អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​ការ​បាញ់​​សាកល្បង​​អាវុធ​​មីស៊ីល​​ឆ្លង​​ទ្វីប​​របស់​​សហរដ្ឋអាមេរិក​​ជា​​សារ​​ព្រមាន​​​ដល់​​​កូរ៉េ​​​ខាង​​​ជើង​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង​ទ័ព​អាកាស​អាមេរិក​បាន​បាញ់​សាកល្បង​អាវុធ​មីស៊ីល​បាលីស្ទីប​ឆ្លង​ទ្វីប​ (ICBM) កាលពី​ថ្ងៃ​ពុធ៍​ ទី​៣ ឧសភា​កន្លង​ទៅ​នេះ​។​ អាវុធ​មាន​ឈ្មោះ​ថា​ Minuteman III នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​មូលដ្ឋាន​យោធា​អាមេរិក​មួយ​កន្លែង​នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា​ មុន​នឹង​ធ្លាក់​នៅ​លើ​កូន​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ តើ​ការ​បាញ់​សាកល្បង​នេះ​ជា​សារ​ព្រមាន​ដល់​ប្រទេស​កូរ៉េខាង​ជើង?​ សព្វ​ថ្ងៃ​នេះ​ តើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​មាន​អាវុធ​មីស៊ីល​ប៉ុន្មាន​ដើម​?​  

មីស៊ីល​ឆ្លងទ្វីប​ឈ្មោះថា "Minuteman III" ត្រូវ​បាន​បាញ់ចេញ​ពីមូលដ្ឋាន​យោធាអាមេរិក​មួួ​យ​កន្លែង​នៅ​រដ្ឋ​ Califórnia​​ កាលពី​ថ្ងៃ​ពុធ​ទី​៣ឧសភា​២០១៧​
មីស៊ីល​ឆ្លងទ្វីប​ឈ្មោះថា "Minuteman III" ត្រូវ​បាន​បាញ់ចេញ​ពីមូលដ្ឋាន​យោធាអាមេរិក​មួួ​យ​កន្លែង​នៅ​រដ្ឋ​ Califórnia​​ កាលពី​ថ្ងៃ​ពុធ​ទី​៣ឧសភា​២០១៧​ Michael Peterson/USAF/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​ឆ្លង​ទ្វីប​មាន​ឈ្មោះ​ថា ​ Minuteman III ​ត្រូវ​បាន​បាញ់​កាលពី​ព្រឹក​ព្រលឹម​ស្រាងៗ​។ មីស៊ីល​បាញ់​សាកល្បង​នេះ​ពុំ​ត្រូវ​បាន​បំពាក់​ក្បាល​គ្រាប់​បំផ្ទុះ​ឡើយ។​ ដោយ​បាន​បាញ់​ចេញ​ពី​មូលដ្ឋាន​យោធា​ទ័ព​អាកាស​​ Vandenberg ដែល​ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា មីស៊ីល​ឆ្លង​ទ្វីប​​នេះ​បាន​ហោះ​ហើរ​រយៈ​ចម្ងាយ​ ៦ ៧០០ គីឡូម៉ែត្រ។​​

 
មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ​បាន​ធ្លាក់​ចំ​គោលដៅ​ដូច​ការគ្រោង​ទុក​ ពោលគឺ​នៅ​លើ​កូន​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ជា​ផែ្នក​មួយ​នៃ​បណ្តុំ​កោះនៃប្រទេស​ Marshall។​ ប្រទេស​កូនកោះ​មួយ​នេះ​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​នឹង​ដែនដី​អាមេរិក​នៅ​ឯនាយ​សមុទ្រ​មួយ​អញ្ចឹង។​ នៅ​ទីនោះ​ សហរដ្ឋ​អាមេរិក​បាន​បោះ​មូលដ្ឋាន​ទ័ព​មួយ ​សំរាប់​ធ្វើ​ការ​ពិសោធន៍​បាញ់​សាកល្បង​អាវុធ​មីស៊ីល​បាលីស្ទិក។

លោក​ Joe Thomas អុ្នក​នាំពាក្យ​របស់​បញ្ជាការ​ដ្ឋាន​ប្រតិបត្តិការ​ទ័ព​អាកាស​អាមេរិក​បាន​ថ្លែង​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​ AFP ​ថា​ ការ​បាញ់​សាក​ល្បង​នេះ​ជា​សកម្មភាព​តាម​ទម្លាប់​ធម្មតា​ដូច​សព្វដង​។​ សំរាប់​អាវុធ​មីស៊ីល​បាលីស្ទិក​ប្រភេទ​នេះ​ អាមេរិក​តែង​បាញ់​សាកល្បង​ចំនួន​ ៤ ដង​ក្នុង​មួយ​ឆ្នាំ។ ហើយ​ការ​បាញ់​នេះ​ វា​មិន​មែន​ជា​សារ​ព្រមាន​អ្វី​ឡើយ​ដល់​​ប្រទេស​កូរ៉េខាង​ជើង​។ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បញ្ជាការ​ដ្ឋាន​ប្រតិបត្តិការ​ទ័ព​អាកាស​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ កា​បាញ់​សាកល្បង​នេះ​ គឺ​ក្នុង​គោលបំណង​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ជុំវិញ​ការតម្រង់​ចំគោលដៅ​ និង​ផ្ទៀង​ផ្ទាត់​ដំណើរ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ប្រព័ន្ធ​មីស៊ីល​ឆ្លង​ទ្វីប​នេះ។​

ហើយ​មីស៊ីល​ Minuteman III នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​គ្រាប់​ប្រភេទ​នុយក្លេអ៊ែរ​ផងដែរ។ ​លើស​ពីនេះ​ មីស៊ីល​ប្រភេទ​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​បណ្តា​ប្រទេស​ដ៏ទៃ​ ដែល​ចង់​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ក៏ដូច​ជា​​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។ ប៉ុន្តែ ការ​បាញ់​សាក​ល្បង​នេះ​គាប់​ជួន​ពេល​ដែល​ភាព​តាន​តឹង​កំពុង​តែ​កើនឡើង​ឥត​ឈប់ឈរ​នៅ​ជ្រោយ​ឧបទ្វីប​កូរ៉េ។​
បច្ចុប្បន្ន​នេះ​ តាម​រយៈ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​មីស៊ីល​បាលីស្ទិក​ របប​ដឹកនាំ​កូរ៉េខាង​ជើង​កំពុង​តែ​ផ្គើន​សហគមន៍​អន្តរជាតិ​ ជាពិសេស​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​។

បើ​ទោះបី​ជា​កំពុង​តែ​ស្ថិត​ក្រោម​គំនាប​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ក៏ដោយ​ ប៉ុន្តែ​​របប​ដឹកនាំ​កុំម្មុយនីស្ត​ក្រុង​ព្យុងយ៉ាង​នៅ​ចចែស​មិន​បោះបង់​ចោល​កម្មវិធី​ផលិត​ប្រល័យ​លោក​របស់​ខ្លួន​ឡើយ។​ ម្តង​ហើយ​ម្តង​ទៀត​ ​មេ​ដឹកនាំ​ផ្តាច់ការ​វ័យ​ក្មេង​ គឹម​ ជុង​អ៊ុន​ ថែម​ទាំង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​មីស៊ីល​បាលីស្ទិក​ទៀត​ផង។

បើ​តាម​ទិន្នន័យ​របស់​ចារកម្ម​កូរ៉េខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ កូរ៉េខាង​ជើង​នៅ​តែ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​យ៉ាង​សកម្ម។​ ហើយ​របប​ដឹកនាំ​ផ្តាច់ការ​នេះ​មាន​សមត្ថភាព​អាច​ចម្រើន​សារជាតិ​អ៊ុយរ៉ាញោម​ និង អាច​ផលិត​សារជាតិ​ភ្លុយតូញោម​សំរាប់​ផល​ប្រយោធន៍​យោធា។​ គិត​មក​ដល់​ពេល​នេះ​ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដី​ចំនួន​ ៥​ ដង។​ គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៦​ របប​ដឹកនាំ​នេះ​បាន​បាញ់​សាកល្បង​ចំនួន​ ២ ដង។

​ ក្រុម​អ្នក​ជំនាញ​បាន​សង្ស័យ​ថា​ សព្វថ្ងៃ​នេះ កូរ៉េខាង​ជើង​មាន​សម្ភារៈ​គ្រប់​គ្រាន់​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប្រមាណ​ ១៥​ ដើម។ ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ កូរ៉េ​ខាង​ជើង​មាន​អាវុធ​មីស៊ីល​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ដៃ។ ​ទីមួយ​ គឺ​មាន​មីស៊ីល​រយៈ​ចម្ងាយ​ជិត​ចំនួន​ ៧០០ ដើម​។​ អាវុធ​នេះ​អាច​ហោះ​បានចម្ងាយ​​ ៣០០​ គម។ ទីពីរ​ គឺ​មាន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ចំនួន ២០០ ដើម។​ អាវុធ​ប្រភេទ​នេះ​អាច​ហោះ​បាន​ចម្ងាយ​១៣០០ គម។​ ទីបី គឺ​មាន​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ល្មម​ចំនួន​ជាង​ ១០០ ដើម។​ មីស៊ីល​នេះ​មាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ​ ៣៥០០ គម។​

ហើយ​គេ​សង្ស័យ​ផងដែរ​ថា ​កូរ៉េខាង​ជើង​ក៏​កំពុង​ផលិត​អាវុធ​មីស៊ីល​ឆ្លង​ទ្វីប​ ដែល​អាច​ហោះ​បាន​រយៈ​ចម្ងាយ​ ៦៧០០ គម​។ ​សូម​បញ្ជាក់​ថា​ មីស៊ីល​បាលីស្ទិក​ចម្ងាយ​ឆ្ងាយ​នេះ​អាច​ហោះ​ទៅ​ដល់​ទឹកដី​អាមេរិក។​ ប៉ុន្តែ គិត​មក​ដល់​ពេល​នេះ​ កូរ៉េ​ខាង​ជើង​មិន​ទាន់​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​នេះ​នៅ​ឡើយ​ទេ​។ បន្ថែម​ពី​នេះ​ គេ​ក៏​សង្ស័យ​ផង​ដែរ​ថា​ កូរ៉េខាង​ជើង​ក៏​អាច​មាន​អាវុធ​គីមី​ និង​អាវុធ​ជីវសាស្រ្ត​ផង​ដែរ។

កាលពី​ថ្ងៃ​ព្រហ្បត្តិ​ ទី​៤​ ឧសភា​កន្លង​ទៅនេះ​ សភា​តំណាង​រាស្រ្ត​ (ឬ​សភា​ជាន់​ទាប​)​អាមេរិក​បាន​អនុម័ត​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ដល់​ប្រទេស​កូរ៉េខាង​ជើង។​ ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត​ស្ទើរ​តែ​ស្រុង​ដោយ​តំណាង​រាស្រ្ត​របស់​គណបក្ស​សាធារណរដ្ឋ​ និង​ប្រជាធិបតេយ្យ។​ ច្បាប់​នេះ​មាន​គោលដៅ​កាត់​ផ្តាច់​ប្រភព​ចំណូល​ថវិការ​ពីបរទេស​ ដែល​អាច​ជួយ​ទ្រទ្រង់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង។​ ច្បាប់​នេះ​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​បន្ត​ដើម្បី​ឲ្យ​ព្រឹទ្ធសភា​ (ឬ​សភា​ជាន់​ខ្ពស់​)​ អនុម័ត​បន្ត។

ក្នុង​ន័យ​ពង្រឹង​ការ​អនុវត្តន៍​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ ច្បាប់​នេះ​ហាម​ឃាត់​មិន​ឲ្យ​កប៉ាល់​កូរ៉េខាង​ជើង​ធ្វើ​ដំណើរ​ក្នុង​ដែន​សមុទ្រ​អាមេរិក ឬ​ចូល​ចត​ក្នុង​កំពុង​ផែ​អាមេរិក។​ ហើយ​ច្បាប់​នេះក៏​ហាម​ផង​ដែរ​ដល់​កប៉ាល់​របស់​បណ្តា​ប្រទេស ឬ​បុគ្គល​ណា​ដែល​រក​ស៊ី​ជំនួញ​ជាមួយ​នឹង​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​។ ​ចំណែក​ទំនិញ​នាំ​ចូល​សហរដ្ឋ​អាមេរិក​ដែល​ប្រើប្រាស់​កំលាំង​ពលកម្ម​មនុស្ស​ដោយ​បង្ខំ​ ជាពិសេសគឺ ​ពលករ​កូរ៉េខាង​ជើង​ក៏​នឹង​ត្រូវ​ហាម​ឃាត់​ផង​ដែរ។ និយាយ​រួម​ ច្បាប់​នេះ​មាន​គោលដៅ​កាត់​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​កូរ៉េខាង​ជើង​ដោយ​មិន​ឲ្យ​របប​ដឹកនាំ​ប្រទេស​នេះ​មាន​លទ្ធភាព​ធ្វើ​នាវាចរណ៍​ពាណិជ្ជកម្ម៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ