អានតួអត្ថបទ

ចិន​និង​កូរ៉េខាង​ត្បូង ​​ព្រម​និយាយ​រក​គ្នា​វិញ ដើម្បី​ស្តារ​ទំនាក់ទំនង​

នៅ​ថ្ងៃ​សុក្រ​នេះ​ នា​ឱកាស​ទទួលជួប​អន្តរការី​ពិសេស​កូរ៉េខាង​ត្បូង​នៅ​ទី​ប៉េកាំង លោក​ប្រធានាធិបតី​ចិន បាន​ប្រកាស​ថា ចិនត្រៀម​ខ្លួន​ជា​ស្រេច​នឹង​​រៀប​ចំ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ឡើង​វិញ​ជា​មួយកូរ៉េខាង​ត្បូង។ ប៉ុន្តែ​សេអ៊ូល​ត្រូវ​តែ​គោរព​និង​គិត​គូរ​អំពី​ក្តី​ព្រួយ​បារម្ភ​របស់​ចិន ទាក់ទង​នឹង​ការ​ដំឡើង​ខែល​មីស៊ីល​អាមេរិក​ Thaad ​វិញ​ផង​ទើប​បាន។

ប្រព័ន្ធ​ខែល​មីស៊ីល "THAAD"
ប្រព័ន្ធ​ខែល​មីស៊ីល "THAAD" Wikipédia
ផ្សាយពាណិជ្ជកម្ម

​ចិន​និង​កូរ៉េខាងត្បូង ជា​ដៃគូ​ពាណិជ្ជកម្ម​​នឹង​គ្នា​យ៉ាង​សំខាន់ ប៉ុន្តែ​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង មួយរយៈ​ចុងក្រោយ​នេះ ក្រោយ​ពី​សេអ៊ូល​យល់​ព្រម​ឱ្យ​អាមេរិក​ដាក់​ពង្រាយ​ខែល​មីស៊ី​ល​ប្រឆាំង​មីស៊ីល នៅលើ​ទឹក​ដី​ខ្លួន ដើម្បី​ប្រឈម​នឹ​ងការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាង​ជើង។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ថ្មី លោក ម៉ូន ជែអ៊ីន ដែល​ទើប​ចូល​កាន់​តំណែង​​កាលពី​សប្តាហ៍​មុន បាន​យល់ច្បាស់​អំពី​​បញ្ហា​នេះ​ ហើយ​រូប​លោក​ផ្ទាល់​ក៏​មិន​ពេញ​ចិត្ត​​​នឹង​វិធានការ​​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​កម្ចាត់​មីស៊ីល​លើ​អាកាស​ ដែល​ព្យុងយ៉ាង​ ចាត់​ទុក​ជា​មធ្យោបាយ​ឈ្លានពាន និង​ដែល​ចិន​មិន​អាច​ទទួល​​យក​បាន​ ព្រោះ​ប៉េកាំង​​យល់​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​យុទ្ធសាស្ត្រ និង​ជា​មធ្យោបាយ​ចារកិច្ច​របស់​អាមេរិក​មក​លើ​តំបន់ និយាយ​ជា​រួម និង​លើ​ចិន​បើ​និយាយ​ដោយចំពោះ។

ដោយ​សារ​តែ​ហេតុផល និង​បរិបទ​នេះ​ឯង​ទើប លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង សម្រេច​បញ្ជូន​ ដោយ​គ្មាន​បង្អង់អន្តរការី​ពិសេស ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង។ តំណាង​សេអ៊ូល​ ក៏​ បានអនុញ្ញាត​ឱ្យ​ចូល​ជួប​ ​លោក​​ប្រធានាធិបតី​ ស៊ី ជិន​ពីង នៅ​ថ្ងៃ​សុក្រ​នេះនិង​បាន​​ប្រគល់​លិខិត​​ដែល​លោកប្រធានាធិបតី​ម៉ូន ជៃអ៊ីន ចារ​​ដោយ​ដៃ​ផ្ទាល់​ ជូន​លោក​ប្រធានាធិបតី​ចិន។

ជា​ចម្លើយ​តប លោក​ ស៊ី ជិនពីង​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា ចិន​ផ្តល់​តម្លៃ​ខ្លាំង​ណាស់ដល់​ទំនាក់ទំនង​ទ្វេភាគី​ ! ចិន​ត្រៀម​ជា​ស្រេច​នឹង​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​មាន​ទំនាក់ទំនង​ល្អ​នឹង​ល្អ​នឹង​គ្នា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទាំង​ពីរ​សាសន៍​ផង និង​ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក។

ដូច្នេះ​ ​ចិន​សង្ឃឹមថា​សេអ៊ូល​ក៏​ចេះគោរព​ចិន​វិញ គោរព​ការ​ព្រួយបារម្ភ​របស់​ចិន​ និង​គិត​គូរ​រក​ដំណោះ​ស្រាយ​សម​ស្រប​ ទាក់ទង​នឹង​ការ​​ដំឡើង​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​​THAAD របស់​អាមេរិក​ នៅ​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ