ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អាស៊ី

ថៃសរសេរ​សំបុត្រ​សុំលោក​Zuckerberg ​ជួយ​បិទ​ខ្ទប់ទំព័រហ្វេសប៊ុក​៦០០

media  
ថៃ​សរសេរ​សំបុត្រ សុំ​ឱ្យលោក​Mark Zuckerbergជួយ​បិទ​ទំព័រ​ហ្វេសប៊ុកណា​ដែលប្រមាថ​ព្រះ​មហាក្សត្រ REUTERS/Stephen Lam

នៅ​ប្រទេស​ថៃ ដោយ​មាន​ការ​ជំរុញ​ពី​រដ្ឋាភិបាល​សឹក ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន​អ៊ីនធ័រនែត បាន​សរសេរ​សំបុត្រ​ជា​លក្ខណៈឯកជន​​ផ្ញើផ្ទាល់​ទៅ​លោក Mark Zuckerberg ម្ចាស់​ស្ថាបនិក​និង​អគ្គនាយក​ហ្វេសប៊ុក ដើម្បី​ពឹង​​សុំដោយ​ចំៗ ឱ្យ​ហ្វេសប៊ុក​ជួយបិទ​ខ្ទប់​ទំព័រ​ប្រព័ន្ធ​សង្គម​ចំនួន​៦០០​។ សម្រាប់​​រដ្ឋាភិបាល​ថៃ ទំព័រ​ជាប់​ពាក់ព័ន្ធ​ដ៏​ចម្រូង​ចម្រាស​នោះបាន​ល្មើស​ប្រមាថ​របប​រាជានិយម និង​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​ថ្មី ព្រះ​អង្គ​ម្ចាស់ មហា វិជ្ជរ៉ាឡុងកន។

រដ្ឋាភិបាលសឹក​ថៃ ចាត់​ទុក​ទំព័រ​សង្គម​ប្រមាណ​៦០០​នោះថា​បាន​ផ្តល់​រូបភាព​អវិជ្ជមាន​ដល់​ស្តេច​ថ្មី តាម​រយៈ​ការបង្ហោះ​ ជា​ឧទាហរណ៍​ រូបភាព​វីដេអូ​​​របស់​ព្រះ​មហាក្សត្រ​ថ្មី​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ តើ​​ជា​រូបភាព​អ្វី​ពិត​ប្រាកដទៅ ? គ្មានអ្វី​លម្អិត​ទេ​ ប៉ុន្តែ​​គ្រប់គ្រាន់​សម្រាប់​ចាប់​ទោស​ពីបទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​បាន​ហើយ​នៅ​ថៃ ហើយ​ទោស​នេះ​អាច​នឹង​ម្ចាស់​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បី​ទៅ​១៥​ឆ្នាំ។

តាំង​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​សឹក​ថៃ បាន​បិទ​ខ្ទប់​វិបសៃត៍​អ៊ីនធ័រនែត អស់​ប្រមាណ​៧ពាន់​ហើយ​ ក្នុង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ​ ប៉ុន្តែ​​រដ្ឋាភិបាល​មិន​អាច​ធ្វើ​អ្វី​ស្រេច​ចិត្ត​នឹង​បាន​ចំពោះ​វិបសៃត៍​ណា​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ថៃ ដូច​យ៉ាង​ករណី​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

អាជ្ញាធរ​ថៃ​អាច​បិទ​ខ្ទប់​ប្រព័ន្ធ​ហ្វេសប៊ុក​​ទាំង​មូល​តែ​ម្តងបាន​ ប៉ុន្តែ​មិន​អាច​ជ្រើសរើស​បិទ​ខ្ទប់​ទំព័រ​ណា​មួយ​​ស្រេច​នឹង​ចិត្ត​បាន​ឡើយ។ ហើយ​គេ​ដឹង​យ៉ាង​ច្បាស់​ណាស់ មតិ​សាធារណៈ​នឹង​បង្ហោះ​ប្រតិកម្មភ្លាម នៅ​ពេលណា​​​​ប្រព័ន្ធ​សង្គម​នេះបើក​វិញ។ ដូច្នេះ​ដំណោះស្រាយ​មាន​តែ​មួយ​គឺ​សរសេរ​សំបុត្រ​ទៅ​សុំ​លោក​ Mark Zuckerberg ដោយ​ផ្ទាល់​តែ​ម្តង។​

ហ្វេសប៊ុក​មិន​ផ្តល់​ចម្លើយ​អ្វី​ភ្លាម​ទេ ហើយ​ក៏មិន​បិទ​ខ្ទប់​ទំព័រ​ទាំង​៦០០​ដែល​ពាក់ព័ន្ធ​នោះ​ដែរ។ ប៉ុន្តែ​ប្រព័ន្ធ​សង្គមមួយ​​នេះ បាន​​ផ្ញើ​សារ​មួយ​ទៅ​កាន់​ប្រវត្តិ​វិទូ​ថៃ និរទេស​ខ្លួន​នៅ​ក្រុង​ប៉ារីស លោក ស៊ុមស័ក ចែមតែរ៉ាសាគុល Somsak Jeamteerasakul។ ជា​សារ​ផ្តល់​ព័ត៌មាន​ថា តុលាការ​ថៃ​ចាត់​ទុក​ជា​ទោស​ប្រមាថ​ព្រះ​មហាក្សត្រ​វីដេអូ​ដែល​គេ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក។ វីដេអូ​នោះ ត្រូវ​បាន​ហ្វេសប៊ុក​បិទ​ខ្ទប់​ហើយ​។

ប្រវត្តិវិទូ ស៊ុមស័ក ចែមតែរ៉ាសាគុល និង​ទំព័រ​ហ្វេសប៊ុក​របស់​គាត់ ជា​កម្មវត្ថុ​បង្ក្រាប​ដ៏​ចំបង​​របស់​របប​សឹក។ ​ថៃ បាន​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​​​​ទាក់ទង​នឹង​លោក សុមស័ក តាម​អ៊ីនធ័រនែតទេ។ ​សូម្បី​តែ​តាមមើល​​ទំព័រ​ហ្វេសប៊ុករបស់​គាត់ និងបញ្ញាវន្ត​ផ្សេង​ទៅ​រស់​នៅ​ជប៉ុន ព្រមទាំងអ្នក​​កាសែត​អង់គ្លេស Andrew MarcGregor Marshall ក៏​មិន​បានដែរ។

បម្រាម​គឺ​ជា​បម្រាម ! នៅសប្តាហ៍​មុន​ ជនជាតិ​ថៃ​បីនាក់​ត្រូវ​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស៊ុមស័ក។ ជន​ទាំង​បី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​ឃុំឃាំង​ក្នុងកន្លែង​សម្ងាត់​​មួយ ក្នុង​ជំរំ​យោធា ហើយ​ទំនង​ជា​អាច​ទទួល​ទោសយ៉ាង​ធ្ងន់​ក្នុង​ពន្ធនាគារ​ផង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ