែ អ្វីដែល​ក្រុមហ៊ុន​ហ្វេសប៊ុក មិន​បាន​គិត​ស្មានដល់ គឺ​ថា តាំង​ពី​ថ្ងៃ​បង្កើត រហូត​មកដល់​ពេលនេះ គឺ​ Facebook live បាន​ក្លាយ​ជា​កន្លែង ដែល​គេ​ផ្សាយផ្ទាល់ រូបភាព​បាញ់​សម្លាប់​មនុស្ស ឬ​ការធ្វើ​អត្តឃាត សម្លាប់​ខ្លួន ដូច​ករណី ឪពុកជនជាតិ​ថៃ ដែល​សម្លាប់​កូនស្រី អាយុ ១១​ខែ មុន​នឹង​សម្លាប់​ខ្លួន​ឯង​នៅ​ដើម​សប្តាហ៍នេះ។ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ ក្មេងស្រីអាយុ ២១​ឆ្នាំ ម្នាក់ នៅ​ទីក្រុង​ឈីកាហ្គោ សហរដ្ឋអាមេរិក​បានប្រើ​ Facebook live  ដើម្បី​ផ្សាយ​ផ្ទាល់ រូបភាព​ដែល​នាង​បាន​ចងក​សម្លាប់ខ្លួន។ ការសម្លាប់​ខ្លួន នៅក្នុង​ Facebook live​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​មនុស្ស​ជាច្រើន នាក់ នៅក្នុង​ហ្វេសប៊ុក ដែល​បាន​ដឹងលឺ​ពី​ហេតុការណ៍ ភ្លាមៗ រន្ធត់ចិត្ត ហើយ​និង​អាច​ធ្វើ​ជា​សាក្សី នៃ​អំពើ​របស់​ពួកគេ។ សាក្សី​ដែល​អសមត្ថភាព​មិនអាច​ធ្វើ​អ្វី បាន ពោល គឺ​បាន​ត្រឹម​តែ​ឃើញ​មនុស្ស​ត្រូវ​គេ​សម្លាប់ ឬ​សម្លាប់ ខ្លួន ប៉ុន្តែ មិនអាច​ទៅ​រារាំង ឬ​ហាមឃាត់​មិន​ឲ្យ​កើតឡើង​បាន។

Facebook មិនអាចអ្វី ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​មនុស្ស​សម្លាប់ខ្លួន នៅក្នុង​Facebook live
នៅ​សប្តាហ៍​មុន​នេះ ប្រតិកម្ម​ទៅ​នឹង​រូបភាព​បាញ់​សម្លាប់​មនុស្ស នៅ​Cleveland ដែល​ត្រូវ​បាន​ឧក្រិដ្ឋជន​ផ្សាយផ្ទាល់ ក្នុង​Facebook live លោក​ម៉ាក ហ្សូហ្គ័រប៊ែក Mark Zuckerberg ប្រធាន និង​ជា​សា្ថបនិក​របស់​ហ្វេសប៊ុក​បាននិយាយា​ថា ​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ហ្វេសប៊ុក​ត្រូវ​ធ្វើ ដើម្បី ធានា​កុំ​ឲ្យ​មាន ឬ​ការចែកចាយ​បន្ត រូបភាព​ហិង្សា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្រោយ​ពេល​ដែល​រូបភាព​ហិង្សា ដូចជា​ការចាប់រំលោភ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ខ្លួន របស់​ក្មេងស្រី​អាមេរិកាំង​នៅ​ទីក្រុង​Chicago នៅ​ក្នុង​ការផ្សាយ​ផ្ទាល់ Facebook live ក្រុមហ៊ុន ហ្វេសប៊ុក​បាន​បង្កើត​ក្រុម​ការងារ​ប្រចាំការ​ ២៤ម៉ោង លើ​២៤​ម៉ោង ៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដើម្បី​តាមដាន​ដក​ចេញ រូបភាព វីដេអូ​ដែល​គេ​ចាត់ទុក​ថា ហិង្សា និង​រន្ធត់​ដូចជា​ការសម្លាប់​ខ្លួន ដោយ​ផ្សាយ​ផ្ទាល់​នៅ​ Facebook live​ជាដើម។

ក្រុមហ៊ុន​ហ្វេសប៊ុក​ទទួល​ស្គាល់​ថា សមត្ថភាព​ត្រួតពិនិត្យ​ខ្លឹមសារ​រូបភាព​វីដេអូ​របស់​គេ នៅ​មាន​កម្រិត ព្រោះថា ហ្វេសប៊ុក មាន​អ្នកប្រើប្រាស់​ដល់​ទៅ​ជិត ២ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក។ រហូតមកដល់​ពេលនេះ ទាល់​តែ​បាន​ទទួល​សញ្ញា ពី​អ្នកប្រើប្រាស់​សង្គម​ហ្វេសប៊ុក ឬ​ពី​អាជ្ញាធរ ទើប​ហ្វេសប៊ុក​ដឹង និង​ដកចេញ រូបភាព​វីដេអូ​ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម ហើយ​និង​ការសម្លាប់ខ្លួន។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​អភិវឌ្ឍ​កម្មវិធី ដែលប្រើ​បញ្ញាសិប្បនិម្មិត Artificial intelligent​ដើម្បី​អាច​ចាប់​សញ្ញា សំគាល់​រូបភាព ហិង្សា រូបភាព​រន្ធត់ នៅក្នុង​Facebook live។ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​គេ​អាច​កាត់បន្ថយ កុំ​ឲ្យ​រូបភាព​ហិង្សា ត្រូវ​គេ​យក​ទៅ​បង្ហោះ​ផ្សាយ​ទាំងស្រុង ជាបន្តទៀត។

រួម ហ្វេសប៊ុក​គ្រាន់តែ​អាច​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​គេ​ចែកចាយ​វីដេអូ ផ្សាយផ្ទាល់ ដោយ​សម្រេច​លុបចោល នៅក្រោយ​ពេល​ទទួល​សញ្ញា​ពី​អ្នកប្រើប្រាស់ ប៉ុន្តែ ហ្វេសប៊ុក មិនអាច​ទប់​ស្កាត់ កុំ​ឲ្យ​គេ​សម្លាប់ខ្លួន នៅក្នុង​ការផ្សាយ​ផ្ទាល់ Facebook live បាន​ទេ ព្រោះថា ហ្វេសប៊ុក មិន​អាច​ស្មានដឹង​ជាមុន​ទេ ថា អ្នកណា​ម្នាក់ នឹង​អាច​សម្លាប់​ខ្លួន នៅក្នុង​ Facebook live។ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍​ជាដើម បើទោះបី​ជា​ផ្សាយ​ផ្ទាល់ គេ​នៅ​តែ​អាច​គ្រប់គ្រង​ខ្លឹមសារ បាន។ ប៉ុន្តែ Facebook live ដែល​មាន​មនុស្ស​រាប់លាន​នាក់​អាច​ចូលប្រើ​ដោយ​សេរី គ្មានអ្នកណា​អាច​គ្រប់គ្រង​ត្រួតពិនិត្យ​ខ្លឹមសា មុន​នឹង​ផ្សាយ​ទេ។ នេះ​ហើយ​ជា​បញ្ហា និង​គ្រោះថ្នាក់ របស់​Facebook live។ សូម្បី​តែ​ម្ចាស់​អ្នកបង្កើត​វា គឺ​ក្រុមហ៊ុន​ហ្វេសប៊ុក ក៏​នៅ​តែ​មិនទាន់​មាន​ដំណោះស្រាយ យុទ្ធសាស្រ្ត ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ពិតប្រាកដ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ