អានតួអត្ថបទ
បង់ក្លាដែស

ប៉ូលិស​​បង់ក្លាដែស​ចុះ​​​ឆែកឆេរ​​ការិយាល័យ​​មេដឺកនាំ​​បក្ស​​ប្រឆាំង​

នៅទីក្រុង​ដាកា ​ប្រទេស​បង់ក្លាដែស​ថ្ងៃសៅរ៍នេះ ប៉ូលិស​បាន​នាំគ្នា​ចុះឆែកឆេរ​​​ការិយាល័យ​របស់​លោកស្រី​ខាលីដា ហ្ស៊ីយ៉ា ជា​មេដឺកនាំ​បក្ស​ប្រឆាំង។ សកម្មជន​បក្ស​ប្រឆាំង​រាប់រយនាក់​បានតវ៉ា​ប្រឆាំង​ការឆែកឆេរ​នេះ។ បក្ស​ប្រឆាំង​បាន​ចាត់ទុក​ការឆែកឆេរ​នេះ ជា​ល្បិច​នយោបាយ​របស់​រដ្ឋាភិបាល​​ដើម្បី​បង្ខូចឈ្មោះ​​មេដឺកនាំ​បក្ស​ប្រឆាំង។ 

មេដឹកនាំ​គណបក្ស​ប្រឆាំង​បង់ក្លាដែស លោកស្រី Khaleda Zia
មេដឹកនាំ​គណបក្ស​ប្រឆាំង​បង់ក្លាដែស លោកស្រី Khaleda Zia
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​បង់ក្លាដែស​បានទទួល​ដីកា​ឆែកឆេរ​ពី​តុលាការ អោ​យចូលទៅ​ឆែកឆេរការិយាល័យ​របស់​លោកស្រី ខាលីដា ហ្ស៊ីយ៉ា ​​មេដឺកនាំ​គណបក្ស​ប្រឆាំង ដែល​ស្ថិត​នៅ​សង្កាត់​Gulshan​ នៅថ្ងៃសៅរ៍​នេះ។ ​ប៉ូលិស​ប្រាប់ថា ​ចង់រកមើល​ក្រែង​មាន​ឯកសារ​​ប្រឆាំងរដ្ឋាភិបាល​បង់ក្លាដែស នៅ​ការិយាល័យ​លោកស្រី​ហ្ស៊ីយ៉ា។ ​ប៉ុន្តែ ប៉ូលិស​មិនបាន​រកឃើញ​អ្វីទេ។

បក្ស​ប្រឆាំង​ប្រាប់ថា ​ក្នុង​ពេល​ឆែកឆេរ ប៉ូលិស​បាន​បង្អាក់​ដំណើរការ​កាមេរ៉ា នៅ​ការិយាល័យ​មេដឺកនាំ​បក្ស ហើយ​ថែមទាំង​បាន​វាយ​កំទេច​សោ​ទៀតផង។ បក្ស​ប្រឆាំង​ចោទ​ថា នេះ​ជា​របស់​រដ្ឋាភិបាល​​​ដើម្បីធ្វើបាប​បក្ស​ប្រឆាំង ​បង្ខូច​រូបភាព​លោកស្រី​ខាលីដា ជា​មេដឺកនាំ​បក្ស។ លោកស្រី​ខាលីដា ហ្ស៊ីយ៉ា ធ្លាប់​កាន់តំណែង​ជា​​​នាយករដ្ឋមន្ត្រី​បង់ក្លាដែស២ដង និង​ជា​​មេដឺកនាំ​បក្ស​ប្រឆាំង​ គឺ​បក្ស​ជាតិនិយម​បង់ក្លាដែស ហៅកាត់​ថា បក្ស​BNP។ លោកស្រី​រងការ​ចោទប្រកាន់​ជាង​៣០ករណី ដូចជាអំពើ​​ពុករលួយ រឺ​ហិង្សា​ជាដើម។ លោកស្រី​ខាលីដា ហ្ស៊ីយ៉ា ​ជាគូប្រជែង​របស់​នាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន គឺ​លោកស្រី​ហាហ្ស៊ីណា ឆែក​។

បក្ស​ប្រឆាំងBNP បានចាប់ផ្តើម​រៀបចំ​មីទ្ទិញ​ផ្សេងៗ ដើម្បី​ត្រៀម​ការបោះឆ្នោត​សភា ដែល​គ្រោងធ្វើ នៅ​ខែមករា ​​ឆ្នាំ២០១៩។​ ប៉ុន្តែ យោងតាម​ក្រុមជំនាញ ការបោះឆ្នោត​នេះ​ប្រហែល​ជា​អាច​ធ្វើ​មុនអាណត្តិ គឺ​នៅ​ឆ្នាំក្រោយ​នេះវិញ។ សូមរំលឹក​ថា បក្ស​ប្រឆាំង​BNP បាន​ធ្វើពហិការក្នុង​ការ​បោះឆ្នោត​​សភា ឆ្នាំ២០១៤ ​​ដោយសារ​ខ្លាច​មា​នការបន្លំ​សន្លឹកឆ្នោត ធ្វើអោយ​គណបក្ស​​​លោកស្រី​ហាហ្ស៊ីណា ​ឆែក ជា​នាយករដ្ឋមន្ត្រី​​​បច្ចុប្បន្ន​ ​បាន​ទទួល​ជោគជ័យ​។

កាលពី​ដើមឆ្នាំ​២០១៥ បក្ស​ប្រឆាំង​បានរៀបចំ​បាតុកម្ម​​ ទាមទារ​អោយ​លោកស្រី​ហាស៊ីណា ចុះពី​អំណាច តែលោកស្រី​ហាស៊ីណា​បាន​ប្រើ​កម្លាំង​ប៉ូលិស​បំបែក​បាតុកម្ម ធ្វើអោយមា​ន​មនុស្ស​​ស្លាប់​១២០នាក់។​ កាលនោះ ​សកម្មជន​បក្ស​ប្រឆាំងរាប់ពាន់នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ