អានតួអត្ថបទ

ការ​វាយប្រហារ​អ៊ីនធ័រនែត​ដោយ​កម្មវិធី​ចាប់ជំរិតទំនង​ជា​ស្នាដៃ​របស់​កូរ៉េខាងជើង​

ក្រុមអ្នកស្រាវជ្រាវសន្តិសុខ​អ៊ីនធ័រនែត បាន​រកឃើញ​នូវ​ភស្តុតាង​បច្ចេកទេស​មួយ​ចំនួន ដែល​បង្ហាញ​ថា ការវាយប្រហារ​តាម​អ៊ីនធ័រនែត ដោយប្រើកម្មវិធីចាប់ជំរិត WannaCry អាចមាន​ជាប់​ទាក់ទង​នឹង​កូរ៉េ​ខាងជើង។ ការ​វាយប្រហារ​​កំរិត​ពិភពលោក មិនធ្លាប់​មាន​ បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សុក្រ ក្នុង​ប្រមាណ​១៥០​ប្រទេស រាប់​តាំងពី​អាមេរិក ម៉ិចស៊ិក ដល់​អឺរ៉ុប រុស្ស៊ី និង​បណ្តា​ប្រទេស​ទ្វីប​អាស៊ីជា​ច្រើនទៀត ដូច​ជា​ចិន​ ជប៉ុន ​ឥណ្ឌា ​អូស្ត្រាលី វៀតណាម។ល។ និង​។ល។

កូរ៉េខាង​ជើង​ទំនង​នៅ​ក្រោយ​ការ​វាយប្រហារ​អ៊ីនធ័រនែត​កំរិត​ពិភពលោក​ កាលពី​ប៉ុន្មាន​ថ្ងៃមុន
កូរ៉េខាង​ជើង​ទំនង​នៅ​ក្រោយ​ការ​វាយប្រហារ​អ៊ីនធ័រនែត​កំរិត​ពិភពលោក​ កាលពី​ប៉ុន្មាន​ថ្ងៃមុន Ed JONES / AFP
ផ្សាយពាណិជ្ជកម្ម

Neel Nehta អ្នក​ព័ត៌មាន​វិទ្យា​របស់​ក្រុមហ៊ុន​Google បាន​បង្ហោះ​ផ្សាយ​តាម​អ៊ីនធ័រនែត លេខ​កូដ​ព័ត៌មាន​វិទ្យា​ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​បំផុត​រវាង​វីរ៉ុស​ Wannacry និង​កូដ​វាយប្រហារ​តាម​អ៊ីនធ័រនែត​មួយ​ខ្សែផ្សេង​ទៀត​របស់​កូរ៉េខាង​ជើង។
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមអ្នក​ជំនាញផ្តោត​ការ​សង្ស័យ​​ភ្លាម​ថា​ កូរ៉េខាង​ជើង​ទំនង​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នេះ ប៉ុន្តែ​អ្នកឯកទេស​សន្តិសុខ​អ៊ីនធ័រនែតមិន​ទាន់​ចេញ​​សេចក្តី​សន្និដ្ឋាន​ សរុប​ទេ ព្រោះ​ត្រូវ​ការ​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែម​ទៀត​ច្រើនសិន។

បើ​តាមអ្នក​ជំនាញ​សន្តិសុខ​អ៊ីនធ័រនែត Kaspersky របក​ឃើញ​របស់​Neel Nehta បាន​ចង្អុល​ផ្លូវ​ឱ្យ​​អ្នក​ស្រាវជ្រាវ​ផ្តោត​ភាព​សង្ស័យ​ទៅ​លើក​ក្រុម​ចោរ​ អ៊ីនធ័រនែត​ឈ្មោះ​ថា Lazarus ដែល​ធ្លាប់​ធ្វើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ កាលពី​ឆ្នាំ​២០១៤ លើ​Studio Sony Pictures ដើម្បី​សង​សឹក​ក្រុមហ៊ុន​នេះ​ដែល​បាន​ផលិត​កុន​ចំហក​ឱ្យ​ប្រមុខ​ដឹកនាំ​ កូរ៉េខាង​ជើង គីម ជុងអ៊ុន។ ក្រុមចោរ​នេះ​ក៏ធ្លាប់​ជាប់​សង្ស័យ​ថា បាន​វាយប្រហារអ៊ីនធ័រនែត​លើ​ធនាគារ​កណ្តាល​បង់ក្លាដែស និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងៗ​។

មាន​សកម្មភាព​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១១​មក ឡាហ្សារ៉ុស ជា​រោងចក្រ​ផលិត​វីរ៉ុស​ ដែល​មាន​គំរូ​ថ្មីៗ​រហូត ព្រោះ​តែ​មាន​អ្នក​ផ្គត់ផ្គង់​ឯករាជ្យ​ឱ្យ​ច្រើន។

ក្នុង​ពេល​រង់ចាំ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ អ្នក​ជំនាញ​​បាន​ព្រមាន​អំពី​គ្រោះ​រងការ​វាយប្រហារ​​ដោយ​ប្រើ​កម្មវិធី​ ជំរិត​នេះ​ជា​ថ្មី​ទៀត​ បើទោះ​បី​ជា​ពេល​នេះ​កម្មវិធី​ការពារ​សន្តិសុខ​អ៊ីនធ័រនែត​អាច​ចាប់​វីរ៉ុស​ Wannacry​នេះ​បាន​ក៏​ដោយ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​ទី ១២​ឧសភា ពិភពលោក​បាន​រងការ​វាយប្រហារ​អ៊ីនធ័រនែត​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់ ដោយ​មាន​​កុំព្យូទ័រ​ប្រមាណ​៣០​ម៉ឺន​គ្រឿង របស់​ក្រុមហ៊ុន​ឯកជននិង​សេវា​សាធារណៈ ក្នុង​ប្រទេស​ចំនួន​១៥០ ត្រូវ​គាំង ដោយ​​មាន​សារ​ទារ​ប្រាក់​​ចំនួន ៣០០​ដុល្លារ បើ​ចង់​បាន​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​នោះ​វិញ។ ប៉ុន្តែ​មាន​ការ​បង់​លួសតិចតួចណាស់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ