យន្តហោះ C៩១៩ ដែលគ្រោងចេញហោះហើរជាលើកដំបូងតាំងពីឆ្នាំ២០១៦ នឹងត្រូវបង្អួតរាងនៅថ្ងសុក្រខាងមុខនេះ។ នេះបើតាមក្រុមហ៊ុនសាធារណៈចិន Commercial Aircraff Corporation of China (Comac)។ អាចផ្ទុកអ្នកដំណើរបាន១៦៨នាក់ និងហោះក្នុងចម្ងាយ៥៥០០គីឡូម៉ែត្រ Comac សង្ឃឹមថា C ៩១៩ នឹងក្លាយជាគូប្រជែងរបស់យន្តហោះដឹកអ្នកដំណើររយៈមធ្យមរបស់អាមេរិក ប៊ូអ៊ីង B៧៣៧ និងA៣២០ របស់អឺរ៉ុបបាន នៅក្នុងពេលឆាប់ៗ។
ចិនមានមហិច្ឆតា ចង់ចូលប្រកួតប្រជែងក្នុងទីផ្សារអាកាសចរណ៍ស៊ីវិល ដែលអាមេរិកនិងអឺរ៉ុប ស៊ីដាច់ស្ទើរតែទាំងស្រុង គ្មានក្រុមហ៊ុនអាកាសចរណ៍ណា ដូចជាកាណាដា រុស្ស៊ី ប្រេស៊ីល អាចប្រកួតបានឡើយ។ ហេតុដូច្នេះហើយបានជា ចិនចង់រត់ឱ្យទាន់។ កាលពីឆ្នាំ២០១៤ លោកប្រធានាធិបតីចិន ស៊ីជីនពីង បានថ្ងូចថ្ងូរថា គ្មានយន្តហោះ Made In China គ្មាននរណាមើលមុខទេ !
បច្ចុប្បន្ននេះ ប៊ូអ៊ីង និងអ៊ែរប៊ូស ចែកគ្នារកស៊ីក្នុងទីផ្សារអាកាសចរណ៍ដ៏ធំរបស់ចិន ដែលនៅឆ្នាំ២០២៤ នឹងក្លាយជាទីផ្សារលំដាប់ទីមួយនៅលើពិភពលោក ដោយវ៉ារឈ្នះសហរដ្ឋអាមេរិកទៅទៀត។ នៅរយៈពេល២០ឆ្នាំទៀត ចិនទំនងជាត្រូវការយន្តហោះដឹកអ្នកដំណើរប្រមាណ៦៨០០គ្រឿង។ នេះជាការប៉ាន់ស្មានរបស់ប៊ូអ៊ីង ដោយបានគិតបញ្ចូលរួចហើយថានឹងមានក្រុមហ៊ុនបីមកបែងភាគទីផ្សារអាកាសចរណ៍ចិននេះ។
Comac សង្ឃឹមថានឹងអាចដណ្តើមបានមួយភាគ ព្រោះពេលនេះក្រុមហ៊ុនបានទទួលការបញ្ជាទិញ យន្តហោះC៩១៩ ចំនួន ៥៧០គ្រឿងហើយ កាលពីចុងឆ្នាំ២០១៦ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិនសុទ្ធសាធ។
ប៉ុន្តែComacទំនងត្រូវចំណាយពេលវេលាយូរទៀតណាស់ ទម្រាំអាចក្លាយជាគូប្រជែងស្មើកម្លាំងជាមួយប៊ូអ៊ីង ឬអ៊ែរប៊ូស ដែលមានប្រវត្តិជាអ្នកសាងសង់យន្តហោះតាំងពីយូរយារប្រកបដោយទំនុកចិត្តនោះ បាន។ ទំនុកចិត្តជារឿងសំខាន់ ! ថ្វីបើប្រធានាធិបតីចិនចង់អួតអាងអំពីយន្តហោះC៩១៩ Made In Chinaមែន ប៉ុន្តែចិនកុម្មុយនិស្តមិនទាន់គ្រប់គ្រងបច្ចេកវិទ្យាបានទាំងស្រុងទេ។ ផលិតនៅចិន និងដោយចិនមែន តែC៩១៩ បានប្រើបច្ចេកវិទ្យាបរទេស ដោយបំពាក់ម៉ូទ័ររបស់អាមេរិកGeneral Moteur និង Safran បារាំងទេ៕