ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT
អាស៊ី

ប្រធានាធិបតី​ហ្វីលីពីន​គំរាម​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ទូទាំង​ប្រទេស

media រថពាសដែក​ហ្វីលីពីន​ត្រូវ​បាន​ពង្រាយ​នៅ​ទីក្រុង​ម៉ារ៉ាវី បន្ទាប់​ពី​ប្រធានាធិបតី​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក នៅ​តំបន់​មីនដាណាវ​នៅ​ថ្ងៃអង្គារ​ទី ២៣​ឧសភា © REUTERS/Romeo Ranoco

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូឌ្រីហ្គូ ឌុយទែរតេ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​គំរាម​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​ក្រុមឧទ្ទាម​សម្លាប់​កាត់ក្បាល​មេប៉ូលិស និង​ចាប់ជំរិត​មនុស្ស​នៅ​ទីក្រុង​ម៉ារ៉ាវី​របស់​កោះ​មីនដាណាវ។ នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​ហ្វីលីពីន ទើប​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅតំបន់​ភាគខាងត្បូង មីនដាណាវ ដែល​បាន​រងការវាយប្រហារ​ភេរវកម្ម​ពី​ក្រុមប្រដាប់អាវុធ អ៊ីស្លាម ដែល​ប្រកាស​ភ្ជាប់ខ្លួន​ទៅ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី។

“ខ្ញុំអាច​នឹង​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅទូទាំង​ប្រទេស​ដើម្បី​ការពារ​ប្រជាជន” នេះ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ នៅ​មួយ​ថ្ងៃ​ក្រោយ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​នៅ មីនដាណាវ។ មីនដាណាវ តំបន់​ភាគខាងត្បូង ហ្វីលីពីន នៅថ្ងៃ​អង្គារ បាន​រង​ការវាយប្រហារ​ពី ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​បាន​នាំ​គ្នា​ប្រមាណ ១០០​នាក់ សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង​ម៉ារ៉ាវី សម្លាប់​ទាហាន​ហ្វីលីពីន​៥នាក់ និង​ចាប់មនុស្ស​ជាច្រើន​នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង។

 
តាម​អ្នកថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រជាជន​ជាច្រើន​ពាន់​នាក់ បាន​រត់ភៀសខ្លួន​ចេញ​ពី​ទីក្រុង​ម៉ារ៉ាវី។ នៅ​ថ្ងៃ​ពុធ គេ​មិនឃើញ​មាន​ការផ្ទុះ​អាវុធ​ដាក់គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​ក្រុមឧទ្ទាម​នោះទេ។ អាជ្ញាធរ​ហ្វីលីពីន​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ក្រុមឧទ្ទាម នៅ​មាន​វត្តមាន​នៅទីក្រុង​ម៉ារ៉ាវី ឬបាន​ដកខ្លួន​ទៅ​តំបន់​ភ្នំ និង​ព្រៃ ដែល​សម្បុក​របស់​ក្រុមនេះដែរ ឬយ៉ាងណា​នោះ​ទេ។
 
នៅ​ថ្ងៃ​អង្គារ ក្រុមឧទ្ទាម​អ៊ីស្លាម ប្រមាណ ១០០​នាក់​បាន​ចូល​ដុត​ផ្ទះសម្បែង នៅ​ទីក្រុង​ម៉ារ៉ាវី និង​សម្លាប់​ទាហាន​ហ្វីលីពីន ដើម្បី​សងសឹក​នឹង​ប៉ូលិស​ហ្វីលីពីន ដែល​បាន​ធ្វើ​ប្រតិបត្តិការ​វាយ​សម្រុក​ចូល​ផ្ទះ​មួយខ្នង នៅ​ទីក្រុង​ម៉ារ៉ាវី ជាទី​ដែល​គេ​ជឿថា Isnilon Hapilon មេក្រុម​ឧទ្ទាម​អាប៊ូសាយ៉ាហ្វ​កំពុង​លាក់​ខ្លួន។ អាមេរិក​បាន​ប្រកាស​ផ្តល់​ប្រាក់​៥លាន​ដុល្លារ សម្រាប់​អ្នកដែល​ចាប់​បាន​មេដឹកនាំ របស់​ក្រុម​អាប៊ូសាយ៉ាហ្វ។ Isnilon Hapilon មេក្រុម​អាប៊ូសាយ៉ាហ្វ ដែល​ជំនាញ​ខាងចាប់​ជនបរទេស ទារប្រាក់ បានប្រកាស​ភ្ជាប់​ខ្លួន ទៅ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​ថ្ងៃ​អង្គារ គ្នីគ្នា​របស់​ក្រុមនេះ​បាន​ដោតទង់ជាតិ​ខ្មៅ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​លើ​អគារ​រដ្ឋបាល ដែល​គេ​វាយដណ្តើម​បាន​កាល​ពី​ថ្ងៃ​អង្គារ។
 
នៅ​ថ្ងៃពុធ ប្រធានាធិបតី ហ្វីលីពីន​បាន​ប្រកាសថា លោក​នឹង​បញ្ជារ​ឲ្យ​គេ​ប្រើ​ច្បាប់​អាជ្ញាសឹក នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​មេប៉ូលិស​ខេត្ត​ម្នាក់​ត្រូវ​ក្រុមឧទ្ទាម​សម្លាប់ កាត់ក្បាល នៅថ្ងៃ​ពុធ។ តាម​លោក​ឌុយទែរតេ ច្បាប់​អាជ្ញាសឹក​នេះ នឹង​បញ្ចប់​ទៅវិញ នៅពេល​ហ្វីលីពីន​លែង​រង​ការគំរាមកំហែង​ភេរវកម្ម។
 
នៅ​ថ្ងៃ​ម្សិលមិញ លោក​ឌុយទែរតេ បាន​និយាយ​សរសើរ​ផងដែរ ដល់​ច្បាប់​អាជ្ញាសឹក​ដែល​អនុវត្ត​ដោយ​អតីត​ប្រធានាធិបតី​ផ្តាច់ការ ម៉ាកូស។ នៅ​ក្រោម​ការដឹកនាំ​របស់​ម៉ាកូស អ្នករិះគន់​ហ្វីលីពីន ជាច្រើន​ពាន់​នាក់ ត្រូវ​បាន​ចាប់ខ្លួន រងទារុណកម្ម ឬ​ត្រូវ​គេ​សម្លាប់។ លោក​ឌុយទែរតេ​បាន​និយាយ​ថា លោក​មាន​ច្បាប់​អាជ្ញាសឹក​តាម​បែប​របស់លោក។ ច្បាប់​អាជ្ញាសឹក​ដែល​នឹង​បើកផ្លូវ​ឲ្យ​ប៉ូលិស​ហ្វីលីពីន​អាច​ឆែកឆេរ និង​ចាប់ខ្លួន​មនុស្ស​ដោយ​មិនចាំមាន​ដីការ​ពី​តុលាការ។ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​សង្ស័យថា លោក​ឌុយទែរតេ​អាច​ឆ្លៀត​ប្រើ​ច្បាប់​អាជ្ញាសឹក​ដើម្បី បង្រ្កាប​ក្រុមអ្នកប្រឆាំង ដែល​បាន​រិះគន់ រូបលោក​ថា បាន​រំលោភ​សិទ្ធិមនុស្ស នៅក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុមជួញដូរ​ថ្នាំញៀន​នៅ​ហ្វីលីពីន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ