អានតួអត្ថបទ
ហ្វីលីពីន-ចិន​

លោក​ ​Duterte ​ឡើង​​លើ​​​នាវា​​​កងទ័ព​​​ជើង​​​ទឹក​​ចិន​​​ដែល​​​ឈប់​​​សំចត​​​នៅ​​​លើ​​​កោះ​​​ហ្វីលីពីន​​

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ឡើង​លើ​នាវា​កងទ័ព​ជើង​ទឹក​ចិន​ដែល​ឈប់​សំចត​នៅ​ក្នុង​កោះ​ហ្វីលីពីន។ កាយវិការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​នេះ សរ​បញ្ជាក់​យ៉ាងច្បាស់ទែង​​ពីជំហរ​នយោបាយ​ការបរទេស​​ថ្មី​​​របស់​​លោក​ក្នុង​​ការ​​កែ​លម្អ​​ឡើងវិញ ទំនាក់​​ទំនង​​​រវាង​ហ្វីលីពីន​និង​ចិន បើទោះបី​​ប្រទេស​ទាំង​ពីរ​នេះ នៅ​​ជាប់​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ក្តី។   

នាវា​​កងទ័ព​ជើងទឹក​​​ចិន​​ឈប់សំចត​នៅ​ក្រុង​ Davao​ ក្នុងទឹកដីហ្វីលីពីន​​​ថ្ងៃទី​៣០​មេសា២០១៧​
នាវា​​កងទ័ព​ជើងទឹក​​​ចិន​​ឈប់សំចត​នៅ​ក្រុង​ Davao​ ក្នុងទឹកដីហ្វីលីពីន​​​ថ្ងៃទី​៣០​មេសា២០១៧​ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ឈប់​សំចត​នៃ​កង​នាវា​ជើង​ទឹក​ចិន​នៅ​លើ​កោះ​ហ្វីលីពីន​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ២​ថ្ងៃ​បន្ទាប់​ពី​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​ក្រោម​​អធិបតីភាព​របស់​លោក Duterte​ បានបិទបញ្ចប់​។

 
គួររំលឹកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល​  លោក Duterte បានសុំ​កុំ​ឲ្យ​​បណ្តា​អ្នក​ចូលរួមក្នុង​​កិច្ច​ប្រជុំ​នេះ ធ្វើការ​រិះគន់​ទៅលើ​នយោបាយ​​​វាតទីនិយម​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ខុស​ពី​​ប្រធានាធិបតី​ហ្វីលីពីន​មុនៗ លោក Duterte​ ​បាន​ប្តូរ​ទិស​ដៅ​ការទូត​របស់​ហ្វីលីពីន​​ដោយ​​ងាក​ទៅ​រក​ទីក្រុង​ប៉េកាំង​​និង​បែរ​ខ្នង​អោយ​​ទីក្រុង​វ៉ាស៊ីនតោន​ដែលធ្លាប់​​​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​តាំង​ពី​ប្រពៃណីយ​ជា​យូរយារ​មក​ហើយ។ ដោយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​ Duterte បាន​​អញ្ជើញ​​ឡើង​​ទស្សនា​​នៅ​លើ​នាវាពិឃាត​របស់​ចិន​មួយ​គ្រឿង​ឈ្មោះ  Chang Chun ​ដែល​ឈប់​សំចត​នៅ Davao  ទីក្រុង​​ដ៏​សំខាន់​បំផុត​មួយ​នៅ​ប៉ែក​ខាង​ត្បូង​​ហ្វីលីពីន​និង​ដែល​​​លោក​ Duterte​ ធ្លាប់​ធ្វើ​ជា​ចៅហ្វាយក្រុង​នា​អំឡុង​​៣០​ឆ្នាំ​កន្លងមក។

កាយវិការ​ទាំង​នេះ សរ​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ដែរ​ថា លោក​Duterte  កំពុង​តែ​ខិតខំ​ធ្វើ​ អ្វីៗ​ដែល​ផ្ទុយស្រឡះ​ពី​អ្នកដឹកនាំ​ហ្វីលីពីន​ជំនាន់​មុនៗ ដូច​ជា​បាន​កែ​លម្អ​ទំនាក់​ទំនង​របស់​ហ្វីលីពីន​ជាមួយ​ប្រទេស​ចិន​ឡើង​វិញ ក្នុង​ក្តី​ស្រមើ​ស្រម័យ​​ថា​ខ្លួន​នឹង​បាន​ទទួល​​ជំនួយ​និង​លុយ​​ជាច្រើន​ពាន់​លាន​ដុល្លារ​​ពី​ប្រទេស​ចិនជាមិនខាន។

គួររំលឹកថា នាវាពិឃាត​ Chang Chun បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង ​Davao ​តាំង​ពី​ថ្ងៃ​អាទិត្យ​កន្លងមកនេះ​ ​ជាមួយ​​នឹង​នាវា​ចិន​២​គ្រឿង​ផ្សេង​ទៀត​ដើម្បី​ឈប់​សំចត​ចំនួន​៣​ថ្ងៃ។

យោងតាមការបញ្ជាក់របស់​កងទ័ព​ជើងទឹក​ហ្វីលីពីន ​ការ​ឈប់​សំចត​របស់​កង​​នាវា​ចិន​នៅ​លើ​ទឹកដី​ហ្វីលីពីន ​ក៏​​ជា​លើក​ទីមួយ​ដែរ​ចាប់តាំងពី​ឆ្នាំ ២០១០​មក។ ហើយ​ការ​ឈប់​សំចត​នៅ​ក្រុង  Davao ដោយ​​មិន​ទៅសំ​ចត​នៅ​ទីក្រុង​ម៉ានីល​នោះ​ ក៏​​ជា​​ការ​បកស្រាយ​យ៉ាង​ច្បាស់​ដែរ​ថា លោក Duterte សម្តែង​កាយវិការ​ទទួល​ស្គាល់​ចំពោះ​ទីក្រុង​ប៉េកាំង។

ចំពោះ​អ្នក​តំណាងរាស្ត្រ​មា្នក់​នៃ​បក្ស​ប្រឆាំងហ្វី​លីពីន លោក Gary Alejano ​ដែល​ក៏​ជា​អតីត​នាយ​ទាហាន​ហ្វីលីពីន​មួយរូបនោះ ​ទស្សនកិច្ច​របស់​លោក Duterte នៅ​លើ​នាវា​របស់​ចិន​នោះ គឺ​ពុំមែន​​ជា​នយោបាយ​ការ​បរទេស​ឯករាជ្យ​នោះឡើយ​ ផ្ទុយទៅវិញ គឺ​​ជា​ការ​ចុះចាញ់យ៉ាងត្រង់​​មួយ​​នៅ​ចំពោះ​មុខ​ប្រទេស​ចិនដែរ៕
 
 
 
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ