អានតួអត្ថបទ

រុស្ស៊ី​និង​ចិន​ចាប់​ដៃ​គ្នា​ប្រជែង​​ប៊ូអ៊ីញ និង​អ៊ែរប៊ូស ក្នុង​ទីផ្សារ​អាកាសចរណ៍​ស៊ីវិល

មហិច្ឆតា​ចិន​ រីក​ធំធាត់​ជា​រៀង​រាល់​ថ្ងៃ។ ពីរ​សប្តាហ៍​ក្រោយ​ការ​ហោះហើរ​សាកល្បង​ ដោយ​ជោគជ័យ​យន្តហោះ​ដឹកអ្នក​ដំណើរ​រយៈ​មធ្យម C៩១៩ នៅ​ថ្ងៃ​ចន្ទ​ទី ២២​ឧសភា​នេះ ចិន​និង​រុស្ស៊ី បាន​ប្រកាស​បង្ហាញផែន​ការ​ប្រកប​ដោយ​មហិច្ឆតាដ៏​ធំ​ថ្មី​មួយទៀត ក្នុងវិស័យ​អាកាសចរណ៍​ស៊ីវិលដដែល​ តែ​សម្រាប់​​ដឹកជញ្ជូន​អ្នក​ដំណើរ​រយៈ​ឆ្ងាយ។ ​ប៉េកាំង​និង​ម៉ូស្គូ​ រួម​គ្នា​ បង្កើត​ក្រុមហ៊ុន​ផលិត​​យន្តហោះ​​ដឹកអ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ ​ ដើម្បី​អាច​ប្រកួត​ប្រជែង​នឹង​​យន្តហោះ​ ប៊ូអ៊ីង និង​អ៊ែរប៊ូស​ នា​ពេល​អនាគត។

ក្រុមហ៊ុន​​ចិនប្រកាស​ចាប់​ដៃ​ជាមួយ​រុស្ស៊ី​ផលិត​យន្តហោះ​​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​
ក្រុមហ៊ុន​​ចិនប្រកាស​ចាប់​ដៃ​ជាមួយ​រុស្ស៊ី​ផលិត​យន្តហោះ​​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​ © Reuters
ផ្សាយពាណិជ្ជកម្ម

ផែនការ​បង្កើត​ក្រុមហ៊ុន​ផលិតយន្តហោះ​ដឹកអ្នក​ដំណើរ ផ្លូវ​ឆ្ងាយ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជា​លើក​ដំបូង​កាលពី​ខែ​មិថុនា ២០១៦ នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន នៅ​ប៉េកាំង។ ហើយ​ថ្ងៃ​នេះ​ផែនការ​បាន​លេច​ជារូប​រាង។ សហគ្រាសរដ្ឋចិន​​ Commercial Aircraft of China (Comac) និង​សហគ្រាស​សាធារណៈ​រុស្ស៊ី ​United Aircraft Corporation (UAC) បាន​ចាប់​ដៃ​គ្នាជា​ផ្លូវការ​​បង្កើត​សហក្រុមហ៊ុន នៅ​សៀងហៃ​​ ដែល​ជា​និម្មិត្តរូប​​នៃ​ការអភិវឌ្ឍន៍​ដ៏​សំខាន់​គម្រោង​​ស្ថាបនា​យន្តហោះ​ធុន​ធំ ចិន-រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួមរបស់​អគ្គនាយក​ក្រុមហ៊ុន​កូម៉ាក់។

បើ​តាម​កូម៉ាក់ដដែល ផែនការ​សាងសង់​យន្តហោះ​ធុនធំ​នេះ មាន​តម្លៃ​ប្រមាណ​ពី ១៣ ទៅ ២០​ពាន់​លាន​ដុល្លារ។ យន្តហោះថ្មី​របស់​ក្រុមហ៊ុន​ចិន-រុស្ស៊ី​ ដែល​ជា​គូប្រជែង​ដោយ​ផ្ទាល់​នឹង​យន្តហោះ​ប៊ូអ៊ីង ៧៨៧ និង​អ៊ែរប៊ូស ៣៥០ នឹង​មាន​ឈ្មោះ​ថា ៩២៩ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ២៨០​នាក់ និង​ហោះ​បាន​ក្នុង​ចម្ងាយ​១២០០០​គីឡូម៉ែត្រ ឬ ៧៤៥០​ម៉ាយ។ យន្តហោះ​ទី​មួយ នឹង​អាច​ធ្វើ​​ហោះហើរ​សាក​ល្បង​ជា​លើក​ដំបូង នៅ​រវាង​៧​ឆ្នាំ​ទៀត ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ធ្វើ​ពាណិជ្ជកម្ម​ នៅ​បី​ឆ្នាំ​បន្ទាប់ ពោល​គឺ​នៅ​ឆ្នាំ​២០២៦។

សេចក្តី​ប្រកាស​​បង្កើត​សហក្រុមហ៊ុនផលិត​យន្តហោះ​​ចិន-រុស្ស៊ី​នេះ ធ្វើ​ឡើង​បន្ទាប់​ពីក្រុមហ៊ុន​​​​ចិនសម្រេច​មហិច្ឆតា​ដំបូង​ ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ ដោយ​​បាន​ធ្វើ​ការ​សាកល្បង​ហោះហើរ យន្តហោះ​ធុន​មធ្យម ​Made In China C៩១៩​ ប្រកប​​ដោយ​ជោគជ័យ​​​ កាលពី​១៥​ថ្ងៃ​មុន។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​និង​អឺរ៉ុប ដែល​មាន​ប្រវត្តិ​ល្អ និង​បទពិសោធន៍​ខ្ពស់​ កំពុង​ចែក​គ្នា​រកស៊ី​ក្នុង​​​​ទីផ្សារ​អាកាសចរណ៍ស៊ីវិល​​ចិន​ស្ទើរ​តែ​ទាំង​ស្រុង។ ហេតុ​ដូច្នេះ​ហើយ​បាន​លោក​ប្រធានាធិបតី​ចិន​ ចង់​​ឃើញ​ចិន​ផលិតយន្តហោះបំរើ​ឱ្យ​ទីផ្សារ​​ខ្លួន​ឯង​ នៅ​ពេល​អនាគត។ បើតាម​​អ៊ែរប៊ូស ចិន​ទំនង​ត្រូវ​ការ​យន្តហោះ​​៦ពាន់​គ្រឿង ឬ​ឡើង​ដល់​១០០០​ពាន់​លាន​ដុល្លារ​ បើ​តាម​ប៊ូអ៊ីង នៅ​២០​ឆ្នាំ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ