អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

លោកតេ ជុងហូ៖​មាន​តែ​ការ​រំលំ​របប​គីម ជុនអ៊ុន​ទេទើប​គេ​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន

កូរ៉េខាងជើង​កំពុង​បន្ត​យក​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ផ្គើន​សហគមន៍​អន្តរជាតិ និង​ព្រមាន​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ តាំង​ពី​ដើម​ឆ្នាំ ២០១៧ នេះ​មក របប​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ដល់​ទៅ ៨លើក។ លោក​តេ ជុងហូ អតីត​ឯកអគ្គរដ្ឋទូតរង​​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អង់គ្លេស​ដែល​បាន​ផ្តាច់ខ្លួន​រត់​ទៅ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា គ្មាន​ថ្ងៃ​ដែល​មនុស្ស​ខ្លាំង​គីម ជុនអ៊ុន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ទេ។ តាម​លោក​ជុងហូ មាន​តែ​ការ​ផ្តួលរំលំ​របប​គីម ជុនអ៊ុន​ទើប​គេ​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន។

លោក​តេ ជុងហូ អតីត​មន្រ្តី​ការទូត​កូរ៉េខាង​ជើង​ដែល​បាន​ផ្តាច់​ខ្លួន​រត់​ចូល​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១៦
លោក​តេ ជុងហូ អតីត​មន្រ្តី​ការទូត​កូរ៉េខាង​ជើង​ដែល​បាន​ផ្តាច់​ខ្លួន​រត់​ចូល​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០១៦ RFI/Frédéric Ojardias
ផ្សាយពាណិជ្ជកម្ម

« សម្រាប់​គីម ជុនអ៊ុន កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ធានា​ពី​ការ​កាន់អំណាច និង​របប​ដឹកនាំ​របស់​គាត់។ ដូច្នេះ​ហើយ​បាន​ជា​គាត់​ប្តេជ្ញាចិត្ត​មិន​លះបង់​ជា​ដាច់ខាត​រហូត​ដល់​ការ​ដាក់​ពង្រាយ​ក្បាលនុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​អន្តរទ្វីប​ដើម្បី​ត្រៀម​ប្រយុទ្ធ។

កូរ៉េខាងជើង​នឹង​មិន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទេ។ សម្រាប់​កូរ៉េខាងជើង គ្រប់​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន និង​កិច្ចសន្យា​ទាំង​អស់​គ្រាន់​ជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​គ្រប់​គ្នា​ទទួល​ស្គាល់​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ។ មាន​អ្នក​ខ្លះ​គិត​ថា គីម ជុនអ៊ុន​ជា​មនុស្ស​ឆ្កួត ឡប់សតិ តែ​មិន​ពិត​ទេ គាត់​មិនមែន​ជា​មនុស្ស​ឆ្កួត ឡប់សតិ​ឡើយ។
 
មាន​តែ​ការ​ផ្តួលរំលំ​របប​គីម ជុនអ៊ុន​តែ​មួយ​គត់​ទើប​គេ​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន។ បើ​មិន​អ៊ីចឹង​ទេ គឺ​គ្មាន​ថ្ងៃ​ដែល​គីម ជុនអ៊ុន​នឹង​បោះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​គាត់​ឡើយ។ ពិតណាស់ គេ​មិន​ត្រូវ​ជ្រើសរើស​ផ្លូវ​យោធា​ដើម្បី​រំលំ​របប​គីម ជុនអ៊ុន​ទេ ព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ធំធេង​ណាស់។ អ៊ីចឹង​សួរ​ថា តើ​អ្វី​ទៅ​ជា​ដំណោះស្រាយ?។ គេ​ត្រូវ​តែ​ទាញ​យក​មេរៀន​ពី​ការ​ដួលរលំ​របប​សង្គមនិយម​នៅ​អឺរ៉ុប​ខាងកើត។
 
ក្នុង​សម័យ​សហភាពសូវៀត ពលរដ្ឋ​រស់​នៅ​អឹរ៉ុប​ខាងកើត​ដឹង​ថា អ្នក​រស់​នៅ​អឺរ៉ុប​ខាង​លិច​មាន​សេរីភាព និង​របប​ប្រជាធិបតេយ្យ។ ដូច្នេះ​គេ​ត្រូវ​តែ​រំលំ​របប​ក្រុង​ព្យុងយ៉ាង​ពី​ខាង​ក្នុង។ សព្វថ្ងៃ មាន​ខ្សែភាពយន្ត និង​វប្បធម៌​ពី​កូរ៉េខាងត្បូង​បាន​ជ្រាប​ចូល​បន្តិច​ម្តងៗ​ទៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កូរ៉េខាងជើង។ តាម​រយៈ​ខ្សែភាពយន្ត និង​វប្បធម៌​នេះ ពលរដ្ឋ​កូរ៉េខាងជើង​បាន​ដឹង​ពី​សង្គម និង​ភាព​រីកចម្រើន​របស់​ខាងត្បូង។ នៅ​ពេល​ដែល​ពលរដ្ឋ​នៅ​ខាងជើង​គ្រប់​រូប​បាន​ជ្រាបច្បាស់​ហើយ នោះ​ពួក​គេ​អាច​នឹង​ក្រោក​ឈរ​ឡើង​ព្រម​គ្នា​ដើម្បី​រំលំ​ប្រព័ន្ធ​ដឹកនាំ​សព្វថ្ងៃ។
 
ខ្ញុំ​មាន​ជំនឿ​ជឿជាក់​លើ​លទ្ធភាព​នេះ​ខ្លាំង​ណាស់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ