អានតួអត្ថបទ

តើ​ប្រទេស​ណា​ដែល​មាន​ប្រព័ន្ធ​សុខភាព​ល្អ​ជាងគេ​នៅលើ​ពិភពលោក ?

នៅ​ថ្ងៃ​សុក្រ​ទី ១៩​ឧសភា ២០១៧​នេះ ទស្សនាវដ្តី​សុខភាព​អង់គ្លេស The Lancet បាន​ចេញ​របាយការណ៍​ស្តី​ពីគុណភាព​សេវា​​សុខភាព​នៅ​លើ​ពិភពលោក។ ប្រទេស​បារាំង​បាន​ជាប់​ចំណាត់​ថ្នាក់​លំដាប់​លេខ​១៥ ហើយ​ប្រទេស​ដែល​ជាប់​លំដាប់​ចុង​ប៉ូច​គេ​បង្អស់​គឺ​ប្រទេស​អាហ្វ្រិក​កណ្តាល។ បើ​តាម​របាយការណ៍​ ​​គម្លាត​គ្នារវាង​ប្រទេស​មាន​សេវា​សុខភាព​ល្អ និង​អាក្រក់ មាន​​កាន់​ខ្លាំងឡើង​ៗ​តាំង​ពី​ឆ្នាំ​១៩៩០មក។

តើ​ប្រទេស​ណា​ដែល​មាន​ប្រព័ន្ធ​សេវា​សុខភាព​ប្រសើរ​ជាងគេ នៅលើ​ពិភពលោក ?
តើ​ប្រទេស​ណា​ដែល​មាន​ប្រព័ន្ធ​សេវា​សុខភាព​ប្រសើរ​ជាងគេ នៅលើ​ពិភពលោក ? GABRIEL BOUYS / AFP
ផ្សាយពាណិជ្ជកម្ម

ឧបត្ថម្ភដោយ​​​មូលនិធិ​ Bill & Melinda Gates ការសិក្សា​​វាយ​តម្លៃ​អំពី​​គុណភាព​សេវា​សុខភាព​នៅ​លើ​ពិភពលោក ដោយយោង​​លើ​អត្រា​មរណៈ​នៃ​ជំងឺ​៣២​មុខ ប្រសិទ្ធិភាព​នៃសេវាកម្ម​ព្យាបាល របេង​ មហារីក​សុដន់ ក្រុម​ជំងឺ​សរសៃឈាម​បេះដូង ... បាន​ធ្វើការ​ក្នុង​ប្រទេស​ចំនួន ១៩៥ ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០១៥ ដោយ​គិត​ពិន្ទុ​ពី​០​ទៅ១០០។

បើ​តាម​របាយការណ៍ដែល​ចែក​ប្រទេស​ជាបួន​ក្រុម (A-ក្រុមប្រទេស​អភិវឌ្ឍន៍ B-ក្រុមប្រទេស​កំពុង​លូតលាស់ C-ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ និងD-​ក្រុម​ប្រទេស​ក្រីក្រ​បំផុត) ប្រទេស​អង់ដ័រ នៅ​ចន្លោះ​បារាំង​និង​អេស្ប៉ាញ ប្រទេស​តូច​មាន​ប្រជាជន​ប្រមាណ​ជាង​៨៥​ម៉ឺន​នាក់ ជាប់​លំដាប់​លេខ​មួយ (ដោយ​បាន​ពិន្ទុ​៩៥) អ៊ីស្លង់​លេខ​ពី (៩៤) ប្រទេស​ស្វ៊ីស​លេខ​បី (៩២) ហើយ​​បារាំង ជាប់​លេខ​១៥ ដោយ​ប្រមូល​ពិន្ទុ​បាន​៨៨។

ចំណាត់​១៣​ដំបូង​បាន​ប្រគល់​ឱ្យ​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច​ទាំង​អស់ លើក​លែងអូស្ត្រាលី (លេខ​៩) ​និងជប៉ុន​​លេខ​១១​។ សហរដ្​ឋអាមេរិក​ស្ថិត​នៅលំដាប់​លេខ​៣៥។ ចំណែក​ប្រទេស​ដែល​ជាប់​ចំណាត់​ក្រោយ​គេ​បំផុត គឺ​ប្រទេស​អាហ្វ្រិក​កណ្តាល​ ដោយ​បាន​ទទួល​ពិន្ទុ​តែ​២៩/១០០ ឯអាហ្វហ្កានីស្ថានបាន​៣២។ កម្ពុជាស្ថិត​នៅ​ក្នុង​ក្រុមទី​បី ​​ទទួល​បាន​ពិន្ទុ ៥១ ចាញ់​វៀតណាម (៦៦) និង​ថៃ(៧១/១០០) ដែល​ស្ថិត​ក្នុង​ចង្កោម B។

ប្រសិទ្ធិភាព​គុណភាព​ប្រព័ន្ធ​សុខភាព​ នៅលើ​ពិភពលោក មាន​សភាព​ប្រសើរ​​​​ឡើង​ជាទូទៅ ប្រើ​បៀប​ទៅ​ឆ្នាំ​១៩៩០ ក្នុង​នោះ​១៦៧ប្រទេស​បាន​ប្រសើរ​ឡើង​​​ខ្លាំង ​​ប៉ុន្តែគម្លាត​រវាង​ប្រទេស​មាន​គុណភាព​សេវាខ្ពស់ និង​ប្រទេស​មាន​សេវា​សុខភាព​អន់​ មាន​កាន់​តែ​ខ្លាំង។​ សម្រាប់​អ្នក​ស្រាវជ្រាវ លទ្ធផលនៃ​ការ​សិក្សា​នេះ​ជា​ស្នូរ​ជួង​ដាស់​អាម្មរណ៍​ពិភពលោក​ឱ្យ​យល់​ថា​ កំរិត​នៃ​ការ​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​ មិនប្រាកដ​ជា​​​បាន​អូស​ទាញ​គុណភាព​និង​ប្រសិទ្ធភាព​ផ្នែក​សេវាកម្ម​សុខភាពឱ្យ​បាន​ប្រសើរ​ឡើង​​​ទន្ទឹម​គ្នា​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ