តើប្រទេសណាដែលមានប្រព័ន្ធសុខភាពល្អជាងគេនៅលើពិភពលោក ?
នៅថ្ងៃសុក្រទី ១៩ឧសភា ២០១៧នេះ ទស្សនាវដ្តីសុខភាពអង់គ្លេស The Lancet បានចេញរបាយការណ៍ស្តីពីគុណភាពសេវាសុខភាពនៅលើពិភពលោក។ ប្រទេសបារាំងបានជាប់ចំណាត់ថ្នាក់លំដាប់លេខ១៥ ហើយប្រទេសដែលជាប់លំដាប់ចុងប៉ូចគេបង្អស់គឺប្រទេសអាហ្វ្រិកកណ្តាល។ បើតាមរបាយការណ៍ គម្លាតគ្នារវាងប្រទេសមានសេវាសុខភាពល្អ និងអាក្រក់ មានកាន់ខ្លាំងឡើងៗតាំងពីឆ្នាំ១៩៩០មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
ឧបត្ថម្ភដោយមូលនិធិ Bill & Melinda Gates ការសិក្សាវាយតម្លៃអំពីគុណភាពសេវាសុខភាពនៅលើពិភពលោក ដោយយោងលើអត្រាមរណៈនៃជំងឺ៣២មុខ ប្រសិទ្ធិភាពនៃសេវាកម្មព្យាបាល របេង មហារីកសុដន់ ក្រុមជំងឺសរសៃឈាមបេះដូង ... បានធ្វើការក្នុងប្រទេសចំនួន ១៩៥ ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០១៥ ដោយគិតពិន្ទុពី០ទៅ១០០។
បើតាមរបាយការណ៍ដែលចែកប្រទេសជាបួនក្រុម (A-ក្រុមប្រទេសអភិវឌ្ឍន៍ B-ក្រុមប្រទេសកំពុងលូតលាស់ C-ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ និងD-ក្រុមប្រទេសក្រីក្របំផុត) ប្រទេសអង់ដ័រ នៅចន្លោះបារាំងនិងអេស្ប៉ាញ ប្រទេសតូចមានប្រជាជនប្រមាណជាង៨៥ម៉ឺននាក់ ជាប់លំដាប់លេខមួយ (ដោយបានពិន្ទុ៩៥) អ៊ីស្លង់លេខពី (៩៤) ប្រទេសស្វ៊ីសលេខបី (៩២) ហើយបារាំង ជាប់លេខ១៥ ដោយប្រមូលពិន្ទុបាន៨៨។
ចំណាត់១៣ដំបូងបានប្រគល់ឱ្យប្រទេសនៅអឺរ៉ុបខាងលិចទាំងអស់ លើកលែងអូស្ត្រាលី (លេខ៩) និងជប៉ុនលេខ១១។ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់លេខ៣៥។ ចំណែកប្រទេសដែលជាប់ចំណាត់ក្រោយគេបំផុត គឺប្រទេសអាហ្វ្រិកកណ្តាល ដោយបានទទួលពិន្ទុតែ២៩/១០០ ឯអាហ្វហ្កានីស្ថានបាន៣២។ កម្ពុជាស្ថិតនៅក្នុងក្រុមទីបី ទទួលបានពិន្ទុ ៥១ ចាញ់វៀតណាម (៦៦) និងថៃ(៧១/១០០) ដែលស្ថិតក្នុងចង្កោម B។
ប្រសិទ្ធិភាពគុណភាពប្រព័ន្ធសុខភាព នៅលើពិភពលោក មានសភាពប្រសើរឡើងជាទូទៅ ប្រើបៀបទៅឆ្នាំ១៩៩០ ក្នុងនោះ១៦៧ប្រទេសបានប្រសើរឡើងខ្លាំង ប៉ុន្តែគម្លាតរវាងប្រទេសមានគុណភាពសេវាខ្ពស់ និងប្រទេសមានសេវាសុខភាពអន់ មានកាន់តែខ្លាំង។ សម្រាប់អ្នកស្រាវជ្រាវ លទ្ធផលនៃការសិក្សានេះជាស្នូរជួងដាស់អាម្មរណ៍ពិភពលោកឱ្យយល់ថា កំរិតនៃការអភិវឌ្ឍន៍ប្រទេសជាតិ មិនប្រាកដជាបានអូសទាញគុណភាពនិងប្រសិទ្ធភាពផ្នែកសេវាកម្មសុខភាពឱ្យបានប្រសើរឡើងទន្ទឹមគ្នាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ