អានតួអត្ថបទ

លោកដូណាល់ ត្រាំត្រៀម​​ជួបលោក​​គីមជុងអ៊ុន បើមាន​​លក្ខខណ្ឌ​គ្រប់គ្រាន់

សហគមន៍​អន្តរជាតិ កំពុង​បន្ត​​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​​​នុយក្លេអែរ​កូរ៉េខាង​ជើង ! កូរ៉េខាង​ជើង បន្ត​ដំឡើង​ឥតឈប់​មក​ទល់​ថ្ងៃ​នេះ​អង្គារ​នេះ ថា​ឧបទ្វីប​​បាន​មក​ដល់​មាត់​ជ្រោះ​នៃ​សង្គ្រាម​នុយក្លែរ។ លោក ដូណាល់ ត្រាំ ដែល​​​ធ្លាប់​ស្រែក​គំរាម​​ប្រើ​កម្លាំង​យោធា​ និង​ទន្ទេញ​ពាក្យ​ដដែលៗ​ថា​អាច​ប្រើ​គ្រប់​វិធី​ប្រឆាំង​នឹង​របប​ព្យុងយ៉ាង​ បើ​ហ៊ាន​សាក​ល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៦​ ប៉ុន្តែ​នៅ​នៅ​ល្ងាច​មិញ ​លោកប្រធានាធិបតី​អាមេរិក​បែរ​ជា​អះអាង​ថាត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុនអ៊ុន ប្រសិន​បើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។

លោក​Donald Trump ប្រកាស​ត្រៀម​ជួប​លោក​ Kim Jong Un
លោក​Donald Trump ប្រកាស​ត្រៀម​ជួប​លោក​ Kim Jong Un Reuters / MANILA BULLETIN
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ មិនដែល​លាក់​បាំង​អារម្មណ៍​កោត​សរសើរ​មេដឹកនាំ​របប​បែប​ផ្តាច់ការ​ទេ ! លោកប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​សរសើរ​សមភាគី​តួកគី លោក អែកដូហ្កាន ពេល​ឈ្នះ​ឆ្នោត​ប្រជាមតិ​កាលពី​ខែ​មុន។ លោក​បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ឱ្យ​ទៅ​ទស្សនា​សេតវិមាន ហើយ​នៅ​ថ្ងៃចន្ទ​ទី​១​ឧសភា​ម្សិលមិញ លោក​ត្រាំ បាន​ប្រកាស​ថា​​លោក​មាន​កត្តិយស​នឹង​ជួប​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន។ សម្រាប់​លោក​ត្រាំ គីម ជុងអ៊ុន ជា​មនុស្ស​ខិលឆ្លាត​ខ្លាំងណាស់ ! ​លោក​ត្រាំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ តែ​ជំនួប​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា ​មាន​លក្ខខណ្ឌ​សមស្រប​និង​គ្រប់គ្រាន់។

តើ​អ្វី​ជា​លក្ខខណ្ឌ​សម​ស្រប​ដែល​ជំរុញ​ឱ្យ​​លោក​ ដូណាល់ ត្រាំ សុខចិត្ត​ជួប​លោក គីម ជុងអ៊ុន ប្រមុខ​ដឹកនាំ​ក្មេង​ខ្ចី​កូរ៉េខាង​ជើង ដែល​មិន​ធ្លាប់​ជួប​ប្រមុខ​ដឹកនាំ​បរទេស​ណា​ម្នាក់​សោះ តាំង​ពី​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក​នៅ​ឆ្នាំ​២០១១​មក ? លោក ដូណាល់ ត្រាំ​ មិន​បាន​បញ្ជាក់​លំអិត​អំពី​លក្ខខណ្ឌ​ទាំង​នោះ​ឡើយ។ ហើយលក្ខខណ្ឌ​ពេល​នេះ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​​សេតវិមាន ដែល​បាន​ត្រឹម​ទទួល​ស្គាល់ ថា​សម្មតិកម្ម​ លោក​ត្រាំជួប​លោក​គីមជុងអ៊ុន​ នៅ​ឆ្ងាយ​ណាស់។

ការ​បង្ហើប​​ចេតនារបស់ប្រធានាធិបតី​អាមេរិក​​ចង់​ជួប​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​​ជា​លើក​ទី​មួយ​នេះ​ ធ្លាក់​មក​ជួន​ចំពេល​ដែល​សម្ពាធ​ក្នុង​ឧបទ្វីប​កាន់តែ​តាន​តឹង​ខ្លាំង ដោយ​ហេតុ​តែ​អាមេរិក​ជប៉ុន​និងកូរ៉េខាង​ត្បូង កំពុង​បើក​សមយុទ្ធ​ថ្មី​មួយ​ទៀត ក្នុង​ក្រប​ខណ្ឌ​ការពារ​ទល់​នឹង​ទង្វើ​ផ្គើន​របស់​ព្យុងយ៉ាង។ ក្នុង​ប្រតិបត្តិការ​នេះ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ហោះ លឿន​ជាង​សំឡេង B-1B ពីរ​គ្រឿង​បាន​ចាក​ចេញ​ពី​កោះ​Guam អាមេរិក​ទៅ​ចូល​រួម​សមយុទ្ធ​ជាមយយ​នឹង​កង​យន្តហោះ​ចម្បាំង​ជប៉ុន​និង​កូរ៉េខាង​ត្បូង​ ក្នុង​សមុទ្ទ​ជប៉ុន​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧបទ្វីប​កូរ៉េ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ​កូរ៉េខាង​ជើងថ្កោល​ទោស​​ថា​អាមេរិក​កំពុង​ត្រៀម​វាយប្រហារ​នុយក្លេអ៊ែរ​លើ​ខ្លួន​ជា​កិច្ច​ការពារ និង​អាច​​រុញ​ច្រាន​ឧបទ្វីប​ឱ្យ​ធ្លាក់​ក្នុង​ជ្រោះ​សង្គ្រាម​នុយក្លេអ៊ែរ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ