អានតួអត្ថបទ

អភិបាល​ក្រុង​ហ្សាការតា ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ពីបទ​ប្រមាថ​សាសនា​អ៊ីស្លាម

បន្ទាប់​ពី​ដំណើរការ​ក្តីក្តាំ​អស់​ជា​ច្រើន​ខែ តុលាការ​ឥណ្ឌូណេស៊ី បាន​ចេញ​សាល​ក្រម នៅ​ថ្ងៃ​អង្គារ​ទី ៩ ឧសភា ២០១៧​នេះ ​កាត់​ទោស​អភិបាល​ក្រុង​ហ្សាការតា លោក បាស៊ូគី យ៉ាហាយ៉ា ពូណាម៉ា ហៅ​ អាហុក ដែល​ទើប​ចាញ់​ឆ្នោត​កាលពី​ខែ​មេសា និង​ដែល​ត្រូវ​ផុត​អាណត្តិ​ជា​អភិបាល​ក្រុង​នៅ​ខែ​តុលាខាង​មុខ ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពីបទ​ជេរ​ប្រមាថ​សាសនា​អ៊ីស្លាម។

លោក Basuki Tjahaja Purnama ហៅ​លោក អាហុក អភិបាលក្រុង​ហ្សាការតា ផុតអាណត្តិ
លោក Basuki Tjahaja Purnama ហៅ​លោក អាហុក អភិបាលក្រុង​ហ្សាការតា ផុតអាណត្តិ REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

លោក អាហុក នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ ! ហើយ​​ទោស​ដែល​តុលាការ​ប្រកាស​នៅ​ថ្ងៃអង្គារ​នេះ​ធ្ងន់ធ្ងរ​ហួស​កាលគិត។ ​ក្រសួង​សាធារណៈ​ធ្លាប់​ទាមទារ​ដាក់​ទោស​លោក​អាហុក ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ចុង​ខែ​មេសា។ ​សកម្មជន​គាំទ្រ​លោក​ខ្លះ​បាន​សម្រក់​ទឹក​ភ្នែកផង នេះ​បើ​តាម​រូបភាព​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ នៅ​ពេល​ប្រកាស​សាលក្រម។

នៅ​មុនសេចក្តី​សម្រេច​របស់​តុលាការបន្តិច​ សកម្មជន​អ៊ីស្លាម​ជ្រុលនិយម​ជា​ច្រើន​​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​តុលាការក្រុង​​ទាមទារ​ឱ្យ​មាន​ការ​ដាក់​ទោស​ធ្ងន់​បំផុត​ ពោល​គឺ​បួន​ឆ្នាំ លើ​រូប​អភិបាល​ក្រុង​ផុត​អាណត្តិ ពី​បទ​បាន​ជេរ​ប្រមាថ​សាសនា​អ៊ីស្លាម។

សូម​បញ្ជាក់​ថា សវនាការ​កាត់​ទោស​លោក អាហុក បាន​បើក​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក ក្នុង​អំឡុង​ពេល​ឃោសនា​​ជ្រើស​រើស​អភិបាល​ក្រុង​ខេត្ត​តែ​ម្តង ក្រោយ​ពី​ក្រុម​អ្នក​អ៊ីស្លាម​ជ្រុល​និយម​បាន​ដាក់​ពាក្យ​បណ្តឹង​ថា​លោក អាហុក បាន​ប្រើពាក្យ​ប្រមាថ​ដល់​សាសនា។ ហើយ​ទោះ​បី​មាន​ប្រវត្តិ​ស្នាដៃ​អភិបាល​កិច្ច​ក្រុង​ល្អ​យ៉ាងណា ក៏​មិន​អាច​យក​ឈ្នះ​ជំនោរ​សាសនា​បាន និង​ទាក់ទាញ​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​ជូន​លោក​ កាលពី​ខែ​មេសា​កន្លង​ទៅ ដើម្បី​បន្ត​អាណត្តិ​ជា​អភិបាល​ដែរ។លោក ពូណាម៉ា ឬ​អាហុក ដើម​កំណើត​ចិន​ ដែល​ជា​អភិបាល​ក្រុង​កាន់សាសនាគ្រិស្ត​ដំបូង​បង្អស់​របស់ឥណ្ឌូណេស៊ី បាន​ធ្វើការ​សុំ​ទោសជា​​ទូទៅ តែ​បាន​បដិសេធ​​ថា​គ្មាន​គំនិត​ប្រមាថ​សាសនា​ទេ។

​​ឥណ្ឌូណេស៊ី​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​លើ​លោក​ ល្បី​ខាង​មាន​និន្នាការ​មិន​តឹង​តែង​ទេ ប៉ុន្តែ​តាម​រយៈ​សាលក្រម​ប្រឆាំង​នឹង​លោក​អាហុក​នៅ​ថ្ងៃ​នេះ ភាព​អនុគ្រោះ​ផ្នែក​សាសនា​ជា​ប្រពៃណី​ឥណ្ឌូណេស៊ី​កំពុង​រង​ការ​គំរាម​កំហែង។ អង្គការ​ការ​ពារ​សិទ្ធិមនុស្ស Human Rights Watch បាន​ចាត់​ទុក​សាលក្រម​ថាឥណ្ឌូណេស៊ី​កំពុង​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​ធំ​។

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក ពូណាម៉ា បាន​អំពាវនាវ​ឱ្យគ្រប់​ភាគី​គោរព​សាលក្រម​តុលាការ។ ប៉ូលិស​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ពេញ​រដ្ឋធានី ខ្លាច​ក្រែង​មាន​ការ​ប៉ះទង្គិច​ជា​យថាហេតុ​ណា​មួយ​រវាង​ក្រុម​អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​ របស់​លោក​អភិបាល​ក្រុង​ផុត​អាណត្តិ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ