អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​សាក​មីស៊ីល​មួយដើម​ថ្មីទៀត​ ធ្លាក់​​ក្រៅ​​តំបន់​​សេដ្ឋកិច្ច​​ផ្តាច់មុខ​​របស់​​ជប៉ុន​

កូរ៉េខាងជើង​បានបាញ់មីស៊ីល​បាលិស្ទីក​​ជាថ្មីទៀត​ហើយ នៅរសៀល​ថ្ងៃ​អាទិត្យ​នេះ។ ​យោងតាម​​កូរ៉េខាងត្បូង​​ មីស៊ីលថ្មីនេះ​​​​ស្រដៀង​នឹង​មីស៊ីល Pukguksong-2 ដែល​ក្រុងព្យុងយ៉ាងធ្វើការ​​អភិវឌ្ឍន៍ដែរ។ មីស៊ីល​ថ្ងៃអាទិត្យ​នេះ ​បាន​ហោះចំងាយ​​​៥០០គីឡូម៉ែត្រ​ទៅធ្លាក់​នៅ​ឆ្នេរ​​ខាងកើត​ប្រទេស។ អាមេរិ​កបានសំដែង​ការ​បារម្ភ​និង​ខកចិត្ត ចំពោះ​ក្រុង​ព្យុងយ៉ាង ដែល​បន្ត​បាញ់​មីស៊ីល​ញឹកញាប់។ ​​កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់។

មីស៊ីល​Hwasong-12  ដែល​កូរ៉េខាងជើង​ធ្លាប់​បាញ់សាក​កន្លងមក
មីស៊ីល​Hwasong-12 ដែល​កូរ៉េខាងជើង​ធ្លាប់​បាញ់សាក​កន្លងមក Reuters
ផ្សាយពាណិជ្ជកម្ម

ការបាញ់​មីស៊ីល​ជាថ្មី​នៅរសៀល​ថ្ងៃអាទិត្យ​នេះ ​ជា​ការ​បាញ់សាកល្បង​​មីស៊ីល​លើកទី​២ របស់​ក្រុង​ព្យុងយ៉ាង​ គិតតាំង​ពី​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ឡើង​កាន់អំណាច​មក។ មីស៊ីល​ដែល បានបាញ់​​ថ្ងៃអាទិត្យ​នេះ​ ហោះ​បាន​ចំងាយ​៥០០គីឡូម៉ែត្រ និង​កម្ពស់​៥៦០​គីឡូម៉ែត្រ ហើយ​ទៅធ្លាក់​នៅឆ្នេរ​ភាគខាងកើតប្រទេស។ ជប៉ុន​ប្រាប់ថា ​មីស៊ីលនេះ​​​បានធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​​​របស់​ជប៉ុន។ ទោះយ៉ាង​នេះក្តី មីស៊ីល​នេះ​ហោះ​មិនឆ្ងាយ​ដូច​​មីស៊ីល​ដែល​ក្រុងព្យុងយ៉ាង​បាន​បាញ់​សាក​​ទាំង៣​​លើក​​មុន​នេះ​​ទេ។  ​ ​​ ​​​

ការបាញ់​​មីស៊ីលថ្ងៃអាទិត្យ​នេះ ធ្វើឡើង​​នៅ​ជិត​​តំបន់​​​ Pukchang ចំងាយ​​​​​៦០គីឡូម៉ែត្រ​​ ​ពី​ភាគខាងជើង​ទីក្រុង​ព្យុងយ៉ាង។ តំបន់​នេះ​​មិនឆ្ងាយទេ ​​ពី​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង​មីស៊ីល​ កាលពី​ខែមុន ដែល​​កាលនោះ​ ការសាកល្បង​​​​មិនបាន​ជោគជ័យ។

មួយសប្តាហ៍​មុននេះ ​កូរ៉េខាងជើង​ទើប​នឹងធ្វើអោយ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ ដោយបាន​​​បាញ់​សាកល្បង​មីស៊ីលពិសេស​ ​ឈ្មោះ ​Hwasong-12 ជាមីស៊ីល​​រយៈ​ចំងាយ​មធ្យម។ ​​ក្រុមជំនាញ​ហ៊ាន​រហូត​វាយតម្លៃ​​​ថា​ Hwasong-12 អាច​បាញ់​ដល់​កោះ​ហាវ៉ៃ​សហរដ្ឋ​អាមេរិកទៀតផង។ ​កូរ៉េខាងជើង​បានឆ្លៀតអួតដែរ​ថា មីស៊ីល​នោះ​អាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​​ និង​មិនភ្លេច​អួត​ដែរថា​ ខ្លួន​មាន​សមត្ថភាព​​វាយប្រហារ​សហរដ្ឋ​អាមេរិក។

ដោយឡែក ​គិតតាំង​ពី​ដើមឆ្នាំ​​២០១៧​មក ការបាញ់​មីស៊ីល​ថ្ងៃអាទិត្យ​នេះ ​ជាការបាញ់​មីស៊ីល​លើកទី១០ របស់​កូរ៉េខាងជើង។ កាលពីឆ្នាំ​២០១៦ ក្រុងព្យុងយ៉ាង​បានបាញ់​មីស៊ីល​ជាង​១០ដើម និង​បាន​សាកល្បង​នុយក្លេអ៊ែរ​២លើក ​ដោយ​មិនខ្វល់​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ទេ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ